ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​តវ៉ា​ទំនាស់​ដីធ្លី​នៅ​បឹងកក់​ត្រូវ​ចាប់​ខ្លួន​រយៈ​ពេល​ខ្លី


សកម្មជន​បឹងកក់​​​ត្រូវ​គេ​ចាប់​ខ្លួន​​ក្នុង​ពេល​តវ៉ា​កន្លង​ ដូច​ក្នុង​រូបថត​នេះ​កាល​ពី​ថ្ងៃ​ទី​២១ ខែ​មករា នៅ​ជិត​ស្ថានទូត​បារាំង។
សកម្មជន​បឹងកក់​​​ត្រូវ​គេ​ចាប់​ខ្លួន​​ក្នុង​ពេល​តវ៉ា​កន្លង​ ដូច​ក្នុង​រូបថត​នេះ​កាល​ពី​ថ្ងៃ​ទី​២១ ខែ​មករា នៅ​ជិត​ស្ថានទូត​បារាំង។
មន្ត្រី​សិទ្ធិ​មនុស្ស​ និង​សាក្សី​ឃើញ​ផ្ទាល់​ភ្នែក​បាន​អះអាង​នៅ​ថ្ងៃ​ពុធ​នេះ​ថា​ យ៉ាង​តិច​មាន​អតីត​អ្នកភូមិ​បឹងកក់​ចំនួន​៣នាក់​ ​ត្រូវ​បាន​កង​កម្លាំងសន្តិសុខ​ខណ្ឌ​ដូនពេញ​ចាប់​ខ្លួន ​រួច​ហើយ​យក​ទៅ​ឃុំឃាំង​រយៈ​ពេល​ខ្លី​នៅ​ស្នង​ការ​ប៉ូលិសក្រុង​ភ្នំពេញ។ ​ក៏​ប៉ុន្តែក្រោយ​មក​ប៉ូលិសបាន​ដោះ​លែង​មក​វិញ​ បន្ទាប់​ពី​បាន​ឲ្យ​ពួក​គាត់បាន​បំពេញ​លក្ខខណ្ឌ​មួយ​ចំនួន ដែល​ឲ្យ​គាត់​ឈប់​ចូល​រួម​ធ្វើ​បាតុកម្ម។​

ការប្រឈម​គ្នា​កាល​ពី​ថ្ងៃ​ច័ន្ទ៖



ការ​ចាប់​ខ្លួន​នេះ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​កង​កម្លាំងសន្តិសុខ​របស់​សាលា​ខណ្ឌ​ដូនពេញ​ជាច្រើន​នាក់​ប្រដាប់​ដោយ​ដំបង​គ្រប់​ដៃ ​និង​មួក​ការពារ​ បាន​ចាប់​អតីត​អ្នក​ភូមិ​បឹងកក់​ម្នាក់​ម្តងៗ​បោះ​ចូល​ក្នុង​រថយន្ត។​ ក៏ប៉ុន្តែ​គ្មាន​ការ​ប៉ះទង្គិច​ដោយ​អំពើ​ហិង្សា​ទេ។​

នៅពេល​ប៉ូលិស​ចាប់​ពួក​គាត់​បញ្ចូល​ក្នុង​ឡាន ពួកគាត់​ស្រែកថា៖​ «ខ្ញុំ​មិន​ចូល​ទេៗៗ»។

អតីត​អ្នក​ភូមិ​បឹងកក់​ ដែល​បាន​ទទួល​សំណង​បន្តិច​បន្ទួច​ពី​សាលា​ក្រុង​ភ្នំពេញ​ជា​ថ្នូរ​នឹង​ការ​យល់​ព្រម​ឲ្យ​ចាក​ចេញ​ពី​កន្លែងបណ្តេញ​ចេញ​ដោយ​បង្ខំ​កាល​ពី​ឆ្នាំ​២០០៧​ ​នៅ​ថ្ងៃ​ពុធ​នេះ​បាន​មក​ប្រមូល​ផ្តុំ​គ្នា​សារ​ជាថ្មី​ដើម្បី​ទាមទារ​ឲ្យ​សាលា​ក្រុង​ភ្នំពេញ​ផ្តល់​សំណង​បន្ថែម។​

ក្រោយ​ពី​ការ​ចាប់​ខ្លួន​នោះ​ មាន​អតីត​អ្នក​ភូមិ​បឹងកក់​ខ្លះ ​និង​អ្នក​កំពុង​រស់​នៅ​តំបន់​បឹងកក់​បាន​ឈរ​ស្រែក​ប្រឆាំងកម្លាំងសន្តិសុខ​ខណ្ឌ​ប្រឆាំង​នឹង​ការ​ចាប់​ខ្លួន​នេះ។​

បាតុករស្រែក​ឲ្យ​កម្លាំង​សន្តិសុខថា៖​ «បាញ់​សម្លាប់​រាស្ត្រ​ ប្លន់​ដី​រាស្ត្រ​យក។ អូន​ឯង​ ម៉ែ​មិន​មែន​ចេះ​តែ​ថា​ទេ។​ អូន​ឯង​មិន​មែន​បម្រើ​ក្នុង​បក្ស​ប្រជាជន​កម្ពុជា​ទេ។ អូន​ឯង​បម្រើ​បុគ្គល។​ អូន​ឯង​ត្រូវ​តែ​ចាប់​ឡៅ ម៉េង​ឃីន​ យាយ​ភូ​ និង​កែប ជុតិម៉ា​ យក​ទៅ​ដាក់​គុក​អាហ្នឹង​បាន​ត្រឹម​ត្រូវ»។​

