ប៉ូលិសបាននិយាយកាលពីថ្ងៃសៅរ៍ថា ស្រ្តីខ្មែរមានផ្ទៃពោះចំនួន៣៣នាក់ដែលកំពុង ពពោះឲ្យអតិថិជនជនជាតិចិនត្រូវបានរកឃើញក្នុងអំឡុងពេលឆែកឆេរកន្លែងរកស៊ីពពោះខុសច្បាប់។ ប៉ូលិសបាននិយាយថា មនុស្ស៥នាក់រួមទាំងអ្នកគ្រប់គ្រងជនជាតិចិនម្នាក់ផង ត្រូវបានចាប់ខ្លួន បន្ទាប់ពីមានការឆែកឆេរផ្ទះចំនួនពីរនៅក្នុងរាជធានីភ្នំពេញ។
ប្រទេសកម្ពុជាជាកន្លែងដែលគេចូលចិត្តមកជួលស្រី្តឲ្យពពោះ ទោះបីជាមានច្បាប់ហាមឃាត់ចេញកាលពីឆ្នាំ២០១៦ក៏ដោយ។
លោក កែវ ធា នាយការិយាល័យប្រឆាំងការជួញដូរមនុស្ស នៅរាជធានីភ្នំពេញបានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters កាលពីថ្ងៃសៅរ៍ថា មនុស្ស៥នាក់នោះមានស្ត្រីកម្ពុជា៤នាក់និងនាយកគ្រប់គ្រងជាបុរសជនជាតិចិនម្នាក់។
ស្ត្រីនិងអ្នកគ្រប់គ្រងជនជាតិចិនត្រូវបានឃុំខ្លួនក្នុងអំឡុងពេលឆែកឆេរកាលពីថ្ងៃព្រហស្បតិ៍។
លោកកែវ ធាបានមានប្រសាសន៍ថា «អាជ្ញាធររបស់យើងបានចោទប្រកាន់ពួកគេពីបទជួញដូរមនុស្សនិងធ្វើជាអន្តរការីការពពោះឱ្យគេ»។
លោកបាននិយាយថា ស្ត្រីស៊ីឈ្នួលពពោះនឹងមិនប្រឈមនឹងការចោទប្រកាន់ទេ នៅពេលនេះទេ។ លោកបាននិយាយថា «ពួកគេកំពុងពរពោះឲ្យជនជាតិចិន»។ លោកបន្ថែមថា ស្ត្រីម្នាក់ៗត្រូវបានគេសន្យាថា នឹងទទួលបានប្រាក់ចំនួន១ម៉ឺនដុល្លារសម្រាប់សេវាកម្មពរពោះនេះ។ នៅពេលដែលស្ត្រីចាប់ផ្តើមពពោះ នាងទទួលបានប្រាក់៥០០ដុល្លារ។ នៅពេលទារកប្រសូតិ លក្ខខណ្ឌនៃកិច្ចព្រមព្រៀងគឺស្ត្រីនឹងទទួលបាន៣០០ដុល្លារ ក្នុងមួយខែរហូតដល់គ្រប់១ម៉ឺនដុល្លារ។
លោកកែវ ធាបានឱ្យដឹងថា ការរកស៊ីពពោះជំនួស បានបង្កើតទារកចំនួន២០នាក់ឲ្យអតិថិជននៅប្រទេសចិនរួចហើយ។ លោកកែវ ធាមានប្រសាសន៍ថា «ទារកខ្លះកើតនៅប្រទេសចិន ហើយខ្លះទៀតកើតនៅកម្ពុជា»។
គ្លីនិកដែលមានមូលដ្ឋាននៅអាស៊ីកំពុងតែពិនិត្យមើលប្រទេសចិនដែលមន្រ្តីសុខាភិបាលបានប៉ាន់ស្មានថា គូស្វាមីភរិយាចំនួន៩០លាននាក់មានសិទ្ធិមានកូន២បន្ទាប់ពីគោលនយោបាយចំណាស់ច្រើនទសវត្សរ៍ដែលកំណត់ឲ្យមានកូនតែមួយនោះ ត្រូវបានដកចេញនៅឆ្នាំ២០១៥។ មិនមានតួលេខផ្លូវការអំពីចំនួនទារកចិនប្រសូតដោយប្រើសេវាពពោះនេះទេ ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយបាននិយាយថាមានជាង១ម៉ឺននាក់ជារៀងរាល់ឆ្នាំ។
ប្រទេសថៃនិងឥណ្ឌាបានរារាំងជនបរទេសមិនឲ្យប្រើសេវាពពោះនេះបន្ទាប់ពីមានករណីជាច្រើនដែលធ្វើឱ្យមានការព្រួយបារម្ភអំពីការកេងប្រវ័ញ្ច។ ប្រទេសថៃបានហាមឃាត់សេវាពពោះនៅឆ្នាំ ២០១៥។ បន្ទាប់មកគ្លីនិកថៃជាច្រើនបានផ្លាស់ប្តូរកន្លែងរកស៊ីឆ្លងព្រំដែនចូលប្រទេសកម្ពុជា ដែលទើមតែមានច្បាប់ហាមប្រាមសេវាស៊ីឈ្មួលពពោះនេះនៅឆ្នាំ២០១៦៕