ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ហ្វីលីពីន​អាច​ឲ្យ​គេ​យក​ទារក​ដែល​កើត​ពី​ម្តាយ​ពពោះ​ជំនួស​ទៅ​ធ្វើ​ជា​កូន​ចិញ្ចឹម


រូបឯកសារ៖ ស្ត្រីមានផ្ទៃពោះឈរថតរូបនៅទីក្រុង Dallas រដ្ឋ Texas ថ្ងៃទី១៨ ខែឧសភា ឆ្នាំ ២០២៣។
រូបឯកសារ៖ ស្ត្រីមានផ្ទៃពោះឈរថតរូបនៅទីក្រុង Dallas រដ្ឋ Texas ថ្ងៃទី១៨ ខែឧសភា ឆ្នាំ ២០២៣។

ទារក​ដែល​កើត​ពី​ស្ត្រី​ជនជាតិ​ហ្វីលីពីន ១៣ នាក់​ដែល​ពពោះ​ជំនួស​គេ ដែល​ត្រូវបាន​កម្ពុជា​លើកលែង​ទោស​និង​បញ្ជូន​ទៅ​ហ្វីលីពីន​វិញ​ក្រោយពី​ត្រូវបាន​កាត់ទោស​និង​ជាប់​ពន្ធនាគារ​ដោយសារ​ផែនការ​ពពោះ​ជំនួស​ខុសច្បាប់ អាច​ក្លាយជា​កូន​ចិញ្ចឹម។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​សារព័ត៌មាន AFP ដែល​យោង​លើ​ការ​បញ្ជាក់​របស់​រដ្ឋាភិបាល​ហ្វីលីពីន​កាលពី​ថ្ងៃ​ចន្ទ។

ស្ត្រី​ហ្វីលីពីន​ដែល​មាន​គភ៌ ១០ នាក់​និង ៣ នាក់​ទៀត​ដែល​មាន​ទារក​បាន​ធ្វើដំណើរ​តាម​យន្តហោះ​ទៅ​ដល់​ទីក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន​កាល​ពី​ថ្ងៃ​អាទិត្យ ក្នុង​ពេល ៣ ថ្ងៃ​ក្រោយមក​បន្ទាប់ពី​ត្រូវ​បាន​ព្រះមហាក្សត្រ​ខ្មែរ​ព្រះរាជ​ទាន​លើកលែង​ទោស​ឲ្យ។ ការ​លើកលែង​ទោស​នេះ​ធ្វើ​ឲ្យ​ស្ត្រី​ទាំងនេះ​រួច​ទោស​ជាប់​ពន្ធនាគារ ៤ ឆ្នាំ។

រដ្ឋលេខាធិការ​ក្រសួង​យុត្តិធម៌​ហ្វីលីពីន​លោក Nicholas Felix Ty បាន​បញ្ជាក់​ក្នុង​បទសម្ភាសន៍​មួយ​តាម​ទូរទស្សន៍​រដ្ឋ​របស់​ហ្វីលីពីន​កាលពី​ថ្ងៃ​ចន្ទ​ថា៖ «រដ្ឋាភិបាល​កម្ពុជា​មិន​ចង់​ឲ្យ​មាន​ការ​លក់​ទារក​ទាំងនេះ​ទៅ​ឲ្យ​អ្នក​ធ្វើ​ជំនួញ​ជាមួយ​ពលរដ្ឋ​យើង​បាន​សម្រេច​នោះទេ»។

រដ្ឋាភិបាល​កម្ពុជា​ចង់​ឲ្យ​ម្តាយ​ពពោះ​ជំនួស​ទាំងនេះ​ឬ​រដ្ឋាភិបាល​ហ្វីលីពីន​ជា​អ្នក​ទទួល​ខុសត្រូវ​ចំពោះ​ទារក​ទាំងនេះ។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​លោក Ty។

លោក​បាន​បន្ថែម​ថា​រដ្ឋាភិបាល​ហ្វីលីពីន​កំពុង​វាយតម្លៃ​លើ «សមត្ថភាព» របស់​ម្តាយ​ពពោះ​ជំនួស​ទាំងនេះ​ថាតើ​ពួកគេ​អាច​ចិញ្ចឹម​កូន​ទាំងនេះ​បាន​ដោយ​ខ្លួនឯង​ឬ​ក៏​អត់។

លោក​លើកឡើង​ដូច្នេះ​ថា៖ «បើ​យើង​សន្និដ្ឋាន​ថា​ពួកគេ​មិន​អាច​ចិញ្ចឹម​បាន​ទេ នោះ​ទារក​ទាំងនេះ​អាច​ស្ថិត​ក្រោម​អាណាព្យាបាល​របស់​រដ្ឋ​មួយ​រយៈ ហើយ​យើង​នឹង​ពិចារណា​លើ​លទ្ធភាព​ផ្សេងៗ​សម្រាប់​ពួកគេ​ដូចជា​ការ​ធ្វើ​ជា​កូន​ចិញ្ចឹម​របស់​គេ​ជាដើម»។

ស្ត្រី​ទាំង ១៣ នាក់​នេះ​ស្ថិត​ក្នុង​ចំណោម​ជន​បរទេស​ចំនួន ២៤ នាក់​ដែល​ត្រូវ​បាន​នគរបាល​កម្ពុជា​ឃុំ​ខ្លួន​កាលពី​ខែ​កញ្ញា ហើយ​ត្រូវ​បាន​កាត់ទោស​និង​ជាប់​ពន្ធនាគារ​នៅ​ថ្ងៃ​ទី ២ ខែ​ធ្នូ​ពី​បទ​ប៉ុនប៉ង​ជួញដូរ​មនុស្ស​ឆ្លងដែន៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG