នៅក្នុងសង្គមកម្ពុជាដែលឲ្យតម្លៃខ្ពស់លើវប្បធម៌ និងប្រពៃណីបុរាណ ស្ត្រីដែលមានទំនាក់ទំនងស្នេហាជាមួយបុរសជនជាតិបរទេស ជារឿយៗត្រូវបានកោតសរសើរ នៅពេលដែលពួកគេទទួលបានការឧបត្ថម្ភជាថវិកាដើម្បីជួយជីវភាពគ្រួសាររបស់ពួកគេ។ ប៉ុន្តែ ទន្ទឹមពេលជាមួយគ្នា ស្ត្រីទាំងនេះ ក៏ត្រូវបានគេមាក់ងាយថា បានបំពានតម្លៃទំនៀមទម្លាប់ និងប្រពៃណីខ្មែរផងដែរ។ នេះបើយោងតាមអ្នកស្រាវជ្រាវអំពីទំនាក់ទំនងរវាងស្ត្រីខ្មែរ និងបុរសជនជាតិបរទេសនៅកម្ពុជា គឺអ្នកស្រី Heidi Hoefinger។
អ្នកស្រី Hoefinger គឺជាសាស្ត្រាចារ្យនៅមហាវិទ្យាល័យ Berkeyley ទីក្រុងញូវយ៉ក និងជាអ្នកនិពន្ធសៀវភៅដែលមានចំណងជើងថា Sex, Love, and Money in Cambodia: Professional Girlfriends and Transactional Relationships ឬជាភាសាខ្មែរថា «ការរួមភេទ ក្ដីស្រឡាញ់ និងលុយនៅកម្ពុជា៖ មិត្តស្រីអាជីព និងទំនាក់ទំនងបែបទិញដូរ»។
សៀវភៅរបស់អ្នកស្រី វិភាគយ៉ាងលម្អិតអំពីជីវិតរបស់ស្ត្រីខ្មែរ ដែលមានដៃគូស្នេហាជាបុរសជនជាតិបរទេស ដើម្បីស្វែងយល់ថា តើស្ត្រីទាំងនេះ ប្រើប្រាស់សេចក្ដីស្រឡាញ់ដើម្បីពង្រឹងស្ថានភាពសេដ្ឋកិច្ចសង្គមរបស់ពួកគេ និងគ្រួសាររបស់ពួកគេដោយរបៀបណា។
នៅក្នុងបទសម្ភាសន៍ជាមួយ VOA កាលពីពេលថ្មីៗនេះ អ្នកស្រី Hoefinger បានបកស្រាយយ៉ាងលម្អិតអំពីទំនាក់ទំនងនៃសេចក្ដីស្រឡាញ់ និងស្ថានភាពសេដ្ឋកិច្ចនៅក្នុងទំនាក់ទំនងរបស់ស្ត្រីខ្មែរ ជាមួយបុរសជនជាតិបរទេសថា៖
«នៅក្នុងបរិបថទំនាក់ទំនងបែបទិញដូរនេះ ស្ត្រីខ្មែរប្រើប្រាស់សេចក្ដីស្រឡាញ់របស់ពួកគេជាវិធីសាស្ត្រមួយ ដើម្បីបង្កើត និងថែរក្សាទំនាក់ទំនងស្នេហាបែបយូរអង្វែងជាមួយបុរសជនជាតិបរទេស មិនត្រឹមតែដើម្បីថែរក្សាសេចក្ដីស្រឡាញ់នោះប៉ុណ្ណោះទេ ថែមទាំងដើម្បីទទួលបានផលប្រយោជន៍ខាងសេដ្ឋកិច្ចផងដែរ»។
អ្នកស្រីសាស្ត្រាចារ្យ Hoefinger បានធ្វើដំណើរជាអ្នកទេសចរណ៍មកកាន់ប្រទេសកម្ពុជាលើកដំបូងកាលពីឆ្នាំ២០០៣ ហើយបានចាប់អារម្មណ៍ខ្លាំងលើប្រទេសកម្ពុជា ហើយក៏បានបង្កើតមិត្តភាពជាមួយស្ត្រីខ្មែរជាច្រើននាក់ ដែលធ្វើការនៅតាមហាងលក់គ្រឿងស្រវឹងនៅទីក្រុងភ្នំពេញ។
ការស្រាវជ្រាវរបស់អ្នកស្រីនៅកម្ពុជា បានរកឃើញថា ស្ត្រីខ្មែរមួយចំនួនដែលធ្វើចំណាកស្រុកពីតំបន់ជនបទមកទីក្រុងភ្នំពេញ ដើម្បីស្វែងរកការងារធ្វើ បានសម្រេចចិត្តធ្វើការនៅតាមហាងលក់គ្រឿងស្រវឹងរបស់ជនជាតិបរទេស នៅទីក្រុងភ្នំពេញ ដោយសារតែការងារនេះផ្ដល់សន្តិសុខខាងការងារ ប្រាក់បៀវត្សរ៍សមរម្យ និងផ្ដល់សេរីភាពក្នុងម៉ោងធ្វើការ។
