លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីខ្មែរ នឹងចូលរួមកិច្ចប្រជុំកំពូល និងកិច្ចប្រជុំពាក់ព័ន្ធផ្សេងទៀតរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថា Asean ដែលគ្រោងនឹងរៀបចំឡើងនៅក្នុងទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ពីថ្ងៃទី១២ ដល់ ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ ២០១៧។
ក្នុងដំណើររបស់លោក ហ៊ុន សែន ទៅកាន់ទីក្រុងម៉ានីលនោះ មានមន្ត្រីកម្ពុជាជាច្រើនរូបនឹងអមដំណើរជាមួយ។ ក្នុងនោះ រួមមានលោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក ប៉ាន់ សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងលោក ហង្ស ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ហើយនិងមន្ត្រីរដ្ឋាភិបាលផ្សេងទៀត។
ឯកសារនៃកាលបរិច្ឆេទសម្រាប់កិច្ចប្រជុំនៅទីក្រុងម៉ានីល ដែល VOA ទទួលបាន នៅថ្ងៃពុធ បានឲ្យដឹងថា អាស៊ាននឹងរៀបចំកិច្ចប្រជុំជាច្រើន រួមមាន កិច្ចប្រជុំកំពូលអាស៊ានលើកទី៣១ កិច្ចប្រជុំកំពូលអាស៊ាន ចិនលើកទី២០ កិច្ចប្រជុំកំពូលអាស៊ាន សាធារណរដ្ឋកូរ៉េលើកទី១៩ កិច្ចប្រជុំកំពូលអាស៊ាន ជប៉ុនលើកទី ២០ ព្រមទាំងកិច្ចប្រជុំកំពូលអាស៊ាន អង្គការសហប្រជាជាតិ និងកិច្ចប្រជុំអាស៊ានបូកបី ព្រមទាំងកិច្ចប្រជុំកំពូលរំឭកខួបអនុស្សាវរីយ៍អាស៊ាន កាណាដា សហភាពអឺរ៉ុប កិច្ចប្រជុំកំពូលអាស៊ាន ឥណ្ឌាលើកទី១៥ និងកិច្ចប្រជុំកំពូលអាស៊ីបូព៌ាលើកទី១២។
លោក មាស នី អ្នកសិក្សាស្រាវជ្រាវកិច្ចអភិវឌ្ឍសង្គម មានប្រសាសន៍ប្រាប់ VOA នៅថ្ងៃពុធនេះថា ការចូលរួមរបស់កម្ពុជានៅក្នុងកិច្ចខាងមុខនេះ ជាឱកាសសម្រាប់កម្ពុជា ក្នុងការបង្ហាញវឌ្ឍនភាពរបស់ប្រទេស និងការស្វែងយល់អំពីការវិវត្តនានាក្នុងតំបន់។
ដោយសារតែអាមេរិកនឹងមានវត្តមាននៅក្នុងការប្រជុំនានាដែលគ្រោងនឹងធ្វើឡើងនៅទីក្រុងម៉ានីលនោះ លោកមាស នីបានសម្តែងក្តីសង្ស័យថា និន្នាការប្រឆាំងអាមេរិករបស់រដ្ឋាភិបាលកម្ពុជាអាចនឹងត្រូវបានលើកឡើងមកពិភាក្សាដោយភាគីអាមេរិក។
