រដ្ឋាភិបាលតួកគីបានឲ្យដឹងថា ការវះពិនិត្យសាកសពរបស់ជនជាតិស៊ីរី ៣ នាក់ ដែលត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមអាកាស បានបង្ហាញថា ពួកគេបានស្លាប់ដោយសារតែប៉ះពាល់ជាមួយនឹងជាតិពុលនៃអាវុធគីមី។
ជនជាតិស៊ីរីទាំង ៣ នាក់ បានស្លាប់បន្ទាប់ពីពួកគេត្រូវបានបញ្ជូនទៅកាន់ប្រទេសតួកគីជាមួយនឹងអ្នករងរបួសយ៉ាងតិច ៣០ នាក់ផ្សេងទៀត ដើម្បីព្យាបាល បន្ទាប់ពីមានការវាយប្រហារកាលពីថ្ងៃអង្គារសប្ដាហ៍នេះ លើក្រុង Khan Sheikhoun ដែលគ្រប់គ្រងដោយពួកឧទ្ទាម ស្ថិតនៅភាគខាងជើងខេត្ត Idlib រួចមក។
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌តួកគីលោក Bekir Bozdag បានប្រាប់អ្នកសារព័ត៌មានថា ការវះពិនិត្យសាកសពរបស់ជនជាតិស៊ីរីទាំង ៣ នាក់នេះ ត្រូវបានធ្វើឡើងដោយមន្ត្រីមកពីអង្គការសុខភាពពិភពលោកប្រចាំក្រុង Adana ប្រទេសតួកគី កាលពីល្ងាចថ្ងៃពុធម្សិលមិញ។
ការវាយប្រហារលើក្រុង Khan Sheikhoun បានសម្លាប់មនុស្ស ១ រយនាក់ និងបានធ្វើឲ្យមនុស្សច្រើនជាង ៣៥០ នាក់ ផ្សេងទៀតរងរបួស ដែលក្នុងនោះមានទាំងកូនក្មេងជាច្រើនផងដែរ។ ការវាយប្រហារនេះ បានធ្វើឲ្យអន្តរជាតិមានការខឹងសម្បារជាមួយនឹងរដ្ឋាភិបាលរបស់ប្រធានាធិបតីស៊ីរីលោក Bashar al-Assad និងរដ្ឋាភិបាលរុស្ស៊ី ដែលជាសម្ព័ន្ធមិត្តចម្បងបំផុតរបស់របបលោក Assad។
កាលពីថ្ងៃពុធម្សិលមិញ នៅក្នុងកិច្ចប្រជុំបន្ទាន់មួយរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ចក្រភពអង់គ្លេស បារាំង និងសហរដ្ឋអាមេរិក បានថ្កោលទោសយ៉ាងដាច់អហង្ការចំពោះប្រទេសរុស្ស៊ី៕