ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​បោះឆ្នោត​សភា​ពាក់​កណ្តាល​អាណត្តិ​​នៅ​ហ្វីលីពីន​​ជា​ការ​សាកល្បង​ប្រជាប្រិយភាព​របស់​លោក​ Rodrigo Duterte


រូបភាព​ឯកសារ៖ លោក​ប្រធានាធិបតី​ហ្វីលីពីន Rodrigo Duterte អញ្ជើញ​ទៅ​ដល់​សហគមន៍​ហ្វីលីពីន​នៅ​ក្នុង​ក្រុង​ហុងកុង កាលពី​ថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៨។
រូបភាព​ឯកសារ៖ លោក​ប្រធានាធិបតី​ហ្វីលីពីន Rodrigo Duterte អញ្ជើញ​ទៅ​ដល់​សហគមន៍​ហ្វីលីពីន​នៅ​ក្នុង​ក្រុង​ហុងកុង កាលពី​ថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៨។

អតិផរណា​កើន​ឡើង ភាព​ក្រីក្រ ភាព​អន់ថយ​នៃ​ហេដ្ឋារចនាសម្ព័ន្ធ និង​ការ​ទាមទារ​ដែន​ទឹក​ដែល​ប្រជែង​គ្នា ស្ថិត​ក្នុង​ចំណោម​បញ្ហា​ផ្សេងៗ​ដែល​អ្នក​បោះឆ្នោត​ហ្វីលីពីន​ត្រូវ​ពិចារណា​នៅ​ពេល​ដែល​ពួកគេ​ទៅ​បោះឆ្នោត​នៅ​ថ្ងៃ​ទី ១៣ ខែ​ឧសភា។

ប៉ុន្តែ​ជា​ជាង​វាយតម្លៃ​លើ​សមត្ថភាព​របស់​បេក្ខជន​នីមួយៗ​នៅ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ទាំង​នេះ អ្នក​បោះ​ឆ្នោត​ត្រូវ​គេ​រំពឹង​ថា នឹង​ធ្វើ​ការ​បោះឆ្នោត​ដោយ​ភាគច្រើន​ផ្អែក​លើ​ថា​អ្នក​ណា​ដែល​ទទួល​បាន​ការ​គាំទ្រ​ពី​លោក​ប្រធានាធិបតី Rodrigo Duterte។ លោក Duterte គឺ​ជា​មេដឹកនាំ​ដ៏​មាន​ប្រជាប្រិយភាព និង​នៅ​តែ​មាន​ប្រជាប្រិយភាព​នៅ​ក្នុង​ការ​ស្ទង់​មតិ​កន្លង​មក ទោះបីជា​មិន​មែន​ប្រជាពលរដ្ឋ​ហ្វីលីពីន​ទាំង​អស់​ចូលចិត្ត​គោលនយោបាយ​របស់​លោក​ក៏​ដោយ។

ការ​បោះឆ្នោត​នេះ​គឺ​ជា​ការ​ជ្រើសរើស​បេក្ខជន​សម្រាប់​អាសនៈ​ចំនួន ១ ម៉ឺន ៨ ពាន់​នៅ​ទូទាំង​ប្រទេស​ហ្វីលីពីន ដែល​ក្នុង​នោះ​រួម​ទាំង​តំណែង​ថ្នាក់​មូលដ្ឋាន​ផង​ដែរ។ ការ​បោះឆ្នោត​នេះ​នឹង​បង្ហាញ​ពី​កម្រិត​នៃ​ការ​គាំទ្រ​ពី​សាធារណជន​ចំពោះ​ការ​ដឹកនាំ​របស់​លោក​ប្រធានាធិបតី Duterte ដែល​ជា​អ្នកប្រើ​ពាក្យ​សម្ដី​មិន​សូវ​ថ្លៃថ្នូរ រយៈពេល ៣ ឆ្នាំ​កន្លង​មក។