«វាអាចរឿងរ៉ូហ៊ីងយ៉ា រឿងសមុទ្រចិន ក៏ប៉ុន្តែខ្ញុំសង្ស័យតែអាមេរិក វានឹងអាចលើកឡើងដែរពីបញ្ហាវិបត្តិនៅកម្ពុជា ដោយសារតែរដ្ឋាភិបាលកម្ពុជាហាក់ដូចជាបុកសម្រុកទៅលើអាមេរិកកាន់តែធ្ងន់ទៅៗ មិនដឹងថា តើអាមេរិកគាត់ទ្រាំបានប៉ុណ្ណា។ អាហ្នឹងខ្ញុំអត់ដឹងដែរបាទ។ ចាំមើលសិន ចាំមើលឃើញការប្រជុំហ្នឹង។ យើងនឹងអាចឃើញតាមរយៈទូរទស្សន៍ ឬតាមការផ្សាយព័ត៌មានអីយើងដឹងបាទ»។
អ្នកវិភាគស្ថានភាពសង្គម និងនយោបាយដដែលក៏បានបញ្ជាក់ផងដែរថា តាមរយៈការចូលរួមរបស់កម្ពុជាក្នុងសមាគមអាស៊ាន ដែលមានអាយុកាល៥០ឆ្នាំមកនេះ ប្រទេសក្រីក្រមួយនេះបានទាញផលប្រយោជន៍ពីវិស័យសេដ្ឋកិច្ច តែប្រទេសនេះមិនបានទទួលផលប្រយោជន៍អ្វីខាងនយោបាយ ទេ ខណៈដែលសមាគមមួយនេះបានកំណត់គោលការណ៍មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសជាសមាជិក។
លោក មាស នី អ្នកសិក្សាស្រាវជ្រាវកិច្ចអភិវឌ្ឍសង្គម មានប្រសាសន៍ថា៖
«ក៏ប៉ុន្តែអ្វីមួយដែលខ្ញុំឃើញជាបញ្ហានៃការព្រួយបារម្ភគឺត្រង់អាស៊ានមានគោលនយោបាយមួយគឺមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់គ្នាទៅវិញ ទៅមក បាទ។ អីចឹង ប្រទេសណាដែលជួបប្រទះនូវវិបត្តិនយោបាយហ្នឹង គឺប្រទេសអាស៊ានអត់ហ៊ានលូកមាត់អីមកជួយគ្នាទេបាទ។ អីចឹង ត្រង់ហ្នឹងមួយ យើងឃើញថា ប្រទេសកម្ពុជាមិនបានប្រយោជន៍អី្វពីការជួយគាំទ្រពីប្រទេសអាស៊ាន ដើម្បីជួយស្រោចស្រង់ស្ថានភាពនយោបាយបច្ចុប្បន្ននៅក្នុងប្រទេសយើងទេបាទ»។
ការចូលរួមរបស់កម្ពុជានៅក្នុងកិច្ចប្រជុំដ៏ធំរបស់សមាគមអាស៊ាននេះធ្វើឡើងនៅចំពេលប្រទេសកម្ពុជាត្រូវអ្នកសង្កេតការណ៍នយោបាយក្នុងស្រុក និងតំបន់មើលឃើញថា កំពុងប្រឈមនឹងការធ្លាក់ចុះនៃការគោរពសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ ក្នុងនោះមានសិទ្ធិធ្វើនយោបាយ សិទ្ធិធ្វើប្រតិបត្តិការនៃអង្គការសង្គមស៊ីវិល និងសិទ្ធិធ្វើប្រតិបតិ្តការប្រព័ន្ធផ្សព្វផ្សាយដោយសេរី ដែលជាឆ្អឹងខ្នងនៃការអនុវត្តលទ្ធិប្រជាធិបតេយ្យ ស្របតាមខ្លឹមសារនៃកិច្ចព្រមព្រៀងសន្តិភាពប៉ារីសឆ្នាំ ១៩៩១ ដែលមានប្រទេសក្នុងសមាគមអាស៊ានជាច្រើនជាហត្ថលេខី។