ក៏ប៉ុន្តែ បរិយាកាសការងារនៅតាមហាងលក់គ្រឿងស្រវឹងទាំងនេះ បានធ្វើឲ្យស្ត្រីខ្មែរមួយចំនួន ធ្វើការចរចាលើកាតព្វកិច្ចរបស់ខ្លួនក្នុងការថែរក្សាប្រពៃណីខ្មែរ និងសេចក្ដីសម្រេចចិត្តស្វែងរកទំនាក់ទំនងស្នេហា ដើម្បីផលប្រយោជន៍សេដ្ឋកិច្ចជាមួយនឹងបុរសជនជាតិបរទេស។ នេះមានន័យថា ពួកគេត្រូវរួមភេទជាមួយដៃគូរបស់គេ មុនពេលរៀបអាពាហ៍ពិពាហ៍តាមផ្លូវច្បាប់។
បើទោះបីជាត្រូវបានចាត់ទុកជាអំពើខុសឆ្គងដ៏ខ្លាំងនៅកម្ពុជាក៏ដោយ ការរួមភេទមុនពេលរៀបការតាមផ្លូវច្បាប់ កំពុងកាន់តែសាយភាយ។
ការស្ទង់មតិរបស់មូលនិធិអង្គការសហប្រជាជាតិសម្រាប់ប្រជាជន (UNFPA) កាលពីឆ្នាំ២០១៤ បានរកឃើញថា ក្មេងប្រុសប្រមាណ១៥ភាគរយ និងក្មេងស្រីប្រមាណ១១ភាគរយ ដែលមានអាយុចន្លោះ១៣ឆ្នាំ និង១៥ឆ្នាំ ធ្លាប់បានឆ្លងកាត់ការរួមភេទ។
សម្រាប់ស្ត្រីខ្មែរដែលមានដៃគូជាបុរសជនជាតិបរទេស អ្នកស្រី Hoefing បានឲ្យដឹងថា សេចក្ដីស្រឡាញ់ និងតម្រូវការខាងសេដ្ឋកិច្ចមានភាពប្រទាក់ក្រឡាគ្នាខ្លាំង។
«សម្រាប់ស្ត្រីវិញ បញ្ហាផ្លូវចិត្ត និងសេចក្ដីស្រឡាញ់ មានភាពប្រទាក់ក្រឡាគ្នានិងតម្រូវការសេដ្ឋកិច្ច និងតម្រូវការសម្ភារៈ។ ហើយសេចក្ដីស្រឡាញ់រួមមានការបង្ហាញក្ដីស្រឡាញ់ដោយការរួមភេទ ដោយភាពស្និទ្ធស្នាល និងក្តីស្រឡាញ់ដោយការគោរព យកចិត្តទុកដាក់ និងដោយការដឹងគុណជាដើម។ ជាឧទាហរណ៍ ខ្ញុំតែងតែសួរស្ត្រីខ្មែរទាំងនោះថា តើពួកគេស្រឡាញ់មិត្តប្រុសជាជនជាតិបរទេសរបស់គេទេ? ពួកគេបានប្រាប់ខ្ញុំថា ពួកគេស្រឡាញ់មិត្តប្រុសគេ ពីព្រោះមិត្តប្រុសគេមិនវាយធ្វើបាបពួកគេ មិនផឹកគ្រឿងស្រវឹងច្រើនពេក ហើយក៏បានជួយផ្ញើលុយឲ្យគ្រួសារគេចំនួន៣០០ដុល្លារជារៀងរាល់ខែក្នុងរយៈពេលមួយឆ្នាំហើយ»។
អ្នកស្រី Hoefing បានកត់សម្គាល់ថា ប្រពៃណីដោះដូរទ្រព្យសម្បត្តិនៅក្នុងពេលរៀបអាពាហ៍ពិពាហ៍មានចាក់ឫសនៅក្នុងវប្បធម៌ខ្មែរតាំងពីយូរលង់ណាស់មកហើយ។
អ្នកស្រីបានបកស្រាយថា នៅពេលរៀបអាពាហ៍ពិពាហ៍ គ្រួសារខាងកូនប្រុសដែលចូលដណ្ដឹងកូនស្រី ត្រូវបង់ថ្លៃទឹកដោះ ដើម្បីបង្ហាញពីការដឹងគុណដល់គ្រួសារខាងស្រី ដែលបានចិញ្ចឹមបីបាច់កូនស្រី។ ទំនៀមទម្លាប់ប្រពៃណីនេះ ត្រូវបានគោរព និងអនុវត្តជាច្រើនឆ្នាំមកហើយ។
ក៏ប៉ុន្តែ អ្នកស្រី Hoefing បានបន្ថែមថា ក្នុងករណីគ្រួសារខ្សត់ខ្សោយ គេឃើញមានការចរចាគ្នា និងការចូលរួមថវិកាដោយស្មើភាពគ្នារវាងគ្រួសារកូនស្រី និងគ្រួសារកូនប្រុស ដែលគ្រោងរៀបអាពាហ៍ពិពាហ៍ជាមួយគ្នា។
«នេះគឺជាវប្បធម៌មួយ ដែលត្រូវបានអនុវត្តជាយូរមកហើយ។ នៅពេលដែលកូនស្រីរៀបអាពាហ៍ពិពាហ៍ មានការរំពឹងថា នាងនឹងនាំយកសម្ភារៈ និងការឧបត្ថម្ភខាងសេដ្ឋកិច្ចមកឲ្យគ្រួសារទាំងមូល»។
អ្នកស្រីបានបន្ថែមថា ក្ដីរំពឹងនេះ ក៏កើតឡើងមកលើស្ត្រីខ្មែរដែលមានដៃគូជាបុរសជនជាតិបរទេសដូចគ្នាដែរ។
«ដូច្នេះ ទស្សនៈដែលស្ត្រីខ្មែរចង់ឲ្យបុរសជាដៃគូ ជួយគាំទ្រឧបត្ថម្ភនាង និងគ្រួសារនាង មិនគួរត្រូវចាត់ទុកថា ជាអំពើលោភលន់នោះទេ ពីព្រោះការរំពឹងបែបនេះមានចាក់ឫសនៅក្នុងវប្បធម៌ខ្មែរតាំងពីយូរលង់ណាស់មកហើយ»។
ទោះជាយ៉ាងណាក្ដី អ្នកស្រីបានទទួលស្គាល់ថា ក្នុងករណីខ្លះ ការរំពឹងបែបនេះនៅតែត្រូវបានគេរើសអើងថាជាអំពើលោភលន់ដដែល។
ជាមួយគ្នានេះ ការស្រាវជ្រាវរបស់អ្នកស្រី Hoefinger ក៏បានរកឃើញថា ក្នុងករណីមួយចំនួនធំ«ការមិនស្វែងយល់ដឹងឲ្យច្បាស់អំពីភាពខុសគ្នាខាងវប្បធម៌ ការយល់ច្រឡំ និងការមិនជឿទុកចិត្តគ្នារវាងស្ត្រីខ្មែរ និងដៃគូរបស់ពួកគេដែលជាបុរសជនជាតិបរទេស អាចបណ្ដាលឲ្យមានផលប៉ះពាល់ខាងរូបរាងកាយ និងខាងសតិអារម្មណ៍» ដែលក្នុងនោះរួមមាន អំពើហិង្សាលើផ្លូវចិត្ត និងលើរូបរាងកាយជាដើម។
អ្នកស្រី Hoefinger បានបញ្ជាក់ថា បញ្ហានេះគឺជាបញ្ហាដ៏គួរឲ្យព្រួយបារម្ភមួយ ដោយសារតែការគាំពារខាងសុខភាពផ្លូវចិត្ត មិនទទួលបានការយកចិត្តទុកដាក់ខ្លាំងនៅក្នុងប្រទេសកម្ពុជាឡើយ។
«គោលបំណងមួយនៃការស្រាវជ្រាវរបស់ខ្ញុំ គឺសង្ឃឹមថា ការស្រាវជ្រាវនេះអាចនឹងយកទៅប្រើប្រាស់ដើម្បីជួយសម្រួលដល់ការរៀបចំជាគម្រោងជួយសង្គ្រោះជាលក្ខណៈអន្តរជាតិ និងជាលក្ខណៈថ្នាក់ជាតិនៅកម្ពុជា ដែលផ្ដោតទៅលើការណែនាំខាងវប្បធម៌ដល់ដៃគូស្នេហា ដោយផ្ដល់ជាការប្រឹក្សាខាងទំនាក់ទំនងស្នេហា សេវាកម្មថែទាំសុខភាពផ្លូវចិត្ត ជំងឺតានតឹងផ្លូវចិត្ត និងអំពើហិង្សាខាងយេនឌ័រជាដើម»។
សម្រាប់ទំនាក់ទំនងបែបវប្បធម៌ចម្រុះ ដូចជាករណីស្ត្រីខ្មែរដែលមានដៃគូបុរសជាជនជាតិបរទេសនេះ អ្នកស្រីសាស្ត្រាចារ្យផ្ដល់អនុសាសន៍ថា ការយកចិត្តទុកដាក់គួរតែត្រូវផ្ដោតទៅលើគ្រោះថ្នាក់ ដែលអាចកើតឡើងដោយសារការរំលោភបំពានខាងផ្លូវចិត្ត ការធ្វើបាបខ្លួនឯង និងការប៉ុនប៉ងសម្លាប់ខ្លួនផងដែរ៕