ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តំណាង​រាស្ត្រ​ប្រទេស​ហ្វីលីពីន​ម្នាក់​ជីក​កកាយ​កិច្ចការ​សម្ងាត់ថ្មី​នៃ​ការគាបសង្កត់​ពី​ប្រទេសចិន


អ្នក​តំណាងរាស្រ្ត​ Gary Alejano ធ្វើ​កាយវិការ​ខណៈពេល​ដែល​លោក​ព្យាយាម​ការពារ​ពាក្យបណ្ដឹង​ចោទប្រកាន់​លោក​ប្រធានាធិបតី​ Rodrigo Duterte ក្នុង​អំឡុង​ពេល​ស្តាប់សវនាការ​គណៈកម្មការ​យុត្តិធម៌​នៅវិមាន​រដ្ឋសភា​ (រូបថត​ថ្ងៃទី១៥​ ខែឧសភា​ ឆ្នាំ២០១៧)។
អ្នក​តំណាងរាស្រ្ត​ Gary Alejano ធ្វើ​កាយវិការ​ខណៈពេល​ដែល​លោក​ព្យាយាម​ការពារ​ពាក្យបណ្ដឹង​ចោទប្រកាន់​លោក​ប្រធានាធិបតី​ Rodrigo Duterte ក្នុង​អំឡុង​ពេល​ស្តាប់សវនាការ​គណៈកម្មការ​យុត្តិធម៌​នៅវិមាន​រដ្ឋសភា​ (រូបថត​ថ្ងៃទី១៥​ ខែឧសភា​ ឆ្នាំ២០១៧)។

តំណាងរាស្រ្ត​ម្នាក់​មក​ពី​គណបក្ស​ប្រឆាំង​ក្នុង​ប្រទេស​ហ្វីលីពីន​ ​កំពុង​ខិតខំ​ប្រែងប្រែង​ឲ្យ​មាន​ការ​ផ្តោត​យក​ចិត្ត​ទុក​ដាក់​លើ​ការ​លេច​ធ្លាយ​ព័ត៌មាន​សំខាន់​មួយ​ ដែល​លាត​ត្រដាង​ថា ​ប្រទេសចិន​កំពុង​រំលោភ​ចូល​ក្នុង​ដែនដី​ប្រជុំ​កោះ​ក្នុង​ដែន​សមុទ្រ​ ដែល​ប្រទេស​ទាំងពីរ​កំពុង​មាន​ជម្លោះ​ ហើយ​ការណ៍នេះ​បាន​ក្លាយ​ជា​ការ​គំរាមកំហែង​ដ៏​ធ្ងន់ធ្ងរ​លើ​ចំណង​ការទូត​ដែល​ត្រូវបាន​ពង្រឹង​នាពេលថ្មីៗ​នេះ។

ក៏ប៉ុន្តែ​ មនុស្ស​មួយ​ចំនួន​សង្ស័យ​លើ​តំណាងរាស្រ្ត​រូប​នេះ​ថា​ មាន​ចេតនា​នយោបាយ​ផ្ទាល់​ខ្លួន​ ដោយ​ព្យាយាម​ធ្វើ​យ៉ាង​ណា​ឲ្យ​ប្រជាប្រិយភាព​របស់​លោក​ប្រធានាធិបតី​ Duterte​ ចុះ​ខ្សោយ។ លោក​តំណាងរាស្រ្ត​ Gary Alejano កំពុង​ប្រើប្រាស់​បណ្តាញ​សង្គម​ដើម្បី​ចែក​រំលែក​ការ​សម្ងាត់​ពាក់ព័ន្ធ​នឹង​សកម្មភាព​របស់​ប្រទេស​ចិន​ក្នុង​ដែន​សមុទ្រ​ចិន​ខាង​ត្បូង។ អតីត​នាយនាវិក​រូបនេះ​ ដែល​បាន​ជាប់​ឆ្នោត​ជា​តំណាងរាស្រ្ត​ក្នុង​ឆ្នាំ២០១៣ បាន​ចោទ​ប្រកាន់​ចិន​ថា បាន​ដោត​ទង់ជាតិ​ចិន​នៅ​តាម​បណ្តោយ​ដីសណ្ត​ក្នុង​ដែនទឹក​ដែល​គ្រប់គ្រង​ដោយ​ប្រទេស​ហ្វីលីពីន ​កាល​ពី​ចុង​ខែកក្កដា​ និង​សកម្មភាព​ចិន​ដែល​បាន​ប្រដេញ​នាវា​ល្បាត​របស់​ហ្វីលីពីន​ចេញ​ពី​តំបន់ដី​សណ្ត​ទាំងបី​ក្នុង​តំបន់​ដែន​សមុទ្រ​កាលពី​ពាក់​កណ្តាល​ខែ​កញ្ញា​នេះ។