ប្រសិន​បើ​អ្នក​គាំទ្រ​លោក​នៅ​តែ​បន្ត​បោះឆ្នោត​ផ្តល់​សំឡេង​ភាគច្រើន​ដល់​លោក​នៅ​ក្នុង​សភា​ទាំង​ពីរ​ថ្នាក់ លោក​ប្រធានាធិបតី Duterte នឹង​មាន​ភាព​ងាយស្រួល​ក្នុង​ការ​អនុវត្ត​គោលនយោបាយ​របស់​លោក ដូចជា​គម្រោង​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​ចំណាយ​ទឹកប្រាក់​ចំនួន ១៦៩ ពាន់​លាន​ដុល្លារ​អាមេរិក ការ​បង្ក្រាប​ដ៏​ប្រល័យ​លើ​គ្រឿង​ញៀន​ខុស​ច្បាប់ និង​ទំនាក់ទំនង​ដ៏​ផុយស្រួយ​ជាមួយ​នឹង​ប្រទេស​ចិន ដែល​ជា​ប្រទេស​ដែល​ហ្វីលីពីន​កំពុង​ប្រជែង​ទាមទារ​ចំណែក​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង។

លោកស្រី Maria Ela Atienza សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ​នៅ​សាកលវិទ្យាល័យ​ហ្វីលីពីន (University of the Philippines) បាន​និយាយ​ថា «ការ​បោះឆ្នោត​នៅ​ហ្វីលីពីន​ជា​ធម្មតា​ផ្អែក​លើ​បុគ្គល ហើយ​មិន​ផ្អែក​លើ​បក្ស ឬ​កម្មវិធី​នយោបាយ​ណា​មួយ​នោះ​ទេ។ ក្នុង​ន័យ​នេះ ការ​គាំទ្រ​របស់​លោក​ប្រធានាធិបតី​ក៏​មាន​សារៈសំខាន់​ខ្លាំង​ណាស់»។

គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​នឹង​រាប់​សន្លឹក​ឆ្នោត​រយៈពេល​៦ថ្ងៃ បន្ទាប់​ពី​ថ្ងៃ​បោះឆ្នោត។ ប្រជាពលរដ្ឋ​ហ្វីលីពីន ៦៣ លាន​នាក់​មាន​សិទ្ធិ​បោះឆ្នោត។

ការ​សាកល្បង​ប្រជាប្រិយភាព​របស់​លោក​ប្រធានាធិបតី Duterte

លោក Duterte បាន​ជាប់​ឆ្នោត​ជា​ប្រធានាធិបតី​សម្រាប់​អាណត្តិ​រយៈពេល ៦ ឆ្នាំ កាល​ពី​ឆ្នាំ ២០១៦ ដោយសារតែ​លោក​បាន​សន្យា​ថា​នឹង​លុបបំបាត់​គ្រឿង​ញៀន​ខុស​ច្បាប់ និង​ក្នុង​លក្ខខណ្ឌ​ដែល​លោក​ជា​អ្នក​នយោបាយ​មិន​ចំណុះ​ស្ថាប័ន​កំពូលៗ។ លោក​បាន​ធ្វើ​ឲ្យ​ពលរដ្ឋ​ហ្វីលីពីន និង​អ្នក​តាមដាន​ស្ថានការណ៍​នៅ​ក្រៅ​ប្រទេស មាន​ការ​ភ្ញាក់ផ្អើល ដោយ​លោក​បាន​អនុញ្ញាត​ឲ្យ​ប៉ូលិស​អាច​សម្លាប់​ជន​សង្ស័យ​ពាក់ព័ន្ធ​នឹង​បទល្មើស​គ្រឿង​ញៀន​ភ្លាមៗ។

រូបភាព​ឯកសារ៖ ភ្នាក់ងារ​ប្រយុទ្ធប្រឆាំង​នឹង​គ្រឿង​ញៀន​របស់​ហ្វីលីពីន​ឃាត់​ខ្លួន​ជនសង្ស័យ​នៅ​ក្នុង​ការ​វាយឆ្មក់​មួយ​ នៅ​ក្នុង​ក្រុង​ម៉ានីល កាលពី​ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៧។
រូបភាព​ឯកសារ៖ ភ្នាក់ងារ​ប្រយុទ្ធប្រឆាំង​នឹង​គ្រឿង​ញៀន​របស់​ហ្វីលីពីន​ឃាត់​ខ្លួន​ជនសង្ស័យ​នៅ​ក្នុង​ការ​វាយឆ្មក់​មួយ​ នៅ​ក្នុង​ក្រុង​ម៉ានីល កាលពី​ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៧។

