ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​គ្រួសារ​ចាត់​ជា​រឿង​«អយុត្តិធម៌» ​ករណី​ចាប់​ខ្លួន​សមាជិក​បក្ស​ជំទាស់​៣​នាក់


ផ្លាក​គណបក្ស​ភ្លើងទៀន​ត្រូវបានដាក់​នៅ​ក្បែរ​ផ្លូវជាតិមួយស្ថិតនៅឃុំរ៉ុនតាឯក ខេត្តសៀមរាប កាលពីថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ ២០២៣។ (ទែន សុខស្រីនិត/វីអូអេ)
ផ្លាក​គណបក្ស​ភ្លើងទៀន​ត្រូវបានដាក់​នៅ​ក្បែរ​ផ្លូវជាតិមួយស្ថិតនៅឃុំរ៉ុនតាឯក ខេត្តសៀមរាប កាលពីថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ ២០២៣។ (ទែន សុខស្រីនិត/វីអូអេ)

ក្រុម​គ្រួសារ​របស់​សកម្ម​ជន​គណបក្ស​ជំទាស់​បាន​ចាត់​ទុក​ការ​ឃាត់​ខ្លួន​សកម្ម​ជន​ជា​រឿង​អយុត្តិធម៌​មួយ និង​ស្នើ​ឱ្យ​មាន​ការ​ដោះ​លែង។ ​ពួកគេ​អះអាង​ថា​ សកម្ម​ជន​ និង​សមាជិក​ទាំង​៣​នាក់ ​នៅ​ក្នុង​ខេត្ត​កំពង់ចាម​ តាកែវ​ និង​បាត់ដំបង​មិន​បាន​ប្រពឹត្ត​អ្វី​ខុស​ច្បាប់​ឡើយ។​

គណបក្ស​ភ្លើងទៀន​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​មួយ ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ ដោយ​លើក​ឡើង​ថា ​សកម្ម​ជន ​និង​សមាជិក​នៃ​គណបក្ស​ភ្លើងទៀន​ និង​គណបក្ស​ឆន្ទៈខ្មែរ​ ដែល​ជា​សម្ព័ន្ធ​របស់​ខ្លួន​ចំនួន​៣​នាក់​ទៀត​ត្រូវ​បាន​ឃាត់​ខ្លួន​ជា​បន្ត​បន្ទាប់​ ដោយ​មិន​មាន​មូល​ហេតុ​ច្បាស់​លាស់។​ ពួកគេ​ទាំង​៣​នាក់​នោះ ​រួម​មាន​លោក​ គឹម វឿន​ អតីត​មន្ត្រី​ការិយាល័យ​សន្តិសុខ​គណបក្ស​ភ្លើងទៀន ​និង​ជា​បេក្ខជន​ក្រុម​ប្រឹក្សា​ស្រុក​បាទី ​ខេត្ត​តាកែវ ​លោក សាន អឿន ​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​ស្វាយទាប​ ស្រុក​ចំការ​លើ​ ខេត្ត​កំពង់ចាម ​និង​អ្នកស្រី ​ញិប សារ៉ុម​ សកម្ម​ជន​គណបក្ស​ភ្លើងទៀន​ ខេត្ត​បាត់ដំបង។​ ពួកគេ​ត្រូវ​បាន​អាជ្ញាធរ​មាន​សមត្ថ​កិច្ច​ចាប់​ខ្លួន​ នៅ​ថ្ងៃ​ទី​៧​ ខែ​សីហា​ ឆ្នាំ​២០២៤ ​ដូច​គ្នា។​

