ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សាលា​រាជធានី​មិន​អនុញ្ញាត​ឱ្យ​គណបក្ស​កម្លាំងជាតិ​ប្រើ​ទីលាន​ប្រជា​ធិបតេយ្យ​ធ្វើ​សមាជ


រូបឯកសារ៖ មន្ត្រី​ប៉ូលិស​ឈរ​យាម​នៅ​ទីលាន​ប្រជាធិបតេយ្យ ក្នុង​ពេល​តវ៉ា​នៅ​កណ្តាល​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១៥ ខែ​កក្កដា ឆ្នាំ​២០១៤។
រូបឯកសារ៖ មន្ត្រី​ប៉ូលិស​ឈរ​យាម​នៅ​ទីលាន​ប្រជាធិបតេយ្យ ក្នុង​ពេល​តវ៉ា​នៅ​កណ្តាល​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១៥ ខែ​កក្កដា ឆ្នាំ​២០១៤។

សាលា​រាជ​ធានី​ភ្នំពេញ​មិន​អនុញ្ញាត​ឱ្យ​គណបក្ស​កម្លាំងជាតិ​ប្រើ​ទីលាន​ប្រជា​ធិបតេយ្យ​ដើម្បី​រៀបចំ​សមាជ​វិសាមញ្ញ​របស់​ខ្លួន​ ដោយ​លើក​មូលហេតុ​ថា ​ទីលាន​ប្រជា​ធិបតេយ្យ​ជា​កន្លែង​បញ្ចេញ​មតិ​ជា​សាធារណៈ ​មិនមែន​សម្រាប់​គណបក្ស​នយោបាយ​ធ្វើ​សមាជ​ឡើយ។

លិខិត​របស់​សាលា​រាជធានី​ភ្នំពេញ​ដែល​ផ្ញើ​ជូន​គណបក្ស​កម្លាំង​ជាតិ​ ចុះ​នៅ​ថ្ងៃ​ទី​១២​ ខែ​សីហា​ ឆ្នាំ​២០២៤ ​បញ្ជាក់​ថា ​ក្នុង​ច្បាប់​ស្តីពី​ការ​ធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី ​ទីលាន​ប្រជា​ធិបតេយ្យ​គឺ​ជា​កន្លែង​សម្រាប់​បញ្ចេញ​មតិ​ជា​សាធារណៈ ​ពុំ​មែន​ជា​កន្លែង​សម្រាប់​គណបក្ស​នយោបាយ​ណា​មួយ​រៀបចំ​ធ្វើ​សមាជ​ទេ។​

លិខិត​របស់​សាលា​រាជធានី​ភ្នំពេញ​ដដែល​បន្ថែម​ថា៖​ «រដ្ឋបាល​រាជធានី​ភ្នំពេញ​សូម​ណែ​នាំ​ឱ្យ​គណបក្ស​កម្លាំង​ជាតិ​ធ្វើ​ការ​ជួប​ជុំ​សមាជិក​ សមាជិកា ​រៀបចំ​សមាជ​វិសាមញ្ញ​នៅ​ទី​ស្នាក់ការ​បក្ស​របស់​ខ្លួន​ ដោយ​មិន​ត្រូវ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សណ្តាប់​ធ្នាប់​ និង​របៀប​រៀប​រយ​សាធារណៈ ​ព្រម​ទាំង​អនុវត្ត​ឱ្យ​ស្រប​តាម​ច្បាប់​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា»។​

កាល​ពី​ថ្ងៃ​ទី​១២ ​ខែ​សីហា ​ឆ្នាំ​២០២៤​ គណបក្ស​កម្លាំង​ជាតិ​បាន​ដាក់​លិខិត​ស្នើ​សុំ​ទី​លាន​ប្រជា​ធិបតេយ្យ​ដើម្បី​រៀបចំ​សមាជ​វិសាមញ្ញ​របស់​ខ្លួន​ នៅ​ថ្ងៃ​អាទិត្យ ​ទី២៥​ ខែ​សីហា​ ឆ្នាំ​២០២៤ ​ចាប់​ពី​ម៉ោង​៦:៣០​នាទី​ព្រឹក​ដល់​ម៉ោង​៣:០០​រសៀល ​ដោយ​គ្រោង​មាន​សមាជិក​ចូល​រួម​ប្រមាណ​ជា​១៥០០​នាក់។​

លិខិត​របស់​គណបក្ស​កម្លាំង​ជាតិ​បន្ថែម​ថា៖​ «ចំពោះ​ទីតាំង​នៃ​សមាជ​វិសាមញ្ញ​នេះ​ គណបក្ស​កម្លាំង​ជាតិ​ស្នើ​សុំ​ទីលាន​ប្រជា​ធិបតេយ្យ​ដើម្បី​រៀបចំ​ ព្រោះ​ជា​ទី​តាំង​ធំ​ទូលាយ​ និង​មិន​ប៉ះពាល់​ដល់​សណ្តាប់​ធ្នាប់​ និង​ការ​ធ្វើ​ចរាចរណ៍​របស់​បងប្អូន​ប្រជា​ពលរដ្ឋ​ឡើយ»។​

លោក ​ជា មុនី​ ប្រធាន​ស្តីទី​គណបក្ស​កម្លាំង​ជាតិ​ ប្រាប់​វីអូអេ​នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ​ថា​ ទីលាន​ប្រជា​ធិបតេយ្យ​ជា​កន្លែង​សាធារណៈ​ មិន​មែន​សម្រាប់​តែ​ប្រជា​ពលរដ្ឋ​បញ្ចេញ​មតិ​ទេ​ ទោះ​ជា​មាន​សកម្ម​ភាព​អ្វី​ផ្សេង​ទៀត​ក៏​អាច​ធ្វើ​ទៅ​បាន​ដែរ​ បើ​សិន​ជា​សាលា​រាជធានី​ភ្នំពេញ​អនុញ្ញាត។​

