យោងតាមការស្ទង់មតិរបស់ សកលវិទ្យាល័យ Quinnipiacបង្ហាញថា អ្នកបោះឆ្នោតជនជាតិអាមេរិកាំងជាងពាក់កណ្តាលមិនជឿថា លោកប្រធានាធិបតី Donald Trump គឺជនគំរូសម្រាប់កុមារទេ។
ខណៈដែលអ្នកបោះឆ្នោតចំនួន៩០ភាគរយគិតថា វាមានសារៈសំខាន់ណាស់សម្រាប់ប្រធានាធិបតីធ្វើជាមនុស្សគំរូនោះ ៦៧ភាគរយនៃអ្នកបោះឆ្នោតមិនជឿថាលោក Trump ជាមនុស្សគំរូទេ ហើយ២៩ភាគរយទៀតមានជំនឿលើលោក។
ការស្ទង់មតិអំពីលោកTrump នេះបានទទួលការគាំទ្រតិចតួចក្នុងចំណោមមនុស្សគ្រប់វ័យ អ្នករៀនសូត្រចេះដឹង ទាំងប្រុសទាំងស្រី ក្រុមអ្នកកាន់សាសនា និងក្នុងចំណោមគណបក្សនយោបាយនានា លើកលែងតែគណបក្សសាធារណរដ្ឋ ដែលជាគណបក្សរបស់លោកនោះ។
៧២ភាគរយនៃអ្នកគាំទ្រគណបក្សសាធារណរដ្ឋនិយាយថា លោក Trump គឺជាជនគំរូសម្រាប់កុមារ ហើយ២២ភាគរយទៀតមិនគិតថាដូច្នេះទេ។
ការស្ទង់មតិក្នុងចំណោមអ្នកបោះឆ្នោតស្បែកស ដែលគ្មានសញ្ញាប័ត្រមហាវិទ្យាល័យដែលជាអ្នកគាំទ្រយ៉ាងខ្លាំងរបស់លោក Trump បង្ហាញថា ៥៤ភាគរយគាំទ្រលោក និង៤១ភាគរយមិនគាំទ្រ ថាលោកគឺជាមនុស្សគំរូសម្រាប់កុមារ។
ការស្ទង់មតិលើភាពជាអ្នកដឹកនាំខាងសីលធម៌របស់លោក បានទទួលការគាំទ្រតិចតួច។ ៦៣ភាគរយនៃអ្នកបោះឆ្នោតមិនគិតថាលោកបានផ្តល់ដល់ប្រទេសនូវគោលការណ៍ណែនាំនោះទេ ចំណែកឯ៣៣ភាគរយទៀតគិតថាលោកបានផ្តល់ដល់ប្រទេសជាតិ។ ៨០ភាគរយក្នុងចំណោមអ្នកគាំទ្រគណបក្សសាធារណរដ្ឋគិតថាលោកគឺជាមេដឹកនាំប្រកបដោយសីលធម៌៕