អ្នកស្រី សាន គន្ធា ​អាយុ​៤៣​ឆ្នាំ​ ជា​កូន​របស់​សកម្ម​ជន​ឈ្មោះ​សាន អឿន​ ដែល​រស់​នៅ​ឃុំ​ស្វាយទាប​ ស្រុក​ចំការ​លើ ​ខេត្ត​កំពង់ចាម​ ប្រាប់​វីអូអេ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា​ ឪពុក​របស់​អ្នក​ស្រី​ត្រូវ​បាន​អាជ្ញាធរ​ប៉ុស្តិ៍​នគរបាល​ឃុំ​ស្វាយ​ទាប​ឃាត់​ខ្លួន ​វេលា​ម៉ោង​១០​ព្រឹក ​ពេល​ឪពុក​គាត់​ជិះ​ម៉ូតូ​ទៅ​ទិញ​ថ្នាំ​លេប។​
អ្នក​ស្រី​ចាត់​ទុក​ថា ​ការ​ចាប់​ខ្លួន​ឪពុក​ទំនង​មក​ពី​ឪពុក​របស់​អ្នកស្រី​មិន​បាន​ទៅ​ចូល​រួម​ការ​បើក​សម្ពោធ​គម្រោង​ព្រែក​ជីក ​កាល​ពី​ថ្ងៃ​ចន្ទ។​
អ្នក​ស្រី​ថ្លែង​ថា៖​ «អត់​មាន​ធ្វើ​អី​ខុស​ទេ​អូន​ ព្រោះ​គាត់​ជា​ក្រុម​បឹក្សា​ឃុំ។​ គាត់​អត់​មាន​ប្រពឹត្ត​បទ​ល្មើស​អី​ខុស​ផង។ ​បើ​ប្រព្រឹត្ត​បទ​ល្មើស​ខុស​មាន​តែ​ខុស​នឹង​បញ្ជា​ដែល​គេ​ហៅ​ឱ្យ​គាត់​គាំទ្រ​ព្រែក​ជីក​ហ្នឹង​ ហើយ​គាត់​អត់​បាន​ទៅ​ ដោយសារ​គាត់​ឈឺ។ ​អ៊ីចឹង​ខ្ញុំ​ស្តាយ​ ស្តាយ​ថា​ គ្រាន់​តែ​រឿង​ប៉ុណ្ណឹង​រហូត​ដល់​ថ្នាក់​ចាប់​ខ្លួន​គាត់ ខ្ញុំ​ប្រហែល​ជា​រក​រ៉ឺម៉ក់​រក​អី​ដឹក​គាត់​ទាំង​សេរ៉ូម​ទាំងអី​ទៅ​ជួប ​ទៅ​គាំទ្រ»។​

ទោះ​ជា​យ៉ាង​ណា ​អ្នក​ស្រី​ចាត់​ទុក​ការ​ចាប់​ខ្លួន​ឪពុក​របស់​អ្នក​ស្រី​ថា​ ជា​រឿង​អយុត្តិធម៌​មួយ។​

អ្នកស្រី​ថា៖​«ខ្ញុំ​គិត​ថា​ ជា​រឿង​អយុត្តិធម៌​ខ្លាំង​ណាស់​អូន ​សម្រាប់​គ្រួសារ​របស់​ខ្ញុំ ​ដោយ​សារ​ទី​មួយ​គាត់​ចុះ​ចាប់​ខ្លួន​គាត់​អត់​មាន​ដីកា​មាន​អី។ ​ហើយ​ចាប់​គាត់​ថ្ងៃ​ហ្នឹង​សូម្បី​តែ​គាត់​ចូល​ដល់​មន្ទីរ​ពេទ្យ​ហើយ​ ខ្ញុំ​ប្រាប់​ថា​ ឥឡូវ​បើ​ចាប់​ក៏​ចាប់​ចុះ​ ខ្ញុំ​សុំ​ទិញ​ថ្នាំ​លេប​អត់​បាន​ដែរ​អូន។ ​ខ្ញុំ​គិត​ថា​ វា​ជា​អំពើ​អយុត្តិ​ធម៌​ខ្លាំង​សម្រាប់​គ្រួសារ​របស់​ខ្ញុំ»។​
អ្នកស្រី​ស្នើ​ឱ្យ​មាន​ការ​ដោះ​លែង​ឪពុក។​

ចំណែក​អ្នកស្រី ​សាវ ស្រីនាង​ អាយុ​២៤​ឆ្នាំ​ ជា​កូន​របស់​លោក ​គឹម វឿន ​រស់​នៅ​ស្រុក​បាទី​ ខេត្ត​តាកែវ ​ប្រាប់​វីអូអេ​ថា​ ឪពុក​របស់​អ្នកស្រី​ត្រូវ​បាន​ជន​ស្លៀក​ពាក់​ស៊ីវិល​ចុះ​មក​ចាប់​ខ្លួន​ ដោយ​មិន​មាន​មូល​ហេតុ។ ​ អ្នកស្រី​អះអាង​ថា ​ឪពុក​របស់​ខ្លួន​មិន​បាន​ធ្វើ​អ្វី​ខុស​ច្បាប់​ឡើយ។​

