ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​សហជីព​និង​អ្នកការពារ​សិទ្ធិមនុស្ស ​នឹង​រំឭក​ការ​បង្ក្រាប​ដ៏ឃោរឃៅ​នៅ​ក្រោយ​ការ​បោះឆ្នោត​ឆ្នាំ​២០១៣


រូបឯកសារ៖ កម្មករ​រោងចក្រ​ដែល​រងរបួស​ម្នាក់ ត្រូវ​បាន​សហការី​ជួយ ក្រោយពី​ការប៉ះទង្គិច​គ្នា បាន​កើតឡើង​នៅ​ក្នុង​អំឡុង​ពេល​បាតុកម្ម​ក្នុង​ទីក្រុង​ភ្នំពេញ នៅ​ថ្ងៃទី ៣ ខែមករា ឆ្នាំ២០១៤។
រូបឯកសារ៖ កម្មករ​រោងចក្រ​ដែល​រងរបួស​ម្នាក់ ត្រូវ​បាន​សហការី​ជួយ ក្រោយពី​ការប៉ះទង្គិច​គ្នា បាន​កើតឡើង​នៅ​ក្នុង​អំឡុង​ពេល​បាតុកម្ម​ក្នុង​ទីក្រុង​ភ្នំពេញ នៅ​ថ្ងៃទី ៣ ខែមករា ឆ្នាំ២០១៤។

នៅ​រសៀល​ថ្ងៃព្រហស្បតិ៍​នេះ​ ក្រុម​អ្នក​ការពារ​សិទ្ធិ​កម្មករ​ និង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ផ្សេង​ទៀត​ នឹង​ប្រារព្ធ​ឡើង​វិញ​ថ្ងៃ​បង្ក្រាប​យ៉ាង​ហិង្សា​មក​លើ​កម្មករ​នៅ​លើ​កំណាត់​ផ្លូវ​វេង ស្រេង​ និង​ទីតាំង​ឧស្សហកម្ម​ផ្សេង​ទៀត​ក្នុង​ទីក្រុង​ភ្នំពេញ​ ក្រោយ​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០១៣។

បទ​ចំរៀង​នេះ​ដែល​រាយរ៉ាប់អំពី​ការ​វាយ​ដំ​ដ៏​ហិង្សា​មក​លើ​អ្នក​តវ៉ា​ទាម​ទារ​ការ​ដំឡើង​ប្រាក់​ឈ្នួល​ក្នុង​ឧស្សាហ​កម្ម​កាត់​ដេរ​កាល​ពី​ប្រាំឆ្នាំ​មុន​នឹង​ត្រូវ​ចាក់​ក្នុង​កម្មវិធី​ ដែលមានឈ្មោះថា «យើង​មិន​ភ្លេច​៣​មករា២០១៤» ដែលនឹង​រៀបចំឡើង​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ។​ ​នេះ​បើតាម​ការ​បញ្ជាក់​របស់​លោកវន់ ពៅ​ ​ប្រធាន​សមាគម​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ ហៅ​កាត់​ជា​ភាសា​អង់គ្លេស​ថា​ ​IDEA​ និង​ជា​តំណាង​កម្មករ​ដែល​ត្រូវ​បាន​កង​កម្លាំង​ទ័ព​ឆ័ត្រ​យោង​៩១១វាយ​យ៉ាង​ដំណំ​នា​ដើម​ឆ្នាំ​២០១៤​នោះ។​

លោកវន់ ពៅ​បាន​ប្រាប់​ពី​បំណង​នៃ​ការ​រៀបចំ​កម្មវិធី​ «យើង​មិន​ភ្លេច​ថ្ងៃ​៣​មករា​២០១៤» ​យ៉ា​ង​ដូច្នេះ​ថា៖​

«ធ្វើ​ដើម្បី​រំឭក​នូវការ​បង្រ្កាប​ទៅ​លើ​កម្មករ​នៅមុខ​រោងចក្រ​យ៉ាកជីង​ និង​ផ្លូវ​វេង​ ស្រេង​ ហើយ​និង​រំឭក​អំពី​អ្វីដែល​ការ​ធ្វើ​ទារុណកម្មមក​លើ​រូប​ខ្ញុំ​ នៅពេល​ដែល​ចាប់​ខ្លួន​ខ្ញុំ ​ មុនចាប់​ខ្លួន​ខ្ញុំ។ ​នៅពេល​ដែល​គេ​យក​ខ្ញុំ​ទៅ​ដាក់​ពន្ធនាគារ វាលំបាក​យ៉ាង​ណា។​ នេះ​គ្រាន់​តែ​ជា​ការ​រំឭក​ព្រឹត្ត​ការណ៍​ហ្នឹង​ ដែល​កើត​ឡើង​កាល​ពីឆ្នាំ​២០១៤»។

