ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មន្រ្តី​សិទ្ធិ​មនុស្ស​ស្នើ​​ឱ្យ​ដោះ​លែង​កញ្ញា ​សេង ធារី ​ខណៈ​សាលា​ឧទ្ធរណ៍​គ្រោង​បើក​សវនាការ​សុំ​នៅ​ក្រៅឃុំ​នា​សប្តាហ៍​នេះ


រូបឯកសារ៖ កញ្ញា ​សេង ធារី​ ផ្តល់​បទសម្ភាសន៍​ជាមួយសំឡេងសហរដ្ឋអាមេរិក​ មុនពេល​ត្រូវចាប់ខ្លួន​ដោយកម្លាំង​សន្តិសុខចម្រុះក្នុងរាជធានីភ្នំពេញ​ ថ្ងៃទី​១៤ ខែមិថុនា​ ឆ្នាំ​​២០២២។ (ហ៊ុល រស្មី/វីអូអេ)
រូបឯកសារ៖ កញ្ញា ​សេង ធារី​ ផ្តល់​បទសម្ភាសន៍​ជាមួយសំឡេងសហរដ្ឋអាមេរិក​ មុនពេល​ត្រូវចាប់ខ្លួន​ដោយកម្លាំង​សន្តិសុខចម្រុះក្នុងរាជធានីភ្នំពេញ​ ថ្ងៃទី​១៤ ខែមិថុនា​ ឆ្នាំ​​២០២២។ (ហ៊ុល រស្មី/វីអូអេ)

ខណៈ​តុលាការ​នឹង​បើក​សវ​នា​ការ​ទាក់​ទង​នឹង​ការ​ស្នើ​សុំ​នៅ​ក្រៅ​ឃុំ​របស់​កញ្ញា ​សេង ធារី ​នា​ថ្ងៃ​ព្រហស្បតិ៍​ខាង​មុខ​នេះ ​មន្រ្តី​សិទ្ធិ​មនុស្ស​ជំរុញ​ឱ្យ​រដ្ឋា​ភិបាល​កម្ពុជា​ដោះ​លែង​មេធាវី​សញ្ជាតិ​ខ្មែរ​អាមេរិ​កាំង​រូប​នោះ​នៅ​ក្រៅ​ឃុំ ​ដើម្បី​កុំ​ឱ្យ​កម្ពុជា​រង​សម្ពាធ​អន្តរ​ជាតិ​ណា​មួយ។​

លោក នី សុខា ប្រធាន​សមាគម​ការ​ពារ​សិទ្ធិ​មនុ​ស្ស​អាដហុក ​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា​ តុលា​ការ​គួរ​តែ​សម្រេច​ឱ្យ​កញ្ញា​ សេង ធារី ​បាន​នៅ​ក្រៅ​ឃុំ​ឃាំង​ ព្រោះ​មាន​លក្ខខណ្ឌ​គ្រប់​គ្រាន់​ដែល​ស្រប​ទៅ​តាម​នីតិវិធី​ព្រហ្មទណ្ឌ។ ​លោក​បន្ត​ថា ​តុលាការ​មិន​គួរ​ប្រើ​ប្រាស់​យន្តការឃុំ​មនុស្ស​ជា​ចម្បង​នោះទេ ​ហើយ​ការ​ដោះ​លែង​ឱ្យ​នៅ​ក្រៅ​ឃុំ​ក៏​អាច​បន្ថយ​ស្ថាន​ការណ៍​តាន​តឹង​ផង​ដែរ។​

លោក​ថ្លែង​ថា៖​ «បើ​សិន​ជា​អនុញ្ញាត​ឱ្យ​គាត់​បាន​នៅ​ក្រៅ​ឃុំ​បណ្តោះ​អាសន្ន ​អានេះ​ក៏​ជា​ការ​មួយ​បង្ហាញ​ពី​ការ​បន្ធូរ​បន្ថយ​នៃ​បរិយាកាស​ស្ថាន​ភាព​សិទ្ធិ​មនុស្ស»។​

