តុលាការកំពូលរបស់ប្រទេសអូស្ត្រាលីពិចារណាផ្លូវច្បាប់សម្រាប់ប្រព័ន្ធគ្រប់គ្រងអ្នកសុំសិទ្ធិជ្រកកោនដែលនៅលើកោះក្នុងសមុទ្រ។ ក្រោមគោលនយោបាយយ៉ាងតឹងរ៉ឹងរបស់ខ្លួន ប្រទេសអូស្រ្តាលីបានបញ្ចូលជនអន្តោប្រវេសន៍ខុសច្បាប់ទៅជំរំក្នុងមហាសមុទ្រប៉ាស៊ីហ្វិកខាងត្បូង ទៅសាធារណរដ្ឋតូចៗ ដូចជា កោះ Nauru និង Papua New Guinea។ ពួកគេបានមកប្រទេសអូស្រ្តាលីដោយទូក។
ការពិចារណាផ្លូវច្បាប់របស់តុលាការកំពូលរបស់អូស្ត្រាលីនេះបានធ្វើឡើង បន្ទាប់មានរឿងទាក់ទិនទៅនឹងស្ត្រីម្នាក់ដែលមកពីប្រទេសបង់ក្លាដេស ដែលបានធ្វើដំណើរតាមយន្តហោះពីកោះ Nauru មកប្រទេសអូស្ត្រាលីដើម្បីព្យាបាលជំងឺ ហើយអ្នកស្រីបានទទូចថា អ្នកស្រីមិនអាចត្រឡប់ទៅវិញបានទេ ពីព្រោះវាគ្រោះថ្នាក់សម្រាប់អ្នកស្រី។
មេធាវីបានសាកសួរតុលាការក្រុង Canberra ថា តើវាស្របច្បាប់ឬទេ រឿងដែលរដ្ឋាភិបាលអូស្ត្រាលីផ្ដល់មូលនិធិសម្រាប់មជ្ឈមណ្ឌលរក្សាទុកជនភៀសខ្លួនក្នុងសមុទ្រ និងបញ្ចូនអ្នកសុំសិទ្ធិជ្រកកោនទៅទីនោះ។
រដ្ឋាភិបាលក្រុង Canberra បានទទូចចង់បានកិច្ចព្រមព្រៀងជាមួយប្រទេសដទៃ ដែលជាគន្លឹះនៃភាពជោគជ័យសម្រាប់គោលនយោបាយអំពីអ្នកសុំសិទ្ធិជ្រកកោន ដូចជាកិច្ចព្រមព្រៀងជាមួយប្រទេសកម្ពុជា ដើម្បីបញ្ជូនជនភៀសខ្លួនទៅកម្ពុជា។ រហូតមកដល់ពេលនេះ មនុស្ស៤នាក់ត្រូវបានទទួលយកដោយប្រទេសកម្ពុជា ហើយរដ្ឋាភិបាលអូស្ត្រាលីបានចំណាយលុយអស់៣៩៥សែន ដុល្លារ។ លោក Peter Dutton រដ្ឋមន្ត្រីក្រសួងអន្តោប្រវេសន៍របស់អូស្ត្រាលីបាននិយាយថា កិច្ចព្រមព្រៀងនេះនឹងផ្ដល់ឱកាសដល់អ្នកសុំសិទ្ធិជ្រកកោនចាប់ផ្តើមជីវិតថ្មី។
«យើងកំពុងធ្វើការជាមួយរដ្ឋបាល Nauru និងមនុស្សលើកោះ Nauru ដើម្បីឲ្យគេជ្រើសរើសយកជម្រើសដូចប្រទេសកម្ពុជា ហើយបើយើងអាចធ្វើដូចនេះបាន នោះយើងអាចផ្តល់ឱកាសឲ្យពួកគេចាប់ផ្ដើមជាថ្មី។ យើងអាចផ្តល់ការជួយទំនុកបម្រុងសម្រាប់សេវាតាំងលំនៅកន្លែងស្នាក់អាស្រ័យ ការងារធ្វើ ការអប់រំ។ល។ វាពិបាក នៅពេលដែលយើងមានបំណងល្អ តែមានអ្នកតស៊ូមតិរបស់ជនភៀសខ្លួននៅទីនេះ នាំសារមិនឲ្យប្រជាជន Nauru ទទួលយកគំនិតនេះ។ គេថា "កុំចេញពីកោះនេះ។ អ្នកនឹងបាននៅប្រទេសអូស្ត្រាលី»។
ប្រទេសអូស្ត្រាលីបានឲ្យទិដ្ឋាការដល់ជនភៀសខ្លួនចំនួន១៣.៧៥០នាក់ក្នុងមួយឆ្នាំៗ ក្រោមកិច្ចព្រមព្រៀងអន្តរជាតិផ្សេងៗ។ ក្នុងខែកញ្ញា រដ្ឋាភិបាលអូស្រ្តាលីបាននិយាយថា ប្រទេសអូស្ត្រាលីនឹងទទួលជនភៀសខ្លួន១២.០០០នាក់ទៀតមកពីស៊ីរី និងអ៊ីរ៉ាក់៕
ប្រែសម្រួលដោយលោក មាន ឥស្សរាយស