ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ហ៊ុន ម៉ាណែត បញ្ជា​ឱ្យ​ពង្រឹង​ការ​ពិនិត្យ​ជាតិ​អាល់កុល​ពេល​បើកបរ


នាយករដ្ឋមន្ត្រី​កម្ពុជា​លោក ហ៊ុន ម៉ាណែត ថ្លែង​សុន្ទរកថា នៅ​ក្នុង​ពិធីខួបអនុស្សាវរីយ៍លើកទី២៥នៃថ្ងៃបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោករបស់កងយោធពលខេមរភូមិន្ទ នៅ​រាជធានីភ្នំពេញ កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤។
នាយករដ្ឋមន្ត្រី​កម្ពុជា​លោក ហ៊ុន ម៉ាណែត ថ្លែង​សុន្ទរកថា នៅ​ក្នុង​ពិធីខួបអនុស្សាវរីយ៍លើកទី២៥នៃថ្ងៃបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោករបស់កងយោធពលខេមរភូមិន្ទ នៅ​រាជធានីភ្នំពេញ កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤។

ក្រោយ​មាន​គ្រោះ​ថ្នាក់​ចរាចរណ៍​ជា​បន្ត​បន្ទាប់​ ដោយ​សារ​តែ​ការ​សេព​គ្រឿង​ស្រវឹង ​នាយក​រដ្ឋមន្ត្រី​កម្ពុជា ​លោក​ ហ៊ុន ម៉ាណែត ​បាន​បញ្ជា​ឱ្យ​មាន​ការ​ពង្រឹង​នូវ​ការ​ត្រួត​ពិនិត្យ​ជាតិ​អាល់កុល​នៅ​ពេល​យប់ឡើង​វិញ។​

ការ​ថ្លែង​របស់​លោក ​ហ៊ុន​ ម៉ាណែត ​បែប​នេះ ​ធ្វើ​ឡើង​ក្នុង​ពិធី​បិទ​សន្និបាត​បូក​សរុប​លទ្ធផល​ការ​ងារ​ឆ្នាំ​ ២០២៣ ​និង​លើក​ទិស​ដៅ​ការ​ងារ​ឆ្នាំ​ ២០២៤ ​របស់​ក្រសួង​ព័ត៌មាន​ នៅ​សណ្ឋាគារ​សុខា​ កាល​ពី​ថ្ងៃទី​ ២៣ ​ខែ​មករា​ ឆ្នាំ​២០២៤។​

​បើ​តាម​លោក ​ហ៊ុន ម៉ាណែត ​គ្រោះ​ថ្នាក់​ធំ​ជាង​គេ​គឺ​គ្រោះ​ថ្នាក់​ចរាចរណ៍​ ដែល​បណ្តាល​មក​ពី​ការ​សេព​គ្រឿង​ស្រវឹង ត្រូវ​តែ​ចាត់​វិធាន​ការ ​ដើម្បី​កុំ​ឱ្យ​មាន​សោក​នាដកម្ម។​

លោក ​ហ៊ុន ម៉ាណែត ​ថ្លែង​ថា៖ ​«ទី ១ ​អារឿង​ស្រវឹង​ហ្នឹង ​ដូច​ច្រើន​ បុកអី​នេះ។​ ខ្ញុំ​សុំ​ឱ្យ​ឯកឧត្តម​ ស ថេត ​[អគ្គស្នងការ​នគរបាល​ជាតិ] ​ឱ្យ​ពិនិត្យ​មើល​ពង្រឹង​ឡើង​វិញ​នូវ​ការ​ត្រួត​ពិនិត្យ​ជាតិ​អាល់កុល​ ជាតិ​អី​ឡើង​វិញ ​ព្រោះ​អាហ្នឹង​សោកនាដ​កម្ម​ណាស់។​ ឧទាហរណ៍​អារឿង​អី​ថ្ងៃ​មុន​នេះ ​យើ​ងមើល​ទៅ​ដឹង​ហើយ ​អត់​មាន​នរណា​ចង់​ទេ​ សូម្បី​តែ​អ្នក​បើក​ក៏​មិន​ចង់​ដែរ​ ប៉ុន្តែ​អាហ្នឹង​(ស្រា) ​វា​នៅ​ក្នុង​ខ្លួន។​ អ៊ីចឹង​ត្រូវ​ធ្វើ​ម៉េច​ទប់​អាហ្នឹង​កុំ​ឱ្យ​វា​ចូល​ខ្លួន ​ហើយ​ត្រូវ​បើក​បរ​ដោយ​ប្រយ័ត្ន​ប្រយែង។ ​ពង្រឹង​ច្បាប់ ​ពង្រឹង​ការ​ត្រួត​ពិនិត្យ ​អាហ្នឹង។ ​មហា​ជន​ត្រូវ​ចូលរួម សាមី​ខ្លួន​តែ​ម្តង»។​

លោក ​ហ៊ុន ម៉ាណែត ​អះអាង​ថា ​គ្រោះ​ថ្នាក់​ចរាចរណ៍​នេះ​មិ​ន​មែន​កើត​ឡើង​តែ​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​ទេ​ ប៉ុន្តែ​នៅ​តាម​បណ្តា​ខេត្ត​ក៏​មាន​ច្រើន​ដែរ។​