ការ​បង្ហាញ​ឲ្យ​សាធារណជន​ដឹងឮ

លោក​ Alejano បាន​ផ្សព្វផ្សាយ​ព័ត៌មាន​នេះ​លើ​បណ្តាញ​សង្គម​ Facebook និង​ Twitter ដើម្បី​ជា​ការ​ក្រើន​រំឭក​ដល់​ប្រជាជន​ហ្វីលីពីន​ឲ្យ​ប្រុងប្រយ័ត្ន​លើ​ទំនាក់ទំនងជាមួយ​នឹង​ចិន ​ដែល​ត្រូវបាន​បង្កើត​ឡើង​ក្នុង​អាណត្តិ​ប្រធានាធិបតី​ Rodrigo Duterteក្នុង​រយៈពេល​ជាងមួយ​ឆ្នាំនេះ។

អ្នក​តំណាង​រាស្រ្ត​រូបនេះ​ បាន​ប្រាប់​វីអូអេ​តាម​ទូរស័ព្ទ​ថា៖ «រដ្ឋាភិបាល​[ហ្វីលីពីន]​សព្វថ្ងៃ​ និង​រដ្ឋាភិបាល​ប្រទេស​ចិន​ កំពុងតែ​និយាយ​ថា​អ្វីៗ​ដំណើរការ​ដោយ​រលូន​ ហើយ​ពួក​យើង​កំពុង​តែ​ជជែក​ពិភាក្សា​ជាមួយគ្នា‍»។

លោក​បាន​បន្ថែម​ថា៖ «មាន​រឿង​ច្រើន​ណាស់​កំពុង​កើត​ឡើង​ក្នុង​ដែន​សមុទ្រ​ហ្វីលីពីន​ខាងលិច​ (សមុទ្រ​ចិន​ខាង​ត្បូង) ដែល​មិន​បាន​លាតត្រដាង​ជា​ចំហ​នៅ​ឡើយ​ ហើយ​ខ្ញុំ​មិន​ចង់​មាន​រដ្ឋាភិបាល ​ដែល​នៅតែ​រក្សា​ភាព​ស្ងៀមស្ងាត់​ និង​គ្មាន​ចំណាត់​ការ​អ្វី​បែប​នេះ​ទេ‍»។

លោក​ប្រធានាធិបតី​ Duterte និង​រដ្ឋមន្រ្តី​ក្រសួង​ការ​បរទេស​ បាន​ទទួល​ស្គាល់​លើ​របាយការណ៍​ ដែល​ថា​មាន​ទង់​ជាតិ​ប្រទេស​ចិន​ដោត​នៅ​តំបន់​ Sandy Cay ប៉ុន្តែ​បាន​និយាយ​ថា​ ចិន​មិនបាន​កាន់កាប់​តំបន់​នេះ​ទេ។ តំបន់​ Sandy Cay នេះ​ស្ថិត​ក្នុង​ដែនកោះ​ Thitu ទំហំ​២២​គីឡូម៉ែត្រ​ ដែល​គ្រប់គ្រង​ដោយ​ហ្វីលីពីន​ និង​ក៏ជា​ផ្នែកមួយ​នៃ​តំបន់​ប្រជុំ​ដី​កោះ Spratlyផងដែរ។ ដែនដី​តំបន់​ប្រជុំ​កោះ​ Spratly ប្រហែល​ជា​១០០កោះ​ ជា​ចំណែក​នៃ​ដែន​សមុទ្រ​ចិន​ខាង​ត្បូង។

បន្ទាប់​ពី​លោក​ Alejano បាន​ទាមទារ​ឲ្យ​មាន​ការ​បកស្រាយ​ពី​ការ​បណ្តេញ​នាវា​ល្បាត​នោះ​ រដ្ឋមន្រ្តី​ក្រសួង​ការពារ​ជាតិ​ បាន​ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​ហ្វីលីពីន​ថា វា​គឺជា​រឿង​ «ធម្មតា‍» ដែល​ប្រទេស​ចិន​ឈរ​ជើង​នៅ​តំបន់​ប្រជុំកោះ​ Spratlys។

រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ បាន​អះអាង​ថា​ ចិន​ជា​ម្ចាស់​នៃ​ដែនដី​ជាង​៩០ភាគរយ​នៃ​សមុទ្រ​ ដែល​លាត​សន្ធឹង​ពី​ឆ្នេរ​ខាងត្បូង​នៃ​ប្រទេស​ខ្លួន​ទៅ​ដល់​កោះ​ Borneo។ ការ​អះអាង​នេះ​បាន​បង្ក​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​ដល់​ប្រទេស​ទាមទារ​៤​ផ្សេងទៀត ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ ដោយ​ចិន​បាន​បញ្ជា​ឲ្យ​មាន​នាវា​ល្បាត​ឆ្នេរសមុទ្រ​ប្រតិបត្តិការ​ក្នុងដែន​សមុទ្រ​ដែល​មាន​ជម្លោះ​ និង​ការ​កសាង​កោះសិប្ប​និម្មិត​ជាច្រើន ដែល​កោះ​សប្បនិម្មិត​មួយ​ចំនួន​អាច​ធ្វើ​ជា​ទីតាំង​តម្លើង​ប្រព័ន្ធ​រ៉ាដា​ និង​ទីតាំង​ឈរ​ជើង​យន្តហោះ​ចម្បាំង​បាន។

ប្រទេស​ព្រុយណេ​ ម៉ាឡេស៊ី​ និង​វៀតណាម​ រួមទាំង​ប្រទេស​ហ្វីលីពីន​ បាន​អះអាង​ភាព​ជា​ម្ចាស់​លើ​ដែន​ទឹក​សមុទ្រ​ចិន​ផងដែរ។

ក្រោយ​ពេល​ដែល​មាន​ការ​ចោទ​ប្រកាន់​ថា​ នាវា​ចិន​បាន​ប្រើប្រាស់​សំឡេង​ស៊ឺរ៉ែន​បណ្តេញ​នាវា​ល្បាត​ឆ្នេរ​សមុទ្រ​របស់​ហ្វីលីពីន​មក លោក​ Alejano បាន​បង្ហោះ​សារ​នៅលើ​ទំព័រ​ Facebook កាល​ពី​ថ្ងៃទី៤​ ខែ​តុលា​នេះ​៖ «នេះ​ជា​អ្វី​ដែល​ហ្វីលីពីន​ត្រូវមាន​ការ​ប្រុងប្រយ័ត្ន​ ស្រប​ពេល​ដែល​ហ្វីលីពីន​កំពុង​ពិភាក្សា​ជាមួយ​ប្រទេស​ចិន​ យើង​មិន​ត្រូវ​ឲ្យ​កង​កម្លាំង​ល្បាត​របស់​យើង​ចុះខ្សោយ​ឡើយ‍»។