លោក​ក៏​ធ្វើ​ឲ្យ​មនុស្ស​មួយ​ចំនួន​មាន​ការ​ព្រួយបារម្ភ​ផង​ដែរ ដោយ​ការ​ទទួល​យក​ជំនួយ និង​ការ​វិនិយោគ​ពី​ប្រទេស​ចិន ខណៈ​ដែល​ប្រទេស​ចិន​ដែល​ជា​ប្រទេស​ដ៏​មាន​អំណាច​នេះ​គ្រប់គ្រង​តំបន់​នេសាទ​ដែល​ទាមទារ​ដោយ​ហ្វីលីពីន​នៅ​ជុំវិញ​ផ្ទៃ​ទឹក​មួយ​ក្បែរ​កោះ Luzon នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង និង​បញ្ជូន​នាវា​ឲ្យ​តាមដាន​ការ​សាងសង់​របស់​រដ្ឋាភិបាល​ក្រុង​ម៉ានីល​នៅ​លើ​កូន​កោះ​មួយ​ទៀត ដែល​ប្រទេស​ទាំង​ពីរ​ប្រជែង​គ្នា​ទាមទារ។

ប៉ុន្តែ​សុន្ទរកថា​ខ្លាំងៗ​របស់​លោក​ប្រធានាធិបតី Duterte បាន​ធ្វើ​ឲ្យ​លោក​មាន​ប្រជាប្រិយភាព ចំណែក​ឯ​អ្នក​រស់នៅ​ក្នុង​ទីក្រុង​វិញ បាន​ផ្តល់​គុណសម្បត្តិ​ឲ្យ​លោក​ចំពោះ​ការ​លុបបំបាត់​បទល្មើស។ លោក Duterte ទទួល​បាន​ការ​គាំទ្រ​ចំនួន ៧៩ ភាគរយ ក្នុង​ត្រី​មាស​ទី​មួយ​នៃ​ឆ្នាំ ២០១៩ នៅ​ក្នុង​ការ​ស្ទង់​មតិ​មួយ ដែល​ធ្វើ​ឡើង​ដោយ​វិទ្យាស្ថាន​ស្រាវជ្រាវ Social Weather Stations ក្នុង​ទីក្រុង​ម៉ានីល។ សម្ព័ន្ធ​ភាព​គណបក្ស​ដែល​គាំទ្រ​លោក​ប្រធានាធិបតី Duterte នា​ពេល​បច្ចុប្បន្ន​នេះ​កាន់កាប់​អាសនៈ​ចំនួន ១៦ ក្នុង​ចំណោម​អាសនៈ​ចំនួន ២៤ នៅ​ក្នុង​ព្រឹទ្ធសភា និង​កាន់កាប់​អាសនៈ​ចំនួន ២៤៨ក្នុង​ចំណោម​អាសនៈ​ចំនួន ២៩៧ នៅ​ក្នុង​រដ្ឋសភា។

លោក Antonio Contreras ដែល​ជា​អ្នកវិទ្យាសាស្ត្រ​នយោបាយ​ម្នាក់​នៅ​សាកលវិទ្យាល័យ De La Salle ក្នុង​ប្រទេស​ហ្វីលីពីន​បាន​និយាយ​ថា ការ​គាំទ្រ​របស់​លោក Duterte វ័យ ៧៤ ឆ្នាំ ដែល​ជា​អតីត​អភិបាល​ក្រុង Davao ដែល​ជា​ទីក្រុង​ធំ​បំផុត​ទី ២ របស់​ហ្វីលីពីន គឺ​សំខាន់​ណាស់ ដោយ​នៅ​តាម​ស្រុក​មួយ​ចំនួន មាន​បេក្ខជន​លើស​ពី​ម្នាក់​ដែល​ទទួល​បាន​ការ​គាំទ្រ​ពី​លោក Duterte។

លោក Contreras បាន​និយាយ​ថា ការ​បោះឆ្នោត​ក៏​ផ្អែក​លើ​គុណសម្បត្តិ​របស់​បេក្ខជន​ផង​ដែរ។ លោក​បាន​បន្ថែម​ថា ការ​បោះឆ្នោត​នេះ​មិន​ស្ថិត​លើ «បញ្ហា» នោះ​ទេ ប៉ុន្តែ​វា​ស្ថិត​លើ «បុគ្គលិក​លក្ខណៈ​របស់​បេក្ខជន»។

លោក Renato Reyes ដែល​ជា​អគ្គលេខាធិការ​របស់​សម្ព័ន្ធភាព Bagong Alyansang Makabaya នៅ​ក្នុង​ទីក្រុង​ម៉ានីល ដែល​ជា​សម្ព័ន្ធ​ភាព​ឆ្វេង​និយម​ផ្ដោត​លើ​បញ្ហា​សង្គម បាន​និយាយ​ថា បេក្ខជន​ដែល​មាន​ទំនាក់ទំនង​ជាមួយ​នឹង​អ្នក​នយោបាយ​ជើង​ចាស់​ណា​មួយ​នឹង​មាន​ថវិកា​ច្រើន​ជាង​បេក្ខជន​ផ្សេង សម្រាប់​ការ​ផ្សព្វផ្សាយ និង​ការ​ប្រើប្រាស់​សារព័ត៌មាន។

លោក Reyes បាន​បន្ថែម​ថា បេក្ខជន​មួយ​ចំនួន​របស់​ក្រុម​សហជីព និង​ក្រុម​ស្ត្រី ដែល​ឈរ​ឈ្មោះ​ដោយ​គ្មាន​ទំនាក់ទំនង​ជាមួយ​នឹង​ស្ថាប័ន​កំពូលៗ​របស់​រដ្ឋ កំពុង​ប្រឈម​មុខ​នឹង​ការ​ទទួល​បាន «ព័ត៌មាន​មិន​ត្រឹមត្រូវ»។

លោក Reyes បាន​និយាយ​ថា៖ «វា​ជា​ការ​ប្រជែង​គ្នា​ដ៏​ពិបាក​មួយ​សម្រាប់​បេក្ខជន​បន្ទាប់បន្សំ និង​សម្រាប់​បេក្ខជន​ដែល​រិះគន់​រដ្ឋាភិបាល ដោយសារ​ពួកគេ​នឹង​មាន​ថវិកា​ឃោសនា​តិចតួច និង​មិន​សូវ​លេខ​ឭ​នៅ​ក្នុង​សារព័ត៌មាន ពីព្រោះ​តែ​ពួកគេ​គ្មាន​ប្រាក់​ដើម្បី​ផ្សព្វផ្សាយ។ នេះ​ជា​បញ្ហា​ប្រឈម​មួយ​ដែល​យើង​ព្យាយាម​ជម្នះ​កន្លង​មក ដោយសារតែ​បេក្ខជន​ដែល​គាំទ្រ​នយោបាយ​កែ​ទម្រង់​មាន​ការ​បារម្ភ​លើ​បញ្ហា​នេះ»។

អ្នក​នយោបាយ​ផ្សេង​អាច​នឹង​ប្រថុយប្រថាន​អាយុ​ជីវិត​របស់​ពួកគេ។ សាច់ញាតិ ២ នាក់​របស់​បេក្ខជន​ម្នាក់​ដែល​ឈរ​ឈ្មោះ​ក្នុង​មូលដ្ឋាន​មួយ​ក្នុង​ខេត្ត Negros Occidental ត្រូវ​បាន​គេ​បាញ់​សម្លាញ់​កាលពី​ថ្ងៃទី ២៥ ខែមេសា។ ពួកគេ​ស្ថិត​ក្នុង​ចំណោម​មន្ត្រី​មូលដ្ឋាន​យ៉ាង​ហោច​ណាស់ ១៥ ដែល​បាន​ត្រូវ​គេ​សម្លាប់​ចាប់​ពី​ពាក់​កណ្តាល​ឆ្នាំ ២០១៦ ដល់​ពាក់​កណ្តាល​ឆ្នាំ ២០១៨។​