មន្ត្រី​សាលា​ក្រុង​ភ្នំពេញ​ និង​មន្ត្រី​សន្តិសុខ​ខណ្ឌ​ដូន​ពេញ​មិន​បាន​ធ្វើ​អត្ថាធិប្បាយ​ណាមួយ​ជាមួយ​នឹង​អ្នក​កាសែត​ទេ​ បន្ទាប់​ពី​បាន​ចាប់​ខ្លួន​អតីត​អ្នក​ភូមិ​បឹងកក់​រួច​មក។​

មន្ត្រី​សិទ្ធិមនុស្ស​បាន​និយាយ​ថា​ អតីតអ្នក​ភូមិ​បឹងកក់​ទាំង​បី​អ្នក​ត្រូវ​បាន​ស្នង​ការ​ប៉ូលិសក្រុង​ភ្នំពេញ​តម្រូវ​ឲ្យ​បំពេញ​លក្ខខណ្ឌ​មួយ​ចំនួន ​ដែល​រួម​មាន​ឲ្យ​បញ្ឃប់​រាល់​សកម្មភាព​ចូល​រួម​តវ៉ា​ និង​សិទ្ធិចូល​រួម​ធ្វើ​បាតុកម្ម​ផ្សេងៗ​ មុន​នឹង​សម្រេច​ដោះ​លែង​ពួក​គេ​វិញ។​

លោក​ណៃ វ៉ង់ដា​ អនុប្រធាន​ផ្នែក​សិទ្ធិ​មនុស្ស​ និង​ជំនួយ​ការ​ផ្នៃក​ច្បាប់​នៃ​អង្គការ​សិទ្ធិ​មនុស្ស​អាដហុក ​មាន​ប្រសាសន៍​ថា​ ការ​ចាប់​ខ្លួន​អតីត​អ្នក​ភូមិ​បឹងកក់​នេះ​ជា​ការ​រំលោភ​ច្បាប់​រដ្ឋ​ធម្មនុញ្ញ។​

លោក​និយាយ​ថា៖​ «ខ្ញុំ​នៅ​តែ​គិត​ថា បម្រាមដែល​ហាម​ការ​ជួប​ជុំ​ ការ​តវ៉ា​ស្នើ​សុំ​ហ្នឹង ​ការ​ប្រព្រឹត្ត​បែប​ហ្នឹង​មិន​សម​ស្រប​តាម​ច្បាប់​ និង​រដ្ឋធម្មនុញ្ញ​ទេ»។​

ក្រោយ​ពី​បាន​វាយ​បង្ក្រាប​ដោយ​អំពើ​ហិង្សា​ទៅ​លើ​ក្រុម​បាតុករ​របស់​គណបក្ស​សង្គ្រោះជាតិ​នៅ​ទីលាន​ប្រជាធិបតេយ្យ​កាល​ពី​ដើម​ខែ​មករា សាលា​ក្រុង​ភ្នំពេញ​បាន​ដាក់​បម្រាមមិន​ឲ្យ​មាន​ការ​ជួប​ប្រជុំ​ណា​មួយ​ដែល​មាន​គ្នា​លើស​ពី​១០​នាក់​ឡើង​ទៅ។​
កាល​ពី​សប្តាហ៍​មុន​ លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​បាន​លើក​ចេញ​នូវ​បម្រាមនេះ ​ក៏ប៉ុន្តែ​សិទ្ធិនៃ​ការ​ធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី​នៅ​តែ​ស្ថិត​នៅ​ក្រោម​ការ​គ្រប់​គ្រង​ពី​អាជ្ញាធរ​មាន​សមត្ថកិច្ច។​

ចំពោះ​ការ​ចាប់​ខ្លួន​អតីត​អ្នក​ភូមិ​បឹងកក់​ទាំង​បី​នាក់​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ ​មន្ត្រី​ឃ្លាំ​មើល​ការ​រំលោភ​សិទ្ធិមនុស្ស​បាន​រិះ​គន់​ថា​ អាជ្ញាធរ​នៅ​តែ​ប្រើប្រាស់​អំពើ​ហិង្សា​ទៅ​លើ​ការ​តវ៉ា​ដោយ​សន្តិវិធី​ បើ​ទោះ​បី​ជា​បម្រាមត្រូវ​បាន​ដក​ចេញ​យ៉ាងណា​ក៏​ដោយ។​

លោក​ណៃ វ៉ង់​ដា​បញ្ជាក់​ថា៖​ «យើង​មិន​ទាន់​បាន​ដឹង​ថា ​ការ​លើក​ហ្នឹង​មាន​ជា​លាយលក្ខណ៍​អក្សរ​នៅ​ឡើយ​ទេ។​ ក៏​ប៉ុន្តែ​ការ​ឃាត់​ ការ​បំបែក​ ការ​ដក​ហូត​សម្ភារៈ​របស់​ក្រុម​អ្នក​តវ៉ា​នៅ​តែមាន»។​

ស្រ្តី​អតីត​អ្នក​ភូមិ​បឹងកក់​ទាំង​បី​នាក់​ ដែល​ត្រូវ​បាន​ចាប់​ខ្លួន ​មាន​ឈ្មោះ​ លោក​ស្រី​ សៀង ណារ៉េត​ លោក​ស្រី​អ៊ឹម ស្រីទូច​ និង​លោក​ស្រី​សាត ថា៕
XS
SM
MD
LG