លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា មិនបំភ្លេចទេ ការផ្ញើសារនយោបាយព្រមានការចាប់ខ្លួន បើមានការបង្កអស្ថិរភាពក្នុងសង្គមកម្ពុជា ក្នុងពេលលោកកាន់អំណាច។ នៅថ្ងៃទីពីរនៃពិធីបុណ្យចូលឆ្នាំខ្មែរនេះ លោកនាយករដ្ឋមន្ត្រី ថ្លែងថា រដ្ឋាភិបាលរបស់លោកនឹងមិនអត់ឱនដល់ជនណា ដែលប៉ុនប៉ងបំផ្លាញសន្តិភាពរបស់កម្ពុជាតាមសកម្មភាពញុះញង់។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងដូច្នេះ នៅពេលចូលរួមពិធីបុណ្យអង្គរសង្ក្រាន្តក្នុងខេត្តសៀមរាប នៅក្នុងថ្ងៃព្រហស្បតិ៍នេះ ដែលជាថ្ងៃទីពីរនៃការប្រារព្ធពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ដោយលោកបានថ្លែងថា សន្តិភាពនៅកម្ពុជាគឺជាស្នាដៃរបស់លោក។
លោកនាយករដ្ឋមន្ត្រីបញ្ជាក់ថា ក្រោមការដឹកនាំរបស់លោក ប្រទេសកម្ពុជាលែងមានតំបន់ត្រួតត្រាផ្សេងៗគ្នា ហើយមានតែរដ្ឋាភិបាលតែមួយសម្រាប់គ្រប់គ្រងប្រទេស មិនដូចពីកាលមុនឆ្នាំ១៩៩៨ ដែលផ្នែកខ្លះនៃប្រទេសកម្ពុជាបានស្ថិតក្រោមការត្រួតត្រាដោយភាគីជាច្រើន ក្នុងនោះមានក្រុមកុម្មុយនិស្តជ្រុលនិយមខ្មែរក្រហម។
លោក ហ៊ុន សែន បានសង្កត់ធ្ងន់ថា ប្រទេសកម្ពុជាមាន «វប្បធម៌អត់ឱន» និង «វប្បធម៌នៃសន្តិភាព» តែរដ្ឋាភិបាលរបស់លោក ដែលលោកកាន់កាប់ជាង៣០ឆ្នាំមកនោះ នឹងមិនអត់ឱនដល់ជនណា ដែលប៉ុនប៉ង បង្កឲ្យមានភាពច្របូកច្របល់ឡើយ បើទោះបីជាលោកមិនបញ្ជាក់អ្វីទៅជាចលនា ដែលអាចឲ្យមានការផ្ទុះឡើងនូវភាពច្របូកច្របល់។
លោក ហ៊ុន សែន បានព្រមានយ៉ាងដូច្នេះថា៖«យើងមិនអត់ឱនឲ្យអ្នកណាក៏ដោយ ដែលមានគំនិត និងបង្កការញុំញង់បំបែកបំបាក់ ធ្វើឲ្យមានចលាចលនៅក្នុងសង្គមជាតិយើង ទោះម្នាក់ ពីរនាក់ ឬច្រើននាក់ តែកុំឲ្យមនុស្សរាប់ម៉ឺននាក់ រាប់លាននាក់ ត្រូវទទួលការស្លាប់ ដូចកាលឆ្នាំ១៩៧០ ១៩៧៥ ១៩៧៥ ១៩៧៩ និងបន្តរហូតមកដល់ឆ្នាំ១៩៩៨»។
សារនយោបាយព្រមានរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កើតមានឡើង នៅក្រោយពេលអាជ្ញាធរនៃរដ្ឋាភិបាលលោក បានចាប់ខ្លួនតំណាងរាស្ត្រគណបក្សប្រឆាំងមួយរូប គឺលោក អ៊ុំ សំអាន ដែលរិះគន់រដ្ឋាភិបាលទាក់ទងនឹងការប្រើប្រាស់ផែនទី និងបោះបង្គោលព្រំដែនជាមួយប្រទេសវៀតណាម។
កាលពីថ្ងៃអង្គារ ទី១២ ខែមេសា លោក ហ៊ុន សែន ដែលបានទៅសួរទុក្ខយោធិនពិការ នៅក្នុងមជ្ឈមណ្ឌលអភិវឌ្ឍន៍យោធិនពិការស្ថិតក្នុងខេត្តសៀមរាប បានចាត់ទុកសកម្មភាពរបស់លោក អ៊ុំ សំអាន ថា ជាការញុះញង់ និងអាចបង្កអន្តរាយដ៏ធំធេងដល់ភាពសុខសាន្តនៃប្រទេសកម្ពុជា។
លោកនាយករដ្ឋមន្ត្រីខ្មែររូបនេះបន្តថា៖«អ្នកឯងនិយាយពីផែនទីក្លែងក្លាយ ខ្ញុំចាប់អ្នកឯងភ្លាម មិនថា អ្នកឯងជាសមាជិកសភា ឬក៏សមាជិកព្រឹទ្ធសភានោះទេ។ អាហ្នឹងជាបទល្មើសជាក់ស្តែង ព្រោះនេះជាការញុះញង់ធំណាស់ដែលបង្កមហន្តរាយដល់ប្រទេសជាតិ»។
លោក ហ៊ុន សែន បានប្រកាសពីខេត្តសៀមរាប កាលពីថ្ងៃទី១២ ខែមេសា ដដែលនោះថា លោកនឹងឲ្យអាជ្ញាធរនៃរដ្ឋាភិបាលលោកតាមប្រមាញ់ជនណា ដែលបន្តនិយាយចោទរដ្ឋាភិបាលថា បានប្រើប្រាស់ផែនទីក្លែងក្លាយ។
លោក អ៊ុំ សំអាន ដែលនៅមានអភ័យឯកសិទ្ធិ ត្រូវបានតុលាការក្រុងភ្នំពេញសម្រេចឃុំខ្លួន និងចោទប្រកាន់ជាផ្លូវការពីបទ«ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ» និង «ញុះញង់ឱ្យមានការរើសអើង»។
VOA មិនអាចទាក់ទងអ្នកនាំពាក្យគណបក្សសង្គ្រោះជាតិទាំងពីរ គឺលោក ញ៉ែម បុញ្ញឬទ្ធិ និងលោក យឹម សុវណ្ណ បានទេ នៅថ្ងៃព្រហស្បតិ៍នេះ ដើម្បីសុំការបញ្ជាក់ពីជំហររបស់គណបក្សសង្គ្រោះជាតិចំពោះបញ្ហាផែនទីនេះ។
ប៉ុន្តែលោក សុន ឆ័យ អ្នកតំណាងរាស្ត្រនៃគណបក្សសង្គ្រោះជាតិ បានប្រាប់ VOA ថា ក្រុមតំណាងរាស្ត្រនៃគណបក្សសង្គ្រោះជាតិ នៅតែបន្តតាមដានមើលចំណុចខ្វះខាត របស់រដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសក្បែរខាង ទោះបីជាលោកមិនអាចបញ្ជាក់ឲ្យច្បាស់ថា តើគណបក្សសង្គ្រោះជាតិទទួលស្គាល់ការប្រើប្រាស់ផែនទីរបស់រដ្ឋាភិបាលក្តី។ លោកមានប្រសាសន៍ថា ការចាប់ខ្លួនអ្នកតំណាងរាស្ត្រ អ៊ុំ សំអាន នឹងមិនអាចរារាំងគណបក្សសង្គ្រោះជាតិពីការតាមដានកិច្ចការព្រំដែនរបស់រដ្ឋាភិបាលនោះទេ។
