ក្រសួងព័ត៌មាន ជាថ្មីម្ដងទៀត បានចេញលិខិតព្រមានជាលើកចុងក្រោយដល់ស្ថាប័នព័ត៌មានដែលមានវត្តមានក្នុងប្រទេសកម្ពុជាទាំងអស់ ឲ្យប្រើគោរមងារសម្ដេចចំពោះអត្ថបទចុះផ្សាយនានា។
នៅក្នុងលិខិតជូនដំណឹងមួយចុះហត្ថលេខាដោយលោកខៀវ កាញារិទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន កាលពីថ្ងៃពុធម្សិលមិញដែល VOA ទទួលបាននៅថ្ងៃនេះ បានសរសេរថា «ដើម្បីថែរក្សាឲ្យបាននូវអត្តសញ្ញាណ និងវប្បធម៌របស់កម្ពុជា ក្រសួងព័ត៌មានតែងតែណែនាំឲ្យស្ថាប័នព័ត៌មាន និងអ្នកសារព័ត៌មាន ចេះប្រើប្រាស់អំណាចរបស់ខ្លួនប្រកបដោយវិជ្ជាជីវៈផង និងគោរពច្បាប់ផង»។ ក៏ប៉ុន្តែលិខិតនេះអះអាងថា មកទល់ពេលនេះ នៅតែមានអ្នកសារព័ត៌មានមួយចំនួនតូចផ្គើនមិនទាន់ប្រើប្រាស់គោរមងារសម្ដេចនៅក្នុងការចុះផ្សាយអត្ថបទរបស់ពួកគេទេ។
លិខិតដដែលនេះសរសេរថា «បើអង្គភាពណានៅតែបំពានសេចក្តីជូនដំណឹងខាងលើ ក្រសួងព័ត៌មាននឹងចាត់វិធានការតាមភារៈកិច្ច និងសមត្ថកិច្ចដែលច្បាប់រាជរដ្ឋាភិបាលប្រគល់ជូន»។
គួរបញ្ជាក់ថា កាលពីខែឧសភាកន្លងទៅ ក្រសួងព័ត៌មានក៏បានកោះហៅក្រុមអ្នកសារព័ត៌មានដើម្បីណែនាំឲ្យពួកគេប្រើគោរមងាររបស់មន្ត្រីរដ្ឋាភិបាល ជាពិសេសគោរមងារ«សម្ដេច»សម្រាប់មន្ត្រីរដ្ឋាភិបាលកំពូលៗ៕