លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃច័ន្ទនេះ ប្រតិកម្មតបអ្នកការពារសិទ្ធិ និងអ្នកសារព័ត៌មានមួយចំនួនដែលរាយការណ៍ព័ត៌មានថា ការហាមឃាត់ និងចាប់ខ្លួនស្រ្តីលក់អនឡាញដែលស្លៀកពាក់ស៊ិចស៊ីថតលក់ផលិតផល ជាការរំលោភសិទ្ធិមនុស្ស។
ក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យមួយនៅថ្ងៃទី២ ខែមីនានេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានជំរុញឲ្យក្រុមអ្នករិះគន់ទាំងនោះប្រាប់ឲ្យក្រុមគ្រួសាររបស់ពួកគេស្លៀកពាក់ស៊ិចស៊ី ហើយលោកថា លោកនឹងជួយផ្សព្វផ្សាយបន្ត។
លោក ហ៊ុន សែន បញ្ជាក់ទាំងដែលមានមន្រ្តីអង្គុយអមលោកសើចរាល់ពេលលោកថ្លែងម្តងៗផងថា៖ «អញ្ចឹងបានផ្តាំថា សុំឲ្យអ្នកឯងទាំងអស់គ្នា ថតប្រពន្ធអ្នកឯងស្រាត ឬស្លៀកស្ល៊ីប ស្លៀកអីមក យើងជួយបង្ហោះ ជួយផ្សព្វផ្សាយ។ អញសុខចិត្តចេញលុយបោះ ហើយយកទៅបិទនឹងដើមឈើឲ្យ។ ហ្អែងហ៊ានធ្វើទេ? ជាពិសេសអាពួកវិទ្យុបរទេសនិយាយភាសាខ្មែរ ហ្អែងជាជនជាតិខ្មែរ ហ្អែងថតមក ប្រពន្ធហ្អែង ប្អូនហ្អែង កូនហ្អែង បងស្រីហ្អែង ហ្អែងថតមក អញជួយធ្វើ អញធ្វើឲ្យហ្អែងមើល»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានប្រាប់ទៅក្រុមអ្នកការពារសិទ្ធិមនុស្ស និងអ្នករិះគន់ទាំងនោះ ទៅមើលច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងច្បាប់ផ្សេងទៀតពាក់ព័ន្ធនឹងវប្បធម៌ប្រពៃណី។
ការប្រតិកម្មរបស់លោកនាយករដ្ឋមន្រ្តីធ្វើឡើង បន្ទាប់ពីរដ្ឋាភិបាលបានចាប់និងឃុំខ្លួនស្រ្តីលក់អនឡាញម្នាក់ដាក់ពន្ធនាគារ ដោយចោទពីបទល្មើសនឹងមាត្រា៤៩នៃក្រមព្រហ្មទណ្ឌ និងច្បាប់ស្តីពីអាជីវកម្មផ្លូវភេទ មាត្រា៣៨ និងមាត្រា៣៩។ ក្រោយការចាប់ខ្លួនស្រ្តីរូបនោះ គេឃើញអង្គការការពារសិទ្ធិមនុស្សទាំងជាតិ និងអន្តរជាតិ បានរិះគន់ចំណាត់ការរបស់រដ្ឋាភិបាល រួមជាមួយការថ្លែងរបស់លោក ហ៊ុន សែន ដែលថា ការស្លៀកពាក់ស៊ិចស៊ីរបស់ស្រ្តី អាចបង្កឲ្យមានការរំលោភសេពសន្ថវៈ និងការជួញដូរមនុស្ស។
មាត្រា ៣៨ នៃច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្ស ចែងថា រូបភាព និងសម្ភារៈអាសអាភាសនៅក្នុងច្បាប់នេះ មានន័យថា ជាសម្ភារៈដែលអាចមើលឃើញនឹងភ្នែកដូចជា រូបថត ខ្សែវីដេអូ រួមទាំងសម្ភារៈអេទ្បិចត្រូនិច ដែលពិពណ៌នាអំពើកេរ្តិ៍ភេទ ឬ ភាពអាសអាភាស ប្រហាក់ប្រហែលផ្សេងទៀតដែលធ្វើឱ្យរំភើប ឬរំជួលដល់ចំណង់ផ្លូវភេទ។
មាត្រា ៣៩ នៃច្បាប់ដដែលចែងថា ជនណាចែកចាយ លក់ ជួល ដាក់តាំង បញ្ចាំង ឬ បង្ហាញនៅទីសាធារណៈនូវរូបភាព និងសម្ភារៈអាសអាភាស ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ៧ (ប្រាំពីរ) ថ្ងៃ ដល់ ១ (មួយ) ខែ និងពិន័យជាប្រាក់ពី ១០០.០០០ (មួយសែន) រៀល ដល់ ២០០.០០០ (ពីរសែន) រៀល។
លោក សុក សំអឿន មេធាវីជើងចាស់ដែលតែងការពារសំណុំរឿងសិទ្ធិមនុស្សប្រាប់ VOA ថា បើយោងតាមមាត្រានៃច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្ស គឺសំដៅលើការបង្ហាញរូបភាព ឬវីដេអូអាសអាភាសដែលបង្ហាញអំពីកាយវិការស្រើបស្រាល ឬកាយវិការនៃការរួមភេទជាដើម។ លោកបន្តថា ការឡាយវីដេអូ ឬបង្ហោះរូបភាពស៊ិចស៊ីដែលស្លៀកតែសម្លៀកបំពាក់ខាងក្នុង ដើម្បីលក់ផលិតផលដែលមិនខុសច្បាប់ គ្រាន់តែអាចប៉ះពាល់ដល់សីលធម៌ មិនទទួលរងនូវការដាក់ទោសជាពន្ធនាគារនោះទេ។
លោក សុក សំអឿន ថ្លែងថា៖«ច្បាប់អាសអាភាសនៅក្នុងច្បាប់ជួញដូរហ្នឹង ចង់និយាយសំដៅលើរូបភាពអាសអាភាសដែលធ្វើឲ្យមានបុរសស្រ្តីហ្នឹងមានអារម្មណ៍ផ្លូវភេទ។ រូបភាពបែបអស់ហ្នឹងបានហៅថា រូបភាពបែបអាសអាភាស។ បើគ្រាន់តែស្លៀកពាក់អាវក្នុងខោក្នុងអីអញ្ចឹង ដូចជាមិនទាន់ដល់ថ្នាក់រូបភាពអាសអាភាសទេ។ ក៏ប៉ុន្តែ បើគាត់ស្លៀកអញ្ចឹងមែន ហើយគាត់ធ្វើកាយវិការបែបធ្វើឲ្យមនុស្សមានអារម្មណ៍ស្រើបស្រាលតាមផ្លូវកាមគុណ អាហ្នឹងបានចូលដល់ការបង្ហាញរូបភាពអាសអាភាស»។
លោកមេធាវី សុក សំអឿន បន្ថែមថា រដ្ឋាភិបាលគួរជ្រើសយកការអប់រំ និងណែនាំប្រជាពលរដ្ឋ ស្របពេលដែលប្រជាពលរដ្ឋម្នាក់ៗក៏គួរគោរពសីលធម៌របស់ខ្លួនផងដែរ។
អង្គការការពារសិទ្ធិស្ត្រីចំនួន៧ ដូចជាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជានិងអង្គការ ActionAid Cambodia ជាដើម បានចេញលិខិតចំហមួយកាលពីថ្ងៃទី ១៩ ខែកុម្ភៈ ដោយរិះគន់ការប្រកាសរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងការចាត់វិធានការលើស្ត្រីលក់ផលិតផលតាមអ៊ីនធឺណិតរូបណាដែលស្លៀកពាក់ «ស៊ិចស៊ីជ្រុល»។
លិខិតនោះបញ្ជាក់ថា៖«វាជារឿងសំខាន់ដែលយើងត្រូវយល់ថា តម្លៃសង្គមគឺតែងតែមានការប្រែប្រួលតាមដំណើរវិវត្តន៍។ ជាងនេះទៀត មិនមានការស្រាវជ្រាវផ្អែកលើភស្តុតាងណាមួយដែលបញ្ជាក់ថា ជម្រើសរបស់ស្ត្រីនៅក្នុងការស្លៀកសំលៀកបំពាក់គឺជាមូលហេតុចម្បងនៃការធ្វើឲ្យធ្លាក់ចុះនូវសីលធម៌សង្គមនោះទេ»។
កញ្ញា បុណ្យ រចនា នាយិកាអង្គការក្លាហាន ដែលជាអង្គការធ្វើការងារលើកស្ទួយសិទ្ធិស្រ្តី លើកឡើងថា ក្រុមអង្គការសង្គមស៊ីវិលការពារសិទ្ធិស្រ្តី មិនដែលជំរុញឲ្យស្រ្តីស្លៀកពាក់ស៊ិចស៊ីហួសហេតុនោះទេ ប៉ុន្តែកញ្ញាថា ការអនុវត្តច្បាប់របស់រដ្ឋាភិបាលធ្វើឲ្យប៉ះពាល់ដល់សិទ្ធិរបស់បុគ្គល។
កញ្ញា បុណ្យ រចនា បន្ថែមថា រដ្ឋាភិបាលគួរបង្កើនការអប់រំ និងផ្សព្វផ្សាយ ព្រមទាំងអនុវត្តលើជនដែលប្រព្រឹត្តខុសច្បាប់ឲ្យបានតឹងរ៉ឹង ជាជាងរឹតត្បិតការស្លៀកពាក់របស់ស្រ្តី។
«រឿងនេះជារឿងសីលធម៌សង្គម វាជារឿងវប្បធម៌ បើអញ្ចឹងវាមិនគួរជាករណីរឿងព្រហ្មទណ្ឌនោះទេ។ អញ្ចឹងចំណាត់ការគួរតែជាការអប់រំ ជាការផ្តល់ឱកាស អប់រំ ហើយផ្សព្វផ្សាយដើម្បីសង្គមទាំងមូល ក៏ដូចជាសាម៉ីខ្លួនគាត់មានឱកាសមានពេលវេលាដើម្បីឆ្លុះបញ្ចាំងមើលថាតើសកម្មភាពរបស់គាត់វាប៉ះពាល់អី ឬមិនប៉ះពាល់អី? ហើយរយៈពេលនៃការទុកឱកាសឲ្យគាត់ផ្លាស់ប្តូរឥរិយាបថរបស់គាត់ហ្នឹងមិនអាចត្រឹមតែរយៈពេល៨ម៉ោងនោះទេ»។
កាលពីពីរសប្តាហ៍មុន ថៃ ស្រីនាង ម្ចាស់ទំព័រហ្វេសប៊ុកឈ្មោះ ថៃ ស្រីនាង Onlineshop តែងតែថតរូបជាមួយផលិតផលរបស់ខ្លួន ដូចជាគ្រឿងសម្អាង ឈុតគេងនារីៗ ហើយបង្ហោះលក់លើបណ្តាញសង្គម។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់សមត្ថកិច្ចឲ្យដឹងថា នៅពេលព្រឹកថ្ងៃទី១៨ ខែកុម្ភៈ នាងត្រូវបានសមត្ថកិច្ចឃាត់ខ្លួនឲ្យធ្វើកិច្ចសន្យាបញ្ឈប់ការបង្ហោះរូបភាពលក់ផលិតផលទាំងនោះ។ ហើយនៅរសៀលថ្ងៃដដែលសមត្ថកិច្ចក៏ឃាត់ខ្លួននាងម្តងទៀត ហើយបញ្ជូនទៅតុលាការ ដោយយោងលើច្បាប់ស្តីពីការបង្ក្រាបការជួញដូរមនុស្ស ដោយអះអាងថា នាងមិនអនុវត្តតាមកិច្ចសន្យា៕