ក្រុមមន្ត្រីផ្លូវការរបស់រដ្ឋាភិបាលក្រុងភ្នំពេញ នៅថ្ងៃសុក្រនេះ ផ្តល់ការពន្យល់ទៅសមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិកមួយចំនួនដែលទាមទារឱ្យមានការរំឭកឡើងវិញនូវកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសថា ការអនុវត្តប្រជាធិបតេយ្យ និងការគោរពរសិទ្ធិមនុស្សនៅកម្ពុជាកំពុងមានភាពល្អប្រសើរឡើង ដែលផ្ទុយពីការចោទប្រកាន់ពីក្រុមជំទាស់។
កាលពីថ្ងៃព្រហស្បតិ៍ សមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិក ៤ រូប បានអំពាវនាវឱ្យមេដឹកនាំកម្ពុជាគឺលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គោរពតាម «ការសន្យាខាងលទ្ធិប្រជាធិបតេយ្យ» ដែលមានចែងនៅក្នុងកិច្ចព្រមព្រៀងទីក្រុងប៉ារីសឆ្នាំ ១៩៩១ ខណៈមេដឹកនាំរដ្ឋាភិបាលក្រុងភ្នំពេញរូបនេះ កំពុងលេចមុខលេចមាត់ ចូលរួមកិច្ចប្រជុំកំពូលអាមេរិក-អាស៊ាន នៅរដ្ឋធានីវ៉ាស៊ីនតោនរបស់សហរដ្ឋអាមេរិក។
បើតាមសេចក្តីថ្លែងការណ៍រួមរបស់សមាជិកព្រឹទ្ធសភា៤រូប រួមមានលោក Edward J. Markey សមាជិកព្រឹទ្ធសភាតំណាងរដ្ឋ Massachusetts លោក Mitt Romney សមាជិកព្រឹទ្ធសភាតំណាងរដ្ឋ Utah លោក Bob Menendez សមាជិកព្រឹទ្ធសភាតំណាងរដ្ឋ New Jersey និងលោក Jim Risch សមាជិកព្រឹទ្ធសភាតំណាងរដ្ឋ Idaho ការសន្យាឱ្យកម្ពុជាមានប្រព័ន្ធប្រជាធិបតេយ្យតាមរយៈកិច្ចព្រមព្រៀងសន្តិភាពដែលបានធ្វើឡើងកាលពីឆ្នាំ៣០មុន នោះត្រូវបានគំរាមកំហែងដោយសកម្មភាពរបស់រដ្ឋាភិបាលលោក ហ៊ុន សែន។
សមាជិកព្រឹទ្ធសភាទាំង៤រូប ក៏បានស្វាគមន៍ការអនុម័តរបស់ព្រឹទ្ធសភាសហរដ្ឋអាមេរិកចំពោះសំណើច្បាប់ស្តីពីការរំឭកកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសស្តីពីកម្ពុជា ដែលមានប្រទេស ១៩ ជាហត្ថលេខី ក្នុងនោះក៏មានរដ្ឋាភិបាលរដ្ឋធានីវ៉ាស៊ីនតោនផងដែរ។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានថ្លែងការពារការខិតខំរបស់កម្ពុជាក្នុងការអនុវត្តតាមកិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រនេះថា ប្រជាពលរដ្ឋខ្មែរកំពុងទទួលបានផ្លែផ្កាពីកិច្ចព្រមព្រៀងនេះ ដោយលោកថាការអនុវត្តលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សក្នុងប្រទេសកម្ពុជាកំពុងមានភាពល្អប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ។
លោកថ្លែងថា៖ «យើងបាននឹងកំពុងអនុវត្តកិច្ចព្រមព្រៀងទីក្រុងប៉ារីសហើយ។ អ៊ីចឹងបានយើងឃើញថា ការអនុវត្តលទ្ធិប្រជាធិបេតេយ្យ និងការគោរពសិទ្ធិមនុស្សមានការរីកចម្រើននៅកម្ពុជា [ដែល]មិនដូចការចោទប្រកាន់ពីមជ្ឈដ្ឋានប្រឆាំងទេ»។
ឆ្លើយតបទៅនឹងការលើកឡើងរបស់សមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិក ដែលចង់ឱ្យកម្ពុជារំឭកកិច្ចព្រមព្រៀងចុះថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១នៅទីក្រុងប៉ារីស ប្រទេសបារាំងនោះ លោក សុខ ឥសាន បកស្រាយថា៖
«រំឭក[កិច្ចព្រមព្រៀង២៣តុលា១៩៩១]អី បើយើងរំឭករាល់ថ្ងៃហើយ មានរំឭកអីទៀត។ គ្រាន់ខ្ញុំយល់ថា សភាអាមេរិក៤ ឬ៥នាក់ហ្នឹង ក្តាប់សភាពការណ៏កម្ពុជា អត់បានផង។ បើមកស្រុកខ្មែរ ឃើញសភាពការណ៍ពិតដឹង ថាតើប្រជាជនខ្មែររស់នៅរបៀបម៉េច សប្បាយរីករាយនៅក្នុងរង្វង់គ្រួសារ ក្នុងសង្គមជាតិហើយ នៅចង់ទាមទារអីទៀត»។
