ប្រទេសកម្ពុជា កាលពីថ្ងៃសុក្រ បានបិទគេហទំព័រនៃបណ្តាញផ្សាយព័ត៌មានឯករាជ្យមួយចំនួន រួមទាំងគេហទំព័រ VOA ផងដែរ គឺនៅត្រឹមពីរថ្ងៃប៉ុណ្ណោះ មុនការបោះឆ្នោតជាតិថ្ងៃទី២៩ ខែកក្កដា ដែលគេរំពឹងថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ស្ទើរតែមិនមានគូប្រជែងសោះនឹងការកាន់អំណាចរយៈពេល៣៣ឆ្នាំរបស់លោក។ នេះបើយោងតាមការអះអាងរបស់អង្គការសិទ្ធិមនុស្សលីកាដូ។
ទីភា្នក់ងារ Reuters មិនអាចទាក់ទងអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជាដើម្បីសុំការអត្ថាធិប្បាយបានទេ។
ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យរបស់កម្ពុជាបានរងសម្ពាធកាន់តែខ្លាំងពីលោក ហ៊ុន សែន នៅមុនការបោះឆ្នោតថ្ងៃអាទិត្យ។
កាលពីដើមឆ្នាំនេះ សារព័ត៌មានប្រចាំថ្ងៃជាភាសាអង់គ្លេស The Phnom Penh Post ត្រូវបានទិញដោយជនជាតិម៉ាឡេស៊ីដែលក្រុមហ៊ុនកិច្ចការសាធារណៈរបស់លោកបានធ្វើការឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ការទិញនេះត្រូវបានអ្នករិះគន់ចាត់ទុកថា ជា«មហន្តរាយ»សម្រាប់សេរីភាពសារព័ត៌មាននៅមុនការបោះឆ្នោត។
ការបិទនេះកើតមាន នៅក្រោយពីមានការបិទសារព័ត៌មានភាសាអង់គ្លេសមួយទៀតគឺសារព័ត៌មាន The Cambodia Daily នៅក្រោយពីសារព័ត៌មាននេះត្រូវបានបញ្ជាឲ្យបង់ពន្ធរាប់លានដុល្លារសហរដ្ឋអាមេរិក ដែលជំពាក់រដ្ឋាភិបាលឬត្រូវបិទទ្វារ។ ស្ថានីយវិទ្យុក្នុងស្រុកប្រមាណ៣០ត្រូវបានបិទកាលពីឆ្នាំមុន។
អ្នកស្រី Naly Pilorge នៃអង្គការសិទ្ធិមនុស្សលីកាដូបានមានប្រសាសន៍ប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters កាលពីយប់ថ្ងៃសុក្រ ថា៖
«អស់រយៈជាច្រើនម៉ោង មានការបញ្ជាក់ថា ក្រុមហ៊ុនផ្តល់សេវាកម្មអ៊ីនធឺណិតមួយចំនួន និងក្រុមហ៊ុនទូរស័ព្ទមួយចំនួន បានធ្វើសកម្មភាពបិទគេហទំព័រនៃបណ្តាញផ្សាយព័ត៌មាននិងវិទ្យុឯករាជ្យមួយចំនួន រួមទាំងវិទ្យុអាស៊ីសេរី វិទ្យុសំឡេងសហរដ្ឋអាមេរិក VOA និងវិទ្យុសំឡេងប្រជាធិបតេយ្យ VOD ព្រមទាំងគេហទំព័រព័ត៌មានជាភាសាអង់គ្លេសមួយចំនួនទៀតផងដែរ»។
