ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កង​កម្លាំង​ប្រដាប់​អាវុធ​ប្រកាស​កម្ទេច​អ្នក​«ញុះញង់​ប្រឆាំង​រដ្ឋាភិបាល»


រូបឯកសារ៖ ទាហានកម្ពុជាចូលរួមពិធីបិទបញ្ចប់នៃកម្មវិធីប្រកួតកីឡាស៊ីហ្គេមដែលកម្ពុជាបានធ្វើជាម្ចាស់ផ្ទះ កាលពីថ្ងៃទី ១៦ ខែឧសភា ឆ្នាំ ២០២៣។ (REUTERS/Chalinee Thirasupa)
រូបឯកសារ៖ ទាហានកម្ពុជាចូលរួមពិធីបិទបញ្ចប់នៃកម្មវិធីប្រកួតកីឡាស៊ីហ្គេមដែលកម្ពុជាបានធ្វើជាម្ចាស់ផ្ទះ កាលពីថ្ងៃទី ១៦ ខែឧសភា ឆ្នាំ ២០២៣។ (REUTERS/Chalinee Thirasupa)

ក្រុម​កង​កម្លាំង​ប្រដាប់​អាវុធ​នៅ​កម្ពុជា​ចេញ​សារ​ប្តេជ្ញា​បង្ក្រាប​ និង​កម្ទេច​អ្នក​ដែល​ចង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ បន្ទាប់​ពី​ថ្នាក់​ដឹកនាំ​អតីត​គណបក្ស​ប្រឆាំង​បង្ហោះ​សារ​ឱ្យ​កង​កម្លាំង​ប្រដាប់​អាវុធ​យក​គំរូ​តាម​យុវជន​នៅ​បង់ក្លាដែស​ដែល​បាន​ផ្តួល​រំលំ​មេដឹក​នាំ​របស់​ពួកគេ​កាល​ពីពេល​ថ្មីៗ​នេះ។​

ក្រោយ​ការ​ដួល​រំលំ​នៃ​របប​ដឹកនាំ​ក្នុង​ប្រទេស​បង់ក្លាដែស​ដោយសារ​បាតុកម្ម​របស់​ក្រុម​យុវជន​មិន​ពេញ​ចិត្ត​នឹង​ការ​កំណត់​កូតា​ការងារ​រដ្ឋ ​កាល​ពី​សប្តាហ៍​មុន ​គេ​ឃើញ​ថ្នាក់​ដឹកនាំ​អតីត​គណបក្ស​ប្រឆាំង​ដែល​កំពុង​ស្ថិត​នៅ​ក្រៅ​ប្រទេស​បាន​ចែក​រំលែក​អំពី​ការ​ផ្តួល​រំលំ​នោះ​ ដោយ​មាន​សារ​ផ្សេងៗ​ភ្ជាប់​នឹង​ការ​ដឹកនាំ​នៅ​កម្ពុជា។​

លោក ​សម រង្ស៊ី ​អតីត​ប្រធាន​គណបក្ស​ប្រឆាំង ​បាន​បង្ហោះ​សារ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​កាល​ពី​ថ្ងៃទី​៩ ​ខែ​សីហា​ ដោយ​ភ្ជាប់​នឹង​វីដេអូ​នៃ​ការ​ផ្តួល​រំលំ​របប​ដឹកនាំ​នៅ​ប្រទេស​បង់ក្លាដែស ​ក្នុង​ន័យ​ដើម​ថា៖​ «យើង​ត្រូវ​មើល​ទាហាន​កងទ័ព​បង់ក្លាដែស​ជា​គំរូ ​កងទ័ព​បង់ក្លាដែស​ក្រោក​ឈរ​ជាមួយ​ប្រជាជន​ទម្លាក់​មេ​ដឹកនាំ​ផ្តាច់​ការ។​

កងទ័ព​មាន​កាតព្វ​កិច្ច​ការពារ​ប្រជាជន​ ការពារ​ប្រទេស ​ការពារ​ទឹកដី»។​

ក្រុម​កង​កម្លាំង​ប្រដាប់​អាវុធនៅ​កម្ពុជា ​ដូច​ជា​ក្រសួង​ការពារ​ជាតិ​ កង​រាជ​អាវុធ​ហត្ថ ​និង​ក្រុម​នគរបាល​ជា​ដើម​ បាន​ចេញ​សារ​មាន​ន័យ​ដូចៗ​គ្នា​ក្នុង​ការ​ថ្កោលទោស​រាល់​ការ​ប៉ុនប៉ង​ផ្តួល​រំលំ​រដ្ឋាភិបាល។ ​សារ​របស់​កង​កម្លាំង​ប្រដាប់​អាវុធ​ខ្លះ​បាន​ភ្ជាប់​នឹង​ការ​គាំទ្រ​គម្រោង​អភិវឌ្ឍន៍​ត្រីកោណ ​ កម្ពុជា​ ឡាវ និង​វៀតណាម​ CLV ​ដោយ​ថា​ គម្រោង​នេះ​នឹង​ជួយ​លើក​ស្ទួយ​វិស័យ​សេដ្ឋកិច្ច ​ពាណិជ្ជ​កម្ម និង​ទេសចរណ៍។​

សេចក្តី​ថ្លែង​ការណ៍​របស់​ក្រសួង​ការពារ​ជាតិ​ចុះ​ថ្ងៃទី​១១​ ​ខែ​សីហា​ ឆ្នាំ​២០២៤​ ​បញ្ជាក់​ថា ​ក្នុង​រយៈ​ពេល​ថ្មីៗ​នេះ មាន​ក្រុម​ដែល​ក្រសួង​ហៅ​ថា​ ជា​ក្រុម​ប្រឆាំង​ជ្រុល​និយម​មួយ​ក្តាប់​តូច​នៅ​ក្រៅ​ប្រទេស​បាន​អំពាវនាវ​ និង​បំផុស​ញុះញង់​ឱ្យ​ប្រជា​ពលរដ្ឋ ​និង​កង​កម្លាំង​ប្រដាប់​អាវុធ​បះបោរ​ប្រឆាំង​នឹង​រដ្ឋាភិបាល​កម្ពុជា។​

ក្រសួង​ការពារជាតិ​បន្ថែម​ក្នុង​សេចក្តី​ថ្លែង​ការណ៍​នោះ​ថា ​ការ​ញុះញង់​ប៉ុន​ប៉ង​បង្ក​ចលាចល​ផ្តួល​រំលំ​រដ្ឋាភិបាល​ស្រប​ច្បាប់​ ដោយ​មធ្យោបាយ​ហិង្សា​ មិន​ប្រជា​ធិបតេយ្យ​ គឺ​ជា​អំពើ​ល្មើស​ច្បាប់។​

សេចក្តី​ថ្លែង​ការណ៍​បញ្ជាក់​ថា៖ ​«ក្រសួង​ការពារ​ជាតិ​សូម​អះអាង​ថា ​នឹង​ចាត់​វិធាន​ការ​បង្ក្រាប​ និង​កម្ទេច​រាល់​ឧបាយ​កល​ញុះញង់​ក្នុង​ចេតនា​បំផ្លាញ​ជាតិ​ បំផ្លាញ​សន្តិភាព​ បង្ក​វិទ្ធង្សនា​ផ្សេងៗ​ក្នុង​គោល​បំណង​ផ្តួល​រំលំ​រាជ​រដ្ឋាភិបាល​ស្រប​ច្បាប់​ទោះ​ក្នុង​រូប​ភាព​ណាក្តី»។​
វីអូអេ​មិនទាន់​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​លោក​ សម រង្ស៊ី​ បាន​នៅ​ឡើយ​ទេ​ គិត​ត្រឹម​រសៀល​ថ្ងៃ​ចន្ទ​នេះ។

សារ​របស់​ក្រុម​កងកម្លាំង​ប្រដាប់​អាវុធ​នេះ​ក៏​ធ្វើ​ឡើង​ស្របពេល​ដែល​ប្រជា​ពលរដ្ឋ​ខ្មែរ​ដែល​រស់​នៅ​ប្រទេស​អូស្ត្រាលី ​ កូរ៉េ ​និង​ជប៉ុន ​កាល​ពី​ថ្ងៃ​ទី​១១​ ខែ​សីហា​ ឆ្នាំ​២០២៤​ នាំ​គ្នា​ធ្វើ​បាតុកម្ម​ទាម​ទារ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ដក​ខ្លួន​ចេញ​ពី​គម្រោង​តំបន់​អភិវឌ្ឍន៍​ត្រីកោណ​ កម្ពុជា​ ឡាវ និង​វៀតណាម​ CLV​ ដោយ​ពួកគេ​បារម្ភ​ពី​ការបាត់​បង់​ទឹក​ដី​ចំនួន​៤​ខេត្ត​បន្ថែម​ទៅ​ប្រទេស​វៀតណាម។​

លោក ​យ៉ង់​ ស៊ីណេត​ សហ​ប្រធាន​ដឹក​នាំ​បាតុកម្ម​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង​ ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ទី​១២​ ខែ​សីហា​នេះ​ថា​ អ្នក​ចូលរួម​បាតុកម្ម​កាលពី​ថ្ងៃ​អាទិត្យ ​មាន​ប្រមាណ​ជិត​៣​ម៉ឺន​នាក់។​ លោក​ថា ​បាតុកម្ម​នេះ​មាន​គោល​បំណង​ឱ្យ​រដ្ឋាភិបាល​ដោះលែង​សកម្ម​ជន​ទាំង​អស់​ និង​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ដក​ខ្លួន​ពី​គម្រោង ​ កម្ពុជា​ ឡាវ និង​វៀតណាម ​CLV។​

បើ​តាម​លោក​ យ៉ង់ ស៊ីណេត​ បាតុកម្ម​នេះ​មិនមែន​ជា​ការ​ធ្វើ​បដិវត្តន៍​ពណ៌ ​ឬ​ផ្តួល​រំលំ​រដ្ឋាភិបាល​ទេ ​ប៉ុន្តែ​គ្រាន់​តែ​ជា​ការ​ប្រមូល​ផ្តុំ​ដើម្បី​សម្តែង​មតិ​ និង​ស្នើ​ទៅ​កាន់​រដ្ឋាភិបាល​ពិចារណា​ដក​ខ្លួន​ពី​គម្រោង​ កម្ពុជា​ ឡាវ និង​វៀតណាម CLV។​

លោក​ថ្លែង​ថា៖​ «យើង​និយាយ​ពី​ប្រវត្តិ​សាស្ត្រ​ ទឹក​ដី​កម្ពុជា​ក្រោម​គេ​ខ្ចី​ដី​យើង​មក​ហាត់​ទ័ព​តែ​៣​ខែ​ទេ​ តែ​យើង​ត្រូវ​បាត់​បង់​២១​ខេត្ត។​ ហេតុ​អី​ក៏​រដ្ឋាភិបាល​ហ្នឹង​អត់​មាន​សមត្ថ​ភាព​ក្នុង​ការ​អភិវឌ្ឍ​ប្រទេស​ខ្លួន​ឯង​ទេ​ឬ ​ចាំ​បាច់​ទៅ​ឱ្យ​បរទេស​ជួយ​អភិវឌ្ឍ»។​

ចំណែក​លោក​ ហៃ វណ្ណា​ អ្នក​ដឹកនាំ​បាតុកម្ម​នៅ​ប្រទេស​ជប៉ុន​ ប្រាប់​វីអូអេ​ដែរ​ថា​ បាតុកម្ម​កាលពី​ថ្ងៃ​អាទិត្យ​ មាន​អ្នក​ចូលរួម​ជាង​៧០០​នាក់​ ដើម្បី​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ដក​ខេត្ត​ចំនួន​៤​រួម​មាន​ខេត្ត​ក្រចេះ​ ស្ទឹងត្រែង​ រតនគិរី​ មណ្ឌលគិរី​ ចេញ​ពី​គម្រោង​ កម្ពុជា​ ឡាវ និង​វៀតណាម​ CLV មក​អភិវឌ្ឍ​ដោយ​ខ្លួន​ឯង។​

លោក ​ហ៊ុន សែន ​ប្រធាន​ព្រឹទ្ធ​សភា​ ធ្លាប់​បាន​ព្រមាន​អ្នក​ចោទ​ប្រកាន់​មេ​ដឹក​នាំ​កម្ពុជា ​ជាពិសេស​រូប​លោក​ផ្ទាល់ ​និង​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន ម៉ាណែត​ថា​ ជា​«ជន​ក្បត់​ជាតិ» ​ក្នុង​ការ​កាត់​ដី​ ៤ ​ខេត្ត​ឱ្យ​វៀតណាម​ តាម​រយៈ​គម្រោង​«តំបន់​ត្រី​កោណ​អភិវឌ្ឍន៍»​នេះ។ ​

លោក​ថា​ ការ​ចោទ​ប្រកាន់​នេះ​ជា​ «ការ​ប្រមាថ​ដែល​មិន​អាច​លើក​លែង​ទោស​ឱ្យ​បាន​ទេ» ​ហើយ​លោក​ស្នើ​ឱ្យ​តុលាការ​ដាក់​ទោស​អតិបរមា​លើ​អ្នក​រិះគន់​ទាំង​នោះ។

បើ​តាម​លោក ​ហៃ វណ្ណា​ សារ​គំរាម​ប្រជា​ពលរដ្ឋ​នានា​របស់​មេ​ដឹកនាំ​គឺ​លែង​មាន​ប្រសិទ្ធភាព​ហើយ។​

លោក​ថ្លែង​ថា៖ ​«លោក​ ហ៊ុន សែន​ គាត់​គ្មាន​សមត្ថភាព​ណា​ទៅ​ចងក្រង​បណ្តាញ​ដើម្បី​ស៊ើប​រក​សមាជិក​គ្រួសារ​របស់​អ្នក​មក​ចូលរួម​បាតុកម្ម​ទេ។​ អ៊ីចឹង​សារ​គំរាម​របស់​ជន​ផ្តាច់ការ​ វា​លែង​មាន​ឥទ្ធិពល​ហើយ។​ ប្រជា​ពល​រដ្ឋ​ខ្មែរនៅ​ក្នុង​ប្រទេស​ខ្មែរ​ក៏​ដូច​គ្នា​ គាត់​លែង​ខ្លាច​អ្វី​ជា​សារ​គំរាម​របស់​ជន​ផ្តាច់ការ​ហើយ។​ អ៊ីចឹង​ទីបញ្ចប់​របស់​ជន​ផ្តាច់​ការ​ខិតជិត​មក​ដល់​មែន​ទែន​ហើយ»។​

អ្នក​នាំពាក្យ​រដ្ឋាភិបាល​កម្ពុជា​លោក ​ប៉ែន បូណា ​ប្រាប់​វីអូអេ​ថា​ រដ្ឋាភិបាល​បាន​ពន្យល់​ប្រជា​ពលរដ្ឋ​ពី​គម្រោង​ កម្ពុជា​ ឡាវ និង​វៀតណាម ​CLV ​ម្តង​ហើយ​ម្តង​ទៀត​ ថា​ ជា​គម្រោង​មាន​តម្លា​ភាព​ មិន​មាន​អ្វី​លាក់​បាំង​ ហើយ​ក៏​មិន​បាន​ធ្វើ​ឱ្យ​បាត់​បង់​ទឹក​ដី​ទៅ​ប្រទេស​ណា​ឡើយ។

លោក​បញ្ជាក់​ថា៖​ «អ៊ីចឹង​ហើយ​បាន​ជា​ក្នុង​រឿង​នេះ​រាជ​រដ្ឋាភិបាល​ច្បាស់លាស់​ហើយ​ គឺ​ថា​ នរណា​ដែល​ចង់​រុញ​ប្រទេស​អី​ ចង់​ភ្ជាប់​ទៅ​ប្រទេស​បង់ក្លាដែស​អី​ហ្នឹង​ គឺ​ថា​ ​មិន​អនុញ្ញាត​ជា​ដាច់​ខាត​ គឺ​មិន​អនុញ្ញាត​ឱ្យ​ប្រទេស​ធ្លាក់​ចូល​ទៅ​ក្នុង​ភាព​វឹកវរ​ ចលាចល​ វិល​ទៅ​រក​ការ​កាប់​សម្លាប់​ បង្ហូរ​ឈាម​ សង្គ្រាម​ស៊ីវិល​អី​ទៀត​ទេ​ គឺ​អត់​មាន​ទេ។​

រាជរដ្ឋា​ភិបាល​នឹង​ចាត់​វិធាន​ការ​ច្បាស់លាស់​ហើយ​ដើម្បី​ធានា​សេចក្តី​សុខ​សាន្ត​ជូន​ប្រជា​ពលរដ្ឋ»។​

នាយក​ទទួល​បន្ទុក​ទូទៅ​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ​ លោក​ អំ សំអាត​ ប្រាប់​វីអូអេ​ថា ​កម្ពុជា​គឺ​ជា​ប្រទេស​ប្រជា​ធិតេយ្យ​ ដែល​លោក​ថា​ រាល់​ការ​ផ្លាស់​ប្តូរ​មេ​ដឹកនាំ​ត្រូវ​ធ្វើ​ឡើង​ដោយ​ការ​បោះឆ្នោត​ក្នុង​រយៈពេល​៥ឆ្នាំ​ម្តង។​

លោក ​អំ សំអាត ​បន្ថែម​ថា​ លោក​ចង់​ឃើញ​អ្នក​នយោបាយ​តម្កល់​ឧត្តម​ប្រយោជន៍​ប្រជា​ពលរដ្ឋ​ជា​ធំ ចៀសវាង​ប្រជា​ពលរដ្ឋ​ក្លាយ​ជា​ជន​រងគ្រោះ​នៃ​ព្រឹត្តិ​ការណ៍។

លោក​បញ្ជាក់​ថា៖​ «យើង​ចង់​ឃើញ​ប្រទេស​យើង​ដែល​ជា​ប្រទេស​ប្រកាន់​លទ្ធិ​ប្រជា​ធិបតេយ្យ​សេរី​ពហុបក្ស​ហ្នឹង​ យក​គោល​ការណ៍​គ្រឹះ​នៃ​ការ​បោះឆ្នោត​ ដែល​ប្រជា​ពល​រដ្ឋ​ជា​ម្ចាស់​ប្រទេស​ ជា​ម្ចាស់​ឆ្នោត​ក្នុង​ការ​ជ្រើស​រើស​គណបក្ស​នយោបាយ​ដែល​ខ្លួន​ពេញ​ចិត្ត​ ដែល​ធានា​ដល់​រដ្ឋ​ធម្មនុញ្ញ​ បទដ្ឋាន​អន្តរជាតិ​ ក៏​ដូច​ជា​ច្បាប់​ជាតិ​យើង»។​

តំបន់​អភិវឌ្ឍន៍​ត្រីកោណ​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ក្នុង​ឆ្នាំ​ ១៩៩៩ ​ដោយ​រដ្ឋាភិបាល​ប្រទេស​បី​ គឺ​កម្ពុជា​ ឡាវ និង​វៀតណាម ​ដែល​បាន​ឯកភាព​គ្នា​ក្នុង​ការ​ដាក់​ខេត្ត​ចំនួន​ ១៣ ​រួម​គ្នា​ដើម្បី​អភិវឌ្ឍន៍។ ​កម្ពុជា​មាន​ខេត្ត​ចំនួន​បួន​ គឺ​រតនគិរី​ មណ្ឌល​គិរី ​ក្រចេះ ​និង​ស្ទឹងត្រែង ​ដែល​ត្រូវ​បាន​ដាក់​បញ្ចូល​ក្នុង​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​នេះ។​ រដ្ឋាភិបាល​កម្ពុជា​អះអាង​ថា​ តំបន់​ត្រីកោណ​អភិវឌ្ឍន៍​ជា​ប្រភព​នៃ​សក្តានុពល​សេដ្ឋ​កិច្ច​ ទេសចរណ៍ ​និង​វប្បធម៌។​

ប្រធាន​បទ​ស្តីពី​ «តំបន់​ត្រីកោណ​អភិវឌ្ឍន៍» ​ពេល​ថ្មីៗ​នេះ​បាន​ក្លាយ​ជា​ចំណុច​ចម្រូង​ចម្រាស ខណៈ​មាន​ការ​ព្រួយ​បារម្ភ​មួយ​ចំនួន​ថា​ វៀតណាម​នឹង​គ្រប់គ្រង​តំបន់​នោះ ​ហើយ​កម្ពុជា​អាច​បាត់​បង់​ទឹកដី​នោះ ​ដូច​កម្ពុជា​ក្រោម។​

មក​ទល់​ពេល​នេះ​ មាន​សកម្ម​ជន​សង្គម​យ៉ាង​ហោច​ណាស់​៥​នាក់​ ត្រូវ​បាន​ចាប់​ខ្លួន​បន្ទាប់​ពី​ពួកគេ​បាន​អត្ថាធិប្បាយ​ពាក់ព័ន្ធ​នឹង​គម្រោង​ កម្ពុជា​ ឡាវ និង​វៀតណាម ​CLV។ ​សកម្មជន​ទាំង៥​នាក់​នោះ​រួមមាន​ លោក​ ស៊្រុន ស្រ៊ន ​កញ្ញា ភឹង សោភា ​លោក​ ចក់ បានមុន្នី ​លោក​ សាន សិទ្ធ ​និង​លោក ធែល ធីលែន៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG