អយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានសម្រេចឃុំខ្លួនបុរសម្នាក់ដែលបានបើកបរក្នុងល្បឿនលឿន និងមានស្ថានភាពស្រវឹង ០,៥៤មីលីក្រាមក្នុងមួយលីត្រខ្យល់ ហើយបង្កគ្រោះថ្នាក់ចរាចរណ៍ កាលពីសប្តាហ៍មុន ដែលសម្លាប់មនុស្ស ៤ នាក់។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចេញផ្សាយកាលពីថ្ងៃអង្គារ។
សេចក្តីប្រកាសព័ត៌មានឱ្យដឹងថា បន្ទាប់ពីស៊ើបអង្កេត ស្រាវជ្រាវនិងពិនិត្យភស្តុតាងនៅក្នុងសំណុំរឿងនេះ អយ្យការបានសម្រេចបើកការស៊ើបសួរលើជនសង្ស័យឈ្មោះ នាង សំអូន ពីបទ «បើកបរដោយធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន ឬមិនគោរពកាតព្វកិច្ច បទប្បញ្ញត្តិស្តីពីចរាចរណ៍ផ្លូវគោក ហើយបានបណ្តាលឱ្យរបួស និងស្លាប់អ្នកដទៃ ដែលមានបញ្ញត្តឱ្យផ្តន្ទាទោសតាមច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក។
តាមមាត្រា ៨៣ និង ៨៥ នៃច្បាប់ចរាចរណ៍ផ្លូវគោកចែងថា បើបុគ្គលណាបើកបរក្នុងស្ថានភាពស្រវឹង ដោយមានអត្រាជាតិអាកុលចាប់ពី ០,៤០មីលីក្រាមក្នុងមួយលីត្រខ្យល់ ឬចាប់ពី ០,៨០ក្រាមក្នុងមួយលីត្រឈាមឡើងទៅ និងបណ្តាលឱ្យមានរបួសមនុស្សច្រើន បុគ្គលនោះនឹងត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ២ឆ្នាំ ទៅ៥ឆ្នាំ។
គួររំឭកថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើបានកើតឡើងកាលពីថ្ងៃទី ២០ ខែមករា ឆ្នាំ ២០២៤ វេលាម៉ោង ៦និង៤០នាទីល្ងាច។ ជនបង្កឈ្មោះ នាង សំអូន ជាមន្ត្រីនៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បើកបររថយន្ត Ford Ranger ពណ៌ស ដោយល្បឿនលឿន និងស្ថិតក្នុងស្ថានភាពស្រវឹង បុកពីក្រោយម៉ូតូ៤គ្រឿង និងបុករះរថយន្តពីរគ្រឿងបន្ថែមទៀត បណ្តាលឱ្យមនុស្ស ៤នាក់ស្លាប់ និងរងរបួស៤នាក់។ នេះបើតាមរបាយការណ៍របស់នគរបាលរាជធានីភ្នំពេញ៕
វេទិកាបញ្ចេញមតិ