ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណបក្ស​នយោបាយ​ត្រៀម​ឃោសនា​បោះឆ្នោត


មន្ត្រី​គណបក្ស​និង​មន្ត្រី​សង្គមស៊ីវិល​ក្នុង​វេទិកា​ប្រឆាំង​អំពើ​ពុករលួយ។​
មន្ត្រី​គណបក្ស​និង​មន្ត្រី​សង្គមស៊ីវិល​ក្នុង​វេទិកា​ប្រឆាំង​អំពើ​ពុករលួយ។​
គណបក្ស​នយោបាយ​ធំៗ​បាន​ប្រកាស​ថា​ ខ្លួន​បាន​រៀបចំ​ខ្លួន​រួចរាល់​ហើយ​សម្រាប់​ការ​បើកយុទ្ធនាការ​បោះឆ្នោត​នៅ​ថ្ងៃ​ព្រហស្បតិ៍ ​ទី២៧​ ខែមិថុនា​ស្អែក​នេះ។ ​ក៏ប៉ុន្តែ​គណបក្ស​នយោបាយ​តូចៗ​មួយ​ចំនួន​ហាក់​ដូចជា​មិនទាន់​បាន​ប្រុងប្រៀប​ច្បាស់លាស់​នៅឡើយ​ទេ។​

លោក​យឹម សុវណ្ណ​ ជាអ្នក​នាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ ​ដែលជា​គណបក្ស​បង្កើត​ឡើង​ដោយ​គណបក្ស​សម រង្ស៊ី ​និង​គណបក្ស​សិទ្ធិ​មនុស្ស។​ លោក​ឲ្យ​ដឹង​ថា ​សម្រាប់​យុទ្ធនាការបោះឆ្នោត​នៅ​ថ្ងៃ​ដំបូង​នេះ ​គណបក្ស​របស់​លោក​នឹង​ធ្វើ​ក្បួន​យុទ្ធនាការ​ធំ​ចំនួន​ពីរ​កន្លែង​គឺ​មួយ​នៅ​ទី​រួម​ខេត្ត​កណ្តាល ​និង​មួយទៀត​នៅ​រាជធានី​ភ្នំពេញ។​

លោក​និយាយ​ថា៖ ​«នៅ​រាជធានី​ភ្នំពេញ​ យើង​នឹង​ហែ​ក្បួន​ដែលមាន​មនុស្ស​ចូលរួម​ប្រហែល​១៥០​ឡាន​និង​ម៉ូតូ​រាប់ពាន់​គ្រឿង ​និង​អ្នកចូលរួម​ជាង​មួយ​ម៉ឺន​នាក់។ ​យើង​នឹង​ជួប​ជុំគ្នា​នៅ​ទីលាន​ប្រជាធិបតេយ្យ។ ​យើង​នឹង​ហែ​ជុំវិញ​រាជធានី​ភ្នំពេញ។ ​ហើយ​យើង​ទៅ​ជួបជុំគ្នា​នៅ​វត្តភ្នំ​វេលា​ម៉ោង១។ ​នៅ​តាខ្មៅ​មាន​ឡាន​ជាង​១០០​គ្រឿង​និង​មាន​អ្នកចូលរួម​ជាង​មួយ​ម៉ឺន​នាក់​ដែរ»។​

គណបក្ស​សង្គ្រោះ​ជាតិ​គឺជា​គណបក្ស​ជំទាស់​ដែល​ធំជាង​គេ​ក្នុង​ការ​បោះឆ្នោត​ដែល​មាន​គណបក្ស​សរុប​ចំនួន​ប្រាំបី​ចូលរួម​ប្រកួតប្រជែង​ដើម្បី​បង្កើត​រដ្ឋាភិបាល​អាណត្តិ​ទី៥​នៅ​លើក​នេះ។​

