អាជ្ញាធរសាលារាជធានីភ្នំពេញបានចាប់ឃាត់ខ្លួនស្ត្រីសកម្មជនបឹងកក់ចំនួនប្រាំពីរនាក់នៅថ្ងៃច័ន្ទនេះក្រោមការចោទប្រកាន់ថា បានបង្កឲ្យខូចសណ្តាប់ធ្នាប់សាធារណៈ។
នៅក្នុងចំណោមស្ត្រីដែលត្រូវចាប់ខ្លួននោះមានអ្នកស្រីទេព វន្នី ម្ចាស់ពានរង្វាន់Vital Voices Global Partnership នៅសហរដ្ឋអាមេរិក អ្នកស្រីង៉ែត ខុន ហៅម៉ាំមី អ្នកស្រីគង់ ចន្ថា អ្នកស្រីបូ ឆវី អ្នកស្រីសុង ស្រីលាភ អ្នកស្រីណង ស្រេងនិងអ្នកស្រីផាន ឈុនរ៉េត។
បួននាក់ក្នុងចំណោមស្ត្រីទាំងនេះសុទ្ធតែធ្លាប់ត្រូវបានចាប់ខ្លួននឹងចោទប្រកាន់ដោយតុលាការ ប៉ុន្តែត្រូវដោះលែងឲ្យមានសេរីភាពជាបណ្តោះអាសន្នតែប៉ុណ្ណោះ។
ការចាប់ខ្លួនបានកើតឡើងនៅពេលដែលស្ត្រីនៃសហគមន៍បឹងកក់ដែលមានទំនាស់ដីធ្លីយ៉ាងរ៉ាំរ៉ៃជាមួយសមាជិកព្រឹទ្ធសភាខាងគណបក្សកាន់អំណាច បានធ្វើការតវ៉ានៅមុខសាលារាជធានីភ្នំពេញទាមទារឲ្យអាជ្ញាធររាជធានីភ្នំពេញដោះស្រាយប្រព័ន្ធបង្ហូរទឹកដល់ពួកគេដើម្បីបញ្ចៀសការលិចលង់នៅរាល់ពេលមានភ្លៀងធ្លាក់ម្តងៗ។ ប៉ុន្តែតំណាងសាលារាជធានីភ្នំពេញមិនបានចេញមកជួបពួកគេទេ ដែលជាហេតុធ្វើឲ្យពួកគេប៉ុនប៉ងបិទផ្លូវ។ ខណៈនោះក៏មានការប៉ះទង្គិចគ្នាជាមួយកងសន្តិសុខ ខណ្ឌដូនពេញ និងមានការចាប់ខ្លួននៅពេលនោះតែម្តង។
សកម្មជនទាំងប្រាំពីរត្រូវបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនិងត្រូវឃុំក្នុងបន្ទប់មួយរួមគ្នានៅការិយាល័យនគរបាលចរាចរជើងគោក។
អ្នកស្រីទេព វន្នីនិយាយតាមទូរស័ព្ទពីបន្ទប់ឃុំខ្លួននោះថា៖
«មានចេតនាពីខាងអាជ្ញាធរក្រុងភ្នំពេញ សហការជាមួយក្រុមហ៊ុន បិទខ្ទប់លូ មិនឲ្យចេញ ហើយភ្លៀងតែមួយមេទឹកស្មើចង្កេះ។ ហើយទឹកមិនហូរចេញទៅណា។ ហើយពួកខ្ញុំទៅតវ៉ាដើម្បីឲ្យសាលារាជធានីភ្នំពេញដោះស្រាយជូនប្រជាពលរដ្ឋ ដែលមានបញ្ហា ប៉ុន្តែបែរជាពួកគាត់អត់ចេញជួបពួកខ្ញុំ។
ដោយឡែកអ្នកស្រីង៉ែត ខុន ហៅម៉ាំមី មានប្រសាសន៍ពីកន្លែងឃាត់ខ្លួនដែរប៉ុន្មានម៉ោងមុនការផ្សាយតែប៉ុណ្ណោះ។