អ្នកស្រី បន្ថែមថា «នេះជាការបិទគេហទំព័រដំបូងបំផុតក្រោយពីមានការចេញប្រកាសអំពីប្រព័ន្ធផ្សព្វផ្សាយកាលពីចុងខែឧសភាឆ្នាំ២០១៨» ដោយអ្នកស្រីយោងទៅរកបទបញ្ជាមួយរបស់រដ្ឋាភិបាលកម្ពុជាកាលពីខែឧសភា ដើម្បីរាំងខ្ទប់ឬបិទគេហទំព័រនិងទំព័របណ្តាញសង្គមទាំងឡាយណាដែលមានខ្លឹមសារអាចចាត់ទុកថា ជាការញុះញង់ ឬជាការគំរាមកំហែងដល់សន្តិសុខជាតិ។
ទីភ្នាក់ងារ Reuters មិនអាចបើកគេហទំព័រនៃវិទ្យុអាស៊ីសេរីជាភាសាខ្មែរ វិទ្យុ VOA ភាសាខ្មែរ និងគេហទំព័រវិទ្យុសំឡេងប្រជាធិបតេយ្យ VOD បានទេ កាលពីថ្ងៃសុក្រ។
លោក គិត ម៉េង នាយកប្រតិបត្តិនៃក្រុមហ៊ុន Mobitel ដែលជាក្រុមហ៊ុនទូរស័ព្ទធំជាងគេមួយនៅកម្ពុជា បដិសេធមិនធ្វើអត្ថាធិប្បាយនៅពេលត្រូវ Reuters ទាក់ទងតាមទូរស័ព្ទ។
ក្រុមហ៊ុនទូរស័ព្ទផ្សេងទៀតរួមទាំងក្រុមហ៊ុន Metfone និង Cooltel មិនអាចទាក់ទងបានទេដើម្បីសុំការអត្ថាធិប្បាយ។
អ្នកស្រី Naly Pilorge បន្ថែមទៀតថា «យើងមានការខឹងសម្បារដែលក្រុមហ៊ុនឯកជនបានរាំងខ្ទប់គេហទំព័រព័ត៌មានមួយចំនួន ប៉ុន្តែតម្រូវឲ្យយើងបង់សេវាពេញថ្លៃ។ វាជាការមិនល្អ ទាំងចំពោះអាជីវកម្មនិងចំពោះបទដ្ឋានសិទ្ធិមនុស្សអន្តរជាតិ»។
ការបោះឆ្នោតនៅថ្ងៃអាទិត្យទី ២៩ ខែកក្កដា នេះ ត្រូវបានរិះគន់ដោយអង្គការសហប្រជាជាតិនិងបស្ចិមប្រទេសថាមិនមានភាពត្រឹមត្រូវ នៅក្រោយពេលតុលាការកំពូលកម្ពុជាកាលពីឆ្នាំមុន បានរំលាយគណបក្សប្រឆាំងចម្បងគឺគណបក្សសង្គ្រោះជាតិ ចំពោះការចោទប្រកាន់ថាបានរៀបចំផែនការផ្តួលរំលំរដ្ឋាភិបាល។ មេដឹកនាំគណបក្សនេះត្រូវបានគេចាប់ដាក់ពន្ធនាគារចំពោះបទក្បត់ជាតិ។
គណបក្សសង្គ្រោះជាតិដែលចាញ់ឆ្នោតកាលពីឆ្នាំ២០១៣ដោយចំនួនតិចតួចប៉ុណ្ណោះ បានបដិសេធចំពោះការចោទប្រកាន់នេះ ហើយមេដឹកនាំភាគច្រើនរបស់គណបក្សប្រឆាំងនេះបានភៀសខ្លួនទៅក្រៅប្រទេស ធ្វើឲ្យក្នុងការបោះឆ្នោតនេះ មិនមានគូប្រកួតខ្លាំងពិតប្រាកដសម្រាប់គណបក្សលោក ហ៊ុន សែន។
អ្នកគាំទ្រលោក ហ៊ុន សែន កាលពីថ្ងៃសុក្របានដង្ហែក្បួនតាមដងផ្លូវនៅក្នុងថ្ងៃចុងក្រោយនៃយុទ្ធនាការឃោសនាយ៉ាងអធិកអធម។
ក្នុងចំណោមគណបក្សតូចៗទាំង១៩ ដែលនឹងឈរឈ្មោះក្នុងថ្ងៃអាទិត្យនេះ មិនមានគណបក្សណាមួយបានរិះគន់ខ្លាំងក្លាចំពោះលោក ហ៊ុន សែន ឬ គណបក្សប្រជាជនកម្ពុជាឡើយ។ គណបក្សតូចៗបានទទួលសំឡេងឆ្នោតជាសរុបតិចជាង៧ភាគរយកាលពីឆ្នាំ២០១៣៕