លោក​យឹម សុវណ្ណ​បន្ថែម​ថា ​គណបក្ស​រប​ស់លោក​នឹងធ្វើ​ពិធី​លាង​សម្បថ​មួយ​នៅ​វត្តភ្នំ​ជូន​ពលរដ្ឋ​ដែល​ធ្លាប់​បាន​ទទួល​អំណោយ​នានា​ពី​គណបក្ស​នយោបាយ​ដទៃ​ដើម្បី​ឲ្យ​ពួកគេ​មាន​ភាព​ជឿជាក់​ក្នុង​ការ​សម្រេច​ចិត្ត​បោះឆ្នោត​ឲ្យ​គណបក្ស​ដែល​ពួក​គេ​ពេញចិត្ត​ ដោយ​មិនមាន​ការ​ភ័យ​ខ្លាច។​

នៅ​ថ្ងៃស្អែក​នេះ​ដែរ ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ដែល​កំពុង​កាន់​អំណាច​ក៏​គ្រោង​នឹង​ប្រមូលផ្តុំ​សកម្មជន​ចំនួន​ជាង​មួយ​ម៉ឺន​នាក់​ដែរ​នៅ​មជ្ឈ​មណ្ឌល​កោះ​ពេជ្រ ​មុន​នឹង​ចេញដំណើរ​ឃោសនា​នៅ​ក្នុង​រាជធានី​ភ្នំពេញ។​

លោក​អ៊ក ​គឹមហាន​ មន្ត្រី​ទទួល​បន្ទុក​ផ្នែក​កិច្ចការ​បោះឆ្នោត​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា​មាន​ប្រសាសន៍​ថា​ ការ​ធ្វើការ​ឃោសនា​បោះឆ្នោត​ដោយ​ភ្ជាប់​ជាមួយ​នឹង​ការ​រំឭក​ខួប​នៃ​គណបក្ស​ផង​ដែរ។​

លោកឲ្យដឹងថា៖ «ថ្ងៃ​ស្អែក​ហ្នឹង​គឺ​គណបក្ស​ប្រជាជន​ធ្វើ​ខួប​កំណើត​លើក​ទី៦២​របស់​គណបក្សផង​ ហើយ​បន្ទាប់​មក​ យើង​បើក​យុទ្ធនាការ​បោះឆ្នោត​នៅ​កោះ​ពេជ្រ។ ​រួច​បន្ទាប់ពី​ចប់​កម្មវិធី​នៅ​កោះ​ពេជ្រ​ហ្នឹង​ បាន​យើង​ចេញ​ជា​ក្បួន​ដង្ហែ​តាម​ខ័ណ្ឌ​ទាំង​ប្រាំ​បួន។ ​មនុស្ស​ប្រហែល​ជាង​មួយ​ម៉ឺន​នាក់​ចូលរួម​ក្នុង​ពិធី​នេះ»។​

លោក​អ៊ក គឹម​ហាន​មាន​ប្រសាសន៍​ថា​ ការ​រៀបចំ​ក្បួន​ឃោសនា​បោះឆ្នោត​សម្រាប់​គណបក្ស​កាន់​អំណាច​នឹង​អាស្រ័យ​តាម​ការរៀបចំ​តាម​សាខា​គណបក្ស​នៅ​តាម​បណ្តា​ខេត្ត​និមួយ។​

ប្រទេស​កម្ពុជា​នឹង​ធ្វើ​ការបោះឆ្នោត​ជ្រើសតាំង​តំណាង​រាស្ដ្រនៅ​ថ្ងៃអាទិត្យ​ទី២៨​ ខែកក្កដា​ ឆ្នាំ​២០១៣​នេះ​ដើម្បី​ឈាន​ទៅ​បង្កើត​រដ្ឋាភិបាល​ថ្មីអាណត្តិ​ទី៥។​ រីឯ​ការ​ឃោសនា​បោះ​ឆ្នោត​ដែល​នឹង​ចាប់ផ្តើម​នៅ​ថ្ងៃស្អែក​នេះ​មាន​រយៈ​ពេល​៣០​ថ្ងៃ។​

លោក​ញ៉ឹក ប៊ុនឆៃ​ អគ្គ​លេខាធិការ​គណបក្ស​រាជានិយម​ហ៊្វុនស៊ីនប៉ិច ​បាន​ប្រកាស​ថា ​គណបក្ស​របស់​លោក​បាន​ត្រៀម​រួចរាល់​ហើយ​សម្រាប់​ធ្វើ​ការ​ឃោសនា​នៅ​ក្នុង​ខេត្ត​ក្រុង​ទាំង​២៤។