«ពួកគាត់បានចាប់ពួកខ្ញុំដាក់ស្នងការក្រុង។ ពីថ្ងៃឲ្យពួកខ្ញុំអង្គុយនៅក្រៅ ហើយឥឡូវហៅពួកខ្ញុំចូលបន្ទប់ហើយចាក់សោ»។
ប្រជាពលរដ្ឋច្រើនជាង៤០០០គ្រួសារមានទំនាស់ជាមួយក្រុមហ៊ុន Sukaku Inc. របស់លោកឧកញ៉ា ឡៅ ម៉េងឃិន ដែលជាសមាជិកព្រឹទ្ធសភារបស់គណបក្សប្រជាជនកម្ពុជា។ ប្រជាពលរដ្ឋភាគច្រើនត្រូវបណ្តេញចេញពីលំនៅដ្ឋានជាថ្នូរទៅនឹងសំណងដែលពួកគេអះអាងថា មិនសមរម្យតាមតម្លៃដីធ្លីលើទីផ្សារ។ប្រជាពលរដ្ឋជាង៧០០គ្រួសារផ្សេងទៀតបានតវ៉ាដើម្បីទទួលបានចំណែកដីសម្រាប់ការអភិវឌ្ឍនៅនឹងកន្លែង។ ហើយរហូតមកទល់ពេលនេះអ្នកភូមិសហគមន៍ក្រីក្រនេះចំនួន៤០គ្រួសារទៀតមិនទាន់ទទួលបានចំណែកដីទេ។
លោកឡុង ឌីម៉ង់ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានហៅការតវ៉ារបស់ក្រុមសកម្មជនបឹងកក់ថា ជាទង្វើខុសច្បាប់។
«យើងបានបញ្ជូនទៅខាងស្នងការដ្ឋានរាជធានីដើម្បីកសាងសំណុំរឿងដោះស្រាយតាមច្បាប់។ គាត់បានមកប្រមូលគ្នាបិទផ្លូវសាធារណៈ ដែលយោងតាមច្បាប់ចរាចរណ៍ផ្លូវគោកគឺគ្មានជនណាម្នាក់មានសិទ្ធិបិទផ្លូវបានទេ។ ការបិទផ្លូវហ្នឹងមានន័យថា ម៉េច? វាស្មើនឹងចាប់ប្រជាពលរដ្ឋធ្វើដំណើរតាមផ្លូវហ្នឹងជាចំណាប់ខ្មាំង។ បញ្ហាទីពីរ គាត់បិទផ្លូវចេញចូលសាលារាជធានីភ្នំពេញ។ គាត់ផ្លោះរបងចូលសាលារាជធានីភ្នំពេញ ដែលជាគ្រិះស្ថានសាធារណៈរបស់រដ្ឋ»។
ទោះជាយ៉ាងណា លោកអំ សំអាត អ្នកគ្រប់គ្រងបច្ចេកទេសស៊ើបអង្កេតរបស់អង្គការការពារសិទ្ធិមនុស្សលីកាដូ លើកឡើងថា មិនគួរមានការចាប់ខ្លួនបែបនេះទេ។ ហើយអាជ្ញាធរគួរតែដោះស្រាយដោយផ្ទាល់ជាមួយក្រុមអ្នកតវ៉ាប្រសើរជាងការចាប់ខ្លួន។
«វាមិនគួរមានការចាប់ប្រជាពលរដ្ឋទៅឃុំដូច្នេះទេ។ អានេះជាវប្បធម៌ចាស់ដែលវិលត្រឡប់មកវិញ ដែលយើងខានឃើញតាំងពីថ្ងៃទី១៥ ខែកក្កដាមកនោះ។ នេះជាស្ថានភាពមួយកាន់តែអាក្រក់ទៅទៀតសម្រាប់ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជានេះណា៎»។
រហូតមកទល់នឹងម៉ោងផ្សាយនេះ ស្ត្រីសកម្មជនដីធ្លីនៃសហគមន៍បឹងកក់ទាំងប្រាំពីរនាក់មិនទាន់ត្រូវបានដោះលែងនៅឡើយ៕