ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មនុស្ស​២៧​ម៉ឺន​នាក់​ដាក់​ញត្តិ​ប្រឆាំង​ទំនប់​វារីអគ្គិសនី​ដនសាហុង​លើ​ទន្លេ​មេគង្គ


សកម្មជន​នៃ​អង្គការ​ក្រៅ​រដ្ឋាភិបាល​កម្ពុជា​ស្រែក​ពាក្យ​ស្លោក​ក្នុង​អំឡុង​បាតុកម្ម​មួយ​​ប្រឆាំង​នឹង​​គម្រោង​សាងសង់​ទំនប់​វារី​អគ្គិសនី​​ដនសាហុង (Don Sahong) របស់​ឡាវ ដោយ​ប្រើប្រាស់​ទូក​ទេសចរណ៍​មួយ​​​​នៅ​​ទន្លេសាប​ក្នុង​​រាជធានធី​ភ្នំពេញ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ទី​១១ ខែ​កញ្ញា ឆ្នាំ​២០១៤។
សកម្មជន​នៃ​អង្គការ​ក្រៅ​រដ្ឋាភិបាល​កម្ពុជា​ស្រែក​ពាក្យ​ស្លោក​ក្នុង​អំឡុង​បាតុកម្ម​មួយ​​ប្រឆាំង​នឹង​​គម្រោង​សាងសង់​ទំនប់​វារី​អគ្គិសនី​​ដនសាហុង (Don Sahong) របស់​ឡាវ ដោយ​ប្រើប្រាស់​ទូក​ទេសចរណ៍​មួយ​​​​នៅ​​ទន្លេសាប​ក្នុង​​រាជធានធី​ភ្នំពេញ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ទី​១១ ខែ​កញ្ញា ឆ្នាំ​២០១៤។

ប្រជា​ពលរដ្ឋ​ប្រមាណ​ជាង​២៧​ម៉ឺន​នាក់​នៅ​ទូទាំង​ពិភពលោក​ក្នុង​នោះ​មាន​ប្រជាពលរដ្ឋ​កម្ពុជា​ប្រមាណ​១​ម៉ឺន​២​ពាន់​នាក់​បាន​ធ្វើ​ញត្តិរួម​គ្នា​ដើម្បី​អំពាវនាវ​ឲ្យក្រុមហ៊ុន​មេហ្កាហ្វើស​ (Mega First )​ របស់​ប្រទេស​ម៉ាឡេស៊ី​ ផ្អាក​គម្រោងសាងសង់​ទំនប់​វារី​អគ្គិសនី​ដនសាហុង​ នៅ​ក្នុង​ប្រទេស​ឡាវ​ នៅ​លើ​ដង​ទន្លេ​មេគង្គ​ដែល​មាន​រឿង​ដ៏​ចម្រួងចម្រាស់។

ទំនប់​វារី​អគ្គិសនី​ដនសាហុង​របស់​ប្រទេស​ឡាវ​អាច​ជា​សញ្ញា​អវិជ្ជាមាន​មួយ​ពី​ការ​បាត់បង់​នូវ​ធនធាន​ជលផល​ និង​សត្វ​ផ្សោត​ប្រមាណ​៨៥​ក្បាល​ ​ដែល​ជិត​ផុត​ពូជ ​ហើយ​កំពុង​រស់​នៅ​ប្រមាណ​ចម្ងាយ​១៩០​គ.ម.​ភាគ​ខាង​ត្បូង​ប្រទេស​ឡាវ​ និង​ភាគ​ឦសាន​ក្នុង​ប្រទេស​កម្ពុជា​ និង​ពូជ​ត្រី​ជាច្រើន​ប្រភេទ​ដែល​កំពុង​រស់​នៅ​ក្នុង​ទឹក​ទន្លេ​មេគង្គ។​

