ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ហ៊ុន សែន​ទាល់​ មិន​ទាមទារ​ឲ្យ​ប្រើ​គោរមងារ​«សម្ដេច​»ទេ


លោក​នាយករដ្ឋមន្រ្តី​ ហ៊ុន សែន​ ធ្វើ​សេចក្ដី​ថ្លែងការណ៍អំពី​កំណើត​​គណបក្ស​ប្រជា​ជន​កម្ពុជា​​​​កំឡុង​ពេល​ការ​រំឭឹក​ខួបទី​៦៥​នៃ​ថ្ងៃ​បង្កើត​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ទីស្នាក់​ការ​កណ្ដាល​គណបក្ស​នៅ​ថ្ងៃ​ទី​២៨ ​ខែ​មិថុនា​ឆ្នាំ​២០១៦​ នា​រាជធានី​ភ្នំពេញ ដែល​មាន​អ្នក​ចូលរួម​​ច្រើន​រយនាក់​។ គណបក្ស​ប្រជាជន​កម្ពុជា​មាន​ឈ្មោះ​ដើម​ហៅ​ថា​គណបក្ស​បដិវត្តន៍​ប្រជាជន​ខ្មែរ​ត្រូវបាន​បង្កើត​ឡើង​នៅ​ថ្ងៃ​ទី​២៨​ ខែ​មិថុនា​ ឆ្នាំ​១៩៥១។ (ឡេង ឡែន​/VOA)
លោក​នាយករដ្ឋមន្រ្តី​ ហ៊ុន សែន​ ធ្វើ​សេចក្ដី​ថ្លែងការណ៍អំពី​កំណើត​​គណបក្ស​ប្រជា​ជន​កម្ពុជា​​​​កំឡុង​ពេល​ការ​រំឭឹក​ខួបទី​៦៥​នៃ​ថ្ងៃ​បង្កើត​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ទីស្នាក់​ការ​កណ្ដាល​គណបក្ស​នៅ​ថ្ងៃ​ទី​២៨ ​ខែ​មិថុនា​ឆ្នាំ​២០១៦​ នា​រាជធានី​ភ្នំពេញ ដែល​មាន​អ្នក​ចូលរួម​​ច្រើន​រយនាក់​។ គណបក្ស​ប្រជាជន​កម្ពុជា​មាន​ឈ្មោះ​ដើម​ហៅ​ថា​គណបក្ស​បដិវត្តន៍​ប្រជាជន​ខ្មែរ​ត្រូវបាន​បង្កើត​ឡើង​នៅ​ថ្ងៃ​ទី​២៨​ ខែ​មិថុនា​ ឆ្នាំ​១៩៥១។ (ឡេង ឡែន​/VOA)

ការ​ដាក់​កំហិត​ឲ្យ​ប្រើ​គោរមងារ​​«សម្តេច»​ របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ និង​មន្ត្រី​កម្ពុជា​​នេះ​ធ្លាប់​រង​ការ​រិះគន់​ ​និង​ការ​ចំអក​យ៉ាង​ខ្លាំង​ដោយ​សារព័ត៌មាន​បរទេស​ដោយ​ហេតុ​ថា​គោរមងារ​​ថ្នាក់​ដឹក​នាំ​​ភាគ​ច្រើន​លើ​ពិភព​លោក​មិន​ត្រូវ​បាន​ប្រើប្រាស់​ក្នុង​អត្ថបទ​សារព័ត៌មាន​នោះ​ទេ។​​

លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន ​នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ​ បាន​សម្រេច​ទាត់​ចោល​នូវ​សេចក្តី​ណែនាំ​របស់​ក្រសួង​ព័ត៌មាន​ស្តី​ពី​ការ​ប្រើ​ប្រាស់​គោរមងារ​«សម្តេច»។​ ការ​សម្រេច​ចិត្ត​របស់​លោក​ហ៊ុន​ សែន​នេះ​ធ្វើ​ឡើង​ក្រោយ​ការ​ព្រមាន​ចុង​ក្រោយ​របស់​ក្រសួង​ព័ត៌មាន​ ដែល​តម្រូវ​ឲ្យ​ស្ថាប័ន​ព័ត៌មាន​នៅ​កម្ពុជា​ទាំងអស់​ប្រើ​ប្រាស់​គោរមងារ​របស់​លោក​ហ៊ុន សែន​ និង ​មន្ត្រីខ្មែរ​ក្នុង​អត្ថបទដែល​ចុះ​ផ្សាយ​នានា។ ​ថ្នាក់​ដឹក​នាំ​ស្ថាប័ន​ព័ត៌មាន​នៅ​កម្ពុជាបាន​សាទរ​ចំពោះ​សេចក្តី​សម្រេច​នេះ​ ​ហើយ​ថា​ នឹង​មាន​គម្រោង​ដក​គោរមងារ​«សម្ដេច»​ចេញ​ពី​អត្ថបទ​របស់​ពួក​គេ​វិញ។​

ក្នុង​កិច្ច​ប្រជុំ​គណៈរដ្ឋ​មន្ត្រី ​ប្រចាំ​សប្ដាហ៍​នា​ព្រឹក​ថ្ងៃ​សុក្រ​នេះ ​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​បាន​សម្រេច​ទាត់​ចោល​នូវ​សេចក្តី​ណែនាំ​របស់​ក្រសួង​ព័ត៌មាន​ស្តី​ពី​ការ​ប្រើ​ប្រាស់​គោរមងារ​«សម្តេច» ​ក៏ប៉ុន្តែ​លោក​ហ៊ុន សែន​ដ៏​មាន​ឥទ្ធិពល​ នៅ​តែ​ស្នើ​សុំ​ឲ្យ​អ្នក​សារព័ត៌មាន​ធ្វើ​ការ​ប្រកប​ដោយ​វិជ្ជាជីវៈ​របស់​ខ្លួន។​

ការ​សម្រេច​នេះ​ធ្វើ​ឡើងមិន​ដល់​២៤​ម៉ោង​ផង​ ក្រោយ​មាន​ការ​ព្រមានជា​សាធារណៈ​ចុង​ក្រោយដោយ​ក្រសួង​ព័ត៌មាន​ដែល​បញ្ជា​ឲ្យ​ស្ថាប័ន​ព័ត៌មាន​នៅ​កម្ពុជា​ទាំងអស់​ប្រើ​ប្រាស់​គោរមងារ​«សម្តេច»​ចំពោះ​អត្ថបទចុះ​ផ្សាយ។​ ​ក្នុង​នោះ​ដែរ​ ក្រសួង​ព័ត៌មាន​ក៏​ព្រមាន​បិទ​ស្ថាប័ន​ព័ត៌មាន​ណា​ដែល​មិន​ប្រើ​ប្រាស់​គោរមងារ​តាម​ការ​ណែនាំ​នេះ។ ​ការ​ដាក់​កំហិត​ឲ្យ​ប្រើ​គោរមងារ​នេះ​បាន​រង​ការ​រិះគន់​យ៉ាង​ខ្លាំង​ពី​បណ្ដាញ​សារ​ព័ត៌មាន​ក្នុង​និង​ក្រៅ​ស្រុក។​

លោក​ផៃ ស៊ីផាន​ អ្នក​នាំ​ពាក្យ​នៃ​ទីស្ដីការ​គណៈ​រដ្ឋមន្ត្រី​កម្ពុជា ដែល​ចូលរួម​កិច្ច​ប្រជុំ​នា​ព្រឹក​ថ្ងៃ​សុក្រ​នេះ ​បាន​ប្រាប់​ VOA​ ថា៖​

«លោក​ថា​ ទី១​លោក​ទុក​ជា​ជម្រើស​ដល់អ្នក​សារ​ព័ត៌មាន។ ​បណ្ដាញ​សារព័ត៌មាន​ណា​ដែល​ប្រកាន់​ខ្ជាប់​វប្បធម៌ ​និង​ច្បាប់​ទម្លាប់ ​គេ​ហៅ​តាម​គោរមងារ។ ​បើ​អ្នក​ណា​មិន​ចង់​ជា​ជម្រើស​របស់​គេ ​កុំឲ្យ​គេ​ថា​ លោក​ផ្តាច់​ការ»។​

សេចក្ដី​សម្រេច​ចុង​នេះ​ក៏​ត្រូវ​បាន​ចុះ​ផ្សាយ​ភ្លាមៗ​ក្នុង​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ហ៊ុន សែនផង​ដែរ។​

ស្រប​គ្នា​នោះ​ដែរ​ លោក​អ៊ុក គឹមសេង​ អនុ​រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន​ បាន​ឲ្យ​ដឹង​ថា​ ក្រសួង​ព័ត៌មាន​គ្រាន់​តែ​មាន​តួនាទី​អនុវត្ត​តាម​ការ​សម្រេច​របស់​រដ្ឋាភិបាល​ប៉ុណ្ណោះ។ ​ហើយលោក​មិន​ទាន់​អាច​បញ្ជាក់​ពី​មូលហេតុ​ច្បាស់​លាស់​អំពីការ​ទាត់​ចោល​សេចក្តី​ណែនាំ​ស្តី​ពី​ការ​ប្រើ​ប្រាស់​គោរមងារ​«សម្ដេច»នេះ​ទេ។​

«ការ​សម្រេច​របស់​ក្រសួង​ព័ត៌មាន​បាន​ធ្វើ​មុន ​ហើយ​ប្រមុខ​រដ្ឋាភិបាល​ទើប​តែ​ណែនាំ ​ឬ​ប្រាប់​ថា​ ឲ្យ​លុប​ចោល​សេចក្តី​សម្រេច​ហ្នឹង។ ​នេះ​ជា​ការ​សម្រេច​របស់​ប្រមុខ​រដ្ឋាភិបាល ​ហើយ​ក្រសួង​ចាំ​តែ​អនុវត្ត​តាម​តែ​ប៉ុណ្ណោះ​ឯង»។​

កាល​ពី​ដើម​ខែ​ឧសភា​កន្លង​ទៅ​ ក្រសួង​ព័ត៌មាន​កម្ពុជា​បាន​កោះ​ប្រជុំ​ណែនាំ​ឲ្យ​ស្ថាប័ន​ព័ត៌មាន​ជា​ច្រើន​ក្នុង​ប្រទេស​កម្ពុជាប្រើប្រាស់​គោរមងារ​របស់​លោក​ហ៊ុន សែន​ និង​មន្ត្រីជាន់​ខ្ពស់ជា​ច្រើន​រូប​ក្នុង​ការ​ផ្សាយ​ព័ត៌មាន​របស់​ខ្លួន។​ ការ​ដាក់​កំហិត​នេះ​គឺ​ធ្វើ​តាម​សេចក្ដី​ណែនាំ​របស់​ក្រសួង​កាល​ពី​១៦​ឆ្នាំ​មុន។ យ៉ាងណា​ក៏​ដោយ ​ការ​សម្រេច​នេះ​មិន​ត្រូវ​បាន​អនុវត្ត​ដោយ​សារព័ត៌មាន​កម្ពុជា​ទាំង​អស់​នោះ​ទេ។​ ជា​ថ្មី​ម្ដង​ទៀត ​ក្រសួង​ព័ត៌មាន​កម្ពុជា​បាន​ចេញ​សេចក្ដី​ប្រកាស​ចុង​ ​ក្រោយ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិល​មិញ​ ​ដោយ​ដាក់​កំហិត​បញ្ចប់​អាជ្ញា​បណ្ណ​ចំពោះ​ស្ថាប័ន​ព័ត៌មាន​ទំាង​ឡាយ​ណា​ដែលមិន​គោរព​តាម​ការ​បង្គាប់​របស់​ខ្លួន។​

