ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នកវិទ្យាសាស្ត្រ​បន្ត​ការសិក្សា​លើ​ការចម្លង​វីរុស​ពី​សត្វ​ទៅ​មនុស្ស​ដើម្បី​បង្កា​ជំងឺ​រាតត្បាត​ថ្មី


រូបឯកសារ៖ អ្នកជំនាញវេជ្ជសាស្ត្រកំពុងធ្វើការស្រាវជ្រាវអំពីវីរុសកូរ៉ូណា នៅក្នុងមន្ទីរពិសោធន៍មួយ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក កាលពីថ្ងៃទី ២៣ ខែមេសា ឆ្នាំ ២០២០។
រូបឯកសារ៖ អ្នកជំនាញវេជ្ជសាស្ត្រកំពុងធ្វើការស្រាវជ្រាវអំពីវីរុសកូរ៉ូណា នៅក្នុងមន្ទីរពិសោធន៍មួយ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក កាលពីថ្ងៃទី ២៣ ខែមេសា ឆ្នាំ ២០២០។

ការប្រែប្រួល​ស្ថានភាព​បរិស្ថាន​បាន​បន្ថយ​គម្លាត​គ្នា​រវាង​សត្វ​ប្រជៀវ​នឹង​មនុស្ស​ និង​ទម្លាប់​បរិភោគ​សត្វព្រៃ​ បានធ្វើ​ឲ្យ​ហានិភ័យ​នៃ​ការឆ្លង​វីរុស​ពី​សត្វ​មក​មនុស្ស​កើនឡើង​កាន់តែ​ខ្លាំង។ នេះ​បើ​តាម​ការលើកឡើង​របស់​ការសិក្សា​ស្រាវជ្រាវ​និង​សកម្មជន​សត្វព្រៃ។

ការណ៍​នេះ​ដោយសារតែ​កាលពី​ជិត​ ១១ ​ឆ្នាំ​មុន​ ក្រុមអ្នកស្រាវជ្រាវ​បាន​រកឃើញ​ជាលើក​ដំបូង​នូវ​វីរុស​កូរ៉ូណា​ចំនួន​ពីរ​ប្រភេទ​ ដែល​មាន​នៅ​លើ​សត្វ​ប្រជៀវ​ក្នុង​ប្រទេស​កម្ពុជា។ ក្នុងចំណោម​នេះ ​គឺ​មាន​វីរុស​កូរ៉ូណា​មួយ​ប្រភេទ ​គឺ​បេតាកូរ៉ូណា​វីរុស ​ដែល​អាច​មាន​សក្តានុពល​ចម្លង​ទៅមនុស្ស​បាន។ នេះ​បើតាម​ការសិក្សា​ស្រាវជ្រាវ​ដែល​បាន​ដឹកនាំ​ធ្វើ​ដោយ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា

វីរុស​កូរ៉ូណា​ក៏​ត្រូវ​បាន​គេរកឃើញ​នៅ​ក្នុង​ប្រទេស​ចិន​ថៃ​ ឡាវ​ ហុងកុង​ និង​ហ្វីលីពីន ​ហើយ​អត្រា​ភាគរយ​នៅ​បណ្តា​ប្រទេស​ទាំងនោះ​ក៏ខ្ពស់​ដែរ​ បើប្រៀបធៀប​នឹង​អត្រា​វិជ្ជមាន​នៅ​កម្ពុជា ​ដែល​មាន​តែចំនួន​ ៤,៨៥% ឡាវ​មាន ៦,៥%​ និង​ ២៩,៦%​ នៅ​ហ្វីលីពីន​ជាដើម។

វីរុស​កូរ៉ូណា​ប្រភេទ​បេតាកូរ៉ូណា​វីរុស ​ដែល​គេ​បានរកឃើញ​នៅ​ប្រទេស​កម្ពុជា ​ត្រូវបាន​អ្នកវិទ្យាសាស្ត្រ​អះអាង​ថា​ មិន​មាន​អ្វី​ពាក់ព័ន្ធ​នឹង​វីរុស​កូរ៉ូណា​ប្រភេទ​ SARS-CoV-2​ ឬ​កូវីដ១៩ ​ដែល​កំពុង​ឆ្លង​លើ​ពិភពលោក​ក្នុង​ពេល​បច្ចុប្បន្ន​នេះ​ទេ។ ប៉ុន្តែ​ទោះជាយ៉ាងនេះ​ក្តី​ ក៏​អ្នកវិទ្យាសាស្ត្រ​នៅតែ​បន្ត​សិក្សា​ស្រាវជ្រាវ​ដើម្បី​បង្កា​វីរុស​ប្រភេទ​ថ្មី​ ដែល​អាច​ចម្លង​ពីសត្វ​ទៅ​មនុស្ស​ផងដែរ។

អ្នកស្រី ​ឡូរ៉ង់ បារ៉ែល​ នាយិកា​នៃ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា ​បាន​បញ្ជាក់​ប្រាប់​វីអូអេ​ខេមរភាសា​ តាម​សារអេឡិកត្រូនិក ​កាលពី​ថ្ងៃ​អាទិត្យ​ថា៖

«ការរកឃើញ​នេះ​គឺជា​ការគូសបង្ហាញ​ពី​សារៈសំខាន់​នៃ​ការស្រាវជ្រាវ​អំពី​សុខភាព ​ដែលត្រូវ​បន្ត​ជានិច្ច​ និង​ក៏​ជា​ការបង្ហាញ​ថា​ យន្តការ​នៃ​ការសាយភាយ​និង​កើនឡើង​នៃ​ជំងឺ​ដែល​ឆ្លង​ពី​សត្វ ​គឺ​មាន​លក្ខណៈ​ស្មុគស្មាញ​ក្នុង​ការដោះស្រាយ»។

ទិន្នន័យ​ដែល​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា​ដកស្រង់បាន​បង្ហាញ​ថា ​ជាង​ ៧០ ​ភាគរយ ​នៃ​ជំងឺ​ក្នុង​ប្រវត្តិសាស្ត្រ​ គឺ​ឆ្លង​ពី​សត្វទៅ​មនុស្ស។

ក្នុង​ពេល​បច្ចុប្បន្ន​ ក្រុមការងារ​របស់​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា​ក៏​កំពុងតែ​សិក្សា​ស្រាវជ្រាវ​លើ​ការប្រឈម​រវាង​ការលក់ដូរ​សត្វព្រៃ ​និង​ការបរិភោគ​សាច់សត្វ​ ក្នុង​ចំណោម​ពលរដ្ឋ​កម្ពុជា​ដោយ​ផ្តោត​លើ​ខេត្ត​ពីរ ​គឺ​ខេត្ត​មណ្ឌល​គីរី​ និង​ស្ទឹងត្រែង។ ​គម្រោង​នេះ​បាន​ចាប់ផ្តើម​តាំងពី​ខែមេសា ​ឆ្នាំ​ ២០២០​ ហើយ​នឹង​មាន​រយៈពេល​បឋម​ចំនួន​ ១៨ ខែ។

គោលបំណង​ដ៏​សំខាន់​នៃ​ការសិក្សា​ស្រាវជ្រាវ​នេះ ​គឺ​ដើម្បី​ផ្តល់​ទិន្នន័យ​ថ្មី​និង​ចំណេះ​ដឹង​លើ​ការជួញដូរ​សត្វព្រៃ​នៅ​ប្រទេស​កម្ពុជា ​និង​ដើម្បី​រួម​ចំណែក​ដល់​ការពង្រឹង​ប្រព័ន្ធ​ឃ្លាំមើល​សុខភាព​សត្វព្រៃ ​និង​កំណត់​ឲ្យ​បាន​ជាមុន​នូវ​ការចម្លង​ដែល​អាច​កើត​មាន​ឡើង​ពី​សត្វ​ទៅ​មនុស្ស ​ដែល​អាច​គំរាម​កំហែង​ដល់​សុខភាព​សាធារណៈ។

