មន្ត្រីនគរបាលចំនួន ១១ នាក់នៅខេត្តព្រៃវែង ត្រូវបានបណ្តេញចេញពីក្របខណ្ឌ ហើយយកទៅកន្លែងបន្សាបសារធាតុញៀន។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងមហាផ្ទៃ ចុះថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២៣។
ពួកគេរួមមាន លោក វណ្ណ តារា នាយករងការិយាល័យរដ្ឋបាល លោក ឌុច រតនា នាយករងផ្នែករដ្ឋបាលសរុបនៃការិយាល័យភស្តុភា និងហិរញ្ញវត្ថុ លោក វណ្ណៈ សុវឌ្ឍនា នាយករងផ្នែកហ្វឹកហ្វឺននិងពន្លត់អគ្គិភ័យនៃការិយាល័យបង្ការពន្លត់អគ្គិសនីនិងសង្គ្រោះ និងលោក ស៊ុក ច័ន្ទតារា នាយករងផ្នែកចល័តការពារនៃការិយាល័យអន្តរាគមន៍ និងតម្រួតបទបញ្ជា ជាដើម។
លោក ទូច សុឃៈ ប្រាប់វីអូអេនៅថ្ងៃចន្ទនេះថា ចំណាត់ការនេះធ្វើឡើងទៅតាមវិន័យរបស់ក្រសួងមហាផ្ទៃ ដោយពួកគេត្រូវបានដកឈ្មោះចេញពីក្របខណ្ឌរដ្ឋ និងបញ្ជូនទៅកន្លែងបន្សាបសារធាតុញឿន។
នៅពេលសួរថា តើពួកគេមានពាក់ព័ន្ធការជួញដូរគ្រឿងញៀនទេ អ្នកនាំពាក្យរូបនេះថា លោកមិនអាចផ្តល់ការអត្ថាធិប្បាយឡើយ ដោយសារតែមានការទាក់ទិននឹងសិទ្ធិរបស់បុគ្គល និងការស៊ើបអង្កេតរបស់សមត្ថកិច្ច។
លោក ទូច សុឃៈ បញ្ជាក់ថា៖ «ប៉ុន្តែត្រឡប់មកវិញ ខ្ញុំមិននិយាយថា ពួកគាត់ដែលជាប់ពាក់ព័ន្ធនឹងការជួញដូរឬក៏ចែកចាយទេ។ ជួនកាលគាត់ត្រឹមតែលង់ខ្លួន ចាញ់ឧបាយកល ចាញ់ការញុះញង់ ឬក៏ចង់សាកល្បង ដោយប្រការណាមួយ ក៏ធ្លាក់ខ្លួនចូលជាប់អន្ទាក់នៃការប្រើប្រាស់គ្រឿងញៀនហ្នឹងទៅ»។
ក្រសួងមហាផ្ទៃលើកឡើងនៅក្នុងសេចក្តីប្រកាសរបស់ខ្លួនថា ពួកគេទាំង ១១ នាក់នេះនឹងត្រូវកាត់ផ្តាច់ប្រាក់បៀវត្សរ៍ និងរបបឧបត្ថម្ភផ្សេងៗ ព្រមទាំងលុបចេញពីក្របខណ្ឌមន្ត្រីនគរបាលជាតិ ចាប់ពីខែមីនា ឆ្នាំ ២០២៤ តទៅ៕