លោក​មាន​ប្រសាសន៍​ថា៖​ «ការ​ហែ​ធំ​គឺ​យាង​សម្តេចព្រះ​រាជបុត្រី​ព្រះអនុជ​ចូលរួម។ ដូច្នេះ​យើង​មិនអាច​ហែ​គ្រប់​ខេត្ត​ជា​ក្បួន​ធំ​ដំណាល​គ្នា​បានទេ ​ដោយ​សារ​តែ​យើង​ចង់​ឲ្យ​ខេត្ត​និមួយៗ​មាន​ព្រះ​អនុជ ​នរោត្តម ​អរុណរស្មី ​ប្រធាន​គណបក្ស​ចូល​រួម។ ​ដោយសារ​ព្រះអង្គ​ឈរ​នៅ​កំពង់ចាម ​យើង​ហែ​ធំ​នៅ​កំពង់ចាម។​ ហើយ​ថ្ងៃទី២គឺ​ទី២៨​នៅ​កំពង់ធំ ​ថ្ងៃ២៩​នៅ​ខេត្ត​សៀមរាប ​ថ្ងៃ៣០​នៅ​បន្ទាយ​មានជ័យ ​ថ្ងៃទី១​(កក្កដា)​នៅ​បាត់ដំបង​ ទី២​នៅ​កំពង់ឆ្នាំង​ ទី៣​នៅ​ភ្នំពេញ ​និង​ខេត្ត​បន្ត​បន្ទាប់​ទៀត»។​

គណបក្ស​ហ៊្វុនស៊ីនប៉ិច​ធ្លាប់​ឈ្នះ​ឆ្នោត​ដឹកនាំ​ប្រទេស​នៅ​ឆ្នាំ​១៩៩៣ ប៉ុន្តែ​ក្រោយ​មក​ត្រូវ​បែក​បាក់​ផ្ទៃ​ក្នុង​និង​បាន​ចាញ់​ឆ្នោត​ជា​បន្ត​បន្ទាប់។​

លោក​ញ៉ឹក ប៊ុនឆៃ​មាន​ប្រសាសន៍​ថា ​មាន​សកម្មជន​ប្រមាណ​៥០០០​នាក់​នឹង​ចូលរួម​ដង្ហែ​ក្បួន​ឃោសនា​នៅក្នុង​ខេត្ត​កំពង់ចាម​នៅ​ថ្ងៃ​ព្រហស្បតិ៍។ ​ហើយ​នៅតាម​បណ្តា​ខេត្ត​នានា​នឹង​មាន​ការ​ឃោសនា​ជា​ក្បួន​តូច។​

ដោយឡែក​គណបក្ស​ប្រជែង​តូចៗ​មួយ​ចំនួន​មិន​ជ្រើស​រើស​យក​ថ្ងៃ​ដំបូង​ជា​ថ្ងៃ​ឃោសនា​ធំ​នោះ​ទេ។​

លោក​ស៊ីន វណ្ណារិទ្ធ ​អគ្គ​លេខាធិការ​គណបក្ស​ខ្មែរ​ឈប់​ក្រ ​ឲ្យ​ដឹង​ថា​ គណបក្ស​របស់​លោក​នឹង​មិន​ធ្វើ​ក្បួន​ដង្ហែទេ​ រហូត​ដល់​ថ្ងៃ​ទី១០​ ខែកក្កដា។ ​ប៉ុន្តែ​នៅក្នុង​ពេល​នេះ​នឹង​បើក​យុទ្ធនាការ​ចែកចាយ​ខិត​បណ្ណ​អំពី​គោល​នយោបាយ​របស់​គណ​បក្ស​នៅ​តាម​បណ្តា​ខេត្ត​និង​រាជធានី​ចំនួន​២៣។​