នៅក្នុង​សុន្ទរកថា​មួយ​ កាលពី​ដើមខែមេសា ​ស្តីពី​ការឆ្លើយតប​របស់សហរដ្ឋអាមេរិកចំពោះ​ការរាតត្បាត​ជំងឺ​កូវីដ១៩ ​ក្នុង​ពិភពលោក លោក​រដ្ឋ​មន្ត្រីការបរទេស ​Anthony J. Blinken ​បាន​លើកឡើង​អំពី​សារៈ​សំខាន់​នៃការ​ត្រៀមខ្លួន​របស់​ពិភពលោក​ទាំងមូល ដើម្បីឆ្លើយតប​ចំពោះ​ការរាតត្បាត​ជំងឺ​ថ្មី ទៅថ្ងៃ​អនាគត ដែលរួមមាន​ការពង្រឹង​ស្ថាប័ន​និង​ប្រព័ន្ធ​ផ្សេងៗ ​ដែល​ការពារ​សន្តិសុខ​ផ្នែកខាង​សុខភាព​របស់​ពិភពលោក តាមរយៈ​ការចំណាយ​ថវិកា​ចាយវាយ និង​ការទទួល​ខុសត្រូវ​របស់​ប្រទេស​ទាំង​អស់ ​ក្នុង​ការចែករំលែក​ព័ត៌មាន​ដោយ​មាន​តម្លាភាព​និង​ទាន់ពេលវេលា។

បច្ចុប្បន្ន​នេះ​ជំងឺកូវីដ​១៩​ បានឆ្លង​ដល់​ពលរដ្ឋ​ជាង ​១៥៣ ​លាន​នាក់​ និង​ស្លាប់​ជាង ​៣,២​ លាន​នាក់ ​នៅ​ទូទាំង​ពិភពលោក​ ហើយ​ក្រុម​អ្នកជំនាញ​របស់​អង្គការ​សុខភាព​ពិភពលោក ​(WHO)​ ដែល​បាន​ធ្វើដំណើរ​ទៅ​ប្រទេស​ចិន​កាលពីដើម​ឆ្នាំ​នេះ​ ដើម្បីស៊ើបអង្កេត​រកប្រភព​វីរុស​នៅ​មិន​ទាន់​កំណត់​បាន​ពី​ប្រភព​ដើម​ពិតប្រាកដ​នៅឡើយ​ ដោយ​គ្រាន់​តែ​សន្និដ្ឋាន​ជំហាន​បឋម​ថា ​វា​អាច​ឆ្លង​ពីសត្វ​ប្រជៀវ​ទៅ​ថនិកសត្វ​ណា​មួយ​មុនចម្លង​ទៅ​មនុស្ស។

លោកវេជ្ជបណ្ឌិត​ សៀង សេង ​ដែល​ជា​វេជ្ជបណ្ឌិត​ខ្មែរ​អាមេរិកាំង​ចូលនិវត្តន៍ ​នៅ​រដ្ឋ​កាលីហ្វញ៉ា​ ដែល​បាន​តាមដាន​កិច្ចការ​នេះ ​ក៏​មើលឃើញ​ពី​ភាព​ស្មុគស្មាញ​នៃ​ការស្វែងរក​ប្រភព​វីរុស​នេះដែរ។

លោក​វេជ្ជបណ្ឌិត ​សៀង សេង​ បាន​បញ្ជាក់​បន្ថែម​ប្រាប់​វីអូអេ​ថា៖

«បើតាម​សេចក្តី​រាយការណ៍​របស់​មជ្ឈមណ្ឌល​គ្រប់គ្រង​និង​បង្កា​ជំងឺ​របស់​សហរដ្ឋ​អាមេរិក ​(CDC) ​ក៏​នៅតែមិនទាន់​ដឹង​ពិតប្រាកដ​ថា​វីរុស​នោះ ​វាចេញ​មក​ពី​ណា​ពិតប្រាកដ​នៅ​ឡើយ​ទេ។ គេ​មាន​ជំនឿ​ថា ​វា​ចេញ​មក​ពី​សត្វ​ ហើយ​ប្រហែល​ជា​ចេញ​មកពី​ប្រជៀវ ​ប៉ុន្តែ​មិនមាន​ភស្តុតាង​ឬ​ទិន្នន័យ​ណា​បញ្ជាក់​ថា ​សត្វ​នេះ​ដែល​ចម្លង​វីរុស​មក​យើង ​វា​មាន​តួ​នាទី​អ្វី​សំខាន់​ក្នុង​ការឆ្លង​រាលដាល​វីរុស​នេះ​ទេ​ បាន​ន័យ​ថា​ ហានិភ័យ​នៃ​ការឆ្លង​ពី​សត្វ​ទៅ​មនុស្ស ​គឺ​មាន​ស្តួចស្តើង​ណាស់»។