ទាក់ទិន​នឹង​ការ​លុប​ចោល​ការ​ដាក់​កំហិត​អំពី​ការ​ប្រើប្រាស់​គោរមងារ​នេះ​ ​ស្ថាប័ន​ព័ត៌មាន​ក្នុង​ស្រុក​ និង​អ្នក​សារ​ព័ត៌មាន​មួយ​ចំនួនបាន​អបអរ​សាទរ ​និង​អះ​អាង​ថា​ ខ្លួន​គ្រោង​នឹង​បញ្ចប់​ការ​ប្រើប្រាស់​គោរមងារ​នេះ​ផង​ដែរ។​

លោក​ប៉ែន បូណា​ ប្រធាន​ក្លឹប​អ្នក​កាសែត​កម្ពុជា​ បាន​បង្ហាញ​ពី​ក្តី​រីករាយ​ចំពោះ​ការ​លុប​ចោល​ ការ​ដាក់​កំហិត​ឲ្យ​ប្រើប្រាស់គោរមងារ​«សម្តេច»​នេះ។​ ​លោក​ថ្លែង​ថា​ ការ​សម្រេច​លុប​ចោល​នេះ​ អាច​បំបាត់​ភាព​ចម្រូង​ចម្រាស​រវាង​មន្ត្រី​រដ្ឋាភិបាល​ ​និង​ក្រុម​អ្នក​សារ​ព័ត៌មាន។

«ប្រហែល​ជា​ជួន​កាល​ទៅ​មន្ត្រី​ថ្នាក់​ក្រោម ​ឬ​ក្រសួង​ព័ត៌មាន​គាត់​ចាត់​វិធានការ​មួយចង់​ឲ្យ​អ្នក​សារ​ព័ត៌មាន​យើង​គោរព​នូវ​គោរមងារ​ដែល​ប្រទាន​ដោយ​ព្រះ​មហា​ក្សត្រ។​ ដល់​ពេល​សម្តេច​នាយក​រដ្ឋ​មន្ត្រី​គាត់​ឃើញ​បញ្ហា​ហ្នឹង​ គាត់​ក៏​គិត​ថា​ ប្រហែល​មិន​ចាំ​បាច់​អី​នាំ​ឲ្យ​មាន​ភាព​ស្មុគ​ស្មាញ​អី​ទេ។​ គាត់​ចង់​បើក​សេរីភាព​ឲ្យ​ទូលំទូលាយ។​ អ្នក​ណា​ចង់​ហៅ​អី​ ហៅ​ទៅ។ ​គាត់​ក៏​សម្រេច​លុប​ចោល​តែ​ម្តង​ទៅ​ ដើម្បី​បញ្ចប់​ភាព​ប្រទាំង​ប្រទើស​ទាក់​ទង​នឹងការ​ហៅ​គោរមងារ​នេះ»។​

លោក​គី សុខលីម​ អគ្គនាយក​ប្រតិបត្តិ​នៃ​ស្ថាប័ន​ព័ត៌មាន​អនឡាញ​ថ្មី​ថ្មី ​បញ្ជាក់​ប្រាប់​ VOA​ ពី​ក្តី​សប្បាយ​រីករាយ​របស់​លោក ក្រោយ​ពី​លោក​ទទួល​ដំណឹង​ថា​ លោកហ៊ុន សែនសម្រេច​លុប​ចោល​ការ​ប្រើ​ប្រាស់​គោរមងារ​នេះ។​ លោក​បន្ត​ថា​ លោក​នឹង​ពិភាក្សា​ជាមួយ​ក្រុម​ការងារ​ដើម្បី​សម្រេច​ដក​គោរមងារ​«សម្តេច»​ចេញ​ពី​អត្ថបទ​របស់​ស្ថាប័ន​លោក​វិញ។​

«ប្រសិន​បើ​សម្តេច​គាត់​អនុញ្ញាត​ថា​ មិន​បាច់​ហៅ​គាត់​ជា​គោរមងារ​ក៏​បាន​ដែរ​ ខ្ញុំ​រឹត​តែ​សាទរ​ មាន​ន័យ​ថា​ វា​អត់​មាន​បញ្ហា​ចម្រូង​ចម្រាស​រវាង​បុគ្គល​សាធារណៈ ​និង​អ្នក​សារ​ព័ត៌មាន។ ​អីចឹង​ខ្ញុំ​ត្រឡប់​ទៅ​ដើម​វិញ។​ ខ្ញុំ​នឹង​អាច​ប្រជុំ​ក្រុម​ការងារ​ខ្ញុំ។​ បើ​សិន​ឲ្យ​ខ្ញុំ​ហៅ​«លោក»​វិញ​បាន​ ខ្ញុំ​ប្តូរ​ទៅ​ហៅ​«លោក»​វិញ»។​

