ប្រធានគណបក្សកម្ពុជានិយមដែលជាអតីតតំណាងរាស្រ្តម្នាក់របស់គណបក្សសង្រ្គោះជាតិឲ្យដឹងថាគណបក្សកម្ពុជានិយមចង់បានតំណែងមេឃុំចៅសង្កាត់ត្រឡប់មកវិញទើបសម្រេចចិត្តចូលរួមការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ដែលនឹងធ្វើឡើងនៅថ្ងៃទី៥ខែមិថុនា ឆ្នាំ២០២២ខាងមុខ។
លោក យ៉ែម បុញ្ញឫទ្ធិ ជាប្រធានគណបក្សកម្ពុជានិយមនិងជាអ្នកនយោបាយជើងចាស់មួយរូបដែលស្និទ្ធនឹងលោកកឹម សុខាដែលកំពុងជាប់ក្តីក្តាំងនៅតុលាការក្នុងសំណុំរឿងក្បត់ជាតិដែលធ្វើឲ្យលោកមិនអាចធ្វើសកម្មភាពនយោបាយបាន។
ក្នុងបទសម្ភាសន៍មួយជាមួយវីអូអេកាលពីពេលថ្មីៗនេះ លោក យ៉ែម បុញ្ញឫទ្ធិ ថ្លែងថាគណបក្សកម្ពុជានិយមចង់ឲ្យគណបក្សសង្រ្គោះជាតិរស់ឡើងវិញ និងចង់បានតំណែងមេឃុំចៅសង្កាត់និងក្រុមប្រឹក្សាសរុបប្រមាណ៥ពាន់នាក់អាចត្រឡប់មកវិញ ប៉ុន្តែការតស៊ូចាប់តាំងពីឆ្នាំ២០១៧មិនទទួលបានជោគជ័យឡើយ។
លោកថ្លែងថា៖ «យើងទាមទារតំណែងក្រុមប្រឹក្សាឃុំសង្កាត់ចំនួន៥.០០៧រូប ក៏ប៉ុន្តែការខិតខំព្យាយាមតស៊ូមតិទាមទារផ្នែកផ្លូវនយោបាយរបស់យើងពីឆ្នាំ២០១៧រហូតដល់ឆ្នាំ២០២០នៅតែមិនទាន់មានដំណោះស្រាយ។យើងយល់ឃើញថាមិនត្រូវឲ្យរំលងផុតការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ២០២២នេះទេ»។
លោកបន្ថែមថាប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជាបានធ្លាក់ចុះយ៉ាងខ្លាំង។ ប៉ុន្តែលោកសង្ឃឹមថាវានឹងមានភាពល្អប្រសើរឡើងនៅពេលខាងមុខ។
លោកបន្តថា៖ «ការដឹកនាំឃុំសង្កាត់របស់គណបក្សកម្ពុជានិយមក្រោយការបោះឆ្នោតប្រសិនណាគាត់ដឹកនាំឃុំសង្កាត់ត្រូវបើកលម្ហប្រជាធិបតេយ្យការគោរពសិទ្ធិមនុស្សហើយប្រជាពលរដ្ឋដែលជាម្ចាស់ហ្នឹង លោកត្រូវតែចូលរួមផ្តល់យោបល់ វាយតម្លៃទៅលើការដឹកនាំរបស់ក្រុមប្រឹក្សាឃុំសង្កាត់។ ហ្នឹងជាចំណុចសំខាន់»។
គួរបញ្ជាក់ថាក្នុងការបោះឆ្នោតឃុំសង្កាត់កាលពីខែមិថុនាឆ្នាំ២០១៧គណបក្សសង្គ្រោះជាតិដណ្ដើមបានអាសនៈក្រុមប្រឹក្សាឃុំសង្កាត់ចំនួន៥.០០៧និងទទួលបានតំណែងជាមេឃុំចៅសង្កាត់ចំនួន៤៨៩ ក្នុងចំណោម១.៦៤៦ឃុំសង្កាត់នៅទូទាំងប្រទេសកាលពីពេលនោះ។ប៉ុន្តែតំណែងទាំងនេះត្រូវបានបែងចែកឲ្យគណបក្សប្រជាជនកម្ពុជាក្រោយការរំលាយគណបក្សសង្រ្គោះជាតិកាលពីខែវិច្ឆិកាឆ្នាំ២០១៧។
