ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ​ហ៊ុន ម៉ាណែត អំពាវនាវ​ទៅ​អ្នក​វិនិយោគ​កុំ​ឱ្យ​​រកស៊ី​ផ្នែក​ល្បែង​ស៊ីសង​នៅ​កម្ពុជា


Cambodian Prime Minister Hun Manet talks to French President Emmanuel Macron during a joint statement at the Elysee Palace in Paris, Thursday, Jan.18, 2024. (Mohammed Badra, Pool via AP)
រូបឯកសារ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ជួប​ជាមួយ​ប្រធានាធិបតី​បារាំង​លោក Emmanuel Macron នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង កាល​ពី​ថ្ងៃទី ១៨ ខែមករា ឆ្នាំ២០២៤។

លោក​នាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត កាល​ពី​ថ្ងៃ​អាទិត្យ បាន​អំពាវនាវ​ទៅ​កាន់​អ្នក​វិនិយោគ ​សូម​កុំ​រក​ស៊ី​ផ្នែក​ល្បែង​ស៊ីសងនៅ​កម្ពុជា ហើយ​លោក​ថា ​រដ្ឋាភិបាល​របស់​លោក​ក៏​មិន​អនុញ្ញាត​ដែរ។

លោក ហ៊ុន ម៉ាណែត ថ្លែង​បែប​នេះ នៅ​ក្នុង​ពិធី​សំណេះ​សំណាល​ជាមួយ​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ទីក្រុង​ Melbourne (មែលប៊ន) ​នៃ​ប្រទេស​អូស្រ្តាលី ក្នុង​ពេល​លោក​ទៅ​បំពេញ​ទស្សន​កិច្ច​នៅទីនោះ។

លោក ហ៊ុន ម៉ាណែត បញ្ជាក់​ថា​ ការ​រកស៊ី​ផ្នែក​ល្បែង​មិន​ចំណេញ​អ្វី​ដល់​កម្ពុជា​ឡើយ ហើយ​គោលដៅ​របស់​រដ្ឋាភិបាល​គឺ ត្រូវ​ពង្រាយ​រោងចក្រ បង្កើត​ការងារ និង​បង្កើន​ចំណូល​ទៅ​ដល់​ប្រជាពលរដ្ឋ មិន​មែន​ពង្រាយ​ទីតាំង​ល្បែង​នៅ​ទូទាំង​ប្រទេស​ឡើយ។

លោក ហ៊ុន ម៉ាណែត ថ្លែង​ថា៖ «សូម​អ្នក​វិនិយោគ​ ខ្ញុំ​សូម​យោគយល់ ព្រោះ​អា​នេះ​វា​អត់​ចំណេញ​ប៉ុន្មាន​ទេ ហើយ​វា​បង្ក​ការ​លំបាក​ទៀត ទោះបី​ជា​ស្រប​ច្បាប់​ក៏​ដោយ យើង​ត្រូវ​តែ​ដក​ចេញ»។

លោក ហ៊ុន ម៉ាណែត បន្ថែម​ថា ​លោក​ក៏​បាន​បញ្ជាឱ្យផ្អាក​ការ​ផ្តល់​អាជ្ញាបណ្ណ​សម្រាប់​ជំនួញ​ផ្នែក​ល្បែង​នេះ ហើយ​ពិចារណា​លុប​ចោល​អាជ្ញាបណ្ណ​ជា​បន្ត​បន្ទាប់។

គួរ​បញ្ជាក់​ថា ​កាល​ពី​ខែ​កុម្ភៈ លោក ហ៊ុន ម៉ាណែត បាន​បញ្ជាឱ្យអាជ្ញាធរ​ខេត្ត​រាជធានី​ទាំង​អស់​ត្រួត​ពិនិត្យ​ទីតាំង​ល្បែង​ផ្សង​សំណាង​នៅ​ទូទាំង​ប្រទេស ក្នុង​នោះ​មាន​ការ​បិទ​ល្បែង​ឡូតូ​ផង​ដែរ៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG