ការបែកបាក់នយោបាយនៅពេលបច្ចុប្បន្ននេះនៅក្នុងសហរដ្ឋអាមេរិកបានបង្ហាញក្នុងអំឡុងពេលនៃការថ្លែងសុន្ទរកថាស្តីពីស្ថានភាពសហព័ន្ធរបស់លោកប្រធានាធិបតីដូណាល់ ត្រាំនៅពីមុខសម័យប្រជុំរបស់សភារួមគ្នាកាលពីយប់ថ្ងៃអង្គារ ដែលត្រូវបានបំភ្លឺយ៉ាងច្បាស់នៅក្នុងការទាក់ទងគ្នារវាងប្រធានាធិបតីខាងគណបក្សសាធារណរដ្ឋនិងលោកស្រី Nancy Pelosi ប្រធានសភាតំណាងរាស្រ្តខាងគណបក្សប្រជាធិបតេយ្យមុននិងក្រោយការថ្លែងសុន្ទរកថា។
ដោយប្រឈមការបែងចែកដ៏ល្វីងជូរចត់របស់សភាខាងពួកគណបក្សប្រជាធិបតេយ្យនិងគណបក្សសាធារណរដ្ឋអំពីបញ្ហាដ៏ច្រើន ជាពិសេសការចោទប្រកាន់ដកហូតប្រធានាធិបតីចេញពីតំណែងដោយសភាតំណាងរាស្រ្តដែលដឹកនាំដោយគណបក្សប្រជាធិបតេយ្យអំពីសកម្មភាពរបស់លោកទាក់ទិននឹងប្រទេសអ៊ុយក្រែន លោកប្រធា នាធិបតី ដូណាល់ ត្រាំ បានប្រើសុន្ទរកថាស្តីពីស្ថានភាពសហព័ន្ធប្រចាំឆ្នាំរបស់លោកសរសើរពីការងាររបស់រដ្ឋបាលលោកពីសេដ្ឋកិច្ចរបស់អាមេរិក ជាពិសេសដោយប្រៀបធៀបទៅនឹងលោកបារ៉ាក់ អូបាម៉ាប្រធានាធិបតីកាន់តំណែងមុនលោក។
លោកប្រធានាធិបតីត្រាំបានថ្លែងថា៖ «អត្រាគ្មានការងារធ្វើ មានកម្រិតទាបបំផុតក្នុងរយៈពេលជាកន្លះសតវត្សរ៍នេះ។ ហើយ ជាការណ៍ដែលជឿទុកចិត្តបាន អត្រាគ្មានការងារធ្វើជាមធ្យមនៅក្រោមរដ្ឋបាលរបស់ខ្ញុំ មានកម្រិតទាបជាងរដ្ឋបាលណាៗទាំងអស់នៅក្នុងប្រវត្តិសាស្រ្តរបស់ប្រទេសយើង។ប្រសិនបើ យើង មិនបានផ្លាស់ប្តូរគោលនយោបាយសេដ្ឋកិច្ចបរាជ័យរបស់រដ្ឋបាលមុនៗទេ ពិភពលោក នៅពេលឥឡូវនេះ នឹងមិនបានឃើញការជោគជ័យខាងសេដ្ឋកិច្ចដ៏អស្ចារ្យនេះទេ»។
ការអះអាងរបស់លោកប្រធានាធិបតីថា រដ្ឋបាលរបស់លោកបានចាប់ផ្តើម «ធ្វើឲ្យប្រទេសអាមេរិកអស្ចារ្យត្រឡប់មកវិញ» បាននាំឲ្យមានការយល់ស្របពីសំណាក់លោក Kevin Hearn សមាជិកសភាខាងគណបក្សសាធារណរដ្ឋនៃរដ្ឋអូក្លាហាម៉ាដែលបានប្រាប់ VOA ថា លោកមានការសប្បាយរីករាយដែលលោកប្រធានាធិបតីមិនអើពើការខំប្រឹងប្រែងការចោទប្រកាន់ដកហូតលោកចេញពីតំណែង។