លោក ​ឈិត សំអាត​ នាយក​អង្គការ​ WWF​ ប្រចាំ​កម្ពុជា​ មាន​ប្រសាសន៍​ក្នុង​អង្គ​សន្និសីទកាសែត​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ​ញត្តិដែល​ប្រមូល​បាន​នេះ​បាន​ប្រើ​ពេលវេលា​ប្រមាណ​ជាង​៤​ខែ​តាម​បណ្តាញ​អ៊ីនធឺណិត​នៅ​ជុំវិញ​ពិភព​លោក​និង​នៅ​ក្នុង​ប្រទេស​កម្ពុជា។​ ​ហើយ​លោក​នឹង​ដាក់​ញត្តិនេះ​ទៅ​ក្រុម​ហ៊ុន​មេហ្កាហ្វើស​ក្នុង​ពេល​ឆាប់​នេះ​ដើម្បី​ឲ្យបញ្ឈប់គម្រោងសាង​សង់​ទំនប់​វារី​អគ្គិសនី​នេះ។​

លោក​មាន​ប្រសាសន៍​ថា​ ទន្លេ​មេគង្គ​ជា​ទន្លេ​ប្រកប​ទៅ​ដោយ​ធនធាន​ត្រី​ប្រមាណ​ជាង​៨៥០​ប្រភេទ ​និង​ជីវចម្រុះ បន្ទាប់​ពី​ទន្លេ​អាម៉ាហ្សូន​ ហើយ​ប្រសិន​បើ​គេ​សាង​សង់​ទំនប់​វារីអគ្គិសនី​នេះ វា​នឹង​ធ្វើ​ឲ្យត្រី​មិន​អាច​ធ្វើ​ចរាចរណ៍​ពី​ទឹកផ្នែក​ខាង​ក្រោម​ឡើង​ទៅ​ផ្នែក​ខាង​លើ​ និង​ពី​ផ្នែក​ខាង​លើ​មក​ផ្នែក​ខាង​ក្រោម​បាន​ទេ ​ដែល​ធ្វើ​ឲ្យត្រី​ងាយ​ផុត​ពូជ។​

លោក​និយាយ​ថា៖ ​«ថ្ងៃ​នេះ​គឺ​ដើម្បី​ផ្សព្វ​ផ្សាយ​លទ្ធផល​នៃ​ញត្តិដែល​យើង​ទទួល​បាន​ ដើម្បី​បញ្ជូន​ទៅ​ដល់​អ្នក​ធ្វើ​ការ​សាង​សង់ ​ក៏​ដូច​ជា​រដ្ឋាភិបាល​នៃ​ប្រទេស​នៅ​តាម​ដង​ទន្លេ​មេគង្គ ឲ្យគិត​គូរ​ពិចារណា​ឲ្យបាន​ស៊ី​ជម្រៅទៅ​លើ​ការ​ព្រួយ​បារម្ភដែល​ប្រជាជន​២៧​ម៉ឺន​នាក់​នៅ​លើ​ពិភពលោក​និង​១ម៉ឺន​២​ពាន់​នាក់​នៅ​ក្នុង​ស្រុក​ខ្មែរ​យើង​នេះ ​មាន​ការ​លើក​ឡើង​ពី​ការ​ព្រួយ​បារម្ភយ៉ាង​ធ្ងន់​ធ្ងរ»។​

ទន្លេ​មេគង្គ​ហូរ​កាត់​ប្រទេស​ចំនួន​បួន​គឺ​ប្រទេស​កម្ពុជា​ វៀត​ណាម​ ឡាវ​ និង​ប្រទេស​ថៃ ​និង​មាន​ប្រវែង​ប្រមាណ​ជាង​៤.៥០០​គ.ម.។​ ​ទន្លេ​នេះ​ហូរ​កាត់​ប្រទេស​កម្ពុជា​តាម​ខេត្ត​ស្ទឹង​ត្រែង​ ក្រចេះ​ កំពង់ចាម​ ទីក្រុង​ភ្នំពេញ ​និង​ជា​ព្រំដែន​រវាង​កណ្តាល​ និង​ខេត្ត​ព្រៃវែង។​