ការធ្លាក់ចុះនៃលទ្ធិប្រជាធិបតេយ្យនេះកើតមានឡើង ក្រោយការបង្ក្រាបរបស់រដ្ឋាភិបាលលោកហ៊ុន សែន ជាបន្តបន្ទាប់ទៅលើសំឡេងក្រុមប្រឆាំង ស្ថាប័នព័ត៌មានឯករាជ្យ និងអង្គការសង្គមស៊ីវិលមួយចំនួនទៀត។
តាមឯកសារនៃកាលបរិច្ឆេទសម្រាប់កិច្ចប្រជុំនៅប្រទេសហ្វីលីពីន ដែលចេញផ្សាយជាសាធារណៈដោយក្រសួងការបរទេសកម្ពុជានៅថ្ងៃពុធនេះ បានឲ្យថា ដឹងកិច្ចប្រជុំកំពូលរំឭកខួបអនុស្សាវរីយ៍អាស៊ាន សហរដ្ឋអាមេរិកលើកទី៤០ នឹងត្រូវធ្វើឡើងនៅក្នុងទីក្រុងម៉ានីល។
លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ គ្រោងនឹងចូលរួមកិច្ចប្រជុំប្រចាំឆ្នាំនៃវេទិកាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចតំបន់អាស៊ី និងប៉ាស៊ីហ្វិកពីថ្ងៃទី១១ ដល់១២ ខែវិច្ឆិកា នៅប្រទេសវៀតណាម ហើយនឹងធ្វើដំណើរទៅប្រទេសហ្វីលីពីន ដើម្បីចូលរួមក្នុងការប្រារព្ធខួបលើកទី ៥០ឆ្នាំនៃការបង្កើតសមាគមអាស៊ាន និងកិច្ចប្រជុំកំពូលប្រចាំឆ្នាំរវាងសហរដ្ឋអាមេរិក និងអាស៊ាននៅថ្ងៃទី១២ និង១៣ខែវិច្ឆិកា។
ទាក់ទិននឹងបញ្ហារកាំរកូសនៃទំនាក់ទំនងរវាងកម្ពុជា និងអាមេរិក លោក ផៃ ស៊ីផាន អ្នកនាំពាក្យនៃទីស្តីការគណៈរដ្ឋមន្ត្រី មានប្រសាសន៍ប្រាប់ VOA នៅថ្ងៃពុធនេះ នឹងមិនមានការលើកយកស្ថានការណ៍ចុងក្រោយនៃទំនាក់ទំនងទ្វេភាគីកម្ពុជាអាមេរិកមកពិភាក្សានោះឡើយ។
«រាល់ការប្រជុំនីមួយៗហ្នឹង គេមានរបៀបវារៈ។ របៀបវារៈរបស់គេហ្នឹង គេមិនដែលយករឿងផ្ទាល់ខ្លួនពីប្រទេសមួយទៅជជែកជាមួយប្រទេសមួយនោះទេ អត់ទេ។ អាហ្នឹងចំណុចទីមួយ។ ចំណុចទីពីរ គេអាចជួប sideline អា sideline បានសេចក្តីទ្វេភាគី ព្រោះប្រជុំហ្នឹងពហុភាគី។ ពហុភាគីហ្នឹង គេទៅតាមរបៀបវារៈរបស់គេ ដែលអត់មានពាក់ព័ន្ធរឿងប្រទេសនីមួយៗទេ។ វាអត់មានទាល់តែសោះ។ អ្នកវិភាគហ្នឹង មនុស្សល្ងង់សុទ្ធសាធ គ្មានការពិសោធនៅក្នុងការប្រជុំអន្តរជាតិនោះទេ រីឯ sideline រហូតដល់ពេលនេះ យើងអត់មានសុំជួបផង»។
អ្នកនាំពាក្យរដ្ឋាភិបាលនេះបានថ្លែងបញ្ជាក់បន្ថែមថា សហរដ្ឋអាមេរិក ក៏នឹងមិនអាចធ្វើការស្តីបន្ទោសកម្ពុជា ដែលជារដ្ឋឯករាជ្យនោះដែរ។
