នាថ្ងៃព្រហស្បតិ៍នេះ អ្នកនាំពាក្យនៃក្រសួងមហាផ្ទៃ គឺលោក ខៀវ សុភ័គ ឲ្យដឹងថា សាលាដំបូងរាជធានីភ្នំពេញ នឹងអាចបើកសវនាការជាសាធារណៈមួយនាពេលឆាប់ៗខាងមុខ ចំពោះករណីឃាតកម្មដ៏គួរឲ្យរន្ធត់ លើរូប លោក កែម ឡី អ្នកវិភាគនិងស្រាវជ្រាវសង្គម។ ក៏ប៉ុន្តែលោកនាយឧត្ដមសេនីយ៍រូបនេះ មិនអាចបញ្ជាក់ពីកាលបរិច្ឆេទនៃសវនាការនេះនៅឡើយទេ។
នាយឧត្ដមសេនីយ៍ ខៀវ សុភ័គ ក៏បានបញ្ជាក់ផងដែរថា ក្រោយពីតុលាការបញ្ចប់ការប្រមូលភស្តុតាង និងការស៊ើបអង្កេតរបស់ខ្លួន លោករំពឹងថា សវនាការជាសាធារណៈមួយនឹងធ្វើឡើងរួមទាំងការបង្ហាញភស្តុតាងជាសាធារណៈផងដែរ។
លោកបន្ថែមថា៖
«ខ្ញុំសង្ឃឹមថា តុលាការ លោកនឹងបើកធ្វើសវនាការក្នុងពេលឆាប់ៗហ្នឹង ហើយពេលនោះជាសវនាការសាធារណៈ ហើយទាំងមេម៉ូរី (memory) កាតវីដេអូ អាចនឹងអញ្ជើញប្អូនៗទៅមើល ឆាប់ៗ ហ្នឹងឬក៏ពេលណាអាស្រ័យលើតុលាការទេ ឥឡូវហ្នឹងគេកំពុងធ្វើការស៊ើបអង្កេត ប្រមូលរឿងឲ្យជុំសិន ជុំមួយសំណុំរឿងសិន បើកសវនាការហើយ»។
លោក កែម ឡី អ្នកវិភាគ និងស្រាវជ្រាវសង្គមដែលតែងតែរិះគន់ រដ្ឋាភិបាលលោក ហ៊ុន សែន និងគណបក្សជំទាស់នោះ ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់នៅនឹងកន្លែង ក្នុងហាងកាហ្វេមួយនៅរាជធានីភ្នំពេញ កាលពីខែកក្កដាកន្លងទៅ។ ការបាញ់សម្លាប់លោក កែម ឡី កើតឡើងតែប៉ុន្មានថ្ងៃ បន្ទាប់ពីលោកផ្តល់កិច្ចសម្ភាសន៍ដល់អ្នកសារព័ត៌មានពាក់ព័ន្ធនឹងរបាយការណ៍មួយរបស់អង្គការGlobal Witness ដែលបានបង្ហាញពីទ្រព្យសម្បត្តិរបស់គ្រួសារលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលមានទឹកប្រាក់២០០លានដុលា្លរ។
អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក លី សុផាណា បានប្រាប់ VOA នាល្ងាចថ្ងៃព្រហស្បតិ៍នេះ ថា ចៅក្រមស៊ើបសួរកំពុងបន្តចំណាត់ការស៊ើបសួរលើសំណុំរឿងឃាតកម្មលោក កែម ឡី។
លោកមានប្រសាសន៍ថា៖
«ពួកយើងកំពុងតែជំរុញនៅក្នុងរឿងស៊ើបក្នុងករណីនេះ ហើយចំពោះការបង្ហាញជាសាធារណៈ ឬក៏យ៉ាងណានោះ គឺយើងនឹងពិនិត្យតាមស្ថានភាពជាក់ស្តែង ប៉ុន្តែក៏ត្រូវតែគោរពនូវការសម្ងាត់នៃការស៊ើបសួរ រួមទាំងឯកសារក្នុងសំណុំរឿងមួយចំនួនដែលមិនអាចផ្សព្វផ្សាយជាសាធារណៈបានទេក្រៅពីភាគីនៅក្នុងរឿងក្តីដែលគាត់អាចបានទទួលព័ត៌មាន ឬមួយក៏អាចពិនិត្យឯកសារណាមួយនៅក្នុងនីតិវិធី»។