លោក​ អាន ហូរ​ តំណាង​សហគមន៍​មក​ពី​ខេត្ត​ក្រចេះ​មាន​ប្រសាសន៍​ថា​ គម្រោងទំនប់​វារីអគ្គិសនី​នេះ​អាច​ប៉ះពាល់​ដល់​មុខ​របរ​នេសាទ​ត្រី​ និង​កសិកម្ម​របស់​ប្រជាពលរដ្ឋ​ខេត្ត​ក្រចេះ ​និង​សហគមន៍ផ្សេងៗ​ទៀត។​

លោក​និយាយ​ថា៖ ​«បញ្ហា​គឺ​សត្វ​ផ្សោត​ទាំង​មូល​តែម្តង ​ដែល​ជា​មុខ​របរ​គូប​ផ្សំ​ពី​ភ្ញៀវ​ទេសចរណ៍​ ដែល​ជា​ប្រភព​ចំណូល​សំខាន់​បំផុត​នៃ​ខេត្ត​ក្រចេះ​យើង​ទាំង​មូល»។​

លោក​តឹក វណ្ណារ៉ា​ នាយក​ប្រតិបតិ្ត​វេទិកា​នៃ​អង្គការសហគមន៍​មិន​មែន​រដ្ឋាភិបាល​កម្ពុជា ​មាន​ប្រសាសន៍​ថា​ ប្រទេស​ឡាវ​ជា​ប្រទេស​ខ្ពង់​រាប​និង​ជា​តំបន់​ភ្នំ ​ដូច្នេះ​មិន​ខ្វះ​កន្លែង​ទេ​ ក្នុង​ការ​សាង​សង់​ទំនប់​វារី​អគ្គិសនី។

លោក​មាន​ប្រសាសន៍​ថា ​ប្រទេស​ឡាវ​គួរ​តែ​ទុក​ឲ្យទន្លេ​មេគង្គ​ហូរ​ដោយ​សេរី​ តាម​លក្ខណៈ​ធម្មជាតិ​ ដើម្បី​ផ្តល់​ភោគ​ផល​ដល់​ប្រជាជន​៦០​លាន​នាក់​នៅ​លើ​ពិភព​លោក។​

លោក​និយាយ​ថា៖​ «ទាក់​ទង​ការ​អភិវឌ្ឍ​ទំនប់​ វាគួរ​តែ​ស្តាប់​មតិ​យោបល់​របស់​ប្រជាជន ​ដែល​កំពុង​រស់​នៅ​ពឹង​អាស្រ័យ​លើ​អាង​ទន្លេ​មេគង្គ...គួរ​តែ​បញ្ឈប់»។

គម្រោង​សាងសង់​ទំនប់​វារី​អគ្គិសនី​ដនសាហុង​របស់​ប្រទេស​ឡាវ​នៅ​មិន​ទាន់​ចាប់​ផ្តើម​សាងសង់​នៅ​ឡើយ​ទេ​ ខណៈពេល​ដែល​រដ្ឋាភិបាល​នៃ​ប្រទេស​កម្ពុជា​ វៀតណាម​ និង​ថៃ​ទាមទារ​ឲ្យ​ប្រទេស​ឡាវ​ផ្អាក​គម្រោង​សាងសង់​ទំនប់​ដែល​មាន​តម្លៃ​ជាង​៣.៨០០​លាន​ដុល្លារ​នេះ​ជា​បណ្តោះ​អាសន្ន​សិន។​

ទំនប់​វារី​អគ្គិសនី​ដនសាហុង​ ដែល​មាន​កម្រិត​ថាមពល​ប្រមាណ​២៦០​ម៉េហ្គាវ៉ាត់​នេះ​ស្ថិត​នៅ​ចម្ងាយ​ជាង​មួយ​គីឡូម៉ែត្រ​ប៉ុណ្ណោះ​ពី​ព្រំដែន​ប្រទេស​កម្ពុជា៕

XS
SM
MD
LG