នាយករដ្ឋមន្ត្រីខ្មែរលោកហ៊ុន សែន ដែលឈ្នះការបោះឆ្នោតដោយគ្មានគណបក្សប្រឆាំងធំមួយចូលរួមកាលពីឆ្នាំ២០១៨នោះ បានព្រមានពីការបិទរោងចក្រជាច្រើន នៅគ្រាមានការតវ៉ារបស់កម្មកររោងចក្រមួយចំនួន ដើម្បីទាមទារបើកផ្តាច់ប្រាក់អតីតភាពការងារប្រចាំឆ្នាំក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ។
ថ្លែងនៅចំពោះមុខក្រុមកម្មកររាប់ពាន់នាក់នាពិធីជួបជុំកម្មករមួយនៅខេត្តតាកែវនៅព្រឹកថ្ងៃពុធនេះ លោកហ៊ុន សែនអះអាងថា ការទាមទាររបស់កម្មករបែបនេះ មិនអាចធ្វើទៅរួចនោះឡើយ។
លោក ហ៊ុន សែនបានសួរកម្មករយ៉ាងដូច្នេះ៖
«ពូសូមសួរត្រឡប់ទៅវិញ សូមបញ្ជាក់ត្រឡប់ទៅវិញ តើទុកឲ្យរោងចក្រនេះក្ស័យធន់តាមរយៈប្រមូលទុនទាំងអស់យកមកបើកឲ្យកម្មករ តែក្នុងមួយពេល រួចហើយបិទរោងចក្រ ឬយ៉ាងណា? ក្មួយៗពិចារណាមើលទៅ!»
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លើកឡើងថា ថៅកែរោងចក្រក៏មិនទាន់ធ្លាប់បើកប្រាក់បំណាច់អតីតភាពការងារប្រចាំឆ្នាំកាលពីពេលមុនមកដែរ លុះត្រាតែមានការបញ្ឈប់កម្មករពីការងារ។
«ពីមុននេះ បី បួនឆ្នាំមិនទាន់ទាំង មិនទាន់ទាំងទូទាត់ផងបីបួនឆ្នាំ ទាល់តែគេឈប់ ទាល់តែគេបញ្ឈប់បានគេទូទាត់ឲ្យៗ ឥឡូវនេះ តើមានក្រុមញុះញង់មកពីទីណាទៅ ដែលបង្កើតឲ្យស្ថានភាព បើកផ្តាច់នៅក្នុងខែមករា ឆ្នាំ២០១៩នេះ»។
លោកហ៊ុន សែនបានបញ្ជាក់ទៀតថា ការបិទទ្វាររោងចក្រអាចនឹងមានចំនួន២/៣នៃរោងចក្រទាំងអស់ជាង១១០០រោងចក្រ ប្រសិនបើមានការទាមទារឲ្យថៅកែបង់ផ្តាច់ប្រាក់អតីតភាពការងារប្រចាំឆ្នាំដូច្នោះមែន។
លោកក៏បានព្រមានក្រុមសហជីពទាំងឡាយណា ដែលធ្វើចលនាបំផុសបំផុលឲ្យកម្មករក្រោកទាមទារប្រាក់អតីតភាពការងារប្រចាំឆ្នាំ ដែលលោកយល់ថា ជាសកម្មភាពផ្ទុយនឹងច្បាប់ថ្មីរបស់រដ្ឋាភិបាល ដែលបានតម្រូវឲ្យថៅកែរោងចក្រទូទាត់ប្រាក់អតីតភាពការងារប្រចាំឆ្នំាពីរដងក្នុងមួយឆ្នាំ គិតចាប់ពីឆ្នាំ២០១៩នេះតទៅ។
«អ៊ីចឹងទេ សូមអំពាវនាវចំពោះសហជីពដែលដឹកនាំកម្មករធ្វើបាតុកម្ម កូដកម្មទៅលើបញ្ហានេះ។ បញ្ឈប់ជាបន្ទាន់នូវសកម្មភាព ដែលវាហៀបចូលទៅដល់ក្នុងស្ថានភាពជ្រុលនិយមនេះឯង ជ្រុលនិយម»។
ប្រកាសរបស់ក្រសួងការងារចុះថ្ងៃទី២១ខែកញ្ញា និងមានហត្ថលេខារបស់លោកអ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ បានបញ្ជាក់ថា ដំណើរនៃការផ្តល់ប្រាក់បំណាច់អតីតភាពការងារនឹងត្រូវធ្វើឡើងពីរដងក្នុងមួយឆ្នាំ។
ការផ្តល់ប្រាក់បំណាច់អតីតភាពការងារ២ដងក្នុងមួយឆ្នាំត្រូវអនុវត្តចាប់ពីឆ្នាំ២០១៩តទៅ ដោយនិយោជកត្រូវផ្តល់ឲ្យកម្មករនិយោជិត ដែលកំពុងបម្រើការងារនូវប្រាក់បំណាច់អតីតភាពការងារដែលស្មើនឹងប្រាក់ឈ្នួលនិងប្រាក់បន្ទាប់បន្សំចំនួន១៥ថ្ងៃក្នុង១ឆ្នាំ។ ប្រាក់បំណាច់នេះ ត្រូវបើកជូនកម្មករនិយោជិត ចំនួន៧,៥ថ្ងៃ (ប្រាំពីរថ្ងៃកន្លះ)នៅក្នុងខែមិថុនានៃឆ្នាំនីមួយៗ និងចំនួន៧,៥ថ្ងៃ (ប្រាំពីរថ្ងៃកន្លះ)នៅក្នុងខែធ្នូនៃឆ្នាំនីមួយៗ។
អ្នកនាំពាក្យក្រសួងការងារលោកហេង សួរធ្លាប់បានបញ្ជាក់ប្រាប់ VOA នៅគ្រាកម្មករនៅរោងចក្រមួយចំនួនផ្ទុះកូដកម្មទាមទារប្រាក់បំណាច់អតីតភាពការងារប្រចាំឆ្នាំថា កម្មករគួរតែអត់ធ្មត់និងគោរពតាមប្រកាសថ្មីរបស់រដ្ឋាភិបាលដែលតម្រូវឲ្យថៅកែរោងចក្របង់ប្រាក់អតីតភាពការងារពីរដងក្នុងមួយឆ្នាំ គិតចាប់ពីឆ្នាំ២០១៩នេះទៅ។
អ្នកនាំពាក្យរូបនេះអះអាងថា ប្រកាសថ្មីនេះមានបំណងរក្សាលំនឹងហិរញ្ញវត្ថុរបស់រោងចក្រកាត់ដេរ ដែលនឹងធានាបានសន្តិសុខការងារដល់កម្មករ។
ឧស្សាហកម្មកាត់ដេរនេះក៏នឹងជួបវិបត្តិធ្ងន់ធ្ងរផងដែរ ប្រសិនបើសហភាពអឺរ៉ុបឈប់លើកលែងការអនុគ្រោះពន្ធលើការនាំចេញទំនិញរបស់កម្ពុជា។
សហភាពអឺរ៉ុប ដែលជាទីផ្សារដ៏ធំបំផុតសម្រាប់ទំនិញកម្ពុជា បន្ទាប់ពីសហរដ្ឋអាមេរិក បានគំរាមដកការអនុគ្រោះពន្ធពីកម្ពុជាតាមកម្មវិធី«គ្រប់មុខទំនិញទាំងអស់លើកលែងតែសពា្វវុធ» ឬហៅថា EBAចំពោះការធ្លាក់ចុះធ្ងន់ធ្ងរនៃប្រព័ន្ធនយោបាយសេរីពហុបក្ស ដែលមានចែងក្នុងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១។
សហគមន៍អឺរ៉ុបបានទុកពេលឲ្យកម្ពុជា១២ខែដើម្បីស្តារដំណើរការប្រជាធិបតេយ្យឡើងវិញ មុនពេលខ្លួនធ្វើការសម្រេចចិត្តលើកចុងក្រោយលើការដកប្រព័ន្ធអនុគ្រោះពន្ធនេះ។
អ្នកវិភាគជាច្រើនបាននិយាយថា សេដ្ឋកិច្ចកម្ពុជាទាំងមូលនឹងរង្គោះរង្គើ ប្រសិនបើប្រទេសនេះបាត់បង់ការគាំទ្រខាងពាណិជ្ជកម្មពីសហភាពអឺរ៉ុប។ ពួកគេនិយាយថា ប្រសិនបើសហភាពអឺរ៉ុបពិតជាលែងអនុគ្រោះពន្ធលើទំនិញកម្ពុជាមែន នោះសហរដ្ឋអាមេរិកដែលជាសម្ត័ន្ធមិត្តស្អិតល្មួតរបស់សហភាពអឺរ៉ុបនឹងចាត់វិធានការស្រដៀងគ្នានេះផងដែរ។
ក្នុងជំនួបជាមួយកម្មករនាថ្ងៃពុធនេះ លោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានថ្លែងថា ការបិទរោងចក្រនឹងមិនអាចបង្កឡើងដោយ«ភាពអនុគ្រោះ»ពន្ធនោះទេ តែវានឹងកើតចេញពីការក្ស័យធន់ បើកម្មករបន្តទាមទារឲ្យថៅកែបើកប្រាក់បំណាច់អតីតភាពការងារប្រចាំឆ្នាំទាំងអស់ដល់ពួកគេ។
លោកហ៊ុន សែមិនបាននិយាយដល់រឿងអនុគ្រោះពន្ធរបស់សហភាពអឺរ៉ុបនោះទេ តែលោកថា ក្នុងទីផ្សារសេរីតែងមានការយកពន្ធពីគា្នទៅវិញទៅមក ហើយការយកពន្ធនោះគឺមិនបានធ្វើឲ្យចំណូលពន្ធគយកម្ពុជាធ្លាក់ចុះនោះទេ បូករួមទាំងការយកពន្ធគយក្នុងក្របខណ្ឌអាស៊ាន។
លោកបន្តថា ប្រទេសខ្លះក៏មានការផ្តល់កិច្ចអនុគ្រោះពន្ធ តែប្រទេសផ្សេងទៀតតម្រូវឲ្យបង់ពន្ធក្នុងកម្រិតយោគយល់គ្នាមួយ។
អ្នកស្រីមូរ សុខហួរ អនុប្រធានគណបក្សសង្គ្រោះជាតិដែលត្រូវបានតុលាការកំពូលកម្ពុជារំលាយចោលតាមសំណើរបស់រដ្ឋាភិបាលប្រទេសនេះកាលពីឆ្នាំ២០១៧បានប្រាប់ VOA ថា លោកហ៊ុន សែនកំពុងកុហកកម្មកររឿងការអនុគ្រោះពន្ធនេះ។
អ្នកស្រីបានសរសេរតាមប្រព័ន្ធឆ្លើយឆ្លងអេឡិចត្រូនិកមួយជាភាសាអង់គ្លេស និងត្រូវបានប្រែសម្រួលជាភាសាខ្មែរថា៖
«សហភាពអឺរ៉ុបបានកំណត់លក្ខខណ្ឌជាច្រើនទៅលើ EBA ហើយលោកហ៊ុន សែនដឹងយ៉ាងច្បាស់ថា លោកត្រូវតែគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ ដែលរាប់បញ្ចូលទាំងការដោះលែងលោកកឹម សុខា និងធ្វើឲ្យគណបក្សសង្គ្រោះជាតិបានដំណើរការឡើងវិញ។ លោកមិនបានប្រាប់កម្មករការណ៍ពិតនោះទេ»។
អ្នកស្រីបានបន្ថែមថា៖
«លោកហ៊ុន សែនបានទៅទីក្រុងប្រ៊ុយសែល និងបានជួបគណៈកម្មការសហភាពអឺរ៉ុប។ គាត់ដឹងថា អ្វីទៅជាតម្រូវការរបស់សហភាពអឺរ៉ុបនោះ»។
ដោយឡែក លោករ៉ុង ឈុន ដែលជាអតីតសមាជិករបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) មកពីកូតាគណបក្សប្រឆាំង និងបច្ចុប្បន្នជាប្រធានសហភាពសហជីពកម្ពុជា ប្រាប់ VOA នៅថ្ងៃពុធនេះថា លោកនាយករដ្ឋមន្ត្រីហ៊ុន សែនមិនត្រូវទម្លាក់កំហុសលើកម្មករនោះទេ ចំពោះការទាមទារប្រាក់អតីតភាពការងារប្រចាំឆ្នាំអាចចរចាគ្នាបាននោះ។
លោកមានប្រសាសន៍ថា៖
«យើងទៅកុំទម្លាក់កំហុសការទាមទាររបស់បងប្អូនកម្មករកម្មការិនី ហើយនាយករដ្ឋមន្ត្រីគួរតែចូលរួមធ្វើអន្តរាគមន៍យកចិត្តទុកដាក់ ចំពោះបងប្អូនកម្មករកម្មការិនី ដែលយើងឃើញទាមទារបួនប្រាំរោងចក្រមកដល់ឥឡូវហ្នឹង មិនទាន់មានដំណោះស្រាយផង គួរតែគាត់យកបញ្ហាទាំងអស់ហ្នឹងទៅដោះស្រាយ ហើយមិនមែនយកវេទិកាទៅជួបកម្មករគ្រាន់តែយកឱកាសហ្នឹងវាយប្រហាររឿងនយោបាយ ហើយមិនបានគិតគូរសុខទុក្ខរបស់បងប្អូនកម្មករទេ»។
អតីតសមាជិកគ.ជ.ប.រូបនេះបានសង្កត់ធ្ងន់ថា ការអនុគ្រោះពន្ធរបស់សហភាពអឺរ៉ុបគឺជាឆ្អឹងខ្នងនៃការទ្រទ្រង់លំនឹងរបស់ឧស្សាហកម្មកាត់ដេរនៅកម្ពុជា។ លោកបានបន្ថែមយ៉ាងដូច្នេះ៖
«ចំណុចសំខាន់គឺ EBA ទេបាទ។ EBA បើសិនជាយើងមិនរូតរះធ្វើការ រកធ្វើអន្តរាគមន៍ ឬមួយសម្របសម្រួលទៅតាមការចង់បានរបស់សហភាពអឺរ៉ុប អាហ្នឹងវាធ្វើឲ្យកម្មករនឹងបាត់បង់ការងារ ហើយអ្នកដែលទទួលផលពីកម្មករហ្នឹងក៏នឹងប៉ះពាល់ផងដែរ ហើយជាពិសេសទៅទៀតនោះ បើក្នុងស្ថានភាពវិបត្តិនយោបាយនៅកម្ពុជានៅតែអូសបន្លាយបែបហ្នឹងក៏ធ្វើឲ្យប៉ះពាល់ទៅដល់ក្រុមហ៊ុនដែលគេមានកេរ្តិ៍ឈ្មោះល្អៗ គេខ្លាចរអែងមិនហ៊ានមកវិនិយោគទុននៅកម្ពុជា»។
VOA ព្យាយាមសុំការអធិប្បាយពីលោកខេន លូ អគ្គលេខាធិការ និងលោកកាំង មុនីកា អគ្គលេខាធិការរងសមាគមរោងចក្រកាត់ដេរនៅកម្ពុជា ហៅកាត់ថា GMAC តែមិនទាន់អាចទាក់ទងបាននៅឡើយ នៅថ្ងៃពុធនេះ។
ការអះអាងរបស់ក្រុមអ្នកការពារសិទ្ធិកម្មករនាពេលកន្លងមកនោះបានឲ្យដឹងថា ប្រសិនបើកម្ពុជាមិនអាចធានាបានកិច្ចអនុគ្រោះពន្ធរបស់សហគមន៍អឺរ៉ុបនោះទេ នោះកម្ពុជានឹងខាតបង់ប្រាក់ពន្ធចំនួនប្រមាណជាង៦០០លានដុល្លារក្នុងមួយឆ្នាំៗសម្រាប់ឧស្សាហកម្មកាត់ដេររបស់ខ្លួន ដែលបានផ្តល់ការងារដល់កម្មករ ដែលភាគច្រើនជាស្រ្តី ចំនួនជាង៧០ម៉ឺននាក់៕