ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការិយាល័យ​បោះឆ្នោត​​នឹង​បើក​ទ្វារ​ទទួល​អ្នក​បោះឆ្នោត​​​នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​​ដោយ​គ្មាន​គណបក្ស​សង្គ្រោះ​ជាតិ


នៅ​តាម​ការិយា​ល័យ​បោះ​ឆ្នោត​មួយចំនួន​​មាន​រៀបចំ​រួចជាស្រេច​ ខណៈ​ក្រុម​អ្នកសង្កេតការណ៍មួយចំនួន​បានទៅដល់​ទីតាំងការិយាល័យ។ ក្នុង​ដំណើរការការបោះឆ្នោតនៅថ្ងៃអាទិត្យ​នេះ ការិយាល័យ​ចាប់ផ្តើមបើ​កនៅម៉ោង​ ៧​ ព្រឹក​ និងបិទនៅម៉ោង​ ៣ រសៀល។ (ទី អូលីស្សា/VOA)
នៅ​តាម​ការិយា​ល័យ​បោះ​ឆ្នោត​មួយចំនួន​​មាន​រៀបចំ​រួចជាស្រេច​ ខណៈ​ក្រុម​អ្នកសង្កេតការណ៍មួយចំនួន​បានទៅដល់​ទីតាំងការិយាល័យ។ ក្នុង​ដំណើរការការបោះឆ្នោតនៅថ្ងៃអាទិត្យ​នេះ ការិយាល័យ​ចាប់ផ្តើមបើ​កនៅម៉ោង​ ៧​ ព្រឹក​ និងបិទនៅម៉ោង​ ៣ រសៀល។ (ទី អូលីស្សា/VOA)

ទោះ​ជា​មាន​ពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​ បាន​ប្រកាស​ថា​ ពួកគេ​នឹង​មិន​ទៅ​បោះឆ្នោត​នៅ​ថ្ងៃ​នេះ​ក៏​ដោយ ក៏​រដ្ឋាភិបាល​និង​​គ.ជ.ប បាន​អំពាវនាវ​ឱ្យ​ពលរដ្ឋ​នាំ​គ្នា​ចេញ​ទៅ​បោះឆ្នោត​នៅ​តាម​ការិយាល័យ​បោះឆ្នោត​ទាំង​ជាង​២ម៉ឺន​២​ពាន់​ការិយាល័យ​​នៅ​ទូទាំង​ប្រទេស​​ដែរ។

ការ​បោះឆ្នោត​ដ៏​ចម្រូងចម្រាសខ្លាំង​នៅ​ឆ្នាំ​នេះ នឹង​ចាប់​ផ្ដើម​នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​ទី​២៩ ខែ​កក្កដា​នេះ​ហើយ ដោយ​ទទួល​អ្នក​ចេញ​ទៅ​បោះឆ្នោត​ចាប់​ពី​ម៉ោង​៧​ព្រឹក​ដល់​ម៉ោង​៣​រសៀល ​ទោះបីជា​អ្នកដែល​មាន​សិទ្ធិ​និង​បាន​ចុះ​ឈ្មោះ​បោះឆ្នោត​ខ្លះ នឹង​មិន​ចូលរួម​បោះឆ្នោត​ក៏​ដោយ។

យោង​តាម​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ឬ​ហៅ​កាត់​ថា គ.ជ.ប មាន​ពលរដ្ឋ​ជាង​៨លាន​៣​សែន​នាក់ បាន​ចុះ​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​ សម្រាប់​ការ​បោះឆ្នោត​អាណត្តិ​ទី​៦​នេះ។

គណបក្ស​នយោបាយ​ដែល​ចូលរួម​ប្រកួត​ប្រជែង​មាន​ចំនួន​២០ រួម​ទាំង​គណបក្ស​នយោបាយ​ចាស់​វស្សា និង​គណបក្ស​នយោបាយ​ថ្មីថ្មោង​មួយ​ចំនួន​ ដែល​ទើប​នឹង​បង្កើត​ឡើងផង​ដែរ។ ​

