ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាជ្ញាធរ​ហ្វីលីពីន​ថា ជនរងគ្រោះ​ពី​ការជួញដូរ​មនុស្ស​ជាង ១.០០០នាក់ ត្រូវ​បាន​សង្រ្គោះ


រូបឯកសារ៖ ជនសង្ស័យ​ម្នាក់​ត្រូវបាន​ចាប់ខ្លួន​ដោយ​ការិយាល័យ​ស៊ើបអង្កេត​ជាតិ​ប្រឆាំង​ការជួញ​ដូរមនុស្ស​នៅ​ទីក្រុង Mabalacat ប្រទេស​ហ្វីលីពីន នៅ​ថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៧។
រូបឯកសារ៖ ជនសង្ស័យ​ម្នាក់​ត្រូវបាន​ចាប់ខ្លួន​ដោយ​ការិយាល័យ​ស៊ើបអង្កេត​ជាតិ​ប្រឆាំង​ការជួញ​ដូរមនុស្ស​នៅ​ទីក្រុង Mabalacat ប្រទេស​ហ្វីលីពីន នៅ​ថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៧។

ប៉ូលិសហ្វីលីពីន​និយាយ​ថា ជនរងគ្រោះ​ដែលខ្លួនបានសង្គ្រោះ​កាលពី​សប្តាហ៍​មុន​ទាំង​នោះ​ត្រូវ​បាន​បង្ខំ​ឱ្យធ្វើការ​រហូតដល់ ១៨ ម៉ោង​ក្នុង​មួយ​ថ្ងៃ ដោយ​ការ​ឆបោក​ផ្នែក​រូបិយបណ្ណ​ Crypto។ សកម្មភាព​នេះ​ត្រូវ​បាន​រាយការណ៍​ថា បានធ្វើ​ឡើង​នៅ​ក្នុង​អគារ​មួយ​នៅ​ក្រុង Mabalacat ដែល​មាន​ចម្ងាយ​ពីរ​ម៉ោង​តាមរថយន្ត​ពី​រដ្ឋធានី​ម៉ានីល។

អ្នកស្រី Michelle Sabino មេបញ្ជាការនគរបាល​ជាតិ​ប្រឆាំង​ឧក្រិដ្ឋកម្ម​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​នៅ​ហ្វីលីពីន​បាន​ថ្លែង​ប្រាប់​វីអូអេ​ថា៖ «អ្នក​ទាំង​នោះ​បាន​ទាក់ទង​ជាមួយ​នឹង​មនុស្ស​ដែល​ពួកគេ​ឆបោកតាម​បណ្តាញ​សង្គម​ហ្វេសប៊ុក និងតាម​កម្មវិធី App សម្រាប់​ណាត់​ជួប។ ពួកគេ​បន្លំ​ធ្វើ​ជា​ស្រឡាញ់​ជន​រងគ្រោះ ហើយ​យក​លុយ​របស់​ជនរងគ្រោះ»។

ប៉ូលិស​និយាយ​ថា ជនរងគ្រោះ​ពី​ការ​ជួញដូរ​មនុស្ស មក​ពីប្រទេស​វៀតណាម ចិន ឥណ្ឌូណេស៊ី ហ្វីលីពីន នេប៉ាល់ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ថៃ និង​តៃវ៉ាន់។

អ្នកស្រី​ Sabino បាន​ថ្លែង​ថា៖ «ពួកគេ​ត្រូវ​បាន​ទាក់ទាញ​ដោយ​សារ​បង្ហោះ​តាម​បណ្តាញ​សង្គម​ ដែល​សន្យា​ផ្តល់​ការងារ​ប្រាក់​ខែច្រើន ហើយ​បែរ​ជា​ត្រូវ​មក​ជាប់​នៅ​ក្នុង​អគារ​ដែល​មាន​អ្នក​យាម​ប្រដាប់​អាវុធ​រារាំង​ពួកគេ​មិន​ឱ្យចាកចេញ»។ អ្នកស្រី​បន្ថែមថា ឧក្រិដ្ឋជន​ដែលចាត់ចែង​មជ្ឈមណ្ឌលឆរបោក​នោះ មកពីប្រទេសចិន។

សមាជិក​គ្រួសារ និង​អ្នកគាំទ្រ​ជនរងគ្រោះ​ដោយ​ការជួញដូរ​ដែល​ត្រូវបាន​បង្ខំ​ឱ្យ​ប្រព្រឹត្តិ​អំពើ​ឆបោក​តាម​អ៊ីនធឺណិត ប្រារព្ធ​ពិធី​ដោយ​អុជ​ទៀន​នៅ​ទីក្រុង​គូឡាឡាំពួ ប្រទេស​ម៉ាឡេស៊ី កាលពី​ខែតុលា ឆ្នាំ២០២២។ (David Grunebaum/VOA)
សមាជិក​គ្រួសារ និង​អ្នកគាំទ្រ​ជនរងគ្រោះ​ដោយ​ការជួញដូរ​ដែល​ត្រូវបាន​បង្ខំ​ឱ្យ​ប្រព្រឹត្តិ​អំពើ​ឆបោក​តាម​អ៊ីនធឺណិត ប្រារព្ធ​ពិធី​ដោយ​អុជ​ទៀន​នៅ​ទីក្រុង​គូឡាឡាំពួ ប្រទេស​ម៉ាឡេស៊ី កាលពី​ខែតុលា ឆ្នាំ២០២២។ (David Grunebaum/VOA)

អាជ្ញាធរ​ហ្វីលីពីន បានទទួល​ព័ត៌មាន​សម្ងាត់​អំពី​អគារ​នោះ​ពី​សំណាក់​មន្រ្តី​នៅ​ឥណ្ឌូណេស៊ី ដែល​ទទួល​បាន​សារ​ដង្ហើយ​សុំ​ជំនួយ​ពី​ពលរដ្ឋ​ឥណ្ឌូណេស៊ី​ដែលជាប់​នៅក្នុង​អគារនោះ។

ប្រតិបត្តិការ​ខុស​ច្បាប់​បែបនេះត្រូវ​បាន​ហៅ​ថា «រោងចក្របោកប្រាស» អនឡាញ ហើយ​ត្រូវបាន​រក​ឃើញ​នៅ​តាម​បណ្តា​ប្រទេស​មួយ​ចំនួន​នៅ​តំបន់​អាស៊ីអាគ្នេយ៍​ រួម​មាន ប្រទេសមីយ៉ាន់ម៉ា ឡាវ និង​កម្ពុជា។ អ្នក​ជំនាញ​និយាយ​ថា នេះ​ជា​វិស័យ​មួយ​ដែលមានទឹកប្រាក់​រាប់​ពាន់លានដុល្លារ ដែលមាន​ជនរងគ្រោះ​ពី​ការ​ជួញដូរ​មនុស្ស​រាប់​ម៉ឺននាក់។

អង្គការប្រឆាំងការឆរបោក​ក្នុងពិភពលោក Global Anti-Scam Organization បាន​ប្រាប់​វីអូអេ​ថា ជនរងគ្រោះ​ជា​ញឹកញយ​ជា​អ្នក​បាន​រៀន​នៅ​សាកលវិទ្យាល័យ និង​អ្នក​ធ្វើការ​ក្នុងការិយាល័យ ដែលចេះប្រើប្រាស់​បណ្តាញ​ទាក់ទង​សង្គម។ អ្នកខ្លះ​បាន​បាត់បង់​ការងារ​អំឡុង​វិបត្តិ​ជំងឺ​កូវីដ១៩ ហើយ​ព្យាយាម​រក​ការងារ​ធ្វើ។ មាន​សេចក្តីត្រូវ​ការ​ជនឆបោកជាច្រើន​ដែល​អាច​និយាយ​អង់គ្លេស ឬ​ចិន ពីព្រោះ​ភាសា​ទាំងពីរ​នេះ មានមនុស្ស​និយាយច្រើន​ក្នុងពិភពលោក។

រោងចក្រ​ឆបោកទាំងឡាយ​ភាគច្រើន​ស្ថិត​នៅ​តំបន់​ដាច់​ស្រយាល។ ក៏ប៉ុន្តែ​សវនាការ​របស់​ព្រឹទ្ធសភាហ្វីលីពីនមួយ កាល​ពី​ពេល​ថ្មីៗ​នេះបាន​បង្ហាញ​ថា កន្លែង​ខ្លះ​ស្ថិតនៅទីប្រជុំជន​ធំៗ។

សេចក្តីរាយការណ៍​ពី​មុន​មក​របស់​វីអូអេ​លើ​បញ្ហា​នេះ​បាន​បង្ហាញ​ថា នៅ​កន្លែង​ឆបោក​ខ្លះ អ្នក​ដែល​ធ្វើការ​មិនបាន​ល្អ​ត្រូវ​រង​ការវាយដំ ហើយអ្នកខ្លះ​ថែមទាំង​ត្រូវ​គេសម្លាប់​ចោលផង ប៉ុន្តែ​អ្នកស្រីមេបញ្ជាការ​នគរបាល Sabino បាន​ប្រាប់​វីអូអេ​ថា មកទល់នឹង​ពេលនេះ គ្មានភស្តុតាង​ថា អំពើ​ហិង្សា​ប្រភេទ​នេះ​បាន​កើត​មាន​នៅ​អគារ​នៅ​ក្រុង Mabalacat នោះ​ទេ។

ជាញឹកញយ ជនរងគ្រោះ​អាចបង់លុយ​ដើម្បី​លោះខ្លួន​ចេញ​ពី​មណ្ឌលឆបោក ប៉ុន្តែ​តាមធម្មតា​ត្រូវចំណាយប្រាក់​រាប់​ម៉ឺន​ដុល្លារ ដែល​គ្រួសារ​ភាគច្រើន​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​គ្មានលទ្ធភាព​បង់​ប្រាក់ច្រើនបែបនេះទេ៕

ប្រែសម្រួល​ដោយ​លោក ណឹម សុភ័ក្រ្តបញ្ញា

XS
SM
MD
LG