មន្រ្តីនគរបាលជាន់ខ្ពស់រាជធានីភ្នំពេញនិងខេត្តព្រះសីហនុអះអាងនៅថ្ងៃចន្ទនេះថា ក្រុមសមត្ថកិច្ចកំពុងបន្តស៊ើបអង្កេតតាមចាប់ខ្លួនជនជាតិចិនមួយក្រុម ដែលបានបង្ហោះវីដេអូគំរាមចង់បង្កអសន្ដិសុខនៅខេត្តព្រះសីហនុ។
យុវជនជនជាតិចិនមួយក្រុមដែលមួយចំនួនដោយមិនពាក់អាវនិងមានចាក់សាក់លើដងខ្លួនផងបានបង្ហោះវីដេអូខ្លីមួយ និងនិយាយជាភាសាចិន ដោយគំរាមថានឹងបង្កចលាចលនៅក្នុងខេត្តព្រះសីហុន។
វីដេអូគ្លីបនេះត្រូវបានគេចែកចាយបន្តជាច្រើន។ ក្រុមយុវជនចិនអះអាងថា ពួកខ្លួនមកពីទីក្រុងឆុងឈីង (Chongqing)។
លោក ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ ប្រាប់ VOA នារសៀលថ្ងៃចន្ទនេះថា អាជ្ញាធរក៏មិនទាន់កំណត់មុខសញ្ញាក្រុមយុវជនចិនទាំងបាននៅឡើយ។ ទោះយ៉ាងណាលោកថា សមត្ថកិច្ចកំពុងបន្តការស៊ើបអង្កេតស្វែងរកចាប់ខ្លួនពួកគេ។
ស្ថានទូតចិនប្រចាំកម្ពុជាប្រកាសតាមទំព័រហ្វេសប៊ុកលរបស់ខ្លួនថា ខ្លួន«កំពុងតាមដាននិងយកចិត្តទុកដាក់ខ្ពស់» ពាក់ព័ន្ធនឹងវីដេអូដែលជនជាតិចិនមួយក្រុមនោះបានបង្ហោះ។ សាររបស់ស្ថានទូតចិនបានបន្ថែមថា ស្ថានទូតចិនបានជួយសម្របសម្រួលដល់កម្លាំងសមត្ថកិច្ចរបស់ចិន សហការជាមួយកម្ពុជា តាមស្វែងរកការពិតលើករណីនេះផងដែរ៕