ការចូលរួមរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ នៅក្នុងកិច្ចប្រជុំមេដឹកនាំនៃបណ្ដាប្រទេសអាស៊ីអាគ្នេយ៍ដ៏សំខាន់មួយនៅសប្ដាហ៍ក្រោយនេះ នឹងជួយលើកកិត្តិនាមរបស់លោកក្នុងចំណោមបណ្ដាប្រទេសទាំងនោះ។
មន្ត្រីរដ្ឋាភិបាលនៃបណ្ដាប្រទេសទាំងនោះនៅមានគំនិតស្រពិចស្រពិលអំពីគោលនយោបាយរបស់លោក នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលជាតំបន់ដែលរងនូវការកើនឡើងនៃឥទ្ធិពលរបស់ចិន។ នេះបើយោងតាមការបញ្ជាក់របស់អ្នកវិភាគនានា។
លោក ត្រាំ នឹងបន្តស្នាក់នៅក្នុងទីក្រុងម៉ានីល ប្រទេសហ្វីលីពីន រហូតដល់ថ្ងៃទី ១៤ ខែវិច្ឆិកា ដើម្បីចូលរួមនៅក្នុងកិច្ចប្រជុំកំពូលអាស៊ីបូព៌ា។ នេះបើយោងតាមសេចក្ដីរាយការណ៍នានាពីរដ្ឋធានីវ៉ាស៊ីនតោន។ ព្រឹត្តិការណ៍នេះនឹងមានការចូលរួមពីមេដឹកនាំកំពូលៗចំនួន ១៨ រូប មកពីក្នុងតំបន់ ដែលមានប្រជាជនជាង ៤៥០០លាននាក់រស់នៅនេះ ដែលក្នុងនោះមានទាំងមេដឹកនាំមកពីប្រទេសចិន ជប៉ុន និងរុស្ស៊ីផងដែរ។
អ្នកវិភាគនានាបាននិយាយថា វត្តមានរបស់លោក ត្រាំ នឹងក្លាយជាសារមួយដែលបញ្ជាក់ថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនយកចិត្តទុកដាក់ចំពោះទ្វីបអាស៊ី យ៉ាងហោចណាស់ក្នុងលក្ខណៈជានិមិត្តរូបផងដែរ។
បណ្ដាមេដឹកនាំនៅទ្វីបអាស៊ីបានរង់ចាំតាំងពីលោក ត្រាំ ឡើងកាន់តំណែងជាប្រធានាធិបតីអាមេរិកកាលពីខែមករាមក ដើម្បីចាប់ផ្ដើមការចរចាពាណិជ្ជកម្មណាមួយ ដែលនឹងជំនួសឲ្យការដកខ្លួនចេញរបស់សហរដ្ឋអាមេរិកពីកិច្ចព្រមព្រៀងពាណិជ្ជកម្ម TPP ដែលមានប្រទេសចំនួន ១២ ជាសមាជិក និងដើម្បីបញ្ជាក់ថាតើលោកនឹងបន្តនូវគោលនយោបាយសេរីភាពនៃការធ្វើនាវាចរណ៍នៅក្នុងសមុទ្រចិនខាងត្បូងដែលមានជម្លោះ ទោះបីជាមានការប្រឆាំងពីប្រទេសចិនក៏ដោយ។
លោក Le Hong Hiep អ្នកស្រាវជ្រាវនៃវិទ្យាស្ថាន ISEAS Yusof Ishak ក្នុងប្រទេសសិង្ហបុរី បាននិយាយថា៖ «ប្រសិនបើលោក ត្រាំ អាចចូលរួមកិច្ចប្រជុំកំពូលអាស៊ីបូព៌ា នោះការចូលរួមនេះនឹងផ្ញើសារដ៏មុតមាំមួយទៅកាន់តំបន់ទាំងមូលថា សហរដ្ឋអាមេរិក ជាពិសេសរដ្ឋបាលរបស់លោក ត្រាំ នៅតែយកចិត្តទុកដាក់ចំពោះតំបន់អាស៊ីអាគ្នេយ៍ និងអាស៊ីខាងកើតនេះ ហើយវាអាចបង្កើនជំនឿទុកចិត្តបានទៀតផង»៕