សមាគមសម្ព័ន្ធមិត្តខ្មែរអាមេរិកាំង បានអំពាវនាវឱ្យក្រសួងការបរទេសសហរដ្ឋអាមេរិកធ្វើអន្តរាគមន៍ដោះលែងពលរដ្ឋខ្មែរអាមេរិកាំងចំនួនពីរនាក់ដែលកំពុងជាប់ពន្ធនាគារក្នុងប្រទេសកម្ពុជា ដោយសារតែសកម្មភាពនយោបាយរបស់ពួកគេ។
នៅក្នុងលិខិតមួយផ្ញើជូនលោក Scot A. Marciel ឧបការីរងរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក ដែល VOA ទទួលបាននៅថ្ងៃពុធដែរនោះ សម្ព័ន្ធមិត្តខ្មែរអាមេរិកាំងបានបញ្ជាក់ថា ពួកគេមាន«ការរំខានចិត្តយ៉ាងខ្លាំង» ដោយសារការចាប់ខ្លួនលោក អ៊ុំ សំអាន អ្នកតំណាងរាស្រ្តគណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី១១ ខែមេសា បន្ទាប់ពីលោកបានវិលត្រឡប់ទៅប្រទេសកម្ពុជា ក្រោយពីរស់នៅគេចខ្លួនក្នុងសហរដ្ឋអាមេរិកអស់រយៈពេលជាច្រើនខែ។
លោក ទូច វិបុល ប្រធានសម្ព័ន្ធមិត្តខ្មែរអាមេរិកាំងបានសរសេរថា៖«លទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជា កំពុងរងការគំរាមកំហែងយ៉ាងខ្លាំងក្លា ហើយសភាពការណ៍នឹងបន្តអាក្រក់ បើសិនជាក្រសួងការបរទេសមិនធ្វើសកម្មភាពឱ្យបានរហ័សទេ។ ការចាប់ខ្លួនដោយអនាធិបតេយ្យ និងការដាក់ពន្ធនាគារនូវអ្នកដែលហ៊ានរិះគន់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កំពុងតែកើនឡើងក្នុងកម្រិតមួយគួរឱ្យភ្ញាក់ផ្អើល»។
លោក អ៊ុំ សំអាន គឺជាអ្នកធ្វើសកម្មភាពយ៉ាងខ្លាំងក្លាពាក់ព័ន្ធនឹងបញ្ហាព្រំដែនរវាងប្រទេសកម្ពុជាជាមួយនឹងប្រទេសជិតខាងជាពិសេសប្រទេសវៀតណាម។ លោកបានរិះគន់រដ្ឋាភិបាលថា ប្រើប្រាស់ផែនទីក្លែងក្លាយក្នុងការកំណត់ព្រំដែនជាមួយនឹងប្រទេសវៀតណាម។
ពលរដ្ឋអាមេរិកាំងម្នាក់ទៀតដែលកំពុងជាប់ពន្ធនាគារគឺលោក មាជ សុវណ្ណារ៉ា ដែលត្រូវតុលាការកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល២០ឆ្នាំ ពាក់ព័ន្ធនឹងការធ្វើបាតុកម្មតវ៉ាក្រោយពីការបោះឆ្នោតជាតិឆ្នាំ២០១៣។
ការចាប់ខ្លួនលោក អ៊ុំ សំអាន ទទួលរងការថ្កោលទោស និងរិះគន់ពីគណបក្សសង្គ្រោះជាតិ និងអង្គការសង្គមស៊ីវិលថា ធ្វើខុសនឹងរដ្ឋធម្មនុញ្ញដោយសារលោកជាអ្នកតំណាងរាស្រ្តដែលនៅមានអភ័យឯកសិទ្ធិ៕