តាម​រយៈ​ការ​បង្ហោះសារ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក ​កាល​ពីថ្ងៃទី ​២៣ ​ខែ​មករា​ ឆ្នាំ​ ២០២៤​ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ​និង​ជា​ឧបនាយក​រដ្ឋមន្ត្រី ​លោក ​ស សុខា ​លើក​ឡើង​ថា នៅ​ក្នុង​ឆ្នាំ​ ២០២៣ ​ជន​រង​គ្រោះ​ជាង​ ១៥០០​នាក់​ បាន​ស្លាប់​នៅ​លើ​ដង​ផ្លូវ ​ដោយ​សារ​តែ​គ្រោះ​ថ្នាក់​ចរាចរណ៍ ​ហើយមូល​ហេតុ​ចម្បង ​គឺ​ដោយ​សារ​ការ​បើក​បរ​ក្រោម​ឥទ្ធិពល​គ្រឿង​ស្រវឹង។ ​លោក​បន្ថែម​ថា ​ការ​បញ្ជា​យានយន្ត​ទាំង​ក្នុង​ស្ថាន​ភាព​ស្រវឹង​មិន​ត្រឹម​តែ​ជា​ការ​ប្រមាថ​អាយុ​ជីវិត​ខ្លួន​ឯង​ប៉ុណ្ណោះ​ទេ ​ប៉ុន្តែ​កាន់​តែ​ធ្ងន់ធ្ងរ​ទៀត​នោះ​ គឺអ្នក​អាច​ក្លាយ​ជា​ឃាតក​គ្រប់​វិនាទី ​ហើយ​ច្បាប់​នឹង​គ្មាន​ការ​លើក​លែង​ឱ្យអ្នក​ជា​ដាច់​ខាត។​

លោក​បញ្ជាក់​ថា៖ ​«ខ្ញុំ​មាន​សេចក្ដី​សង្ឃឹម​ និង​ជឿ​ជាក់​ថា​ បង​ប្អូន​ប្រជា​ពលរដ្ឋ​ទាំង​អស់ ​ជា​ពិសេស​អ្នក​និយម​ទទួលទាន​គ្រឿង​ស្រវឹង​ នឹង​មាន​ការ​ភ្ញាក់​ស្មារតី ​រួមគ្នា​គោរព​ច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវ​គោក ​ពិសេស​រួមគ្នា​លុបបំបាត់​ចោល​នូវ​ទម្លាប់​បើកបរ​ទាំង​ក្នុង​ស្ថានភាព​ស្រវឹង ​តាម​ពាក្យ​ស្លោក​«បើ​ស្រវឹង​កុំ​បើកបរ…»។​

អ្នក​តាម​ដាន​កត់​សម្គាល់​ឃើញ​ថា​ មិន​មាន​ការ​ផ្សព្វផ្សាយ​ឱ្យ​បាន​ទូលំ​ទូលាយ​អំពី​គ្រោះ​ថ្នាក់​ដែល​បង្ក​ឡើង​ដោយ​គ្រឿង​ស្រវឹង ​ដូច​ជា​បញ្ហា​គ្រោះ​ថ្នាក់​ចរាចរណ៍​ជា​ដើម។​

លោក យង់ គិមអេង ​ប្រធាន​មជ្ឈ​មណ្ឌល​ប្រជា​ពលរដ្ឋ ​ដើម្បី​អភិវឌ្ឍន៍​ និង​សន្ដិភាព​ បាន​ប្រាប់​វីអូអេ​ថា ​គ្រោះ​ថ្នាក់​ចរាចរណ៍​បាន​កើត​ឡើង​ច្រើន​ដោយ​សារ​តែ​គ្រឿង​ស្រវឹង ​ប៉ុន្តែ​លោក​ថា​មាន​ការ​ជជែក​ច្រើន​ពី​គ្រោះ​ថ្នាក់​ចរាចរណ៍ ​ប៉ុន្តែ​មិន​និយាយ​ច្រើន​អំពី​វិធាន​ការ ​និង​ការ​គ្រប់​គ្រង​គ្រឿង​ស្រវឹង​នោះ​ឡើយ។​

បើ​តាម​អ្នក​តាម​ដាន​រូប​នេះ​ ការ​អនុវត្ត​ច្បាប់​ឱ្យ​បាន​ត្រឹម​ត្រូវ ​កា​របង្កើត​ច្បាប់​ស្តីពី​ការ​គ្រប់គ្រង​គ្រឿង​ស្រវឹង ​ជាពិសេស​ហាម​ឃាត់​ការ​ផ្សាយ​ពាណិជ្ជ​កម្ម​ពេញ​ផ្ទៃ​ប្រទេស​ គឺ​ជា​វិធាន​ការ​ដ៏​មាន​ឥទ្ធិពល​មួយ​ផង​ដែរ។​