បើតាមលោក សុខ ឥសាន ដែលជាសមាជិកព្រឹទ្ធសភាកម្ពុជាមកពីគណបក្សកាន់អំណាចផងនោះ ទាំងថ្នាក់ដឹកនាំរដ្ឋាភិបាល និងប្រជាពលរដ្ឋខ្មែរ តែងតែប្រាថ្នាចង់ឃើញកម្ពុជាអនុវត្តច្បាប់បានត្រឹមត្រូវដើម្បីធានាស្ថិរភាពនយោបាយ ក៏ដូចជារៀបចំសណ្តាប់ធ្នាប់សង្គមឱ្យបានល្អ។
អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា លោក ផៃ ស៊ីផាន ប្រាប់វីអូអេនៅថ្ងៃសុក្រនេះថាកម្ពុជា មានច្បាប់របស់កម្ពុជា និងរដ្ឋធម្មនុញ្ញក្នុងការអនុវត្ត ដែលមិនអាចយកកិច្ចព្រមព្រៀង២៣តុលាទៅជាចង្អុលបង្ហាញ ឱ្យកម្ពុជាធ្វើការសម្រេចចិត្តក្នុងកិច្ចការណាមួយបានទ
លោកបន្ថែមថា បុគ្គលដែលថាឱ្យកម្ពុជាអនុវត្តតាមកិច្ចព្រមព្រៀងនេះ មានបំណងកេងចំណេញនយោបាយផ្ទាល់ខ្លួនតែប៉ុណ្ណោះ ពោលគឺមិនបានផ្តោតទៅលើទិដ្ឋភាពរស់នៅជាក់ស្តែងរបស់ពលរដ្ឋខ្មែរនោះទេ។
លោកថ្លែងថា៖ «ចំពោះរាជរដ្ឋាភិបាល គឺយើងអនុវត្តតាមច្បាប់របស់កម្ពុជា...។ ប្រជាពលរដ្ឋខ្មែរអនុវត្តច្បាប់របស់កម្ពុជាដែរ យើងអត់មានអនុវត្តអ្វីក្រៅពីច្បាប់របស់កម្ពុជាទេ ពីព្រោះកម្ពុជាមានច្បាប់រដ្ឋធម្មនុញ្ញ កម្ពុជាមានតំណាងរាស្ត្ររបស់ផ្ទាល់ខ្លួន កម្ពុជាមានតុលាការរបស់ផ្ទាល់ខ្លួន។ ដូច្នេះ អ្វីដែលជា២៣តុលាហ្នឹង គ្រាន់ជាឧត្តមគតិដែលបានដកស្រង់ ហើយនឹងតាក់តែងបញ្ចូលក្នុងច្បាប់។ ហើយ២៣តុលាវាគ្រាន់ជានិមិត្តរូបទេ នៃឧត្តមគតិ នៃសេចក្តីសម្រេច ដែលខ្មែរ ទាំងអស់គ្នាចង់បាន ។ មិនមែនជាការចង្អុលបង្ហាញ ឱ្យទៅអនុវត្ត ឬដាក់ទណ្ឌកម្មនោះទេ ពីព្រោះវាមិនមែនជាច្បាប់»។
នាយករងទទួលបន្ទុកសិទ្ធិមនុស្សនៃអង្គការលីកាដូ លោក អំ សំអាត លើកទឹកឱ្យរដ្ឋាភិបាលកម្ពុជា អនុវត្តតាមកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ត្រង់ចំណុចដែលនៅមិនទាន់អស់សុពលភាព តួយ៉ាង ការកសាងប្រព័ន្ធប្រជាធិបតេយ្យដែលមាំមួន និងការគោរពឱ្យបាននូវសេរីភាពជាមួយមូលដ្ឋានរបស់ពលរដ្ឋ។
ស្រដៀងគ្នានេះដែរ អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា ក៏បានកត់សម្គាល់ស្ថានភាពមិនទាន់ប្រសើរឡើងនូវការអនុវត្តសិទ្ធិនយោបាយរបស់ពលរដ្ឋ និងការបើកឱ្យមានការបោះឆ្នោតសេរីពហុបក្ស ដោយលើកហេតុផល គិតចាប់តាំងពីការរំលាយគណបក្សសង្គ្រោះជាតិមកនោះ គឺរដ្ឋសភាកម្ពុជាកំពុងស្ថិតក្រោមការគ្រប់គ្រងដោយគណបក្សតែមួយ។
លោកបន្ថែមដោយសំដៅទៅលើរដ្ឋាភិបាលថា៖ «ជៀសវាងទៅអ្វីដែលខ្លួនឯងចង់បាន ហើយចេះតែបង្វែរថារឿងនេះទៅអីចេះ ទៅអីចុះ វាមិនមែនជាជាការទទួលខុសត្រូវតាមខ្លឹមសារដើមនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ឬក៏ដូចជាស្មារតីនៃរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលរបស់ប្រទេសកម្ពុជាទេ»។
គួររំឭកឡើងវិញផងដែរថា កិច្ចព្រមព្រៀងសន្តិភាពទីក្រុងបារីស (Paris Peace Agreement) ដែលបានធ្វើឱ្យខ្មែរ ៤ភាគី ឈប់បាញ់គ្នា នាំឲ្យមានសន្តិភាព ធានាបូរណភាពដែនដី អធិបតេយ្យភាពជាតិ ការអភិវឌ្ឍជាដើមផងនោះ គឺជាស្នាព្រះហស្ថរបស់សម្តេចឪព្រះបាទនរោត្តម សីហនុ ដែលជាអ្នកផ្តួចផ្តើម៕