សុន្ទរកថារបស់លោកប្រធានាធិបតី Joseph Kabila ក្នុងទិវាបុណ្យឯករាជ្យជាតិ ត្រូវបានគេថតទុកជាមុនដូចធម្មតា។ លោក Kibila គឺជាអ្នកធ្វើសុន្ទរកថាដែលមានឈ្មោះខាងស្ទាក់ស្ទើរមួយរូប។ ប៉ុន្តែពាក្យសម្តីរបស់លោកមិនមានលក្ខណៈទន់ជ្រាយឡើយ។
ប្រមុខរដ្ឋដ៏រឹងទទឹងនេះ បានកោះហៅប្រជាជនកុងហ្គោទាំងអស់ឲ្យប្រឆាំងនឹងអ្វីដែលលោកហៅថា «ការជ្រៀតជ្រែកខុសច្បាប់ ខុសពេលវេលាពីបរទេស»។ លោកបានកោតសរសើរការថែរក្សាសន្តិសុខរបស់លោកម្តងហើយម្តងទៀត។
មតិអត្ថាធិប្បាយរបស់លោក ត្រូវបានគេយល់ថា ជាការឆ្លើយតបផ្ទាល់ចំពោះការដាក់ទណ្ឌកម្មរបស់រដ្ឋាភិបាលស.រ.អា. លើមន្រ្តីប៉ូលិសជាន់ខ្ពស់មួយរូបក្នុងរដ្ឋាភិបាលរបស់លោក Kabila កាលពីថ្ងៃទី២៣ ខែមិថុនា។
រដ្ឋាភិបាលអាមេរិក ក៏ដូចជាសមាជិកសភាអាមេរិក បានចោទប្រកាន់រដ្ឋាភិបាលលោក Kabila ពីការមានចេតនាពន្យាពេលការបោះឆ្នោត ដែលនឹងត្រូវធ្វើឡើងក្នុងខែវិច្ឆិកា និងពីការបង្រ្កាបក្រុមប្រឆាំង និងសង្គមស៊ីវិល។ ទណ្ឌកម្មផ្សេងៗអាចនឹងមានបន្ថែមទៀតក្នុងពេលខាងមុខ។
ថ្ងៃនេះគួរតែជាថ្ងៃបុណ្យឯករាជ្យជាតិចុងក្រោយសម្រាប់លោក Kabila ក្នុងនាមជាប្រធានាធិបតី។ រដ្ឋធម្មនុញ្ញនៃប្រទេសនេះបានកំណត់ឲ្យលោកត្រឹមតែពីរអាណត្តិប៉ុណ្ណោះ។
ប៉ុន្តែ ការបោះឆ្នោតមើលទៅអាចនឹងមិនកើតឡើងទេ ក្នុងឆ្នាំនេះ។ គណៈកម្មការបោះឆ្នោតនិយាយថាពួកគេត្រូវការរយៈពេលច្រើនជាងមួយឆ្នាំ ដើម្បីរៀបចំបញ្ជីឈ្មោះអ្នកបោះឆ្នោត។តុលាការរដ្ឋធម្មនុញ្ញបានសម្រេចកាលពីខែឧសភាថា លោក Kabila អាចបន្តកាន់អំណាចរហូតដល់មានការបោះឆ្នោត។
នៅក្នុងសុន្ទរកថារបស់លោក ប្រធានាធិបតីរូបនេះ បានទទូចសុំឲ្យការចុះឈ្មោះបោះឆ្នោតនឹងចាប់ផ្តើមក្នុងពេលឆាប់នេះៗ ហើយថា នឹងគ្មានអ្វីអាចបញ្ឈប់ការបោះឆ្នោតនោះបានទេ។
ប៉ុន្តែ ក្នុងពេលថ្មីៗនេះ មន្រ្តីជាន់ខ្ពស់ដែលជិតស្និទ្ធនឹងលោក Kabila បាននិយាយជាសាធារណៈថា នឹងត្រូវធ្វើប្រជាមតិរដ្ឋធម្មនុញ្ញជាមុនសិន។ ពួកគេសួរថា ប្រសិនបើប្រជាជនកុងហ្គោចង់ឲ្យលោក Kabila កាន់តំណែងបន្ត ហេតុអ្វីត្រូវបដិសេធពួកគេ?
លោក Hans Hoebeke គឺជាអ្នកវិភាគជាន់ខ្ពស់មួយរូបនៅក្នុងប្រទេសកុងហ្គោ របស់អង្គការវិបត្តិអន្តរជាតិ (International Crisis Group)។
លោកបាននិយាយថា «នៅពេលដែលការចុះឈ្មោះបោះឆ្នោតបានបញ្ចប់ ខ្ញុំប្រាកដថា នោះនឹងក្លាយជាសំណើដ៏ជាក់ច្បាស់មួយ។ ប្រសិនបើពួកគេអាចបន្តអាណត្តិ ប្រសិនបើប្រជាជននៅតែមិនបញ្ចេញមតិ អ៊ីចឹង ខ្ញុំគិតថាពួកគេនឹងសាកល្បងវា។ ខ្ញុំមិនមែននិយាយថាពួកគេនឹងជោគជ័យនោះទេ ប៉ុន្តែ ខ្ញុំគិតថាពួកគេនឹងសាកល្បង»។
ថ្មីៗនេះក៏មានព្រឹត្តិការណ៏ស្រដៀងនេះដែរ។ មេដឹកនាំនៃប្រទេសជិតខាងទាំងពីររបស់កុងហ្គោ គឺប្រទេស Congo-Brazzaville និងរវ៉ាន់ដា បានទទួលជោគជ័យក្នុងការលុបបំបាត់ការកំណត់អាណត្តិតាមរយៈការធ្វើប្រជាមតិ និងឈ្នះឆ្នោតអាណត្តិថ្មី កាលពីឆ្នាំមុន។
អស់រយៈពេលជាងមួយឆ្នាំហើយដែលលោក Kabila បានអញ្ជើញក្រុមប្រឆាំងឲ្យចូលរួមក្នុងការពិភាក្សានយោបាយ។ លោក Edem Kodjo អតីតនាយករដ្ឋមន្រ្តីតូហ្គោ កំពុងសម្របសម្រួលកិច្ចខិតខំប្រឹងប្រែងនេះក្នុងនាមឲ្យសហភាពអាហ្រ្វិក។
មេដឹកនាំក្រុមប្រឆាំងដែលមានឥទ្ធិពលបំផុត នៅតែមានអរិភាពចំពោះសំណើរបស់លោក Kabila។ ពួកគេបានបដិសេធចោលកិច្ចពិភាក្សានោះថា ជាអន្ទាក់ ហើយបានចាប់ផ្តើមស្នើរកជំនួយពីសហដ្ឋអាមេរិក ក្នុងក្រុមសម្របសម្រួល។ ប៉ុន្តែ ការគាំទ្រដែលមានសមត្ថភាពអាចរកឃើញហើយ។
លោក Juvenal Munubo ជាសមាជិកសភាម្នាក់មកពីគណបក្សប្រឆាំងដ៏ធំមួយក្នុងចំណោមគណបក្សប្រឆាំងធំៗផ្សេងទៀត។
លោកបានប្រាប់ VOA ថា កិច្ចពិភាក្សាមួយដែលអាចទទួលយកបានសម្រាប់គណបក្សទាំងអស់គឺជាឱកាសចុងក្រោយ ហើយត្រូវតែផ្តល់ចម្លើយដ៏ច្បាស់សម្រាប់សំណួរដ៏សំខាន់ពីរគឺ៖ តើការបោះឆ្នោតជ្រើសតាំងប្រធានាធិបតីគួរតែធ្វើនៅថ្ងៃណា ហើយតើអ្នកណាគួរតែដឹកនាំសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ នៅពេលដែលអាណត្តិរបស់ Kabila បានចប់នៅថ្ងៃទី២០ ខែធ្នូ? សម្រាប់លោក Munubo ប្រសិនបើសំណួរទាំងនេះមានចម្លើយ បញ្ហាចម្បងនឹងលែងមាន ហើយការបោះឆ្នោត ឆ្នាំ២០១៦ នឹងមិនចាំបាច់ត្រូវធ្វើទេ។
ពេលវេលាកាន់តែច្រើន អាចមានប្រយោជន៍ចំពោះគណបក្សប្រឆាំង។
បច្ចុប្បន្ននេះ គ្មានបេក្ខជនខាងគណបក្សប្រឆាំងណាដែលលេចធ្លោនោះទេ ហើយសម្ព័ន្ធដែលបែកបាក់ទាំងឡាយកំពុងព្យាយាមរួបរួមសាមគ្គីគ្នា។
លោក Moise Katumbi បានចង្អុលបង្ហាញពីទំហំនៃការប្រឆាំងនេះ។ រហូតមកទល់ពេលនេះលោកគឺជាអ្នកនយោបាយម្នាក់គត់ដែលប្រកាសពីគោលបំណងរបស់លោកពីការប្រកួតក្នុងការបោះឆ្នោតជ្រើសតាំងប្រធានាធិបតី។ លោក Katumbi បានចាកចេញពីសាធារណរដ្ឋប្រធាធិបតេយ្យកុងហ្គោកាលពីខែឧសភា។ គាត់ត្រូវបានចោទប្រកាន់លើពីរករណី។ ការចោទប្រកាន់មួយក្នុងចំណោមការចោទប្រកាន់ទាំងពីរនោះគឺលោកបានជួលទាហានស៊ីឈ្នួលបរទេស។ ក្នុងខែមិថុនា លោកត្រូវបានកាត់ទោសកំបាំងមុខ ឲ្យជាប់ពន្ធនាគារបីឆ្នាំ។ ការត្រលប់មកប្រទេសវិញដើម្បីធ្វើការឃោសនាបោះឆ្នោតគឺជារឿងមួយដែលមិនអាចទៅរួចនាពេលបច្ចុប្បន្ននេះ។
លោក Katumbi បានចេញសេចក្តីថ្លែងការណ៍ផ្ទាល់ខ្លួននៅថ្ងៃបុណ្យឯករាជ្យជាតិ។ លោកបាននិយាយថា លោក Kabila ត្រូវតែចុះចេញពីតំណែងក្នុងឆ្នាំនេះ។ លោក Katumbi បានថ្កោលទោសចំពោះការចោទប្រកាន់ចំពោះរូបលោកថា ជាមធ្យោបាយដ៏អាក្រក់មួយដើម្បីរារាំងលោកពីការឈរឈ្មោះបោះឆ្នោត។
រដ្ឋាភិបាលបានច្រានសេចក្តីថ្លែងការណ៍នោះចោល ដោយនិយាយថាសេចក្តីថ្លែងការណ៍របស់លោក Katumbi ជា «ការតិះដៀលដ៏គួរឲ្យអាណិត»៕
ប្រែសម្រួលដោយ ទុំ ម្លិះ