លោក វន់ ពៅ​ ​និង​ក្រុម​កម្មករ​ ព្រម​ទាំង​សកម្មជន​ការ​ពារ​សិទ្ធិ​មនុស្ស​២២​នាក់​ទៀត​ ត្រូវ​ចាប់​ខ្លួន ​កាល​ពី​ដើម​ខែ​មករា​ ​ឆ្នាំ២​០១៤​ ក្រោម​ការ​ចោទ​ប្រកាន់​ពី​បទ​ពាក់ព័ន្ធ​នឹង​អំពើ​ហិង្សា​ដោយ​ចេតនា​ ការ​បង្ក​ការ​ខូច​ខាត​ទ្រព្យ​សម្បត្តិ​សាធារណៈ​ និង​ការ​ធ្វើ​ឲ្យ​មាន​បញ្ហា​អសន្តិសុខ ​និង​អសណ្ដាប់​ធ្នាប់​សង្គម។​

លោក វន់ ពៅបាន​ឲ្យដឹង​ថា​ លោក​បាន​ដាក់​ពាក្យ​បណ្តឹងទៅ​ក្រសួង​ការងារ​ ​ដែល​កំពុង​ធ្វើការ​ពិនិត្យ​លើ​រាល់​សំណុំ​រឿង​ប្តឹង​ផ្តល់​ប្រឆាំង​នឹង​ក្រុម​មេ​ដឹនាំ​សហជីព​ ដើម្បីឈាន​ដល់​ការ​បញ្ចប់​សំណុំ​រឿង​ទាំង​នោះ​ នៅ​តុលាការ។​ ​លោកថា​ ​ពាក្យ​បណ្តឹង​របស់​លោក​បាន​ស្នើ​សុំ​ឲ្យមាន​ការ​ទម្លាក់​ចោល​បទ​ចោទ​ប្រកាន់​មក​លើ​រូប​លោក។​

កងទ័ព​ពិសេស​នៃ​កង​ពល​៩១១​ ​ដែល​គេ​ដឹង​ថា​ ជំនិត​លោកហ៊ុន សែន​ បាន​បើក​ការ​បង្ក្រាប​យ៉ាង​ហិង្សា​លើ​ក្រុម​បាតុករ​នៅ​ថ្ងៃ​ទី​២​ខែ​មករាឆ្នាំ​២០១៤។

មួយ​ថ្ងៃ​ក្រោយ​មក​ គឺ​ថ្ងៃ​ទី​៣ខែ​មករា​ឆ្នាំ​២០១៤​ មាន​មនុស្ស​បួន​នាក់​បាន​ស្លាប់ ម្នាក់​បាត់​ខ្លួន​ ហើយ​២៤​នាក់​ផ្សេង​ទៀត​បាន​រង​របួស​នៅ​ក្នុង​ព្រឹត្តិ​ការណ៍​បង្ក្រាប​បាតុកម្ម​នោះ​ ដោយ​ក្នុង​ថ្ងៃ​នោះ​ ​ការ​បាញ់​រះ​មួយ​បាន​កើត​ឡើង​ពី​ក្រុម​សមត្ថកិច្ច​នៅ​តំបន់​សួន​ឧស្សាហ​កម្ម​កាត់ដេរកាណាឌីយ៉ា​ក្នុង​រាជ​ធានី​ភ្នំពេញ​ លើ​កំណាត់​ផ្លូវ​វេង​ស្រេង។​

លោកថេង សាវឿន​ ​អគ្គ​លេខាធិការ​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា ដែល​ជា​អ្នក​រង​គ្រោះ​មួយ​រូប​ស្ថិត​ក្នុង​ចំណោមជន​រងគ្រោះ​២៣​នាក់​ដែល​មាន​លោកវន់ ពៅ​ ​ដែរ​នោះ បានប្រាប់ VOA​ ​នៅថ្ងៃ​ពុធ​នេះ​ថា​ ការ​រំឭក​ឡើងវិញ​នូវព្រឹត្តិ​ការណ៍​វាយ​បង្រ្កាប​នេះ​គឺចង់​ឲ្យ​អាជ្ញាធរ​ចងចាំ​នូវ​សកម្ម​ភាព​ហិង្សា​ ដែល​លោក​យល់​ថា​ មិន​គួរ​កើត​មាន​ឡើង​នោះ​ទេ។​

«សម្រាប់​ខ្ញុំ​ យើង​គិត​ថា​ ​ព្រឹត្តិ​ការណ៍ដែល​កើត​មាន​ឡើង​នេះ​ វា​មិន​គួរ​ត្រូវ​តែ​កើត​ឡើង​នោះ​ទេ។ ​ហើយ​ការ​តវ៉ា​របស់​កម្មករ​អីហ្នឹង​ កាលពី​ពេល​នោះគឺ​ដើម្បី​ទាមទារ​ក្នុង​ការ​ដំឡើង​ប្រាក់​ខែ​ឲ្យ​ ជីវភាព​ពលរដ្ឋ​សមរម្យ​ ថ្លៃ​ថ្នូរ​ ហើយ​វា​គួរ​ណាស់​តែ​ពេល​ហ្នឹង​ រដ្ឋាភិបាល​ត្រូវ​តែ​រក​ពិធី​សាស្ត្រ​ដោះ​ស្រាយ​ ដោយ​សន្តិវិធី​ មិន​គួរ​ណា​ប្រើ​ពិធី​សាស្ដ្រ​ក្នុង​ការ​បង្ក្រាប​ ប្រើ​កម្លាំង​ អាជ្ញាធរ​ទៅ​ធ្វើ​ការ​បង្ក្រាប​ទៅ​លើ​នេះ​ហ្នឹង​ទេ ​ទៅ​លើ​ប្រជា​ពលរដ្ឋ​ ឬ​ក៏​កម្មករ​ដែល​គាត់​ដៃ​ទទេ​នោះ​ទេ។​ ហើយ​វា​គឺ​ជា​រឿង​មួយ​ដែល​គួរ​ឲ្យ​សោក​ស្តាយ​ផង​ដែរ​នៃ​ការ​បង្ក្រាប​ ការ​ប្រើប្រាស់​អំពើ​ហិង្សា​ ព្រៃ​ផ្សៃ​ ដែល​យើង​ចងចាំ​ មិន​អាចបំភ្លេច​បាន​នៅ​ពេល​នោះ​ផង​ដែរ»។​

ក្នុង​សំណុំ​រឿង​វាយ​បង្រ្កាប​របស់​អាជ្ញាធរ​មាន​សមត្ថកិច្ច​មក​លើ​ក្រុម​អ្នក​តវ៉ា​នៅ​ចុង​ឆ្នាំ​២០១៣​ និង​ដើម​ឆ្នាំ​២០១៤​នេះមាន​ការ​ឆ្លើយ​ដាក់​គ្នា​រវាង​មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​មហា​ផ្ទៃ​ និង​អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ចំពោះ​អ្នក​ដែល​ត្រូវ​ទទួល​ខុស​ត្រូវ​ក្នុង​ហេតុ​ការណ៍​ដ៏​ហិង្សា​នេះ។​

នាយ​ឧត្តម​សេនីយ៍ខៀវ សុភ័គ អ្នក​នាំ​ពាក្យ​ក្រសួង​មហា​ផ្ទៃ​ ​បាន​ចោទ​ក្រុម​តំណាង​រាស្ត្រ​គណបក្ស​ជំទាស់​ពីរ​រូបថា​ ជា​អ្នក​ចេញ​បញ្ជា​ពី​ទីលាន​ប្រជា​ធិបតេយ្យ​ចាស់​ ​ឲ្យ​ក្រុម​កម្មក​រធ្វើ​កុបកម្ម​ ដែល​មាន​ចរិត​ជា​បដិវត្តន៍​ពណ៌​ដើម្បី​ផ្តួល​រំលំ​រដ្ឋាភិបាល​ស្របច្បាប់។ ​ក៏​ប៉ុន្តែ​អ្នកស្រី​មូរ សុខហួរ​ ​អនុ​ប្រធាន​គណ​បក្ស​ជំទាស់​ ​ដែល​រង​ការ​ចោទពី​លោកខៀវ សុភ័គនោះ ​បានច្រាន​ចោល​ការ​ចោទ​ប្រកាន់​នេះ​និង​ទាម​ទារ​ឲ្យរដ្ឋាភិបាល​របស់​លោក​នាយក​រដ្ឋមន្ត្រីហ៊ុន សែនបើក​ការ​ស៊ើប​អង្កេត​ឯករាជ្យ​មួយ។​

នាយ​ឧត្តម​សេនីយ៍ខៀវ សុភ័គ​ ​អះអាង​ថា​ គ្មាន​ការ​ស៊ើប​អង្កេត​ណា​ផ្សេង​ទៀត​ អាច​ធ្វើ​បាន​នោះ​ឡើយ​ ​ប្រសិន​បើ​គ្មាន​ការ​បង្គាប់​ពី​តុលាការ​កម្ពុជា៕

XS
SM
MD
LG