យុវជនកម្ពុជាភាគច្រើនកំពុងប្រឈមនឹងជំងឺបាក់ទឹកចិត្ត និងថប់អារម្មណ៍ ដោយសារក្តីបារម្ភជុំវិញ បញ្ហាស្នេហា និងគ្មានការងារធ្វើ។ ហើយបញ្ហាផ្លូវចិត្ត អាចកត់សម្គាល់បានតាមរយៈ ភាពអសកម្មក្នុងការបំពេញមុខងារប្រចាំថ្ងៃ និងការបាត់បង់ចំណាប់អារម្មណ៍ចំពោះការចូលរួមសកម្មភាពផ្សេងៗ។ នេះបើយើងតាមអ្នកជំនាញផ្នែកចិត្តវិជ្ជាក្នុងប្រទេសកម្ពុជា។
កាលពីព្រឹកថ្ងៃសុក្រនេះ ដេប៉ាតឺម៉ង់ចិត្តវិទ្យា នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ សហការជាមួយអ្នកជំនាញផ្នែកចិត្តវិទ្យា១៦ស្ថាប័នផ្សេងទៀត បានប្រារព្ធទិវាសុខភាពផ្លូវចិត្តយុវជនលើកទី៤ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដើម្បីលើកកម្ពស់ការយល់ដឹងអំពីបញ្ហាសុខភាពផ្លូវចិត្តនៅកម្ពុជា ជាពិសេសគឺសម្រាប់យុវជន។
លោក កៅ សុវណ្ណតារា សាស្ត្រាចារ្យចិត្តវិទ្យា និងជាអ្នករៀបចំទិវាសុខភាពផ្លូវចិត្តនេះ បញ្ជាក់ប្រាប់ VOA ថា ជំងឺផ្លូវចិត្ត សំដៅដល់ភាពអសកម្មក្នុងការបំពេញមុខងារប្រចាំថ្ងៃ និងការបាត់បង់ចំណាប់អារម្មណ៍ចំពោះការចូលរួមសកម្មភាពផ្សេងៗ ហើយជំងឺផ្លូវចិត្ត កើតចេញពីហេតុការណ៍ណាមួយ ដែលរំខានដល់អារម្មណ៍ និងជីវិតប្រចាំថ្ងៃរបស់មនុស្ស។ នេះបើយោងតាមអ្នកជំនាញចិត្តសាស្ត្រ នៅក្នុងទិវាសុខភាពផ្លូវចិត្តយុវជននៅព្រឹកថ្ងៃសុក្រនេះ។
«យើងឃើញថាប្រជាជនទូទៅ ភាគច្រើនគឺអត់ដឹងទេ ព្រោះបញ្ហាផ្លូវចិត្តហ្នឹង វាពិបាកក្នុងការមើលណាស់ លុះត្រាតែយើងពិនិត្យមើលឲ្យបានដិតដល់ទើបដឹងថាមនុស្សហ្នឹងមានបញ្ហាផ្លូវចិត្ត។ ឧទាហរណ៍ដូចជាអាការៈគាត់ អ្នកជំងឺធ្លាក់ទឹកចិត្ត គឺទី១ គាត់បាត់បង់ចំណាប់អារម្មណ៍ចំពោះសកម្មភាពប្រចាំថ្ងៃរបស់គាត់។ មួយទៀតយើងមើលទៅលើអាការៈរាងកាយគាត់ ហេវហត់អស់កម្លាំង ក៏ជាអាការៈជំងឺផ្លូវចិត្តដែរ។ មួយទៀតគាត់ប្រឈមនឹងអាកប្បកិរិយាប្រឈមមុខនឹងគ្រោះថ្នាក់ ពេលខ្លះអារម្មណ៍គាត់ចង់សម្លាប់ខ្លួន ព្រោះពេលគាត់មានបញ្ហាផ្លូវចិត្ត គាត់គិតថាខ្លួនគាត់អត់មានតម្លៃខ្លួនគាត់អត់ល្អ»។
