ប៉ូលិសនៅក្នុងទីក្រុង Quebec នៃប្រទេសកាណាដាបានចោទប្រកាន់និស្សិតសាកលវិទ្យាល័យបារាំង កាណាដាម្នាក់ពីឃាតកម្មបន្ទាប់ពីការវាយប្រហារដ៏ប្រល័យទៅលើព្រះវិហារឥស្លាមមួយកន្លែងនៅក្នុងទីក្រុង។
Alexandre Bissonnette អាយុ២៧ឆ្នាំបានរងការចោទប្រកាន់កាលពីរសៀលថ្ងៃចន្ទពីបទចោទប្រកាន់ចំនួន៦ពីបទឃាតកម្មកម្រិតទី១ហើយនឹងបទចោទប្រកាន់ចំនួន៥ ទៀតពីការប៉ុនប៉ងធ្វើឃាតនៅក្នុងការបាញ់ប្រហារដែលលោកនាយករដ្ឋមន្រ្តីកាណា ដា Justin Trudeau បានថ្កោលទោសថាជាការវាយប្រហារភេរវកម្មទៅលើព្រះវិហារឥស្លាម។
មនុស្សជាង៥០នាក់បានស្ថិតនៅឯមជ្ឈមណ្ឌលវប្បធម៌ឥស្លាមក្រុង Quebec នៅពេលដែលការបាញ់ប្រហារបានកើតមានឡើងកាលពីយប់ថ្ងៃអាទិត្យ។ លោកស្រី Christine Coulombeអ្នកនាំពាក្យប៉ូលិសបាននិយាយថា ជនរង្គ្រោះ៦នាក់មានអាយុពី៣៥ឆ្នាំទៅប្រហែល៧០ឆ្នាំ។ មនុស្ស៨នាក់ទៀតបានរងរបួសនៅក្នុងការវាយប្រហារនោះ រួមមានមនុស្ស៥នាក់ដែលស្ថិតនៅក្នុងស្ថានភាពធ្ងន់ធ្ងរ។
មនុស្សទី២ជាជនសង្ស័យបានត្រូវប៉ូលិសចាប់ខ្លួន ក៏ប៉ុន្តែ ឥឡូវនេះត្រូវបានចាត់ទុកថាជាសាក្សី។
ប៉ូលិសមិនបានផ្តល់មូលហេតុនៃការវាយប្រហារនេះទេហើយគេមិនទាន់ដឹងច្បាស់នៅឡើយថា តើមានមនុស្សផ្សេងទៀតបានពាក់ព័ន្ធនៅក្នុងការបាញ់ប្រហារនេះឬ ទេ។
លោក Martin Planteមេបញ្ចាការកងអាវុធហត្ថជាតិកាណាដាបាននិយាយថា៖ «ការស៊ើបអង្កេតនៅពេលនេះជាការស៊ើបអង្កេតក្នុងស្រុក។ លោកនិយាយទៀតថា ប៉ូលិសនឹងប្រមូលព័ត៌មាននិងភស្តុតាងបន្ថែម ហើយបន្ទាប់មកនឹងចាត់វិធានការ»៕