សម្ព័ន្ធ​មិត្ត​របស់​លោក Duterte បង្ហាញ​ពី​កម្លាំង​របស់​ខ្លួន

ប្រសិន​បើ​បេក្ខជន​ដែល​គាំទ្រ​ដោយ​លោក​ប្រធានាធិបតី Duterte ឈ្នះ​សំឡេង​ភាគច្រើន​នៅ​ក្នុង​ព្រឹទ្ធសភា នោះ​លោក Duterteនឹង​អាច​ជំរុញ​ទៅ​មុខ​នូវ​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ពន្ធដារ ដែល​យក​ប្រយោជន៍​អ្នក​ក្រ​ជា​ធំ និង​បន្ត​នូវ​កម្មវិធី​ហេដ្ឋារចនាសម្ព័ន្ធ​សាធារណៈ សម្រាប់​តំបន់​ពី​ស្ពាន​អាកាស​ព្រលានយន្តហោះ​ក្នុង​ក្រុង​ម៉ានីល ទៅ​ដល់​ខ្សែ​រថភ្លើង​ទី​មួយ​នៅ​លើ​កោះ Mindanao ដែល​ជា​កោះ​ក្រីក្រ​មួយ នៅ​ភាគ​ខាង​ត្បូង។ លោក​ប្រធានាធិបតី Duterte នឹង​ចុះ​ពី​តំណែង​ក្នុង​ឆ្នាំ ២០២២។ ប្រធានាធិបតី​ក្នុង​ប្រទេស​ហ្វីលីពីន​អាច​កាន់​តំណែង​ដោយ​ស្រប​ច្បាប់​បាន​ត្រឹម​តែ​មួយ​អាណត្តិ​តែ​ប៉ុណ្ណោះ។

លោក​ប្រធានាធិបតី Duterte ក៏​ត្រូវ​បាន​គេ​រំពឹង​ថា នឹង​បន្ត​យុទ្ធនាការ​បង្ក្រាប​គ្រឿង​ញៀន​របស់​លោក ដែល​សារព័ត៌មាន​ក្នុង​ស្រុក​បាន​ប៉ាន់ស្មាន​ថា យុទ្ធនាការ​នេះ​បាន​ធ្វើ​ឲ្យ​មនុស្ស​យ៉ាង​តិច ៥ ពាន់​នាក់​ស្លាប់​នៅ​ក្នុង​ការ​សម្លាប់​ក្រៅ​ច្បាប់ ដោយសារ​តែ​លោក​ប្រធានាធិបតី​បាន​ចាត់​ទុក​គ្រឿង​ញៀន​កើត​ឡើង​ដោយសារ​ក្រុម​បរទេស​ដែល​ហូរ​ចូល​មក​ក្នុង​ប្រទេស​ហ្វីលីពីន។ លោក​អាច​នឹង​ពង្រីក​ទំនាក់ទំនង​ជាមួយ​នឹង​ប្រទេស​ចិន​ផង​ដែរ ដែល​អាច​នឹង​ទទួល​បាន​មូលនិធិ​សម្រាប់​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​មួយ​ចំនួន។

លោកស្រី Atienza បាន​និយាយ​ថា ក្រុមហ៊ុន Pulse Asia Research ក៏​បាន​ចាត់​ទុក​បញ្ហា​ខ្វះ​ទឹក​ប្រើប្រាស់​ក្នុង​ទីក្រុង​ម៉ានីល​ជា​បញ្ហា «ចម្បង» ផង​ដែរ។ បញ្ហា​តម្លៃ​ទំនិញ បញ្ហា​ការងារ និង​បញ្ហា «សន្តិភាព និង​របៀបរៀបរយ» ក៏​ជា​បញ្ហា​ដែល​អ្នក​បោះឆ្នោត​អាច​នឹង​ពិចារណា​ផង​ដែរ៕

ប្រែ​សម្រួល​ដោយ ប៊ុន ប៉េងហ៊ុយ

XS
SM
MD
LG