រដ្ឋាភិបាលកម្ពុជា នៅថ្ងៃច័ន្ទនេះ បានប្រកាសបន្តបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល មួយសប្តាហ៍ទៀត រហូតដល់ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១ ខណៈជំងឺកូវីដ១៩ មិនទាន់ថមថយនៅឡើយ។ នេះបើយោងតាមសេចក្តីសម្រេចរបស់រដ្ឋាភិបាលចុះថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១។
សេចក្តីសម្រេចចុះហត្ថលេខាដោយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បញ្ជាក់ថា «បន្តការបិទខ្ទប់ភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល ដើម្បីប្រយុទ្ធនិងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ សម្រាប់រយៈពេល៧ថ្ងៃបន្តទៀត រហូតដល់ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១»។
សេចក្តីសម្រេចនោះបញ្ជាក់ថា៖ «រយៈពេលនៃការបិទខ្ទប់នេះអាចត្រូវបានបន្ថែមទៀត អាស្រ័យលើការចូលរួមអនុវត្តរបស់ប្រជាពលរដ្ឋក្នុងតំបន់បិទខ្ទប់និងស្ថានភាពនៃការវិវត្តនៃការឆ្លងរាលដាលនៃជំងឺកូវីដ១៩»។
បើតាមសេចក្តីសម្រេចនោះ រដ្ឋាភិបាលក៏បានកំណត់បែងចែកតំបន់បិទខ្ទប់ ជា «តំបន់ក្រហម» ដែលសំដៅលើភូមិសាស្រ្តដែលមានការឆ្លងរាលដាលកូវីដ១៩ធ្ងន់ធ្ងរ «តំបន់លឿងទុំ» សំដៅលើតំបន់មានការរាលដាលកម្រិតមធ្យម និង «តំបន់លឿង» សំដៅលើតំបន់មានការរាលដាលកម្រិតស្រាល។ ការសម្រេចថ្មីនេះនឹងចាប់អនុវត្តចាប់ពីម៉ោងសូន្យនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ តទៅ ហើយការកំណត់ថាតំបន់ណាមួយមានពណ៌ណានោះ អាស្រ័យលើការសម្រេចរបស់រដ្ឋបាលរាជធានីភ្នំពេញនិងក្រុងតាខ្មៅ។
គួរបញ្ជាក់ថា ការបិទខ្ទប់ទីក្រុងភ្នំពេញនិងក្រុងតាខ្មៅ រយៈពេល២សប្តាហ៍ នឹងផុតសុពលភាព នៅថ្ងៃទី២៨ ខែមេសា។
កម្ពុជាបន្តរកឃើញករណីឆ្លងថ្មីនៃជំងឺកូវីដ១៩ ជារៀងរាល់ថ្ងៃ គិតចាប់តាំងពីថ្ងៃបិទខ្ទប់ដំបូង ដែលភាគច្រើនមានចន្លោះពី៥០០ទៅ៦០០នាក់ក្នុងមួយថ្ងៃ។
នៅថ្ងៃច័ន្ទនេះ ក្រសួងសុខាភិបាលកម្ពុជាឲ្យដឹងថា មនុស្សប្រមាណ៦០០នាក់ទៀត បានឆ្លងជំងឺកូវីដ១៩ ដែលនាំឲ្យករណីឆ្លងសរុបក្នុងព្រឹត្តិការណ៍២០ កុម្ភៈ កើនដល់១ម៉ឺននាក់។ ក្នុងសេចក្តីប្រកាសព័ត៌មានមួយនៅថ្ងៃច័ន្ទនេះ ក្រសួងសុខាភិបាលបានឲ្យដឹងថាមនុស្សជិត៥៨០នាក់ទៀត បានឆ្លងជំងឺកូវីដ១៩ ដែលភាគច្រើននៅរាជធានីភ្នំពេញ មានចំនួន៣៣៧នាក់ ខេត្តព្រះសីហនុ៩១នាក់ ខេត្តបន្ទាយមានជ័យ៩១នាក់ និងខេត្តកណ្តាលចំនួន៥១នាក់។
ចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ បានកើនឡើងទៅដល់៧៩នាក់ ក្នុងនោះមានករណីស្លាប់ថ្មី៥នាក់ ដែលត្រូវបានប្រកាស។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលនៅថ្ងៃច័ន្ទនេះ៕