ពីមួយឆ្នាំ ទៅមួយឆ្នាំ ការប្រារព្ធទិវាសុខភាពផ្លូវចិត្តយុវជនកម្ពុជា មានការកើនឡើងចំនួនអ្នកចូលរួម។ ជាក់ស្តែង កាលពីឆ្នាំ២០១២ មានអ្នកចូលរួមត្រឹមជាង១.២០០នាក់ប៉ុណ្ណោះ។ ដោយឡែកទិវាសុខភាពផ្លូវចិត្តក្នុងឆ្នាំ២០១៦នេះ មានអ្នកចូលរួមចំនួនជាង២.០០០នាក់។
កាលពីឆ្នាំ២០១២ យ៉ាងហោចណាស់មានយុវជនកម្ពុជាចំនួន៤២រូប បានសម្លាប់ខ្លួនដោយសារជំងឺផ្លូវចិត្តធ្ងន់នេះ។
លោក យឹម សុបុត្រា ជាប្រធានផ្នែកពិគ្រោះផ្លូវចិត្ត និងជាវេជ្ជបណ្ឌិតឯកទេសវិកលវិទ្យានៃមន្ទីរពេទ្យរុស្ស៊ី បានធ្វើការបែងចែងជំងឺផ្លូវចិត្ត ជា៥ប្រភេទ គឺជំងឺថប់អារម្មណ៍ ជំងឺធ្លាក់ទឹកចិត្ត ជំងឺវិកលចរិត ជំងឺផ្លូវចិត្តបង្កដោយគ្រឿងស្រវឹង និងគ្រឿងញៀន និងចុងក្រោយគឺជំងឺផ្លូវចិត្តកុមារ។ លោកថា ជំងឺផ្លូវចិត្តនេះ កើតមានឡើងដោយសារសម្ពាធសង្គម និងមជ្ឈដ្ឋានជុំវិញខ្លួន ក៏ប៉ុន្តែការយល់ដឹងពីបញ្ហាសុខភាពផ្លូវចិត្តនៅមានកម្រិតនៅឡើយ។
លោក យឹម សុបុត្រា ថ្លែងប្រាប់ VOA ថា៖
«កាលណាយើងនិយាយពីសុខភាពផ្លូវចិត្ត នៅក្នុងទស្សនៈប្រជាជនយើង ជាពិសេសនៅសហគមន៍ គាត់គិតថាជំងឺសរសៃប្រសាទ ជំងឺវិកលចរិត ជាជំងឺដែលគេរើសអើង។ ចឹងកាលណាគាត់ដើរចូលទទួលសេវាសុខភាពផ្លូវចិត្ត គេថាអ្នកហ្នឹងសរសៃប្រសាទ កន្លែងហ្នឹង ហើយដែលធ្វើឲ្យការយល់ដឹងសុខភាពផ្លូវចិត្តនៅមានកម្រិត»។
លោក យឹម សុបុត្រា ពន្យល់ប្រាប់ពីទំនាក់ទំនងរវាងសុខភាពផ្លូវកាយ និងផ្លូវចិត្តយ៉ាងដូច្នេះ៖ «យើងស្គាល់អំពីសុខភាព។ មនុស្សម្នាក់ៗត្រូវការឲ្យមានសុខុមាលភាពល្អ ចឹងនៅពេលគាត់ឈឺ គាត់ត្រូវការការព្យាបាល។ ត្រូវដឹងថា នៅពេលឈឺផ្លូវចិត្ត គឺឈឺផ្លូវកាយ។ នៅពេលដែលគាត់សម្រាន្តមិនបាន ញ៉ាំមិនបាន ដោយសារជំងឺផ្លូវចិត្ត ធ្វើឲ្យប៉ះពាល់ផ្លូវកាយ។ ចឹងចាំបាច់ណាស់ ដើម្បីថែសុខុមាលភាពឲ្យបានពេញបរិបូណ៌ មិនមែនតែកាយទេ ចិត្តថែមទៀត»។