លោក​និយាយ​ថា៖ ​«មូលហេតុ​ដែល​យើង​មិន​យក​ការ​ដង្ហែ​ក្បួន​ធំ​នៅ​ថ្ងៃ​ដំបូង​នៃ​ការ​ឃោសនា​នោះ ​យើង​យល់​ឃើញ​ថា​ ទី១ ​វា​ទាក់ទង​នឹង​ការ​សុំច្បាប់ ​និង​ទី២​មាន​ការ​ស្ទះ​ចរាចរណ៍​រវាង​គណបក្ស​នយោបាយ​ផ្សេងៗ​ទៀត»។​

ដោយឡែក​គណបក្ស​សម្ព័ន្ធ​ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ​របស់​លោក​ខឹម វាសនា​នឹង​រៀបចំ​ជា​ក្បួន​ដង្ហែ​ជាមួយ​នឹង​អ្នក​គាំទ្រ​ជាង​១០០០​នាក់។​ ហើយ​ក្បួន​ដង្ហែ​នឹង​ចេញពី​ទីក្រុង​ភ្នំពេញ​ឆ្ពោះ​ទៅ​កាន់​ខេត្ត​កណ្តាល។​

ចំណែក​គណបក្ស​អភិវឌ្ឍន៍​សេដ្ឋកិច្ច​វិញ ​មិនទាន់​បាន​រៀបចំ​សម្រាប់​ការ​ដង្ហែ​ក្បួន​អ្វី​នៅ​ឡើយ​ដោយសារ​មិន​ទាន់​មាន​ការបញ្ជាក់​ពី​ប្រធាន​គណបក្ស។ ​នេះ​បើ​យោង​តាម​មន្ត្រី​ផ្លូវការ​របស់​គណបក្ស​នេះ។​

រីឯ​គណបក្ស​សាធារណរដ្ឋ​ប្រជា​ធិបតេយ្យ​ក៏​មិន​ទាន់មាន​គម្រោង​ការ​ជាក់លាក់​ក្នុង​ការ​រៀបចំ​ឃោសនា​នៅ​តាម​បណ្តា​ខេត្ត​ដែរ ​ក្រៅពី​ការ​ធ្វើ​ក្បួន​ដង្ហែ​តាម​គោយន្ត​ និង​រឺម៉ក​កង់​បី​នៅ​ខេត្ត​ស្វាយរៀង​នៅ​ថ្ងៃ​ស្អែក​នេះ។​

លោក​ចាន់ យ៉េត ​អនុប្រធាន​គណបក្ស​នេះ​ពន្យល់​ថា​ ការ​ហែ​ក្បួន​នៅ​តាម​ខេត្ត​នឹង​ធ្វើ​ឡើង​យឺត​បន្តិច​គឺ​នៅ​ចុង​ខែ​កក្កដា ​ដូចជា​នៅ​ខេត្ត​កំពង់ធំ ​កំពង់ស្ពឺ ​តាកែវ​និង​កំពត​ ជាដើម។​ គណបក្ស​ដែល​បាន​ឈរឈ្មោះ​ក្នុង​២២​មណ្ឌល​បោះឆ្នោត​នោះ​នឹងធ្វើ​ការ​ឃោសនា​ក្រោយ​គេ​នៅ​ក្នុង​ខេត្ត​កណ្តាល​និង​ក្នុង​រាជធានី​ភ្នំពេញ។​

លោក​សេង សុខខេង ​អនុ​ប្រធាន​គណបក្ស​សញ្ជាតិ​កម្ពុជា ​និយាយ​ថា​ គណបក្ស​របស់​លោក​នឹង​បើក​ក្បួន​ដង្ហែ​ការ​ឃោសនា​ជាមួយ​នឹង​អ្នក​គាំទ្រ​ជាង​១០០០​នាក់​ក្នុង​ឃុំ​ស៊ីធរ​ ស្រុក​ខ្សាច់​កណ្តាល ​ខេត្ត​កណ្តាល ​ហើយ​នឹង​ចេញ​ដំណើរ​ឆ្ពោះទៅ​កាន់​ខេត្ត​ព្រៃវែង ​ស្វាយរៀង​ និង​ចូល​ខេត្ត​កំពង់ចាម៕​
XS
SM
MD
LG