«ដូច្នេះគ្មានអ្វី ដែលក្នុងការលើកឡើង អាមេរិកមកស្តីឲ្យ ឬមកណែនាំខ្មែរពីព្រោះកម្ពុជាជាប្រទេសមានអធិបតេយ្យភាព ហើយអាមេរិកគ្រាន់តែជា ដៃគូសន្ទនាតែប៉ុណ្ណោះ អត់មែនអាណានិគមលើកម្ពុជា ឬមានឥទ្ធិពលណាមកជះលើកម្ពុជាទេ បាទ»។
ជំនួបនៅក្នុងទីក្រុងម៉ានីលកើតមានឡើងមួយឆ្នាំ ក្រោយពីការបង្កើតសហគមន៍សេដ្ឋកិច្ចអាស៊ានដែល «មានទស្សនៈវិស័យឱ្យមានទីផ្សារតែមួយ និងផ្អែកលើផលិតកម្ម... ដែលមានការអភិវឌ្ឍសេដ្ឋកិច្ចស្មើៗគ្នា និងធ្វើសមាហរហកម្មចូលក្នុងសេដ្ឋកិច្ចពិភពលោក ដោយមានច្បាប់វិនិយោគនិងពាណិជ្ជកម្មស៊ីសង្វាក់គ្នា ហើយអាស៊ានជាអង្គការមួយផ្អែកលើច្បាប់ និងពង្រឹងខ្លួនឱ្យក្លាយទៅជាគោលដៅ ដែលមានលក្ខណៈទាក់ទាញសម្រាប់ការវិនិយោគ»។ នេះបើតាមការបញ្ជាក់នៅក្នុងគេហទំព័រផ្លូវការរបស់សមាគមអាស៊ាន។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងចូលរូមកិច្ចប្រជុំ និងចូលរួមសកម្មភាពនានា រួមមាន កិច្ចប្រជុំរវាងនាយករដ្ឋមន្ត្រីទាំងបីនៃប្រទេសកម្ពុជា ឡាវ និងវៀតណាម ជំនួបរវាងថ្នាក់ដឹកនាំអាស៊ានបូកបី ជំនួបក្រុមប្រឹក្សាពាណិជ្ជកម្មអាស៊ីបូព៌ា កិច្ចប្រជុំកំពូលមេគង្គ ជប៉ុនលើកទី៩ ជាដើម។
លោក ហ៊ុន សែន ក៏គ្រោងនឹងជួបពិភាក្សាទេ្វភាគីផងដែរជាមួយលោកលី ខឺឈាង (Li Keqiang) នាយករដ្ឋមន្ត្រីចិន លោក ម៉ាលខុម ថើនបុល (Malcolm Turnbull) នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក ណារិនដ្រា មូឌី (Narendra Modi) នាយករដ្ឋមន្ត្រីឥណ្ឌា លោកឌីមីទ្រី ម៉េដវ៉េដេវ (Dmitry Medvedeve) នាយករដ្ឋមន្ត្រីរុស្ស៊ី លោកអាន់តូញ៉ូ ហ្គុយតេរេស (Antonio Guterres) អគ្គលេខាធិការអង្គការសហប្រជាជាតិ និងថ្នាក់ដឹកនាំគណៈប្រតិភូនៃប្រទេសមួយចំនួនទៀត។ តាមការអញ្ជើញរបស់អ្នកស្រី គោ្លរីយ៉ា ម៉ាកាប៉ាហ្កាល អារ៉ូយ៉ូ (Gloria Macapagal-Arroyo) លោក ហ៊ុន សែន ក៏ទៅទស្សនាតំបន់កំពង់ផែរួចពន្ធ ក្នុងទីក្រុងក្លាក ខេត្តប៉ាំប៉ាងហ្គា ប្រទេសហ្វីលីពីន ដើម្បីពីនិត្យមើលរបៀបគ្រប់គ្រង និងហេដ្ឋារចនាសម្ព័ន្ធរបស់តំបន់នេះ៕