បើតាមលោក យឹម សុបុត្រា មានការកើនឡើងនៃចំនួនអ្នកមកប្រឹក្សាផ្នែកផ្លូវចិត្តពីមួយឆ្នាំទីមួយឆ្នាំ។ ជាក់ស្តែង កាលពីឆ្នាំ២០១៤ ចំនួនអ្នកមកទទួលសេវាប្រឹក្សាមានត្រឹមតែជាង២៥០នាក់ក្នុងមួយថ្ងៃប៉ុណ្ណោះ ក៏ប៉ុន្តែមកដល់ចុងឆ្នាំ២០១៦នេះ ចំនួនអ្នកមកទទួលសេវាប្រឹក្សានៅឯមន្ទីរពេទ្យរុស្ស៊ីកើនឡើងដល់ចន្លោះពី៣៥០នាក់ដល់៥០០នាក់ក្នុងមួយថ្ងៃ។
លោក អ៊ាន និល ប្រធានគម្រោង អ្នកណែនាំការព្យាបាលផ្លូវចិត្តនៃសមាគម EMDR ប្រចាំកម្ពុជា ឲ្យដឹងថា បញ្ហាផ្លូវចិត្ត ឬការប៉ះទង្គិចផ្លូវចិត្ត សំដៅដល់ហេតុការណ៍ណាមួយ ដែលរំខាន ឬគំរាមកំហែងដល់អារម្មណ៍ និងជីវិតប្រចាំថ្ងៃជាដដែលៗ និងជាបន្តបន្ទាប់ ហើយសាមីខ្លួនមិនអាចគ្រប់គ្រងអារម្មណ៍ខ្លួនឯងបាន។
«និយាយពីការប៉ះទង្គិចផ្លូវចិត្ត វាមានមូលហេតុច្រើន តែនិយាយឲ្យខ្លី ឲ្យតែហេតុការណ៍ណាដែលវារំខាន ឬគំរាមកំហែង នៅតែរំខាន បានន័យថា ធ្វើឲ្យយើងនៅតែនឹកឃើញ ឡើងវិញដដែលៗ ធ្វើឲ្យគាត់នឹកឃើញហើយអារម្មណ៍មិនល្អ រំខានដល់ជីវិតប្រចាំថ្ងៃរបស់គាត់ ក្នុងការគេង សូម្បីតែការយល់សប្តិ»។
លោក អ៊ាន និល បន្តថា «បញ្ហាផ្លូវចិត្ត» កម្រិតស្រាល ដែលគេស្គាល់ថា ភាពតានតឹងផ្លូវចិត្ត ឬស្ត្រេស ហើយងាយកើតឡើងចំពោះមនុស្សទូទៅនោះសាមីខ្លួនអាចមានវិធីសាស្ត្រដើម្បីដោះស្រាយរៀងៗខ្លួន។ ក៏ប៉ុន្តែលោកថា បញ្ហាផ្លូវចិត្តណាដែលអូសបន្លាយរយៈពេលលើសពីមួយខែ ដោយមិនមានភាពធូរស្បើយនោះ អាចវិវត្តទៅជា«ជំងឺផ្លូវចិត្ត»កម្រិតធ្ងន់ ដែលតម្រូវឲ្យសាមីខ្លួនត្រូវពិគ្រោះយោបល់ជាមួយអ្នកឯកទេសផ្នែកចិត្តសាស្ត្រ។
VOAមិនអាចទាក់ទងលោក លី សូវ៉ាន់ អ្នកនាំពាក្យក្រសួងសុខាភិបាលដើម្បីសុំសេចក្តីបំភ្លឺបាននោះនាថ្ងៃសុក្រនេះ៕