លោក Kevin Hearn បានថ្លែងថា៖ «លោកប្រធានាធិបតី បានធ្វើអ្វីដែលខ្ញុំចង់បានដែលបានបន្តសារអ្វីដែលពលរដ្ឋអាមេរិកាំងប្រាកដយកចិត្តទុកដាក់។ ខ្ញុំទើបតែត្រឡប់មកពីផ្ទះរបស់ខ្ញុំនៅចុងសប្តាហ៍នេះ គ្មាននរណានិយាយអំពីការចោទប្រកាន់ដកហូតប្រធានាធិបតីចេញពីតំណែងទេ។ ពួកគេកំពុងនិយាយអំពីការថែទាំសុខភាពពួកគេកំពុងនិយាយអំពីការងារនិងសេដ្ឋកិច្ចហើយនឹងធ្វើយ៉ាងដូចម្តេចឲ្យប្រាក់ឈ្នួលរបស់ខ្លួនកើនឡើង។ ពួកគេឈប់និយាយអំពីការចោទប្រកាន់ដកហូតប្រធានាធិបតីចេញពីតំណែងកាលពីខែវិច្ឆិកា។ ការណ៍នេះជាការពិតដែលធ្វើឲ្យភាគីម្ខាងទៀតស្រងាកចិត្ត។ពួកគេ បានព្យាយាមធ្វើឲ្យមានរឿងធំ ក៏ប៉ុន្តែពលរដ្ឋអាមេរិកាំងមិនទទួលស្គាល់ពលរដ្ឋដឹងថា សេដ្ឋកិច្ចនេះកំពុងមានដំណើរការល្អ»។
ក៏ប៉ុន្តែពួកគណបក្សប្រជាធិបតេយ្យជាច្រើនដូចជាលោក Gerry Connolly សមាជិកសភានៃរដ្ឋ Virginia បានគិតថា លោកប្រធានាធិបតីបានប្រើសុន្ទរកថារបស់លោកដើម្បីប្រមូលការគាំទ្រពីសម្ព័ន្ធមិត្តខាងគណបក្សសាធារណរដ្ឋនិងពួកអ្នកបោះឆ្នោតនៅពេលដែលលោកបានបង្វែការយកចិត្តទុកដាក់របស់លោកចំពោះការខំប្រឹងប្រែងការជាប់ឆ្នោតមួយអាណត្តិទៀត ដោយយោងទៅការបន្តផ្តោតការយកចិត្តទុកដាក់របស់លោកលើជនអន្តោប្រវេសន៍គ្មានក្រដាសស្នាម និងការខកខានរបស់លោកដើម្បីទទួលស្គាល់ការខំប្រឹងប្រែងរបស់គណបក្សប្រជាធិបតេយ្យជួយលោកអនុម័តកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីរវាងសហរដ្ឋអាមេរិក កាណាដា និងម៉ិកស៊ិក។
តំណាងរាស្រ្ត Gerry Connolly និយាយថា៖ «ហើយនេះជាការបង្ហាញការមិនគោរព។លោកប្រធានាធិបតី ថែមនឹងមិនទទួលស្គាល់ការជួយឧបត្ថម្ភរបស់អ្នក។ ខ្ញុំមិនដឹងថាតើប្រធានាធិបតី ទទួលបានជោគជ័យថែមទៀតឬទេនៅពេលដែលលោកធ្វើសកម្មភាពបែបនេះចំពោះមនុស្សដែលមានធ្វើឲ្យលោកទទួលជោគជ័យបែបនេះ នោះ»។
ភាពល្វីងជូរចត់ក៏បានបង្ហាញនៅពេលដែលលោកប្រធានាធិបតីត្រាំបានជូនឯកសារសុន្ទរកថារបស់លោកទៅឲ្យលោកអនុប្រធានាធិបតី Mike Pence និងលោកស្រី Nancy Pelosi ប្រធានសភាតំណាងរាស្រ្ត។ ក៏ប៉ុន្តែ នៅពេលដែលលោកស្រី Pelosi បានឈោងចាប់ដៃលោកប្រធានាធិបតីត្រាំ លោកប្រធានាធិបតី បានងាកចេញពីលោកស្រីក្នុងការសម្តែងការធ្វើព្រងើយកន្តើយដល់ស្រ្តីម្នាក់ដែលបានដឹកនាំការខិតខំការចោទប្រកាន់ដកហូតលោកចេញពីតំណែង។
ភ្លាមៗបន្ទាប់ពីលោកប្រធានាធិបតីត្រាំ បានបញ្ចប់សុន្ទរកថារបស់លោក លោកស្រី Pelosi បានយកឯកសារសុន្ទរកថានោះ ហើយហែកជា២ដោយប្រាប់ពួកអ្នកយកព័ត៌ មានក្រោយមកថា «ការហែកឯកសារសុន្ទរកថានោះជាការគួរសមដែលត្រូវធ្វើ។ ជា ជៀងធ្វើអ្វីផ្សេងក្រៅពីនេះ»៕
ប្រែសម្រួលដោយលោកជឹង ប៉ូជីន