នៅថ្ងៃអាទិត្យនេះ ជនជាតិតួកគី នឹងបោះឆ្នោតប្រជាមតិស្តីពីការប្រែក្លាយប្រទេសតួកគីឲ្យទៅជាកាន់ដំណែងតាមបែបនិតិប្រតិបត្តិចេញពីប្រព័ន្ធតាមបែបសភានៅពេលបច្ចុប្បន្ននេះ។ ប្រសិនបើបានទទួលការអនុម័ត មាត្រាទី១៨នៃកម្មវិធីធ្វើកំណែទម្រង់រដ្ឋធម្មនុញ្ញ នឹងផ្តល់អំណាចយ៉ាងខ្លាំងទៅឲ្យប្រធានាធិបតី បង្កើតដំណែងប្រធានាធិបតីជាប់ឆ្នោតមួយដែលមានអំណាចបំផុតនៅក្នុងពិភពលោក។ អ្នកគាំទ្រជជែកឲ្យហេតុផលថា វាជាការចាំបាច់ដើម្បីធ្វើទៅតាមអ្វីដែលពួកគេហៅថា ការគំរាមកំ ហែងមិនធ្លាប់មានកាលពីពេលមុនដែលប្រទេសតួកគីកំពុងប្រឈម។ អ្នកប្រឆាំងព្រមានថា វិធានការនេះនឹងប្រែក្លាយប្រទេសតួកគីឲ្យទៅជាអត្តាធិបតេយ្យ។
ប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan ដែលបាននាំមុខក្នុងយុទ្ធនាការបោះឆ្នោតប្រជាមតិនោះ ជជែកឲ្យហេតុផលថា ការធ្វើកំណែទម្រង់នឹងធ្វើឲ្យប្រាកដថា នឹងមានស្ថិរភាពខាងនយោបាយនិងមានប្រសិទ្ធិភាពបន្ទាប់ពីរដ្ឋប្រហារមិនបានទទួលជោគជ័យកាលពីខែកក្កដាឆ្នាំទៅហើយនឹងការបន្តការគំរាមកំហែងដោយក្រុមរដ្ឋឥស្លាមនិងក្រុមបះបោរKurds ឬ PKK។ កំណែទម្រង់ដ៏ធំចាប់តាំងពីការស្នើផ្តល់អំណាចដល់ប្រធានាធិបតីរហូតដល់ការតែងតាំងរដ្ឋមន្រ្តី ការកំណត់ថវិកា ការចេញច្បាប់តាមរយៈក្រិត្យច្បាប់ ការរំលាយសភាហើយនឹងការប្រកាសក្នុងស្ថានភាពអាសន្ន។ នាយករដ្ឋមន្ត្រីនិងគណរដ្ឋមន្រ្តីក៏នឹងត្រូវលុបចោលដែរ។
ទោះបីក្រុមចម្រុះនៃគណបក្ស AK ដែលជាគណបក្សកាន់អំណាចរបស់លោកនិងគណបក្សជាតិនិយម MHP បានទទួលសន្លឹកឆ្នោតជាង៦០ភាគរយក្នុងការបោះឆ្នោតកាលពីអតីតកាលក៏ដោយ ការស្ទង់មតិភាគច្រើនបង្ហាញថា លោកបាននាំមុខបន្តិចបន្តួចតែប៉ុណ្ណោះ៕