លោក ​នី សុខា​ អះអាង​ថា ​ការ​ឃាត់​ខ្លួន​សកម្មជន​រូប​នេះ​ធ្វើ​ឡើង​ដោយ​ជាប់​ហេតុ​ផល​នយោបាយ។​ ហេតុ​នេះ តុលាការ​ក៏​ដូច​ជា​រដ្ឋាភិបាល​គួរ​តែ​ទម្លាក់​ចោល​បទ​ចោទ​លើ​កញ្ញា ​សេង ធារី ​ដើម្បី​កុំឱ្យ​រង​សម្ពាធ​ពី​សហ​រដ្ឋ​អាមេរិក​ និង​សហគមន៍​អឺរ៉ុប​កាន់​តែ​ខ្លាំង។​

លោក​បន្ថែម​ថា៖​«បើ​សិន​ជា​យើង​នៅ​បន្ត​ការ​ឃុំ​ខ្លួន ​ការ​ចោទ​ប្រកាន់​បែប​នេះ​ទៀត ​ខ្ញុំ​គិត​ថា ​នៅ​ពេល​ខាង​មុខ​នេះ​ កម្ពុជា​នឹង​រង​នូវ​សម្ពាធ​សហគមន៍​អន្តរ​ជាតិ​ផ្សេងៗ​ទៀត​ជាក់​ជា​មិន​ខាន»។​

រដ្ឋ​មន្រ្តី​ការ​បរទេស​អាមេរិក ​លោក​ Antony Blinken ​ដែល​បាន​មក​បំពេញ​ទស្សន​កិច្ច​នៅ​កម្ពុជា ​កាល​ពី​កន្លង​ទៅ​ ក៏​បាន​ស្នើ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ដោះ​លែង​កញ្ញា ​សេង ធារី ​ផង​ដែរ។​

រូបឯកសារ៖ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក Antony Blinken និងលាកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចាប់ដៃស្វាគមន៍គ្នា នៅក្នុងជំនួបពិភាក្សាគ្នាមួយ នៅវិមានសន្តិភាពក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី ៤ ខែសីហា ឆ្នាំ ២០២២។
រូបឯកសារ៖ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក Antony Blinken និងលាកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចាប់ដៃស្វាគមន៍គ្នា នៅក្នុងជំនួបពិភាក្សាគ្នាមួយ នៅវិមានសន្តិភាពក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី ៤ ខែសីហា ឆ្នាំ ២០២២។

អ្នកស្រី ​ចក់ សុភាព ​នាយិកា​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ ដែល​បាន​ទៅ​សួរ​សុខ​ទុក្ខ​កញ្ញា​ សេង ធារី ​នៅ​ពន្ធនាគារ​ក្នុង​ខេត្ត​ព្រះវិហារ ​នៅ​ថ្ងៃ​ទី​៣០ ​ខែ​សី​ហា ​បាន​បង្ហោះ​សារ​នៅ​លើ​ហ្វេសប៊ុក​របស់​អ្នក​ស្រី​ថា​ សុខភាព​របស់​សកម្ម​ជន​រូប​នេះ​នៅ​តែ​ល្អ​ធម្មតា ​ជា​ពិសេស​«ឆន្ទៈ​ខ្វល់​ខ្វាយ»​ពី​សង្គម​ជាតិ ​«នៅ​តែ​មាន​ផុសផុល»។​

អ្នកស្រី​បន្ថែម​ថា​ កញ្ញា សេង ធារី ​បាន​លើក​ជា​សំណូម​ពរ​មួយ​ចំនួន​ពី​«លទ្ធភាព​ទទួល​បាន​ព័ត៌​មាន​ ការ​ផ្ទេរ​ទៅ​ពន្ធនា​គារ​ព្រៃ​ស​វិញ»​ ពី​ព្រោះ​វា​មាន​ការ​លំបាក​ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​សួរ​សុខ​ទុក្ខ​ដោយ​គ្រួសារ​ មិត្តភ័ក្តិ ​និង​បាត់​បង់​ឱកាស​ទទួល​បាន​ព័ត៌មាន។​

អ្នកស្រី ​ចក់ សុភាព​ បន្ថែម​ថា ​អ្នកស្រី​ខ្លួន​ឯង​ផ្ទាល់​មាន​«អារម្មណ៍​សង្វេគ​ ដោយ​ឃើញ​ជន​រួមជាតិ​មួយ​ចំនួន​ ដោយ​សារ​តែ​មាន​និន្នាការ​នយោបាយ ​ឬ​ទស្សនៈ​ខុស​គ្នា​ ត្រូវ​ប្រឈម​មុខ​ចំពោះ​បទ​ចោទ​ក្បត់ជាតិ ​ឬ​ញុះញង់​ជាដើម»។​

អ្នកស្រី​បញ្ជាក់​ក្នុង​ន័យ​ដើម​ថា៖​ «តើ​ពួកគេ​ក្បត់​ជាតិ​នឹង​អ្នក​ណា? ​យើង​ធ្លាប់​ឮ​ពី​សម័យ​មុន​ដែល​ខ្មែរ​ចោទ​ខ្មែរ​ថា​ ក្បត់​ជាតិ ​អាយ៉ង។ល។ ​តែ​បច្ចុប្បន្ន ​យើង​នៅ​តែ​ឃើញ​ការ​ចោទ​ប្រកាន់​ខ្មែរ ​និង​ខ្មែរ​ដដែល។​ ខ្ញុំ​សង្ឃឹម​ថា​ការ​ចោទ​ប្រកាន់​ដោយ​សារ​ការ​ប្រកាន់​ទស្សនៈ​និន្នាការ​នយោបាយ​ខុស​គ្នា​នេះ​គួរ​បញ្ចប់ ​និង​ទម្លាក់​បទចោទ​ប្រកាន់​ដល់​ពួក​គាត់ ​ហើយ​គួរ​មាន​ដំណោះ​ស្រាយ​បែប​នយោបាយ​បង្រួប​បង្រួម​ជាតិ​ ដូច​នោះ​ទើប​យើង​អាច​ដោះ​ស្រាយ​បញ្ហា​ជាតិ​សំខាន់ៗ​ចំពោះ​មុខ​បាន»។​

អ្នកស្រី​ ចក់ សុភាព ​ប្រាប់​វីអូអេ​តាម​ទូរស័ព្ទ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា​ កញ្ញា ​សេង ធារី​ មាន​សិទ្ធិ​នៅក្នុង​ការ​សុំ​នៅ​ក្រៅ​ឃុំ ​រហូត​ទាល់តែ​តុលាការ​កាត់​ទោស​ចប់​សព្វ​គ្រប់។​

អ្នកស្រី​ថ្លែង​ថា៖​ «ជា​គោលការណ៍​ មែន​ទែន​ គាត់​គួរ​តែ​អាច​មាន​សេរី​ភាព​រហូត​ដល់​តុលាការ​កាត់​ទោស​ជា​ស្ថាពរ​ហ្នឹង ​ព្រោះ​គាត់​នៅ​ប្តឹង​ផ្តល់​បន្ត​ទៀត»។​

វីអូអេ​មិន​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​លោក​ ប្លង់ សំណាង​ និង​លោក ​ជា ម៉េត​ អ្នកនាំពាក្យ​របស់​សាលា​ឧទ្ធរណ៍​រាជធានី​ភ្នំពេញបាន​ទេ​នៅ​ថ្ងៃ​អង្គារ​នេះ។​

អ្នក​នាំ​គណបក្សប្រជាជន​កម្ពុជា​ លោក ​សុខ ឥសាន​ ប្រាប់​វីអូអេ​ថា​ តុលាការកាត់​ទោស​កញ្ញា ​សេង ធារី ​ដោយ​សារ​តែ​ជាប់​ពាក់​ព័ន្ធ​ជា​មួយ​ការ​វិល​ចូល​ស្រុក​របស់​លោក​ សម រង្ស៊ី ​ដែល​លោក​ថា ​«ដើម្បី​ផ្តួល​រលំ​រដ្ឋាភិបាល»។​ លោក​បន្ត​ថា​ មិន​មានជន​ណា​អាច​មាន​ឥទ្ធិពល​លើ​ការ​សម្រេច​ចិត្ត​របស់​តុលាការ​កម្ពុជា​បាន​ឡើយ។​

លោក​ថ្លែង​ថា៖​«អ៊ីចឹង​ការ​ដែល​មាន​ការ​សំណូម​ពរ ​ក៏ដូច​ជា​ការ​ទាម​ទារ​ផ្សេងៗ​ឱ្យ​កញ្ញា​ សេង ធារី រួច​ពី​ការ​អនុវត្ត​ទោស​ គឺមិន​អាច​ទៅ​រួច​ទេ»។​

លោក​ ជូង ជូងី ​មេធាវី​របស់​កញ្ញា ​សេង ធារី ​ប្រាប់​វីអូអេ​ថា ​តុលាការ​នឹង​បើក​សវនាការ​នៅ​ថ្ងៃ​ព្រហ​ស្បតិ៍ ​ទី​១ ខែ​កញ្ញា ​ឆ្នាំ​២០២២​ តាម​ការ​គ្រោង​ទុក។​

លោក​មេធា​វីបន្ថែម​ថា ​រហូត​មក​ដល់​ពេល​នេះ ​លោក​មិន​ទាន់​ដឹង​ថា​ តើ​អាជ្ញាធរ​ពន្ធនាគារ​នឹង​ដឹក​កញ្ញា ​សេង ធារី ​មក​ចូល​រួម​សវនា​ការ ​នៅ​រាជធា​នីភ្នំ​ពេញ​ ឬយ៉ាង​ណានៅ​ឡើយ​ទេ។​

លោកថ្លែង​ថា៖​ «ហើយ​ជាគោល​ការណ៍​ច្បាប់ ​សមត្ថកិច្ច​ត្រូវ​ដឹក​គាត់មក​សវនាការ​នៅ​ថ្ងៃទី​១នេះ។​ ប៉ុន្តែ​រហូត​មក​ទាល់​ពេល​នេះ ​ខ្ញុំមិន​ទាន់​ទទួល​បាន​ព័ត៌មាន​ពី​ខាង​ពន្ធនាគារ​ ឬ​ក៏ពី​ខាងមន្ត្រី​ក្រសួង​មហាផ្ទៃ​ថា​ មកចូល​រួម​សវនាការ​ដែរ​ ឬ​យ៉ាងណា​នោះ​ទេ»។

គួរ​បញ្ជាក់ថា​កញ្ញា ​សេង ធារី​ ត្រូវ​បាន​តុលាការ​រាជ​ធានី​ភ្នំពេញ ​សម្រេច​ផ្ទន្ទាទោស​ដាក់​ពន្ធនាគារ​៦​ឆ្នាំ​ពី​បទ​រួម​គំនិត​ក្បត់ ​និង​បទ​ញុះ​ញង់​ឱ្យ​មាន​ភាព​វឹក​វរ​ដល់​សន្តិសុខ​សង្គម ​កាល​ពី​ថ្ងៃ​ទី​១៤​ ខែ​មិថុនា​ ឆ្នាំ​២០២២។ ​កញ្ញា ​សេង ធារី ​ដែល​ជា​មេធាវី​មួយ​រូប​មាន​សញ្ជាតិ​អាមេរិក​ ត្រូវ​បាន​ចាប់​ខ្លួន​ភ្លាមៗ​ ក្រោយ​តុលាការ​ប្រកាស​សាល​ក្រម។ ​កញ្ញា​ត្រូវ​បាន​បញ្ជូន​ទៅ​ឃុំ​ខ្លួន​នៅ​ក្នុង​មណ្ឌល​ឃុំ​ឃាំង​ខេត្ត​ព្រះវិហារ ​នា​ថ្ងៃ​បន្ទាប់។ ​ក្នុង​ការ​ចោទ​ប្រកាន់​លើ​កញ្ញា ​សេង ធារី នោះ​ ចៅ​ក្រម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​សំអាង​លើ​ភ័ស្តុតាង​ ដែល​កញ្ញា​បង្ហោះ​ហ្វេសប៊ុក​រិះគន់​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន​ និង​ការ​គាំទ្រ​លោក ​សម រង្ស៊ី​ ​មេដឹក​នាំ​គណបក្ស​ប្រឆាំង​ចូល​ប្រទេស​វិញ៕

XS
SM
MD
LG