គណបក្ស​នយោបាយ​ដែល​មាន​តួអង្គ​នយោបាយ​ចាស់​វស្សាឬ​មាន​ចំនួន​ភ្នាក់ងារ​នយោបាយ​ច្រើន​ជាង​គេ ​មាន​ចំនួន​៦ រួម​មាន​ គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កំពុង​កាន់​អំណាច គណបក្ស​ហ៊្វុនស៊ិនប៉ិច គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ គណបក្ស​ខ្មែរ​រួបរួម​ជាតិ គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន និង​គណបក្ស​សំបុកឃ្មុំ​សង្គម​ប្រជាធិបតេយ្យ។

ចំណែក ​គណបក្ស​នយោបាយ​ចំនួន​១៤​ផ្សេង​ទៀត គឺ​ជា​គណបក្ស​ដែល​គេ​មិន​សូវ​ស្គាល់​ឈ្មោះ​ឬ​ទើប​នឹង​បង្កើត​ឡើង​តែ​ប៉ុន្មាន​ខែ​ប៉ុណ្ណោះ ​មុខ​ថ្ងៃ​បោះឆ្នោត​នេះ​ ដូចជា​គណបក្ស​ខ្មែរ​ក្រោក គណបក្ស​ខ្មែរ​តែ​មួយ​ និង​គណបក្ស​ឆន្ទៈ​ខ្មែរ​ជាដើម។

ដោយ​ឡែក គណបក្ស​ប្រឆាំង​ដ៏​ធំ​ជាង​គេ​គឺ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​អ្នក​វិភាគ​ខ្លះ​ជឿ​ថា​គឺ​ជា​គូប្រជែងដ៏​សំខាន់​ជាង​គេ​ជា​មួយនឹង​គណបក្ស​កាន់​អំណាច​នោះ មិន​មាន​ឈ្មោះ​ក្នុង​សន្លឹកឆ្នោត​នោះ​ទេ​ ដោយសារ​តុលាការ​កំពូល​របស់​កម្ពុជា បាន​សម្រេច​រំលាយ​គណបក្ស​នេះ​តាម​បណ្ដឹង​របស់​រដ្ឋាភិបាល​កាល​ពី​ខែ​វិច្ឆិកា​ឆ្នាំ​មុន។

​ជា​ការ​ឆ្លើយតប គណបក្ស​សង្គ្រោះ​ជាតិ បាន​អំពាវនាវ​ឱ្យ​ពលរដ្ឋ ធ្វើ​ពហិការ​និង​កុំ​ចូលរួម​ក្នុង​ការ​បោះឆ្នោត​នេះ ដែលគណបក្ស​ប្រឆាំង​នេះ និង​សហគមន៍​អន្តរជាតិ​ ចាត់​ទុក​ថា​ជា​ការ​បោះឆ្នោត​គ្រាន់តែបំភាន់​ភ្នែក​ប៉ុណ្ណោះ ដើម្បី​រក្សា​អំណាច​របស់​របប​ដឹកនាំ​បច្ចុប្បន្ន។

ទោះ​ជា​មាន​ពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​ បាន​ប្រកាស​ថា​ ពួកគេ​នឹង​មិន​ទៅ​បោះឆ្នោត​នៅ​ថ្ងៃ​នេះ​ក៏​ដោយ ក៏​រដ្ឋាភិបាល​និងគ.ជ.ប បាន​អំពាវនាវ​ឱ្យ​ពលរដ្ឋ​នាំ​គ្នា​ចេញ​ទៅ​បោះឆ្នោត​នៅ​តាម​ការិយាល័យ​បោះឆ្នោត​ទាំង​ជាង​២ម៉ឺន​២​ពាន់​ការិយាល័យនៅ​ទូទាំង​ប្រទេសដែរ៕​

XS
SM
MD
LG