អ្នកស្រី​ថ្លែង​ថា៖ ​«ខាង​ភូមិ​ឃុំ​ក៏​គេ​អត់​ដឹង​ដូច​គ្នា ​ព្រោះ​ពេល​ចាប់​ខ្លួន​ហ្នឹង ​គឺ​អត់​មាន​ដីកា​ខាង​ភូមិ​ឃុំ​ទេ។​ និយាយ​ទៅ​មនុស្ស​គាត់​[ឪពុក]​ អត់​មាន​ប៉ះ​ពាល់​ជា​មួយ​អ្នក​ណា​ទាំង​អស់​ សូម្បី​អ្នក​នៅ​ជិត​ខាង​អី ​គឺ​មិន​ដែល​សោះ។ ​សូម្បី​តែ​ក្នុង​ក្រុម​[បក្ស]​ គាត់​ក៏​មិន​ដែល​មាន​បញ្ហា​ដែរ​បង។ ​ខ្ញុំ​សំណូមពរ​ជា​ចុង​ក្រោយ​សុំ​ឱ្យ​ទីមួយ​ខ្ញុំ​ចង់​ដឹង​កន្លែង​គាត់។ ​ឥឡូវ​នៅ​ទីណា​ឱ្យ​ពិត​ប្រាកដ។ ​ទីពីរ​ចង់​ឱ្យ​ជួយ​រក​យុត្តិធម៌​ឱ្យ​គាត់ ​ហើយ​ឱ្យ​គាត់​បាន​វិល​ត្រឡប់​មក​ផ្ទះ​វិញ»។​

មេ​ប៉ុស្តិ៍​នគរបាល​ឃុំ​ស្វាយ​ទាប ​ស្រុក​ចំការ​លើ​ ខេត្ត​កំពង់ចាម​ ប្រាប់​វីអូអេ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា​ ការ​ឃាត់​លោក សាន អឿន​ធ្វើ​ឡើង​តាម​បញ្ជា​របស់​អធិការ ​ស្រប​តាម​ដីកា​របស់​តុលាការ​ខេត្ត​កណ្តាល។​ ប៉ុន្តែ​លោក​មិន​អាច​បញ្ជាក់​អំពី​មូលហេតុ​នៃ​ការ​ចាប់​ខ្លួន​ឡើយ។​
លោក​បញ្ជាក់​ថា៖​ «ករណី​នេះ​ ខ្ញុំ​អត់​បាន​ដឹង​ អត់​បាន​ពាក់​ព័ន្ធ។ ​ខ្ញុំ​អត់​ដឹង​ទេ!​ ប៉ុន្តែ​[តាម]​លោក​អធិការ​ខ្ញុំ​ធ្វើ​តាម​ឋានានុក្រម។ ​អ៊ីចឹង​លោក​អធិការ​ឱ្យ​ខ្ញុំ​ឃ្លាំ​មើល​ពូ ​សាន អឿន ​ហ្នឹង។ ​តាម​ខ្ញុំ​ដឹង​រឿង​ថា​ មាន​ដីកា​ចាប់​ខ្លួន​ពី​តុលាការ​ខេត្ត​កណ្តាល។ ​ក្រោយ​មក​នេះ​ ខ្ញុំ​ជួប​អធិការ​គាត់​ថា​ គាត់​និយាយ​មួយ​ម៉ាត់​ខ្លី​ថា​ ពី​បទ​ញុះញង់»។​

វីអូអេ​ពុំ​ទាន់​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​លោក ​សូ សារិន ​អ្នក​នាំ​ពាក្យ​តុលាការ​ខេត្ត​កណ្តាល​បាន​នៅ​ឡើយ​ទេ។​

លោក​ ម៉ែន លី ​ស្នងការ​នគរបាល​ខេត្ត​តាកែវ ​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា ​ការ​ចាប់​ខ្លួន​លោក ​គឹម វឿន ​ធ្វើ​ឡើង​តាម​ដីកា​របស់​តុលាការ​រាជធានី​ភ្នំពេញ​តែ​ប៉ុណ្ណោះ។ ​លោក​មិន​បាន​បញ្ជាក់​ឱ្យ​ច្បាស់​ថា​ ដីកា​នោះ​ជាប់​ពាក់​ព័ន្ធ​នឹង​បទ​ល្មើស​អ្វី​ឡើយ។​

វីអូអេ​មិន​ទាន់​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​អ្នក​នាំពាក្យ​របស់​តុលាការ​រាជធានី​ភ្នំពេញ​បាន​ឡើយ។ ​ វីអូអេ​ក៏​មិន​ទាន់​អាច​សុំ​ការ​អត្ថាប្បាយ​ពី​លោក ​ដាញ់ អេងប៊ុនចាន់ ​ស្នងការ​នគរបាល​ខេត្ត​បាត់ដំបង ​និង​លោក​ សឿម សារិទ្ធ ស្នង​ការ​រង​ខេត្ត​បាត់ដំបង​បាន​ដែរ។​