លោក សុន ឆ័យ ថ្លែងប្រាប់ VOA ថា៖«បញ្ហាព្រំដែននេះ ជាបញ្ហាមួយដែលប៉ះពាល់ ជាអាយុជីវិតរបស់ប្រទេសជាតិ ហើយបើសិនណាជា យើងមើលឃើញនូវចំណុចខ្វះខាតណាមួយ ដែលរាជរដ្ឋាភិបាលបាននឹងកំពុងធ្វើ មិនត្រឹមត្រូវតាមគោលការណ៍នៃច្បាប់ក្នុងប្រទេសយើង គោលការណ៍នៃរដ្ឋធម្មនុញ្ញ និងនីតិវិធីអន្តរជាតិមួយចំនួនហ្នឹង យើងនឹងលើកបញ្ហាហ្នឹងបាទ។ យើងមិនអាចនឹងមិនបំពេញតួនាទីរបស់យើងបានទេ»។
លោក សុន ឆ័យ បន្ថែមថា ការថ្លែងរបស់លោកនាយករដ្ឋមន្ត្រីអំពីវិធានការប្រឆាំងនឹងបុគ្គលដែលមានចេតនាបង្កភាពចលាចលក្នុងសង្គមនោះ នឹងមិនអាចបន្ទន់ជំហរក្រុមអ្នកតំណាងរាស្ត្ររបស់គណបក្សសង្គ្រោះជាតិ ក្នុងការរិះគន់ដល់ចំណុចខ្សោយរបស់រដ្ឋាភិបាលនោះទេ។
តំណាងរាស្ត្ររូបនេះថ្លែងបន្តថា៖«ជាការងាររបស់ភារកិច្ចរបស់យើង ដែលត្រូវធ្វើនៅក្នុងនាមជាគណបក្សនយោបាយមួយ ដែលទទួលអាសនៈតាមការបោះឆ្នោត យើងត្រូវតែបំពេញតួនាទីរបស់យើងបាទ ហើយការមានប្រសាសន៍ណាមួយរបស់នាយករដ្ឋមន្ត្រី អានោះទុកឲ្យប្រជារាស្ត្រលោកវិនិច្ឆ័យ»។
ក្រៅពីការព្រមាននិយាយអំពីការប្រើប្រាស់ផែនទីក្លែងក្លាយ ដែលរដ្ឋាភិបាលកម្ពុជា បានចាត់ទុកថា ជាការញុះញង់បង្កឲ្យមានមហន្តរាយ រដ្ឋាភិបាលក៏មិនអត់ឱនដល់អ្នកនិយាយពីបដិវត្តន៍ពណ៌នោះដែរ។ និស្សិតម្នាក់ឈ្មោះ គង់ រ៉ៃយ៉ា អាយុ២៤ឆ្នាំ ត្រូវបានតុលាការសម្រេចដាក់ពន្ធនាគារ១ឆ្នាំ៦ខែ តាមការចោទប្រកាន់ពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ កាលពីពាក់កណ្តាលខែមីនាកន្លងទៅ។
មុនពេលតុលាការសម្រេចឃុំខ្លួន និស្សិតរូបនេះបានសរសេរបង្ហោះលើ Facebook កាលពីថ្ងៃទី៧ខែសីហាថា៖«តើមាននរណាម្នាក់ហ៊ានធ្វើបដិវត្តន៍ពណ៌ជាមួយខ្ញុំទេ?»។ លោកបានសរសេរបន្តថា ថ្ងៃណាមួយនៅពេលអនាគត លោកនឹងធ្វើបដិវត្តន៍ពណ៌ដើម្បីផ្លាស់ប្ដូររបបសម្រាប់សង្គមខ្មែរ ហើយបើទោះជាត្រូវជាប់ពន្ធនាគារ ឬស្លាប់ក៏នៅតែធ្វើវាដដែល។
ក្រុមអង្គការសង្គមស៊ីវិល បានហៅការឃុំខ្លួននិស្សិត គង់ រ៉ៃយ៉ា ថាជាការរំលោភសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិយ៉ាងធ្ងន់ធ្ងរទៅវិញ៕