លោក ​ជា មុនី ​ថ្លែង​ថា៖​ «បើ​សម្រាប់​គណបក្ស​ផ្សេង​ដែល​គេ​មាន​ឱកាស​ គេ​អាច​ធ្វើ​នៅ​កន្លែង​ណា​ក៏​បាន​ដែរ។ ​ប៉ុន្តែ​សម្រាប់​គណបក្ស​យើង​ យើង​ចង់​ធ្វើ​នៅ​ទីលាន​ប្រជា​ធិបតេយ្យ។ ​ប៉ុន្តែ​សាលា​រាជ​ធានី​មិន​អនុញ្ញាត​ អនុញ្ញាត​ព្រោះជា​កន្លែង​បញ្ចេញ​មតិ ​ហើយ​កាល​ដែល​ពួក​ខ្ញុំ​ស្នើ​សុំ​ធ្វើ​ការ​បញ្ចេញ​មតិ​ ហេតុ​អី​ក៏​មិន​អនុញ្ញាត?»​

លោក​ កើត ឆែ ​អភិបាល​រង​រាជធានី​ភ្នំពេញ​ ប្រាប់​វីអូអេ​តាម​ប្រព័ន្ធ​ទំនាក់​ទំនង​តេឡេក្រាម​យ៉ាង​ខ្លី​ថា៖ ​«ទីតាំង​ទីលាន​ប្រជា​ធិបតេយ្យ​សម្រាប់​បញ្ចេញ​មតិ​មែន​ ប៉ុន្តែ​ច្បាប់​មិន​បាន​កំណត់​ថា​ ទីតាំង​នេះ​សម្រាប់​ធ្វើ​សមាជ​របស់​គណបក្ស​នយោបាយ​ទេ»។​

នាយក​ទទួល​បន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ​ លោក​ អំ សំអាត​ ប្រាប់​វីអូអេ​ថា ​ទីលាន​ប្រជា​ធិបតេយ្យ​ជា​កន្លែង​ប្រមូល​ផ្តុំ​របស់​សាធារណ​ជន​ក្នុង​ការ​បញ្ចេញ​មតិ ​ហើយ​ការ​ប្រើ​សិទ្ធិ​ក្នុង​ការ​បញ្ចេញ​មតិ ​គឺ​ធានា​ដោយ​រដ្ឋ​ធម្មនុញ្ញ​កម្ពុជា​ ច្បាប់​ជាតិ ​និង​ច្បាប់​អន្តរជាតិ។​ លោក​ថា​ បើ​ការ​ស្នើ​សុំ​អនុលោម​តាម​ច្បាប់​ និង​រដ្ឋ​ធម្មនុញ្ញ ​នោះ​ការ​ស្នើ​សុំ​គួរ​តែ​មាន​ការ​អនុញ្ញាត។​

លោក​ថ្លែង​ថា៖ ​«ប៉ុន្តែ​រឿង​គណបក្ស​នយោបាយ​សុំ​ជួប​ជុំ​ហ្នឹង​ វា​ជា​ការ​សុំ​កន្លែង។​ អ៊ីចឹង​វា​អាស្រ័យ​ទៅ​លើ​ការ​ជជែក​ ហើយ​ការ​យោគ​យល់​គ្នា​ ពី​ព្រោះ​ថា​ បើ​សិន​ជា​គណបក្ស​នយោបាយ​ណា​ដែល​គាត់​គ្មាន​ទី​កន្លែង​ទេ​ គាត់​អាច​ស្នើ​ទៅ​អាជ្ញាធរ​ ទៅ​លើ​ទី​សាធារណៈ​ណា​មួយ​ដែល​ជា​កន្លែង​ជួប​ជុំ​ ការ​ប្រមូល​ផ្តុំ​ដោយ​សន្តិវិធី​ធ្វើ​កន្លែង​សម្រាប់​សមាជ​ហ្នឹង។ ​អ៊ីចឹង​ ​វា​អាស្រ័យ​លើ​ការ​ជជែក​គ្នា​ទេ»។​

គណបក្ស​កម្លាំង​ជាតិ​ជា​គណបក្ស​ថ្មី​មួយ​ដែល​បង្កើត​ឡើង​ដោយ​លោក ​ស៊ុន ចន្ធី ​អតីត​ប្រធាន​ប្រតិបត្តិ​ខេត្ត​កំពង់ធំ​របស់​គណបក្ស​ភ្លើងទៀន​ កាល​ពី​ថ្ងៃ​ទី១៨ ​ខែ​មិថុនា ឆ្នាំ​២០២៣។​ លោក​ ស៊ុន ចន្ធី ​ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពីថ្ងៃ​ទី​៩​ ខែ​ឧសភា ​ឆ្នាំ​២០២៤ ​ពីបទ​ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម ​ក្រោយ​ការ​ផ្សព្វផ្សាយ​សារ​មួយ​ចំនួន​ដែល​លោក​បាន​ថ្លែង​ទៅ​កាន់​សកម្ម​ជន​និង​អ្នក​គាំទ្រ​គណបក្ស​កម្លាំង​ជាតិ​នៅ​ប្រទេស​ជប៉ុន៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG