ក្រុមមន្ត្រីបានឲ្យដឹងថា មនុស្សម្នាក់ត្រូវបានសម្លាប់ហើយមនុស្ស១៥នាក់ផ្សេងទៀតបានរងរបួសនៅក្នុងហេតុការណ៍បាញ់ប្រហារមួយនៅក្លឹបរាត្រីដែលមានមនុស្សច្រើនកុះករ។ ហេតុការណ៍នេះបានកើតឡើងកាលពីព្រឹកថ្ងៃអាទិត្យក្នុងទីក្រុង Cincinnati រដ្ឋ Ohio សហរដ្ឋអាមេរិក។
លោក Eliot Isaac ស្នងការប៉ូលិសក្នុងទីក្រុង Cincinnati បានថ្លែងថា បុរសប៉ុន្មាននាក់បានផ្ទុះជម្លោះនៅក្នុងក្លឹបរាត្រីនោះ ហើយបានបង្កឲ្យឈានដល់ការបាញ់ប្រហារគ្នា។
លោក Isaac បានមានប្រសាសន៍ថា ក្លឹបរាត្រីនេះមានមនុស្សច្រើនកុះកររហូតដល់ទៅរាប់រយនាក់ឯណោះ។
លោកបាននិយាយយ៉ាងដូច្នេះថា៖ «ជាលទ្ធផល មនុស្ស១៦នាក់បានរងគ្រាប់កាំភ្លើង ហើយម្នាក់ក្នុងចំណោមនោះបានស្លាប់បាត់បង់ជីវិត។ ជនរងគ្រោះ១៥នាក់ទៀតបានរងរបួស ហើយម្នាក់ក្នុងចំណោមនោះស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។ អ្នកផ្សេងទៀតមានរបួសធ្ងន់និងស្រាល»។
លោក Isaac មិនបានបញ្ជាក់នោះទេ ថាតើជនដៃដល់គឺស្ថិតក្នុងចំណោមជនរងគ្រោះដែលត្រូវរបួសឬយ៉ាងណា។ លោកគ្រាន់តែបញ្ជាក់ថា «នឹងត្រូវធ្វើការសាកសួរនិងពិនិត្យលើភ័ស្តុតាងជាច្រើនទៀត ហើយយើងនឹងផ្តល់ព័ត៌មានបន្ថែមជាបន្តបន្ទាប់ពេលក្រោយ»៕