ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trumpនិងប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte មានចំណុចដូចគ្នាមួយចំនួន។ អ្នកទាំងពីរបង្កើនអំណាចតាមរយៈការសច្ចាថានឹងរុះរើក្រុមអ្នកនយោបាយមុនៗរបស់ពួកគេ។ ពួកគេបានបដិសេធថាមិនរាថយនោះទេ មិនថាភាពចម្រូងចម្រាសមានសភាពតានតឹងកម្រិតណាក៏ដោយ។ ពួកគេបានវាយប្រហារទៅលើទៅលើក្រុមអ្នករិះគន់ដោយប្រើពាក្យស្តីបន្ទោសយ៉ាងធ្ងន់ធ្ងរ ហើយពួកគេបានបង្ហាញការមិនពេញចិត្តយ៉ាងខ្លាំងចំពោះលោកអតីតប្រធានាធិបតី Barack Obama។
ឥឡូវនេះ មេដឹកនាំដែលប្រកាន់យកតែគំនិតខ្លួនឯងទាំងពីរនាក់នេះនឹងជួបគ្នាដោយផ្ទាល់នៅថ្ងៃចន្ទ ខណៈពេលដែលមានការចោទសួរថាតើ ពួកគេនឹងត្រូវរ៉ូវគ្នាឬនឹងមានការឈ្លោះទាស់ទែងគ្នា ដែលអាចនឹងធ្វើឲ្យប៉ះពាល់ដល់ទំនាក់ទំនងរវាងអាមេរិកនិងហ្វីលីពីននាពេលអនាគតឬយ៉ាងណា។
លោក Trump នឹងមកដល់ហ្វីលីពីននៅថ្ងៃអាទិត្យស្អែកនេះ ដើម្បីចូលរួមកិច្ចប្រជុំកំពូលមួយនៃគម្រប់ខួប៥០ឆ្នាំនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍។
លោក Duterte នាពេលថ្មីៗនេះបានចេញការព្រមានដោយខ្លីមួយសម្រាប់លោក Trump ដើម្បីជៀសវាងការរិះគន់ទៅលើវិធានការដ៏សាហាវរបស់លោកក្នុងការដោះស្រាយបញ្ហាជាច្រើននៅក្នុងប្រទេសហ្វីលីពីន។ ប៉ុន្តែមេដឹកនាំសហរដ្ឋអាមេរិកទំនងនឹងមិនលើកឡើងពីសង្គ្រាមរបស់លោក Duterte ក្នុងការបង្ក្រាបគ្រឿងញៀន ដែលជាបញ្ហាដ៏រសើបបំផុតនោះទេ ដោយគិតថា លោក Trump បានសរសើរទៅលើកិច្ចខិតខំប្រឹងប្រែងនេះ។
លោក Duterte បានប្រាប់ក្រុមអ្នកសារព័ត៌មាននៅក្នុងទីក្រុងម៉ានីលថា៖ «ប្រសិនបើអ្នកចង់សួរសំណួរ ខ្ញុំនឹងផ្តល់ចម្លើយដល់អ្នកគឺថា «សំរាកទៅ»។ វាមិនមែនជាការងាររបស់អ្នកទេ។ វាជាកិច្ចការរបស់ខ្ញុំ។ ខ្ញុំចេះមើលថែប្រទេសរបស់ខ្ញុំ ហើយខ្ញុំនឹងមើលថែប្រទេសរបស់ខ្ញុំឲ្យបានល្អ»៕