ក្រោយការបាញ់សម្លាប់លោក កែម ឡី សមត្ថកិច្ច បានចាប់ខ្លួនខ្មាន់កាំភ្លើងម្នាក់ដែលអះអាងថាឈ្មោះ «ជួប សម្លាប់» ហើយថា ខ្លួនបាញ់សម្លាប់លោក កែម ឡី ព្រោះរឿងបំណុល ត្រូវបានសាលាដំបូងរាជធានីភ្នំពេញឃុំខ្លួន ដើម្បីស៊ើបអង្កេត តាមបទចោទ ឃាតកម្មគិតទុកជាមុន និងប្រើប្រាស់អាវុធខុសច្បាប់។ តាមច្បាប់កម្ពុជា ជននេះនឹងអាចជាប់ពន្ធនាគារអស់មួយជីវិត ប្រសិនបើតុលាការរកឃើញថាមានកំហុស។ យ៉ាងណាក៏ដោយករណីបាញ់សម្លាប់ លោកកែម ឡី ធ្វើឲ្យមានមន្ទិលសង្ស័យជាច្រើនពីសំណាក់ អ្នកគាំទ្រលោក មន្ត្រីអង្គការសង្គមស៊ីវិល និង អ្នកឃ្លាំមើលការវិវត្តនយោបាយក្នុងប្រទេសកម្ពុជា។
លោក អំ សំអាត ប្រធានការិយាល័យបច្ចេកទេសស៊ើបអង្កេតនៃអង្គការលីកាដូមានប្រសាសន៍ថាលោកមិនមានជំនឿថា តុលាការអាចផ្តល់យុត្តិធម៌ឲ្យជនរងគ្រោះបាននោះទេ ប្រសិនជាគ្មានឆន្ទៈ ។ លោកថា កន្លងមក ករណីឃាតកម្មធំៗដូចជាការសម្លាប់លោក ជា វិជ្ជា និងលោក ឈុត វុទ្ធី រដ្ឋាភិបាលនៅតែមិនអាចវែកមុខឃាតករមកផ្តន្ទាទោសបាននៅឡើយ។
លោក អំ សំអាត ថ្លែងប្រាប់ VOA ថា៖
«អាជ្ញាធរ ឬក៏សមត្ថកិច្ចនគរបាលយុត្តិធម៌របស់កម្ពុជាយើងមិនមែនអសមត្ថភាពទេ ការធ្វើការស៊ើបអង្កេតគឺមានសមត្ថភាពគ្រប់គ្រាន់ បើយើងធៀបទៅករណីលោកឧកញ៉ា អ៊ឹង ម៉េងជឺ ដែលត្រូវបានបាញ់សម្លាប់ យើងឃើញហើយមិនបានប៉ុន្មានថ្ងៃ គឺសមត្ថកិច្ចធ្វើការស៊ើបអង្កេត និងស្រាវជ្រាវរកឃើញភ្លាម អានេះវាអាស្រ័យទៅលើឆន្ទៈ ហើយអ្វីនៅពីក្រោយការបាញ់សម្លាប់លោកបណ្ឌិត កែម ឡី តែប៉ុណ្ណោះ ហើយតើរដ្ឋាភិបាលនិងអាជ្ញាធរហ៊ានទម្លុះនូវអាថ៌កំបាំងពីក្រោយការបាញ់សម្លាប់នេះដែរឬទេ?»។
អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គមលោក មាស នី ប្រាប់ VOA ថា ប្រសិនជារដ្ឋាភិបាលមិនអាចស្រាវជ្រាវរកឃើញអ្នកនៅពីក្រោយឃាតកម្មនេះ នោះស្ថានការណ៍នយោបាយនៅកម្ពុជានឹងប្រឈមនឹងវិបត្តិធ្ងន់ធ្ងរ។
លោកមាស នី បន្ថែមថា៖
«បើសិនណាជារដ្ឋាភិបាលមិនបានយកចិត្តទុកដាក់ក្នុងការស៊ើបអង្កេតដោយយុត្តិធម៌ឲ្យឃើញទេ ខ្ញុំយល់ថា វាអាចមានកំហឹងមហាជនហើយវាជារឿងគ្រោះថ្នាក់មួយនៅពេលយើងមានរឿងស្ថានការណ៍ផ្លាស់ប្តូរណាមួយបន្តិចបន្តួច វាអាចក្លាយជាអំពើហិង្សាណាមួយ នេះដោយសារកំហឹងពលរដ្ឋហ្នឹងខឹងទៅលើរដ្ឋាភិបាល ហើយចោទរដ្ឋាភិបាលថាជាអ្នកនៅពីក្រោយរឿងទាំងអស់ហ្នឹង ដោយសារអី ដោយសាររដ្ឋាភិបាលមិនបានចេញនូវប្តេជ្ញាចិត្តឲ្យបានខ្ពស់រកយុត្តិធម៌ជូនលោក កែម ឡី ដូច្នេះការចោទប្រកាន់ហ្នឹងវានៅតែមាន»។
សមត្ថកិច្ចបានត្អូញត្អែរពីការលំបាករបស់មន្ត្រីជំនាញ ក្នុងការទាញយកចម្លើយស្វែងរកអ្នកពាក់ព័ន្ធ និងអ្នកនៅពីក្រោយឃាតកម្មនេះមកផ្តន្ទាទោស បើទោះបីជាកន្លែងឃាតកម្មបាញ់សម្លាប់លោក កែម ឡី នៅក្នុងស្តាម៉ាតជាប់ស្តុបបូកគោនោះមានបំពាក់កាមេរ៉ាសុវត្ថិភាពទាំងក្នុងហាង និងនៅតាមបង្គោលស្តុបទាំង៤ត្រង់ផ្លូវបំបែកក៏ដោយ៕