លោកប្រធានាធិបតីប៉ូឡូញ Andrzej Duda បានចុះហត្ថលេខាលើច្បាប់ដ៏ចម្រូងចម្រាស់ថ្មីមួយ ដោយផ្តល់អំណាចដល់រដ្ឋាភិបាលអភិរក្សនិយមនៅក្នុងប្រទេសត្រួតត្រាប្រព័ន្ធផ្សព្វផ្សាយព័ត៌មានរបស់រដ្ឋដោយផ្ទាល់ បើទោះបីជាមានការថ្កោលទោសពីសំណាក់មេដឹកនាំនានានៃសហភាពអឺរ៉ុបក៏ដោយ។
ជំនួយការរបស់លោកប្រធានាធិបតី Duda គឺលោកស្រី Malgorzata Sadurska បានមានប្រសាសន៍ថា លោក Duda ចង់ឲ្យប្រព័ន្ធផ្សព្វផ្សាយព័ត៌មានរបស់រដ្ឋមានលក្ខណៈមិនលម្អៀង សត្យានុម័ត និងអាចជឿជាក់បាន។
យោងតាមច្បាប់ថ្មីនេះ រដ្ឋមន្រ្តីរតនាគារជាតិនឹងចាត់នាយកប្រតិបត្តិថ្មីៗដើម្បីគ្រប់គ្រងវិទ្យុ និងទូរទស្សន៍រដ្ឋក្នុងប្រទេសប៉ូឡូញ។ សភាក៏នឹងមានឥទ្ធិពលទៅលើនាយកគ្រប់គ្រង និងអ្នកគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន។
សមាជិកសហភាពអឺរ៉ុបបានរិះគន់ច្បាប់ថ្មីនេះ ថាជាការគំរាមកំហែងដល់ឯករាជ្យភាពនៃប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសប៉ូឡូញទាំងអស់។
គណបក្សច្បាប់ និងយុត្តិធម៌ដែលជាគណបក្សអភិរក្សនិយមរបស់ប៉ូឡូញបានសន្យាថានឹងគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋបន្ទាប់ពីកាន់អំណាចកាលពីចុងឆ្នាំមុន។ របៀបវារៈរបស់គណបក្សនេះ ដែលរួមបញ្ចូលទាំងការផ្លាស់ប្ដូររចនាសម្ព័ន្ធតុលាការធម្មនុញ្ញ ដែលនេះគឺជាបញ្ហាមួយទៀតដែលទទួលការត្អូញត្អែរយ៉ាងច្រើន៕