លោក​ថ្លែង​ថា៖ ​«រដ្ឋាភិបាល​ត្រូវ​តែ​ដោះ​ស្រាយ​បញ្ហា​គ្រឿង​ស្រវឹង​នេះ ​បញ្ហា​គ្រោះ​ថ្នាក់​ចរាចរណ៍​នេះ។ ​ទី ១ ​គឺត្រូវ​តែ​អនុវត្ត​ច្បាប់​ចរាចរណ៍​ឱ្យ​បាន​ត្រឹមត្រូវ​ពាក់ព័ន្ធ​ជាមួយ​នឹង​ល្បឿន ​ពាក់ព័ន្ធនឹង​ការ​បើកបរ​ក្រោម​ឥទ្ធិពល​នៃ​គ្រឿង​ស្រវឹង​ ព័ន្ធ​នឹង​ការ​ដាក់​ទោស​ទណ្ឌ។ ​អ្នក​ដែល​បង្ក​ត្រូវ​តែ​ដាក់​ទោស​ទណ្ឌ​ឱ្យ​បាន​សម​ស្រប​ទៅ​តាម​ច្បាប់ ​មិន​អាច​លើក​លែង ​ដើម្បី​មាន​ការ​រាង​ចាល។​ បើ​គាត់​បើក​ក្នុង​ស្ថាន​ភាព​គ្រឿង​ស្រវឹង​ទៀត​ ត្រូវ​តែ​ដាក់​ទៅ​តាម​ហ្នឹង​ដែរ»។​

លោក ​យង់ គិមអេង​ ថា​ ចំណាត់​ការ​ត្រឹម​តែ​ពន្យល់ ​ដោយ​មិន​មាន​វិធាន​ការ​ថ្មី​ គឺ​មិន​អាច​ទប់​ស្កាត់​បាន​ឡើយ​ ហេតុ​នេះ​ត្រូវ​តែ​មាន​វិធាន​ការ​ដើម្បី​ប្តូរ​ឥរិយាបទ​របស់​អ្នក​ស្រវឹង និង​អ្នក​បើកបរ។​

របាយ​ការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍​នៅ​ទូទាំង​ប្រទេស ​គិត​ពី​ថ្ងៃ​ទី ១ ​ខែ​មករា ​ដល់​ថ្ងៃទី​ ២១ ​ខែ​មករា ​ឆ្នាំ​ ២០២៤ ​បង្ហាញ​ថា​ គ្រោះ​ថ្នាក់​ចរាចរណ៍​កើត​ឡើង ​១៨១​ករណី ​ដែល​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់ ​និង​រង​របួស​ជាង​ ៣០៧​នាក់ ​ក្នុង​នោះ​ ៨០​នាក់​បាន​ស្លាប់។​ អាជ្ញាធរ​កត់​សម្គាល់​ថា ​គ្រោះ​ថ្នាក់​ចរាចរណ៍​ទាំង​នោះ​បណ្តាល​មក​ពី​បើក​បរ​ល្មើស​ល្បឿន ​មិន​គោរព​សិទ្ធិ ​ប្រជែង​ និង​បត់​គ្រោះ​ថ្នាក់ ​និង​ស្រវឹង។ ​នេះ​បើ​តាម​របាយ​ការណ៍​របស់​អគ្គ​ស្នងការដ្ឋាន​នគរបាល​ជាតិ។​

គួរ​បញ្ជាក់​ថា​ កាល​ពី​ចុង​ឆ្នាំ ​២០២៣ ​និង​ដើម​ឆ្នាំ​ ២០២៤ ​មាន​គ្រោះ​ថ្នាក់​ចរាចរណ៍​រថយន្ដ​បុក​ម៉ូតូ​ចំនួន​ ៣​ករណី ​នៅ​រាជធានី​ភ្នំពេញ​ដែល​បង្ក​ឡើង​ដោយ​សារ​ការ​បើក​បរ​ក្នុង​ល្បឿន​លឿន​ ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ និង​បើក​បរ​ក្រោម​ឥទិ្ធពល​ជាតិ​ស្រវឹង។​ ករណី​ទី​ ១ ​កើត​ឡើង​កាល​ពី​ថ្ងៃ​ទី ១៤ ​ខែ​ធ្នូ ​ឆ្នាំ​ ២០២៣ ​ដោយ​ជន​បង្ក​បុក​បុរស​ជិះ​ម៉ូតូ​ម្នាក់​ស្លាប់។ ​ករណី​ទី ២ ​កើត​ឡើង​កាល​ពី​ថ្ងៃទី​ ២៤ ​ខែធ្នូ ​ឆ្នាំ ​២០២៣ ​ដែល​បណ្ដាល​ឱ្យ​មនុស្ស​ពីរ​នាក់​ស្លាប់ ​និង​ម្នាក់​រង​របួស​ធ្ងន់។ ​ចំណែក​ករណី​ទី​ ៣ ​កើត​ឡើង​កាល​ពី​ថ្ងៃ​ទី​ ២០ ​ខែ​មករា ​ដែល​បណ្តាល​ឱ្យមនុស្ស​ ៤​នាក់​ស្លាប់ ​និង​របួស​ ៤​នាក់៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG