ប្រធានាធិបតីប្រទេសហ្វីលីពីនលោក Benigno Aquino បានថ្លែងថា ហ្វីលីពីនមិនមានលទ្ធភាពទទួលយកជនភៀសខ្លួនអូស្រ្តាលីមកតាំងទីលំនៅអចិន្ត្រៃយ៍នៅក្នុងប្រទេសនេះទេ។
ប្រធានាធិបតីប្រទេសហ្វីលីពីនលោក Benigno Aquino បានថ្លែងថា ហ្វីលីពីនកំពុងពិចារណានិងសិក្សាយ៉ាងម៉ត់ចត់ ទៅលើសំណើរបស់រដ្ឋាភិបាលអូស្ត្រាលី ក្នុងការទទួលយកជនភៀសខ្លួនចូលមកកាន់ប្រទេសរបស់ខ្លួន។ ប៉ុន្តែលោក Aquino បានប្រាប់អ្នករាយការណ៍ថា មានកត្តាមួយចំនួនដែលត្រូវពិចារណា។
លោក Aquino បានថ្លែងថា «អូស្ត្រាលីដឹងហើយថា យើងមានចំនួនប្រជាជនច្រើនជាងអូស្តា្រលីយ៉ាងខ្លាំង។ ឥឡូវនេះ យើងមានបញ្ហាប្រឈមក្នុងការបំពេញតម្រូវការរបស់ប្រជាពលរដ្ឋ។ ហ្វីលីពីនចង់ជួយដល់អូស្ត្រាលីដែរ ប៉ុន្តែការជួយនោះគឺមានដែនកំណត់»។
ប្រមាណមួយភាគបួននៃចំនួនប្រជាពលរដ្ឋ ១០០លាននាក់របស់ហ្វីលីពីន កំពុងរស់នៅក្នុងភាពក្រីក្រ។
កាលពីដើមខែតុលានេះ រដ្ឋមន្ត្រីទទួលបន្ទុកផ្នែកអន្តោប្រវេសន៍របស់អូស្ត្រាលីបានថ្លែងថា រដ្ឋមន្ត្រីក្រសួងការបរទេសរបស់ប្រទេសទាំងពីរបានពិភាក្សារអំពីកិច្ចព្រមព្រៀងដ៏មានសក្តានុពលមួយនេះ ដែលអូស្រ្តាលីនឹងផ្តល់ថវិកាដល់ហ្វីលីពីនសម្រាប់ជនភៀសខ្លួនក្នុងការតាំងទីលំនៅជាថ្មី។ សេចក្តីថ្លែងការណ៍មួយរបស់ក្រសួងការបរទេសហ្វីលីពីនបានឲ្យដឹងថា ភាគីទាំងពីរបានពិភាក្សាអំពីជនភៀសខ្លួននិងកាតព្វកិច្ចរបស់ពួកគេក្រោមច្បាប់អន្តរជាតិ។
លោក Aquino បានបន្ថែមថា «ប្រសិនបើកិច្ចព្រមព្រៀងដែលបានដាក់ស្នើនេះមិនមែនគ្រាន់តែជាចំណុចបណ្ដោះអាសន្នមួយ ប៉ុន្តែជាការតាំងទីលំនៅជាថ្មីនោះ យើងមានអារម្មណ៍ថានៅពេលនេះ យើងមិនមានសមត្ថភាពក្នុងការផ្តល់ការស្នាក់នៅអចិន្ត្រៃយ៍ដល់ជនភៀសខ្លួនទាំងនោះទេ»។
លោក Aquino បានយោងទៅលើកិច្ចព្រមព្រៀងឆ្នាំ ១៩៧៩ នៅពេលដែលប្រទេសហ្វីលីភីនទទួលជនភៀសខ្លួនគេចពីសង្គ្រាមនៅវៀតណាមនិងជនភៀសខ្លួនដែលគេចពីរបបខ្មែរក្រហមនៅកម្ពុជា។ លោកបានថ្លែងថា ជនភៀសខ្លួនចំនួន៤សែននាក់មកពីប្រទេសទាំងពីរនោះ មកស្នាក់នៅហ្វីលីពីនបណ្តោះអាសន្នតែពីរ ឬបីឆ្នាំប៉ុណ្ណោះ។ ប៉ុន្តែលោកបានលើកឡើងថា ពួកគេនៅហ្វីលីពីនអស់រយៈពេល ១៥ឆ្នាំ ហើយអ្នកខ្លះបានក្លាយជាពលរដ្ឋដែលតាំងទីលំនៅអចិន្ត្រៃយ៍ទៅហើយ។
ប៉ុន្មានឆ្នាំចុងក្រោយនេះ ជនភៀសខ្លួន Rohingya រាប់ពាន់នាក់ត្រូវបានធ្វើទុក្ខបុកម្នេញនៅក្នុងប្រទេសមីយ៉ាន់ម៉ា។ អ្នកខ្លះទៀតមកពីប្រទេសអ៊ីរ៉ង់និងអាហ្វហ្កានីស្ថានបានធ្វើដំណើរតាមសមុទ្រដោយសង្ឃឹមថានឹងទៅដល់ប្រទេសអូស្រ្តាលី។
ប៉ុន្តែចាប់តាំងឆ្នាំ ២០១៣មក រដ្ឋាភិបាលអូស្ត្រាលីមិនអនុញ្ញាតឲ្យទូកជនភៀសខ្លួនទាំងនោះចុះចតនៅច្រាំងរបស់ពួកគេនោះទេ។ ប៉ុន្តែអូស្តា្រលីបានឲ្យអ្នកទាំងនោះចុះចតនៅជំរំនៅលើកូនកោះ Nauru នៃតំបន់ប៉ាស៊ីហ្វិកខាងត្បូង និងនៅប្រទេស Papua New Guinea។
កាលពីឆ្នាំមុន អូស្ត្រាលីបានផ្តល់ថវិការាប់សិបលានដុល្លារដល់កម្ពុជាក្នុងការទទួលយកជនភៀសខ្លួនពីកោះ Nauru។ ប៉ុន្តែមានជនភៀសខ្លួនតែ ៦នាក់ប៉ុណ្ណោះដែលទទួលយកការតាំងទីលំនៅជាថ្មីនេះ ហើយម្នាក់ក្នុងចំណោមអ្នកទាំងនោះ គឺបុរសជនជាតិ Rohingya ម្នាក់ បានសុំត្រឡប់ទៅកាន់ប្រទេសមីយ៉ាន់ម៉ាវិញហើយ។
តាមសេចក្តីរាយការណ៍បានឲ្យដឹងថា កម្ពុជាទទួលជំនួយជាទឹកប្រាក់រហូតដល់ទៅ ៤០លានដុល្លារ ជាថ្នូរនឹងការទទួលយកអ្នកសុំសិទ្ធិជ្រកកោនទាំងនោះ ដែលកិច្ចព្រមព្រៀងនេះត្រូវបានក្រុមអ្នកការពារសិទ្ធិជនភៀសខ្លួនធ្វើការរិះគន់យ៉ាងខ្លាំង។ ទីភ្នាក់ងារអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួនបានឲ្យដឹងថា ទង្វើនេះបានធ្វើឲ្យប៉ះពាល់ដល់គោលការណ៍នៃអនុសញ្ញាជនភៀសខ្លួន ដែលប្រទេសទាំងពីរនេះបានចុះហត្ថលេខា។
ជនភៀសខ្លួននិងអ្នកសុំសិទ្ធិជ្រកកោនជាង៦០០នាក់ ត្រូវស្នាក់នៅលើកោះ Nauru។ ជនភៀសខ្លួនរាប់រយនាក់ទៀតកំពុងជាប់ឃុំនៅលើកោះ Manus របស់ប្រទេស Papua New Guinea ក្រោមការរៀបចំរបស់រដ្ឋាភិបាលអូស្រ្តាលី។ ភាគច្រើននៃអ្នកទាំងនោះត្រូវបានគេជឿថាមកពីប្រទេសនៅតំបន់អាស៊ីភាគខាងត្បូងនិងតំបន់មជ្ឈិមបូព៌ា៕