ដូចគ្នា​នោះ​ដែរ​ ​លោក​ប៉ា ងួន​ទៀង ​នាយក​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​បណ្ដាញ​ព័ត៌មាន​ឯករាជ្យ ​CCIM​ ដែល​ជា​ស្ថាប័ន​គោល​របស់​វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ​ (VOD) ​បាន​ស្វាគមន៍​ការ​សម្រេច​ចិត្ត​របស់​លោក​ហ៊ុន សែន​ ដែល​ផ្តល់​សេរីភាព​ពេញ​លេញដល់​អ្នក​សារ​ព័ត៌មាន​ ក្នុង​ការ​ហៅ​មន្ត្រី​ជាន់ខ្ពស់​ក្នុង​អត្ថបទ​របស់​ពួក​គេ។​ ​ក៏​ប៉ុន្តែ​លោក​រិះគន់​ថា​ ​ការ​សម្រេច​ចិត្ត​ផ្លាស់​ប្តូរ​ទៅវិញ​ ទៅ​មក​បែប​នេះ​ ឆ្លុះ​បញ្ចាំង​ពី​កម្សោយ​នៃ​ការ​គ្រប់​គ្រង​របស់​រដ្ឋាភិបាល​កម្ពុជា។​

«មិន​ផ្លាស់​ប្តូរ​ទាំង​ស្រុង​ទេ។​ ខ្ញុំ​នៅ​រក្សា​គោល​ការណ៍​ដើម​ ពេលណា​ត្រូវ​ហៅ​«សម្តេច»​ ហៅ​សម្តេច​ ពេល​ណា​ត្រូវ​ហៅ​«លោក»​ ហៅ​លោក។ ​ប៉ុន្តែ​ខ្ញុំ​ឃើញ​ថា​ របៀប​ធ្វើការ​របស់​រដ្ឋាភិបាល​ដូចជា​រញ៉េរញ៉ៃ​ ការ​សម្រេច​ស្រេច​តែ​ចិត្ត។ ​ដូច្នេះ​ វា​ធ្វើ​ឲ្យ​អ្នក​អនុវត្ត​ហ្នឹង​ក៏​វង្វេង​ដែរ។ ​ហើយ​វា​ឆ្លុះ​បញ្ចាំង​ពី​ការ​ធ្វើការ​ដោយ​គ្មាន​គោល​ការណ៍​ គ្មាន​ប្រព័ន្ធ​ច្បាស់លាស់»។​

ការ​ដាក់​កំហិត​ឲ្យ​ប្រើ​គោរមងារ«សម្តេច»​ របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ និង​មន្ត្រី​កម្ពុជានេះ​ធ្លាប់​រង​ការ​រិះគន់​ ​និង​ការ​ចំអក​យ៉ាង​ខ្លាំង​ដោយ​សារព័ត៌មាន​បរទេស​ដោយ​ហេតុ​ថា​គោរមងារថ្នាក់​ដឹក​នាំភាគ​ច្រើន​លើ​ពិភព​លោក​មិន​ត្រូវ​បាន​ប្រើប្រាស់​ក្នុង​អត្ថបទ​សារព័ត៌មាន​នោះ​ទេ។ ​រីឯ​ប្រទេស​កម្ពុជា​គោរមងារ​«សម្តេច‍»​ ​ជា​ច្រើន​ត្រូវ​បាន​ផ្តល់​ឲ្យ​ថ្នាក់​ដឹក​នាំ​កំពូល​នៃ​គណបក្ស​កាន់​អំណាច​របស់​លោក​ហ៊ុន សែន៕

XS
SM
MD
LG