ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណបក្ស​ដែល​លោក​​កែម ឡី​​ជួយ​បង្កើត​ស្នើ​កុំ​ឲ្យ​មាន​ការ​លាប​ពណ៌​នយោបាយ


លោក យ៉ង សាំងកុមារ ប្រធាន​កម្មវិធី​ពង្រឹង​សមត្ថភាព​ថ្នាក់ដឹកនាំ​មូលដ្ឋាន​នៃ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ថ្លែង​នៅក្នុង​ថ្ងៃ​ប្រារព្​ធខួប​នៃ​ការបង្កើត​គណបក្ស​ថ្មី​ដែល​មាន​អាយុ​មួយឆ្នាំ​នានេះ កាលពីព្រឹកថ្ងៃអង្គារ ទី ២ ខែសីហា ឆ្នាំ២០១៦ នៅស្នាក់ការបក្សនៃរាជធានីភ្នំពេញ។(ឡេង ឡែន/VOA)
លោក យ៉ង សាំងកុមារ ប្រធាន​កម្មវិធី​ពង្រឹង​សមត្ថភាព​ថ្នាក់ដឹកនាំ​មូលដ្ឋាន​នៃ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ថ្លែង​នៅក្នុង​ថ្ងៃ​ប្រារព្​ធខួប​នៃ​ការបង្កើត​គណបក្ស​ថ្មី​ដែល​មាន​អាយុ​មួយឆ្នាំ​នានេះ កាលពីព្រឹកថ្ងៃអង្គារ ទី ២ ខែសីហា ឆ្នាំ២០១៦ នៅស្នាក់ការបក្សនៃរាជធានីភ្នំពេញ។(ឡេង ឡែន/VOA)

ថ្លែង​នៅ​ក្នុង​ថ្ងៃ​ប្រារព្ធ​ខួប​នៃ​ការ​បង្កើត​គណបក្ស​ថ្មី​ដែល​មាន​អាយុ​១​ឆ្នាំ​នេះ​​ កាល​ពី​ព្រឹក​ថ្ងៃ​អង្គារ​ ទី២​ ខែ​សីហា​នេះ លោក​ យ៉ង សាំង​កុមារ​ ​បន្ថែម​ថា ​គណបក្ស​លោក​​នឹង​បន្ត​អនុវត្ត​និង​បន្ត​ផ្សព្វផ្សាយ​គោល​នយោបាយ​របស់​ខ្លួន​ បើ​ទោះ​បី​ជា​មាន​ស្ថាបនិក​បក្ស​ម្នាក់​របស់​លោក​គឺ ​លោក​បណ្ឌិត កែម ឡី ស្លាប់​ក៏​ដោយ​ក្ដី។

កាល​ពី​ព្រឹក​ថ្ងៃ​អង្គារ ទី២ ខែ​សីហា​ ឆ្នាំ​២០១៦ ​នេះ គណបក្ស​ដែល​ទើប​តែ​បង្កើត​ថ្មី​មួយ​គឺ​ គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ​ដែល​មាន​ស្ថាបនិក​មក​ពី​អង្គការ​សង្គម​ស៊ីវិល​និង​អ្នក​វិភាគ​កិច្ច​អភិវឌ្ឍន៍​សង្គម​មួយ​ចំនួន​ដូច​ជា​លោក​បណ្ឌិត កែម ឡី ​ដែល​ត្រូវ​ខ្មាន់​កាំភ្លើង​បាញ់សម្លាប់​ថ្មីៗ​នេះ ​បាន​ប្រារព្ធ​ខួប​គម្រប់​មួយ​ឆ្នាំ​របស់​ខ្លួន​នៅ​រាជធានី​ភ្នំពេញ។ មេដឹកនាំ​គណបក្ស​នេះ​បានអំពាវនាវ​កុំ​ឲ្យ​មាន​ការ​លាប​ពណ៌​នយោបាយ​រវាង​អ្នក​នយោបាយ​កម្ពុជា។

លោក​ យ៉ង សាំង​កុមារ​ ប្រធាន​កម្មវិធី​ពង្រឹង​សមត្ថភាព​ថ្នាក់ដឹកនាំ​មូលដ្ឋាន​នៃ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ប្ដេជ្ញា​បន្ត​ការងារ​របស់​គណបក្ស​ បើ​ទោះ​បី​ជា​លោក​ កែម ឡី​ ស្លាប់​ទៅ​ហើយ​ក្ដី។​ លោក​ក៏​ស្នើ​សុំ​ឲ្យ​បញ្ឈប់​ការ​ចោទ​ប្រកាន់​គ្នា​រវាង​អ្នក​នយោបាយ​ទៅ​វិញ​ទៅ​មក ជា​ពិសេស​ពី​ប្រធាន​គណបក្ស​ប្រឆាំង​លោក​ សម រង្សី ដែល​ធ្លាប់​និយាយ​ថា​ លោក ​កែម ឡី ធ្លាប់​មាន​បំណង​ចូល​រួម​គណបក្ស​សង្រ្គោះ​ជាតិ។

លោក ​យ៉ង​ សាំងកុមារ ​ប្រធាន​កម្មវិធី​ពង្រឹង​សមត្ថភាព​ថ្នាក់ដឹកនាំ​មូលដ្ឋាន​នៃ​គណបក្ស​ប្រជាធិបតេយ្យមូលដ្ឋានថ្លែង​ថ្ងៃ​អង្គារ​ ទី ២ ខែ​សីហា​ ឆ្នាំ​២០១៦ នៅ​រាជធានី​ភ្នំពេញ។ ​(ឡេង ឡែន/VOA)
លោក ​យ៉ង​ សាំងកុមារ ​ប្រធាន​កម្មវិធី​ពង្រឹង​សមត្ថភាព​ថ្នាក់ដឹកនាំ​មូលដ្ឋាន​នៃ​គណបក្ស​ប្រជាធិបតេយ្យមូលដ្ឋានថ្លែង​ថ្ងៃ​អង្គារ​ ទី ២ ខែ​សីហា​ ឆ្នាំ​២០១៦ នៅ​រាជធានី​ភ្នំពេញ។ ​(ឡេង ឡែន/VOA)

ថ្លែង​នៅ​ក្នុង​ថ្ងៃ​ប្រារព្ធ​ខួប​នៃ​ការ​បង្កើត​គណបក្ស​ថ្មី​ដែល​មាន​អាយុ​១​ឆ្នាំ​នេះ កាល​ពី​ព្រឹក​ថ្ងៃ​អង្គារ​ ទី២​ ខែ​សីហា​នេះ លោក​ យ៉ង សាំង​កុមារ​ ​បន្ថែម​ថា ​គណបក្ស​លោកនឹង​បន្ត​អនុវត្ត​និង​បន្ត​ផ្សព្វផ្សាយ​គោល​នយោបាយ​របស់​ខ្លួន​ បើ​ទោះ​បី​ជា​មាន​ស្ថាបនិក​បក្ស​ម្នាក់​របស់​លោក​គឺ ​លោក​បណ្ឌិត កែម ឡី ស្លាប់​ក៏​ដោយ​ក្ដី។ ​អ្នក​វិភាគ​កិច្ច​អភិវឌ្ឍន៍​សង្គម​ លោក​បណ្ឌិត កែម ឡី​ ត្រូវ​ខ្មាន់​កាំភ្លើង​បាញ់​ស្លាប់​តាំង​ពី​ថ្ងៃ​ទី​១០​ ខែ​កក្ដដា ​កន្លង​នេះ។

លោក​ យ៉ង សាំងកុមារ អំពាវនាវ​ឲ្យ​អ្នក​គាំទ្រ​ទាំង​អស់​ពង្រឹង​ស្មារតី​និង​ប្ដេជ្ញា​ថា​ នឹង​ដឹកនាំ​ប្រទេស​តាម​បែប​ប្រជាធិបតេយ្យ​ពី​មូលដ្ឋាន​ដែល​មន្រ្តី​ជាន់ខ្ពស់​នៃ​បក្ស​នេះ​ថា​ ជា​គោល​នយោបាយ​ប្លែក​ពី​គណបក្ស​ដទៃ​ទៀត​នៅ​កម្ពុជា។លោក យ៉ង​ សាំងកុមារ ​និយាយ​ថា៖

«ឈរ​ទៅ​លើ​ការ​លាប​ពណ៌​ ការ​ជេរប្រមាថ​គ្នា​ទៅ​វិញ​ទៅ​មក​លើ​នយោបាយ ធ្វើ​នយោបាយ​ធ្វើ​យ៉ាង​ណា​ឲ្យ​មាន​គោល​នយោបាយ​ច្បាស់លាស់។ខ្ញុំ​សុំ​ស្នើ​សុំ​ឈប់​លាប​ពណ៌​គ្នា​ទៅ ស្លាប់​ម្នាក់​ហើយ​ អត់​ទាន់​គ្រប់គ្រាន់​ទៀត​អី»។

លោក​បន្ត​ថា៖

«លោក ​កែម ឡី​ ជា​បិតា​ស្ថាបនិក​ ខ្ញុំ​គ្រាន់​តែ​បញ្ជាក់​ថា ​គាត់​ជា​ចំណែក​មួយ​នៃ​ការ​បង្កើតគណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ ដោយ​សារ​អី​ ដោយសារ​យើង​ចែក​ការងារ​ រួម​គំនិត​គ្នា​បង្កើត​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន។ ឥឡូវ​បិតា​ទៅ​បាត់​ហើយ​ ប៉ុន្តែ​នៅ​មាតា​ហើយ​និង​កូន។​ មាតា​និង​កូន​គឺ​ខំ​ ខំ​បន្ត​ទៅ​មុខ​ទៀត​ដើម្បី​កសាង​គណបក្ស​នេះ​ឲ្យ​កាន់តែ​រឹងមាំ។ មិន​មែន​ថា ​បិតា​ទៅ​បាត់​ហើយ​អត់​មាន​អ្នក​ខំ​ទេ គឺ​មាន​មាតា កូន​ កូនចៅ​ ចៅ​ទួត ដែល​ជា​សមាជិក​ទើប​ចូល​ថ្មី​នេះ​ ដើម្បី​ដឹក​នាំ​គណបក្ស​ទៅ​មុខ»។

គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​មាន​សមាជិក​សរុបចំនួន​ជាង​២.០០០​នាក់​នៅ​ក្នុង​ឃុំ​ចំនួន​១២​ក្នុង​ចំណោម​ឃុំ​ទាំង​២០​ ដែល​នឹង​ត្រូវ​ចាត់​ទុក​ជា​ឃុំ​គំរូក្នុង​ការ​អភិវឌ្ឍន៍​ប្រទេស​តាម​គោល​នយោបាយ​ប្រជាធិមតេយ្យ​ថ្នាក់​មូលដ្ឋាន​និង​ថ្នាក់​ជាតិ​របស់​ខ្លួន។

អ្នក​គាំទ្រ​នៃ​គណបក្ស​នេះ​ ស្នើ​សុំ​បន្ត​ឲ្យ​មាន​ការ​រក​យុត្តិធម៌​ដល់​ឃាតកម្ម​លើ​លោក​ កែម ឡី​ ដែល​ជា​ស្ថាបនិក​ម្នាក់​ក្នុង​ចំណោម​អ្នក​ស្ថាបនិក​ទាំងអស់​ដែល​មាន​បទ​ពិសោធន៍​ការងារ​មកពី​អង្គការ​ក្រៅ​រដ្ឋាភិបាល​ផ្នែក​អភិវឌ្ឍន៍​មូលដ្ឋាន។​

លោក ​ដុំ ដន អ្នក​គាំទ្រ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ មក​ពី​ខេត្ត​កំពង់ស្ពឺ ដែល​ធ្លាប់​ស្ដាប់​យោបល់​លោក​ កែម ឡី​ កាល​លោក​ចុះ​មូលដ្ឋាន​ពេល​នៅ​មាន​ជិវិត​ បាន​ប្រាប់​ VOAថា​ លោក​សោកស្ដាយ​ដែល​បាត់​បង់​វីរជន​ដ៏​ល្អ​ម្នាក់​ និង​ស្នើ​សុំ​ឲ្យ​មាន​ការចាប់​ជន​ដៃ​ដល់​ឲ្យ​បានលឿន។

អ្នក​គាំទ្រ​រូប​នេះ​ថ្លែង​ថា៖

«ខ្ញុំ​ស្ដាយ​ណាស់។ ធ្លាប់​ចូល​រួម​ធ្វើ​គោលនយោបាយ​គណបក្ស​ជាមួយ​គាត់ សោកស្ដាយ​ដែល​គាត់​ស្លាប់​ទៅ។ ​ខ្ញុំ​បាន​ទៅ​បុណ្យ​សព​គាត់​នៅ​វត្ត​ចាស់ និង​ហែរ​ទៅ​ដល់​ផ្ទះ​លោក។ ​ខ្ញុំ​ស្នើ​សុំ​ឲ្យ​រដ្ឋាភិបាល​ស្វែងរក​ឃាតករ ជន​ដៃ​ដល់។ ខ្ញុំ​នឹង​បន្ត​ធ្វើ​ទៀត។ ​ជូត​ទឹក​ភ្នែក​របស់​អ្នក​ហើយ​បន្ត​ដំណើរ​ទៅ​មុខ​ទៀត»។​

XS
SM
MD
LG