សារ​បង្ហោះ​នេះ​ ទទួល​បាន​ការ​ចុច​ចូលចិត្ត​ (like) ចំនួន​៥៤០​ដង ការ​ចែក​រំលែក​ចំនួន​៣៤៦​ដង និង​ការ​ចូល​រួម​បញ្ចេញ​យោបល់​ចំនួន៥០ដង​ គិត​ត្រឹមពាក់​កណ្តាល​ថ្ងៃពុធ​កន្លង​ទៅ។

ដោយសារ​តែ​តុលាការ​អាជ្ញាកណ្តាល​ពិភពលោក​ បាន​ចេញ​សាលដីកា​ជំទាស់​មូលដ្ឋាន​ច្បាប់​ដែល​ទាមទារ​ដោយ​ប្រទេស​ចិន​កាលពី​ឆ្នាំ​មុន​នេះ​ រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ បាន​ព្យាយាម​សម្រប​សម្រួល​ជាមួយ​នឹង​ប្រទេស​ទាមទារ​ផ្សេងៗ​ទៀត។

លោក​ប្រធានាធិបតី ​Duterte បាន​ទុក​រឿង​ជម្លោះ​ដែន​សមុទ្រ​រវាង​ហ្វីលីពីន​ និង​ចិន​មួយ​ឡែក​សិន ​បន្ទាប់ពី​លោក​បាន​ចូល​កាន់​តំណែង​កាលពី​ខែមិថុនា​ ឆ្នាំ២០១៦​ ដើម្បី​ពង្រីក​វិសាលភាព​គោលនយោបាយ​ការបរទេស​របស់ហ្វីលីពីន។ ក្នុង​ខែតុលា ឆ្នាំ២០១៦​ ប្រទេស​ចិន​បាន​សន្យា​ផ្តល់​ជំនួយ​ និង​ធ្វើការ​វិនិយោគ​សរុប​គិត​ជា​ទឹកប្រាក់​ចំនួន​ ២៤​ពាន់លាន​ដុល្លារ​ដល់​ហ្វីលីពីន​ ដែល​ជា​ជំនួយ​ក្រៅ​បន្ថែម​លើ​ផែនការ​អភិវឌ្ឍន៍​ហេដ្ឋារចនា​សម្ព័ន្ធ​រយៈពេល​៥ឆ្នាំ។

ទទួល​បាន​ការ​ចាប់អារម្មណ៍​

របាយការណ៍​របស់​លោក​ Alejano ទទួល​បាន​ការ​ចាប់​អារម្មណ៍​ពី​ប្រធាន​តុលាការ​កំពូល​ និង​បញ្ញវន្ត​នៅ​ក្រៅប្រទេស​ជា​ច្រើន​ ក្នុង​នោះ​រួមមាន​ស្ថាប័ន​ស្រាវជ្រាវ​ និង​អភិវឌ្ឍន៍​ RAND ដែល​មាន​មូលដ្ឋាន​នៅ​រដ្ឋ California ដែល​តាម​ដាន​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង។

លោក​ Jay Batongbacal នាយក​នៃវិទ្យាស្ថាន​កិច្ចការ​ដែន​សមុទ្រ​ និង​ច្បាប់​សមុទ្រ​នៃ​សាកល​វិទ្យាល័យ​ហ្វីលីពីន​ បាន​និយាយ​ថា​៖ «សម្រាប់​អ្នក​សិក្សា​ស្រាវជ្រាវ​ ពិត​ណាស់​ហើយ​ យើង​ក៏បាន​ដឹង​ពី​រឿង​នេះ​ដែរ​ ពីព្រោះ​ប្រភព​ព័ត៌មាន​នេះ​ អាច​ជឿ​ជាក់​បាន។ តាម​ការ​ប៉ាន់ស្មាន​របស់​ខ្ញុំ​ គាត់​ទទួល​ព័ត៌មាន​នេះ​ពី​កងទ័ព​ដែល​ខកចិត្ត​ក្នុង​រឿង​នេះ​ ហើយ​គិតគូរ​ពី​រឿង​ដែល​កំពុង​កើតឡើង​នៅ​តំបន់​ប្រជុំកោះ​Spratly‍»។

លោក​ Alejanoបាន​បញ្ជាក់​ឲ្យ​ដឹង​ថា​ អ្នក​ផ្តល់​ព័ត៌មាន​នោះ​ គឺ​ជា​ «មិត្តភក្តិ‍» ក្នុង​ជួរ​កងទ័ព​ ប៉ុន្តែ​លោក​បាន​បដិសេធ​បញ្ចេញ​ប្រភព។ លោក​បាន​និយាយ​ថា​ លោក​បាន​ជជែក​ជាមួយ​ប្រជា​នេសាទ​កាលពី​ខែមីនា​ និង​មេសា​ ដើម្បី​ផលិត​ឯកសារ​មួយ​ដែល​មាន​ចំណងជើង​ថា «ការ​រំលោភ​បំពាន‍» ពី​រដ្ឋាភិបាល​ប្រទេស​ចិន។

លោក​ Collin Koh ជា​អ្នក​សិក្សា​ស្រាវជ្រាវ​ផ្នែក​សន្តិសុខ​ដែន​សមុទ្រ​នៅ​សាកល​វិទ្យាល័យ​បច្ចេកវិទ្យា​ Nanyang​ ក្នុង​ប្រទេស​សិង្ហបុរី​ បាន​និយាយ​ថា​ ការ​អំពាវនាវ​ឲ្យ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​លើ​សកម្មភាព​របស់​ប្រទេស​ចិន​ នៅ​ក្នុង​ដែនសមុទ្រ​ នឹង​បង្អាក់​ដល់​គម្រោងការ​របស់​ចិន។

លោក​ Koh បាន​បន្ថែម​ថា៖ «ខ្ញុំ​គិត​ថា​ ក្នុង​កម្រិត​ណា​ក៏ដោយ​ អ្នក​តំណាងរាស្រ្ត​រូប​នេះ​ ត្រូវតែ​ដើរ​តួជា​អ្នក​ជំទាស់​បែប​ហ្នឹង​ឯង​ ពីព្រោះ​រឿងហ្នឹង​គឺ​ថា ប្រសិន​បើ​អ្នក​ក្រឡេក​មើល​ចំណាត់ការ​មុន​ រដ្ឋាភិបាល​ចិន​គឺ​តែងតែ​ចង់​ឲ្យ​ដៃគូ​ប្រជែង​ផ្សេងៗ​ទៀត​នៅ​ស្ងាត់ស្ងៀម​ និង​ព្យាយាម​ធ្វើ​ឲ្យ​រឿង​នោះ​មិន​ឲ្យ​ឮ​ខ្ទរខ្ទារ​ទេ​ មិន​លលេង​ជុំវិញ​រឿង​ហ្នឹង​ ហើយ​មិន​ឲ្យ​សូម្បីតែ​ផ្សព្វផ្សាយ​ជា​សាធារណៈ​ឡើយ‍»។

ចិន​ក៏ធ្លាប់​បាន​ធ្វើឲ្យ​ប្រទេស​នានា​ទាស់ចិត្ត​ផង​ដែរ​ រួមមាន​ដូចជា​ប្រទេស​ឥណ្ឌូណេស៊ី​ និង​ម៉ាឡេស៊ី​ តាមរយៈ​ការ​បញ្ជូន​នាវា​ឆ្លងកាត់​ដែន​ទឹក​ជម្លោះ​ បើទោះ​ជា​មាន​ចំណង​ទំនាក់ទំនង​ជិតស្និទ្ធ​ក៏ដោយ។ ប្រទេស​ទាំង​នោះ​ កម្រ​តទល់​តប​នឹង​ប្រទេស​ចិន​ជា​សាធារណៈ​ណាស់។

កាល​ពីដើម​ឆ្នាំនេះ​ លោក​ Alejano ក៏​បាន​ដាក់​ពាក្យ​ប្តឹងចោទ​ប្រកាន់​លោក​ប្រធានាធិបតី​ Duterte បន្ទាប់ពី​បាន​ដឹង​ថា​ លោក​ប្រធានាធិបតី​ដឹង​ថា​ មាន​នាវា​ស្រាវជ្រាវ​របស់​ប្រទេស​ចិន​ចត​នៅ​ឆ្នេរ​សមុទ្រ​ប៉ាស៊ីហ្វិក​ប្រទេស​ហ្វីលីពីន​កាលពី​ឆ្នាំ២០១៦។

លោក​បាន​និយាយ​ថា ពេលខ្លះ​រដ្ឋាភិបាល​បដិសេធ​ក្នុងការ​ផ្តល់​ព័ត៌មាន​នេះ។ លោក​បាន​បញ្ជាក់​ក្នុង​សំដីដើម​ថា៖ «យើង​ចង់​ឲ្យ​លោក​ប្រធានាធិបតី​ Duterte ទទួល​ខុស​ត្រូវ​ចំពោះមុខ​ប្រជាជន‍»។

ជា​ចេតនា​សម្ងាត់ណា​មួយឬ?

បើ​តាម​ការ​រំពឹង​គិត​របស់​ក្រុម​អ្នកវិភាគ​ លោក​ Alejano ដែល​ជា​បុគ្គល​មាន​ទំនាក់​ទំនង​ស្និទ្ធ​ជាមួយ​អតីត​ក្រុម​បាតុករ​ប្រឆាំង​រដ្ឋាភិបាល​ និង​សមាជិក​ព្រឹទ្ធសភាព​លោក Antonio Trillanes ផង​នោះ អាច​នឹង​កំពុង​ទាក់ទាញ​ចំណាប់​អារម្មណ៍​តាមរយៈ​បណ្តាញ​សង្គមព័ត៌​មាន​ ដើម្បី​ឈ្នះ​ការ​បោះឆ្នោត​ព្រឹទ្ធសភា​នា​ពេលអនាគត ។ លោក​ Alejano បាន​និយាយ​ថា​ លោក​មិន​មាន​ផែន​ការដូច្នេះ​ទេ។

លោក​ Eduardo Araral សាស្រ្តាចារ្យ​រង​នៃ​មហាវិទ្យាល័យ​គោលនយោបាយ​សាធារណៈ​ នៃ​សាកល​វិទ្យាល័យ​ជាតិ​សិង្ហបុរី​ បាន​និយាយថា​៖ «ខ្ញុំ​មិនមាន​ទំនុក​ចិត្ត​ខ្លាំង​លើ​បុរស​ម្នាក់​ហ្នឹង​ទេ។ ក្រុម​របស់​លោក​ចេញ​មក​ដើម្បី​បំបាក់​ប្រជាប្រិយភាព​លោក​ប្រធានាធិបតី​ Duterte ហើយ​អ្វី​ដែល​កាន់តែ​ច្បាស់​បំផុត​នោះ​ គឺ​គាត់​ចង់​ស្នង​តំណែង​សមាជិក​ព្រឹទ្ធសភា​ Trillanes ដោយ​បង្ហាញ​ខ្លួន​ឯង​ថា ​ជា​មនុស្ស​ម៉ឺងម៉ាត់‍»។

ប៉ុន្តែ​ អ្នក​សិក្សា​ស្រាវជ្រាវ​ យល់​ថា​ របាយការណ៍​នេះ​អាច​នឹង​ចេញផ្សាយ​បន្ថែម​ទៀត​ហើយ​ចង់​ឲ្យ​គេ​ឯង​ដឹង​ឮ៕

ប្រែសម្រួល​ដោយ​ កោះ​ សុគន្ធី​

XS
SM
MD
LG