បើតាមលោក យ៉ែម បុញ្ញឫទ្ធិ គណបក្សកម្ពុជានិយមមិនផ្តោតលើឃុំសង្កាត់នៅទូទាំងប្រទេសឡើយប៉ុន្តែផ្តោតលើតំបន់មួយចំនួនក្នុងខេត្តដែលគណបក្សយល់ថាមានឱកាសនិងលទ្ធភាពដើម្បីរៀបចំកម្លាំងប្រកួតប្រជែងឈ្នះក្នុងពេលខាងមុខ។ ក្នុងនោះមានឃុំនៅក្នុងស្រុកព្រះស្តេចនៅក្នុងខេត្តព្រៃវែង។ ចំណែកនៅរាជធានីភ្នំពេញមានសង្កាត់បឹងទំពុនទីពីរនិងមានឃុំសង្កាត់មួយចំនួនទៀតនៅក្នុងខេត្តបន្ទាយមានជ័យនិងខេត្តសៀមរាបផងដែរ។
លោក យ៉ែម បុញ្ញឫទ្ធិ ឲ្យដឹងទៀតថាសកម្មជនរបស់គណបក្សក៏រងការគាបសង្កត់ផងដែរពីសំណាក់មេភូមិក៏ដូចជាក្រុមប្រឹក្សាឃុំសង្កាត់ជាដើមក្នុងនោះមានការព្រមានមិនផ្តល់បណ្ណក្រីក្រឲ្យជាដើម។
លោកបញ្ជាក់ថា៖ «ពាក្យដែលគេប្រើដូចៗគ្នាគឺពាក្យថាបើសិនណានៅតែឈរឈ្មោះឲ្យគណបក្សកម្ពុជានិយម គេនឹងដកបណ្ណក្រីក្រ។ ដូច្នេះហើយជាចំណុចមួយដែលយើងមានការភ្ញាក់ផ្អើលខ្លាំងមែនទែន»។
ដូចគ្នាផងដែរគណបក្សភ្លើងទៀនក៏បានរាយការណ៍ថាសកម្មជនរបស់ខ្លួនយ៉ាងតិច១០នាក់នៅក្នុងខែមីនាឆ្នាំ២០២២ត្រូវបានប៉ូលិសមូលដ្ឋានហៅទៅសួរនាំដោយគ្មានបង្ហាញដីកាឬបញ្ជាក់មូលហេតុអ្វីឡើយ។គណបក្សភ្លើងទៀនក៏បានរាយការណ៍ថាសកម្មជនគណបក្សជាច្រើននាក់ទៀតរងការបំភិតបំភ័យគ្រប់រូបភាពពីមន្ត្រីមូលដ្ឋានជាពិសេសមេភូមិមេឃុំ។
លោក សុខ ឥសាន អ្នកនាំពាក្យនៃគណបក្សប្រជាជនកម្ពុជាធ្លាប់ប្រាប់វីអូអេថាគណបក្សផ្សេងមានចេតនាមិនល្អដែលលោកថាចង់បង្កើតរឿងឡើង ដើម្បីបង្ហាញគេថាបរិយាកាសនយោបាយមិនអំណោយផលនៅមុនការបោះឆ្នោត។
លោក កន សាវាង្ស អ្នកសម្របសម្រួលផ្នែកអង្កេតនិងតស៊ូមតិនៃអង្គការខុមហ្វ្រែលដែលឃ្លាំមើលកិច្ចការបោះឆ្នោតធ្លាប់បានប្រាប់វីអូអេថាលោកចង់ឃើញការស្តារស្ថានភាពនយោបាយនៅក្នុងប្រទេសកម្ពុជាដើម្បីធានាឱ្យមានការបោះឆ្នោតមួយដែលអាចទទួលយកបាន។លោកបន្ថែមថាគណបក្សប្រឆាំងដែលនឹងចូលរួមការបោះឆ្នោតនៅពេលខាងមុខមិនទាន់មានឥទ្ធិពលធំដុំនៅឡើយដើម្បីប្រកួតប្រជែងជាមួយគណបក្សប្រជាជនកម្ពុជា។
គួរបញ្ជាក់ថាការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ដែលនឹងធ្វើឡើងនៅក្នុងខែមិថុនាខាងមុខ នឹងជ្រើសរើសក្រុមប្រឹក្សាសរុបទាំងអស់ជាង១១.០០០នាក់ នៅក្នុងឃុំសង្កាត់សរុបចំនួន១.៦៥២៕