ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ហ្វីលីពីន​កោះហៅ​ប្រេសិតចិន​ពាក់ព័ន្ធ​ឧប្បត្តិហេតុ​​កាណុង​បាញ់ទឹក


រូបថតថតពីវីដេអូដែលចេញផ្សាយកាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ ដោយឆ្មាំសមុទ្រហ្វីលីពីន បង្ហាញពីនាវាឆ្មាំសមុទ្រហ្វីលីពីន BRP ត្រូវបាននាវាឆ្មាំសមុទ្រចិនបាញ់កាណុងទឹកដាក់។ (Photo by Handout / Philippine Coast Guard (PCG) / AFP)
រូបថតថតពីវីដេអូដែលចេញផ្សាយកាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ ដោយឆ្មាំសមុទ្រហ្វីលីពីន បង្ហាញពីនាវាឆ្មាំសមុទ្រហ្វីលីពីន BRP ត្រូវបាននាវាឆ្មាំសមុទ្រចិនបាញ់កាណុងទឹកដាក់។ (Photo by Handout / Philippine Coast Guard (PCG) / AFP)

ក្រសួង​​​ការបរទេសបាន​និយាយ​​ថាការ​​តវ៉ា​​​ខាង​​ការទូត​​កាលពីថ្ងៃព្រហស្បតិ៍​ទី​២ ខែឧសភា​​​ជា​​​ការតវ៉ា​​ទី២០​ដោយ​រដ្ឋាភិបាល​ក្រុងម៉ានីល​ក្នុង​ឆ្នាំនេះ។

រដ្ឋាភិបាល​ហ្វីលីពីន​បាន​កោះហៅ​បេសកជន​ជាន់ខ្ពស់​ចិន​មួយ​រូប​នៅ​ថ្ងៃ​ព្រហស្បតិ៍ទី២ ខែ​ឧសភា ​ដើម្បី​សម្ដែង​នូវ​ការ​ប្រឆាំង​ចំពោះ​ឧប្បត្តិហេតុ​ដែល​ចិន​ប្រើ​កាណុង​ទឹក​បាញ់​ដាក់​នាវា​ហ្វីលីពីន​ពីរ​គ្រឿង​ដោយ​ធ្វើ​ឱ្យ​ខូចខាត​ក្នុង​អំឡុង​ពេល​ល្បាត​នៅ​សមុទ្រ​ចិន​ខាងត្បូង។

នាវា​ឆ្មាំ​ល្បាត​សមុទ្រ​មួយ​គ្រឿង​និង​នាវា​រដ្ឋាភិបាល​មួយ​គ្រឿង​របស់​ហ្វីលីពីន​បាន​រង​ការ​ខូចខាត​នៅក្នុង​ឧប្បត្តិហេតុ​ថ្ងៃ​ទី ៣០ ខែ​មេសា​នៅ​ជិត​កោះ Scarborough Shoal ដែល​មាន​ជម្លោះ​និង​គ្រប់គ្រង​ដោយ​ចិន។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​ក្រសួង​ការបរទេស​ហ្វីលីពីន។

រដ្ឋាភិបាល​ក្រុងម៉ានីល​និង​រដ្ឋាភិបាល​ក្រុងប៉េកាំង​មាន​ប្រវត្តិ​ជម្លោះ​ដែន​ទឹក​ជាមួយ​យូរ​ណាស់​មកហើយ​នៅ​សមុទ្រចិន​ខាងត្បូង ហើយ​ប្រទេស​ក្បែរខាង​ទាំង​ពីរនេះ​មាន​ឧប្បត្តិហេតុ​នៅ​ដែន​សមុទ្រ​ជាច្រើន​ដង​នៅ​ប៉ុន្មានខែ​ចុងក្រោយនេះ ខណៈ​ពួកគេ​មានជំហ​រឹងមាំ​អះអាង​ទាមទារ​ផ្លូវទឹកយុទ្ធសាស្ត្រនេះ។

ហេតុការណ៍​លើកនេះ​បាន​កើតឡើង​ក្នុង​អំឡុង​បេសកកម្ម​ទៅ​ផ្គត់ផ្គង់​ឡើងវិញ​ដល់​អ្នក​នេសាទ​ហ្វីលីពីន។

លោក Zhou Zhiyong មន្ត្រីធំ​ទី២​នៃ​ស្ថានទូតចិន​ត្រូវបានកោះហៅ​ដោយ​រដ្ឋាភិបាល​ក្រុង​ម៉ានីល​អំពី«ការ​យាយី​ ការ​បុក ការ​ឡោមព័ទ្ធ ការ​តាមដាននិងការរាំង​ខ្ទប់ កលល្បិច​ប្រកប​ដោយគ្រោះ​ថ្នាក់​ ការប្រើ​កាណុងទឹកនិង​សកម្មភាពគឃ្លើន​ឯទៀតៗ​របស់​កងឆ្មាំសមុទ្រ​ចិននិង​នាវានៃ​កង​ជីវពល​សមុទ្រ​ចិន»។ នេះបើ​តាមសេចក្តី​ថ្លែងការណ៍មួយពី​ក្រសួងការបរទេសហ្វីលីពីន។

ក្រសួងនេះបានបន្ថែម​ថា«សកម្មភាព​គឃ្លើនរបស់ចិន​ ជា​ពិសេសការប្រើ​កាណុង​បាញ់ទឹក បាន​បណ្តាលឱ្យមានការខូចខាត»ដល់នាវា​ហ្វីលីពីន។ ក្រសួងនេះ​ក៏​បានទាមទារ​ដែរឱ្យ​កប៉ាល់ចិនចាកចេញជា​បន្ទាន់ពីទីខ្ពស់​នៅ​ក្រោម​ផ្ទៃទឹក​នោះ​និង​ទី​ជិតខាងទី​នោះ។

ប្រទេសហ្វីលីពីន​បាននិយាយថា សម្ពាធនៃឧប្បត្តិហេតុបាញ់​កាណុង​ទឹក​កាលពី​ថ្ងៃទី៣០ ខែមេសាខ្លាំង​ជាង​ឧប្បត្តិហេតុ​កាល​ពី​ពេលមុនៗ ហើយ​ថា​វាបាន​ធ្វើឱ្យ​ដាច់​ឬធ្វើឱ្យកោង​ផ្នែកលោហធាតុនិងគ្រឿង​ឧបករណ៍នៅ​លើ​នាវាហ្វីលិពីន។

​ក្រសួង​ការបរទេសបាន​និយាយថាការតវ៉ា​ខាងការទូតកាលពីថ្ងៃព្រហស្បតិ៍​ទី​២ ខែឧសភា​ជា​ការតវ៉ាទី២០​ដោយ​រដ្ឋាភិបាល​ក្រុងម៉ានីល​ក្នុង​ឆ្នាំនេះ ហើយជា​ការតវ៉ាលើកទី១៥៣​តាំង​ពី​លោកប្រធានាធិបតី Ferdinand Marcos កាន់អំណាច​កាលពី​ពាក់​កណ្តាលឆ្នាំ២០២២។

ស្ថានទូតចិន​មិនបានឆ្លើយ​ជាបន្ទាន់នឹង​សំណើ​សុំ​អត្ថាធិប្បាយ​ទេ។

កាលពី​មុនកង​ឆ្មាំសមុទ្រចិនបាន​និយាយថាខ្លួន«បាន​បណ្តេញ»​នាវាហ្វីលីពីនពីរគ្រឿងចេញពី​ដែនទឹក​ខ្លួន​នៅជិតកោះ Huangyan ឈ្មោះដែលចិនហៅតំបន់ Scarborough Shoal។