គណបក្ស​ភ្លើងទៀន​បាន​ចាត់​ទុក​ថា ​ការ​ចាប់​ខ្លួន​សកម្ម​ជន​ កាល​ពី​ពេល​ថ្មីៗ​នេះ​ជា​ការ​គំរាម​កំហែង ​និង​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​តាម​គ្រប់​រូបភាព​ ក្នុង​គោល​បំណង​រារាំង​ការ​ធ្វើ​សកម្ម​ភាព​នយោបាយ​របស់​សកម្ម​ជន​គណបក្ស​ភ្លើងទៀន ​និង​គណបក្ស​ឆន្ទៈ​ខ្មែរ​នៅ​ទូទាំង​ប្រទេស។ ​គណបក្ស​បញ្ជាក់​ថា ​ថ្នាក់​ដឹក​នាំ​គណបក្ស​ភ្លើងទៀន​ និង​គណបក្ស​ឆន្ទៈ​ខ្មែរ​គ្រប់​លំដាប់​ថ្នាក់ ​ក៏​ដូច​ជា​សកម្ម​ជន​របស់​គណបក្ស​បាន​ធ្វើ​សកម្ម​ភាព​នយោបាយ​ដោយ​ប្រកាន់​ខ្ជាប់​នូវ​ការ​គោរព​ និង​អនុវត្ត​តាម​រដ្ឋ​ធម្មនុញ្ញ​ និង​ច្បាប់​ជាធរមាន​នានា ​ជា​ពិសេស​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ។ ​នេះ​បើ​តាម​សេចក្តី​ថ្លែង​ការណ៍​របស់​គណបក្ស។​

គណបក្ស​ភ្លើងទៀន​ក៏​បាន​អំពាវនាវ​ដល់​អាជ្ញាធរ​មាន​សមត្ថ​កិច្ច​ដោះលែង​សកម្ម​ជន​គណបក្ស​ភ្លើងទៀន ​និង​គណបក្ស​ឆន្ទៈខ្មែរ​ទាំង​អស់ ​ព្រម​ទាំង​បញ្ឈប់​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​តាម​គ្រប់​រូបភាព​ មក​លើ​សកម្ម​ជន​គណបក្ស​ភ្លើងទៀន ​និង​គណបក្ស​ឆន្ទៈខ្មែរ​តទៅ​ទៀត។​

នាយក​ទទួល​បន្ទុក​កិច្ច​ការ​ទូទៅ​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ ​លោក ​អំ សំអាត​ បង្ហាញ​ការ​ព្រួយ​បារម្ភ ​ដោយសារ​មួយ​រយៈ​ចុង​ក្រោយ​នេះ​ សន្ទុះ​នៃ​ការ​ចាប់​ខ្លួន​សកម្ម​ជន​គណបក្ស​ប្រឆាំង ​ក៏​ដូចជា​សកម្ម​ជន​បរិស្ថាន ​សកម្ម​ជន​ការពារ​សិទ្ធិ​មនុស្ស​ហាក់​កើន​ឡើង​ជាង​មុន។​

លោក​ថ្លែង​ថា៖​ «រហូត​មក​ទល់​ពេល​នេះ​ តាម​ការ​កត់​សម្គាល់​យើង​មិន​ទាន់​ឃើញ​អ្វី​ដែល​មាន​ការ​កែ​ប្រែ​ឬ​ក៏​ការ​កែ​លម្អ​ដែល​គួរ​ឱ្យ​កត់​សម្គាល់​ទេ។ ​ផ្ទុយ​ទៅ​វិញ​នៅ​តែ​មាន​ការ​ព្រួយ​បារម្ភ​នៅ​ឡើយ​ទៅ​លើ​បញ្ហា​នៃ​ការ​ចាប់​ខ្លួន​ទាំង​អស់​ហ្នឹង​បាទ»។​

គួរ​បញ្ជាក់​ថា​ សកម្ម​ជន​ និង​សមាជិក​គណបក្ស​ជំទាស់​ត្រូវ​បាន​សមត្ថ​កិច្ច​ឃាត់​ខ្លួន​ជា​បន្ត​បន្ទាប់​សរុប​ចំនួន​៨​នាក់ ​ក្នុង​រយៈ​ពេល​២​សប្តាហ៍​ចុង​ក្រោយ​នេះ។​ នេះ​បើ​តាម​គណបក្ស​ភ្លើងទៀន៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG