ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រព័ន្ធ​ផ្សព្វផ្សាយ​អាមេរិក៖ អ្នក​បាញ់​ប្រហារ​នៅ​រដ្ឋ California ត្រូវ​បាន​​លើក​ទឹក​ចិត្ត​ពី​ក្រុម​រដ្ឋ​ឥស្លាម


ជំនួយការ​ប្រធាន​ការិយាល័យ​សហព័ន្ធ​សម្រាប់​ការ​ស៊ើបអង្កេត​ លោក David Bowdich ថ្លែង​ក្នុង​សន្និសីទ​កាសែត​មួយ​នៅ​ក្នុង​ក្រុង San Bernardino កាលពី​ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៥។
ជំនួយការ​ប្រធាន​ការិយាល័យ​សហព័ន្ធ​សម្រាប់​ការ​ស៊ើបអង្កេត​ លោក David Bowdich ថ្លែង​ក្នុង​សន្និសីទ​កាសែត​មួយ​នៅ​ក្នុង​ក្រុង San Bernardino កាលពី​ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៥។

ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​អាមេរិក​ចេញ​ផ្សាយ​ថា​ ជន​សង្ស័យ​ម្នាក់​ក្នុង​ចំណោម​ជន​សង្ស័យ​២នាក់​នៅ​ក្នុង​ការ​បាញ់​សម្លាប់​មនុស្ស​ចំនួន​១៤​នាក់​នៅ​រដ្ឋ California ទទួល​បាន​ការ​លើក​ទឹក​ចិត្ត​ពី​សំណាក់​ក្រុម​រដ្ឋ​ឥស្លាម។ ​

ប្រភព​អ្នក​អនុវត្ត​ច្បាប់​របស់​អាមេរិក​បាន​ថ្លែង​ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ថា ​ស្រ្តី​ឈ្មោះ Tashfeen Malik ដែល​បាន​ធ្វើ​ការ​បាញ់ប្រហារ​ជាមួយ​នឹង​ប្តី​របស់​នាង​ឈ្មោះ Syed Rizwan Farook កាល​ពី​ថ្ងៃ​ពុធ​នោះ បាន​សន្យា​ស្មោះត្រង់​នឹង​ក្រុម​រដ្ឋ​ឥស្លាម​នៅ​ក្នុង​សារ​បង្ហោះ​មួយ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក (Facebook)។ សារព័ត៌មាន​ New York Times បាន​ចេញផ្សាយ​ថា មិន​ទាន់​មាន​ភស្តុតាង​ណាមួយ​បញ្ជាក់​ថា​ក្រុម​រដ្ឋ​ឥស្លាម​បាន​បញ្ជា​ឲ្យ​ស្រ្តី​ឈ្មោះ Malik នេះ​ធ្វើ​ការ​វាយប្រហារ​នោះ​ទេ។

គេ​និយាយ​ថា​ អ្នក​អង្កេត​របស់​សហរដ្ឋ​អាមេរិក​កំពុង​តែ​សិក្សា​ទៅ​លើ​ភស្តុតាង​ដែល​បញ្ជាក់​ថា ឈ្មោះ Malikដែល​មាន​ដើម​កំណើត​ប៉ាគីស្ថាន​ ហើយ​ដែល​បាន​រស់នៅក្នុង​ប្រទេស​អារ៉ាប៊ី​សាអូឌីត (Saudi Arabia) នៅ​ពេល​ដែល​នាង​បាន​រៀបការ​ជាមួយ​នឹង​ឈ្មោះ Farook បាន​សន្យា​ស្មោះត្រង់​នឹង​មេដឹកនាំ​ក្រុម​រដ្ឋឥស្លាម​ឈ្មោះ Abu Bakr al-Badhdadi។

ទូរទស្សន៍​ Fox News បាន​ផ្សាយ​អំពី​ការ​ទាក់ទង​រវាង​ជនសង្ស័យ​ម្នាក់​ ឬ​ទាំង​២នាក់ ជាមួយ​នឹង​ក្រុម​អាល់កៃដា (al-Qaida) ដោយ​បញ្ជាក់​ថា​មាន​ការ​ទាក់ទង​ជាមួយ​នឹង​ជនសង្ស័យ​ជា​សមាជិក​ក្រុម​ភេរវកម្ម​នៅ​ប្រទេស​អារ៉ាប៊ីសាអូឌី។

ការ​អង្កេត​នេះ​បាន​ផ្តោត​លើ​មូលហេតុ​នៅ​ពី​ក្រោយ​ការ​វាយប្រហារ​នេះ ដែល​បាន​ធ្វើ​ឲ្យ​មនុស្ស​ចំនួន​២១​នាក់​រង​របួស​ក្នុង​អំឡុង​ពេល​នៃ​ពិធី​ជប់លៀង​មួយ​នៅ​ឯ​ទីភ្នាក់ងារ​សេវា​សង្គម​មួយ​ក្នុង​ទីក្រុង San Bernardino នៃ​រដ្ឋ California៕

XS
SM
MD
LG