ពលរដ្ឋ​នៅ​តំបន់​អាស៊ីអាគ្នេយ៍​និយម​ទទួលទាន​សាច់សត្វព្រៃ​ជា​អាហារ ​និង​នៅ​កម្ពុជា ​លាមក​សត្វ​ប្រជៀវ​ត្រូវ​បាន​ប្រើប្រាស់​ជាជី​ដាក់​ដំណាំ​កសិកម្ម​ផងដែរ។ ​ប៉ុន្តែ​លោក​វេជ្ជបណ្ឌិត​ សៀង សេង ​យល់​ថា​ ការបរិភោគ​សត្វ​ប្រជៀវ​គឺ​ហាក់​មិន​មាន​សញ្ញា​ណា​ដែល​បាន​ចូលរួម​ចំណែក​ដល់​ការឆ្លងជំងឺ​កូវីដ១៩​ ដែល​កំពុង​រាលដាល​នា​ពេល​នេះ​ទេ។​

អ្នកស្រី​ លី អៃឡែន តំណាង​ប្រចាំ​ប្រទេស​កម្ពុជា​នៃ​អង្គការ​សុខភាព​ពិភពលោក​ ក៏​បាន​បញ្ជាក់​ក្នុង​សន្និសីទ​សារព័ត៌មាន​កាលពី​ចុងខែ​កុម្ភៈ​ ដោយ​សង្កត់​ធ្ងន់​លើ​ការសិក្សា​ស្រាវជ្រាវ​បន្ត​ និង​ថា​មានការសិក្សា​ជាច្រើន​កំពុង​តែ​ធ្វើឡើង​នៅ​ក្នុង​ពិភពលោក ​និង​ក្នុង​តំបន់​អាស៊ី​ពាក់ព័ន្ធ​នឹង​វីរុស​កូរ៉ូណា​នេះ។

អ្នកស្រី​បន្ថែម​ថា៖ «ការស្រាវជ្រាវ​គឺ​ជា​ធាតុ​សំខាន់​ណាស់​នៃ​ការងារ​សុខាភិបាល​សាធារណៈ»។​

យ៉ាងណាក៏ដោយ​ ពេលវេលា​និង​ការធានា​ឲ្យ​មាន​មូលនិធិជាប់​ជា​ប្រចាំ ​គឺ​ជា​បញ្ហា​ប្រឈម​សម្រាប់​ក្រុម​អ្នក​ស្រាវជ្រាវ​ផងដែរ។ នេះ​បើតាម​ការ​បញ្ជាក់​របស់​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា។

អ្នកស្រី ​ឡូរ៉ង់ បារ៉ែល​ នាយិកា​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា​ បាន​បញ្ជាក់​បន្ថែម​ប្រាប់​វីអូអេ​ថា៖

«តុល្យភាព​ការងារ​ គឺ​ជា​បញ្ហា​ប្រឈម​រវាង​ការចូលរួម​ប្រចាំ​ថ្ងៃ​ ដើម្បី​ចូលរួម​ចំណែក​ជាមួយ​កិច្ច​ខិតខំ​ប្រឹងប្រែង​ផ្នែក​សុខាភិបាល​ក្នុង​ការ​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ​១៩​ ក្រោម​ការ​សម្របសម្រួល​នៃ​ក្រសួង​សុខាភិបាល​ និង​ធ្វើការ​ស្រាវជ្រាវ​ចាំបាច់​ដើម្បី​យល់ដឹង​ឲ្យ​បាន​ច្បាស់​នូវ​ការសាយភាយ ​និង​យន្តការ​ចម្លង​នៃ​វីរុស​ថ្មី​និង​ហានិភ័យ​ពី​ការផ្ទុះ​ឆ្លង​ក្នុង​ពេល​អនាគត»។

នៅ​កម្ពុជា​ជំងឺកូវីដ​១៩​ បាន​ឆ្លង​ដល់​ពលរដ្ឋ​ជិត ​១៧.០០០ នាក់​ត្រឹមថ្ងៃពុធ​ និង​ស្លាប់​ចំនួន​ ១១០ ​នាក់៕

XS
SM
MD
LG