តំបន់នោះគឺជាចំណុច​ក្តៅមួយរវាងប្រទេសទាំង​ពីរ​ចាប់តាំង​ពី​ចិនបាន​រឹបយកពី​ហ្វីលីពីន​ក្នុង​ឆ្នាំ២០១២។

សមយុទ្ធយោធាទ្រង់ទ្រាយធំ

ប្រទេសចិន​បាន​ទាមទារយកសមុទ្រ​ចិនខាងត្បូងសឹង​តែទាំងស្រុងថាជារបស់ផងខ្លួន នាំ​ឱ្យមាន​ការទាមទារ​ដែរ​ពីប្រទេសឯទៀតៗ មានរួមទាំង​ហ្វីលីពីនដែរ ហើយមាន​ការ​សម្រេចអន្តរជាតិ​មួយថា​ការអះអាង​របស់ចិនគ្មានមូលដ្ឋាន​ផ្លូវ​ច្បាប់ទេ។

តំបន់​ត្រីកោណ​នៃសង្វាក់​ផ្កាថ្ម​និង​ថ្មដែល​ផ្សំ​ជា Scarborough Shoal​ ស្ថិតនៅ​ចម្ងាយ២៤០គ.ម.ខាងលិចកោះ Luzon ដែល​ជា​កោះធំបំផុតនៃប្រទេស​ហ្វីលីពីន ហើយជិត៩០០គ.ម.ពី​កោះ Hainan ដែល​ជាដែនដីចិន​ជិត​បំផុត​នឹងទីនោះ។

ចាប់តាំង​ពីបានកាន់កាប់ Scarborough Shoal មក​ រដ្ឋាភិបាលប៉េកាំងបាន​ដាក់ពង្រាយ​កង​ឆ្មាំសមុទ្រនិង​នាវា​ឯទៀតៗដែល​រដ្ឋាភិបាលក្រុង​ម៉ានីល​ថា​បានយាយី​កប៉ាល់ហ្វីលីពីន​និង​រារាំង​អ្នក​នេសាទ​ហ្វីលីពីនមិន​ចូល​ក្នុង​តំបន់​សំបូរ​ត្រីនេះទេ។

ឧប្បត្តិហេតុ​ថ្មីបំផុត​នេះ​មានឡើង​នៅ​ពេល​ប្រទេស​ហ្វីលីពីន​និង​សហរដ្ឋអាមេរិកធ្វើសមយុទ្ធ​យោ​ធា​ប្រចាំ​ឆ្នាំធំមួយដែលធ្វើ​ឱ្យ​រដ្ឋាភិបាល​ប៉េកាំងខឹងខ្លាំង។

រដ្ឋាភិបាលក្រុង​ម៉ានីលនិងរដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​មាន​សន្ធិសញ្ញា​ការពារគ្នា​ទៅ​វិញ​ទៅមក ហើយការប្រឈម​មុខ​ដាក់គ្នា​កាលពី​ពេល​ថ្មីៗនេះ​រវាង​នាវា​ហ្វីលីពីននិង​ចិន​បានបង្កើនការនិយាយស្មានៗអំពី​អ្វី​ដែល​អាចកើតមានឡើង។

លោក​ប្រធានាធិបតី Marcos បាន​ថ្លែង​កាលពី​ខែមេសាថារដ្ឋមន្ត្រី​ការពារ​ជាតិសហរដ្ឋអាមេរិក​លោក Lloyd Austin បាន​ធានារ៉ាប់រង​ថាសន្ធិសញ្ញានេះ​អាច​យក​មក​ប្រើប្រសិន​បើ«មហាអំណាច​បរទេស»​មួយ​ទៀត​សម្លាប់​ទាហានហ្វីលីពីន​ម្នាក់៕

ប្រែសម្រួលដោយលោក ឈឹម សុមេធ

វេទិកា​បញ្ចេញ​មតិ

វីដេអូថ្មីៗបំផុត

XS
SM
MD
LG